Saturday, April 26, 2025
Homeតារាខ្មែរឈិន ម៉ានិច្ច ទៅអាមេរិក ចង់រៀបការ

ឈិន ម៉ានិច្ច ទៅអាមេរិក ចង់រៀបការ

សហរដ្ឋអាមេរិក  ៖ តារាចម្រៀងឈិន ម៉ានិច្ច បានហោះទៅអាមេរិក កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដើម្បីច្រៀងសម្ដែងតាមបណ្ដារកម្មវិធីបុណ្យប្រពៃណីខ្មែរ នៅបណ្ដាររដ្ឋមួយចំនួន នៅទីនោះ ដូចជានៅថ្ងៃទី១៨ ខែមេសា នាងច្រៀងនៅសាល Dragon House និងថ្ងៃបន្ទាប់ច្រៀងនៅរដ្ឋ Stockton ចាប់ដៃជាមួយលោកម៉ាដូណា និងតារាចម្រៀងខ្មែរ មួយចំនួនទៀតនៅទីនោះ ។ ម៉ានិច្ច បានទទួលនូវកាគាំទ្រពីសំណាក់បងប្អូនខ្មែរនៅអាមេរិក ដែលឡើងរាំកម្សាន្ដ ពេលនាងឡើងច្រៀង ទាំងបទស្លូវ និងបទញាក់ ។ ទំនេរពីការច្រៀងសម្ដែង នាងក៏ចេញទៅដើរលេងនៅ Hollywood និងតំបន់កម្សាន្ដនៅស្ពាន Golden Bridge ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) ផងដែរ ។

 ឈិន ម៉ានិច្ច វាចាថា «លាមាតុភូមិមួយរយៈ បេសកម្មរបស់ខ្ញុំ។ កូនអ្នកស្រែសោះ បានមកដល់ Hollywood ដែរ»។

ប្រភពបានឲ្យដឹងថា ការដែលឈិន ម៉ានិច្ច ត្រូវបានអាណិកជនខ្មែរ នៅអាមេរិកស្វាគមន៍បែបនេះ ដោយសាតែនាងអាចច្រៀងនូវបទពីដើមៗបានយ៉ាងពីរោះ ហេតុនេះក្រៅពីបានតម្លៃខ្លួនពីម្ចាស់Sponsor នាងក៏ត្រូវបានអ្នកទៅទស្សនាផ្ទាល់ ឲ្យលុយធីប ផងដែរ ។ យ៉ាងណា ម៉ានិច្ច មិនទាន់កំណត់ពេលវេលាវិលចូលស្រុកវិញនោះទេ បើទោះជានៅខែក្ដៅនេះការងារសិល្បៈរបស់នាងនៅក្នុងស្រុក ក៏មានជាហូរហែក្ដី ប៉ុន្ដែការទៅដល់ទឹកដីដុល្លារនេះ គេជឿងថា នាងនឹងវិលវិញដោយស្ពាយលុយដុំតែម្ដង ។

 សូមរំលឹកថា មុនចេញទៅអាមេរិក ឈិន ម៉ានិច្ច ធ្លាប់ដឹកដៃលោក ឆន សុវណ្ណារាជ ច្រៀងសម្ដែងនៅកាណាដា កាលពីខែតុលា ឆ្នាំ២០២៣ ហើយមន្ដស្នេហ៍របស់នាង ធ្វើឲ្យប្រុសអាណិកជនខ្មែរ​ នៅទីនោះ ជ្រួលជ្រើម ព្រោះលង់ទឹកដមសំឡេងដ៏ផ្អែមស្រទន់របស់នាង។ប៉ុន្ដែបើក្រឡេកមើលការច្រៀងសម្ដែងរបស់នាង លើទឹកដី អាមេរិក នាពេលនេះវិញ ម៉ានិច្ច អាចនឹងពន្យារពេលចូលស្រុក ព្រោះតែមានប្រុសខ្មែរ នៅទីនោះ ច្រើនជាងនៅកាណាដា ទៅទៀត ដែលចង់ឲ្យនាងបន្ដរស់នៅទីនោះជាអចិន្ត្រៃយ៍ ។

ឈិន ម៉ានិច្ច (ឈិន ស្រីពេជ្រ) ម្ចាស់ពាន Cambodian Idol រដូវកាលទី២ ធ្លាប់បណ្ដើរប្រុសស្នេហ៍ជាចំហ ទៅចូលរួមមង្គលការរបស់សុភ័ក្រ្ដ កុសុម៉ា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ ប៉ុន្ដែបានស្ងាត់ទៅវិញ ក្រោយ Fan ជំរុញឲ្យនាងឆាប់ចូលរោងការ ។ ប៉ុន្តែតែអំឡុងពេលដែលម៉ានិច្ច កំពុងតែនៅលើទឹកដីអាមេរិក ណាពេលនេះ នាងបែរជាបង្ហាញសញ្ញាចង់រៀបការ ក្រោយឃើញ តារាចម្រៀង រ៉ាប៊ី ថត Pre-Wedding ជាមួយសង្សារ ជាតារាបាល់ទាត់កូនកាត់។

 ឈិន ម៉ានិច្ច វាចាថា «ចង់ថតអ៊ីចឹងជាមួយបុរសម្នាក់ដែលស្រលាញ់យើងតែម្នាក់ ដោយគ្មានលក្ខខណ្ឌ »។ជាមួយនិងការបង្ហើបចង់គ្រងឈុតកូនក្រមុំមែនទែននេះដែរ ឈិន ម៉ានិច្ច ក៏បានតាំងចិត្តថា នាងមិនស្ដាយនូវអ្វីដែលបានកើតឡើងក្នុងជីវិតនាងនោះទេ ព្រោះមិនអាចផ្លាស់ប្ដូរ ឬលុបចោលបានឡើយ ។ នាងថាយករឿងពីមុនទុកជាមេរៀន ហើយបន្ដដំណើរទៅមុខទៀត ។

សូមបញ្ជាក់ថា ឈិន ម៉ានិច្ច ធ្លាប់រងការិះគន់ថា នាងបានល្បី បោះបង់ចោលសង្សារកម្សត់ ព្រោះតែគេចាំបានថា នៅពេលដែលនាងទៅប្រលង Cambodian Idol រដូវកាលទី២ នោះ គូស្នេហ៍របស់នាង តែងតែជូននិងយូរអ៊ឺវ៉ាន់ឲ្យនាង តាំងពីពេលប្រលង រហូតបានលើកពាន ហើយចាប់ផ្ដើមចេញច្រៀងតាមឆាកនានា ។ ប៉ុន្ដែពេលម៉ានិច្ច ឡើងកូដ ទិញបានផ្ទះល្វែង, ជិះរថយន្ដ Jeep Rubicon និងបើកហាង Manich Beauty Spa នៅក្បែផ្សារចាស់ ក៏លេចមុខនាងបណ្ដើរគូស្នេហ៍ថ្មី ជាប្រុសរូបសង្ហាទៅវិញ។          

យ៉ាងណា តាមប្រភពថា ឈិន ម៉ានិច្ច អាយុ៣០ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ធ្លាប់ច្រៀងតាមហាងមួយចំនួន នៅម្ដុំព្រែកលៀប រូបនេះ មានមន្ដស្នេហាមិនធម្មតាទេ ក្រោយកាន់ពាន និងជ្រកនៅហង្សមាស ជាង៨ឆ្នាំមកនេះ។ តាមប្រភពថា មានមន្រ្ដីធំម្នាក់ដែលធ្លាប់ចិញ្ចឹមអតីតតារាហង្សមាសម្នាក់ បានបង្វែររ៉ាដា មកចាប់ចិត្តស្នេហាឈិន ម៉ានិច្ច ទៅវិញ ។ ប៉ុន្តែមិនដឹងថា មន្រ្ដីធំនោះអាចថ្ពក់យកបេះដូងតារាចម្រៀងល្បីវ័យក្មេងរូបនេះបានឬយ៉ាងណានោះទេ ព្រោះតែនាងមានជម្រើសច្រើន សូម្បីប្រុសអាណិកជនខ្មែរ នៅអាមេរិក ក៏ចង់ឃាត់ដំណើរនាងវិលចូលស្រុកផងដែរ ៕

RELATED ARTICLES