ភ្នំពេញ ៖ តារាចម្រៀង ចាន់ ឡៃវលក្ខណ៍ បានប្រារពខួបស្នេហ៍គម្រប់៣ឆ្នាំ ជាមួយកូនធម៌លោកយ៉ែម សំអូន គឺប្រុសក្មេងសំអូន ជលសារ កាលពីថ្ងៃទី២៤ ខែមេសា ដោយនាងអះអាងថាបានហៅជលសារ ថា «បង» ហើយជលសារ ហៅនាងវិញថា «អូន» រយៈពេល៣ឆ្នាំទៅហើយ ។ ចំណែកកូនធម៌លោកយ៉ែម សំអូន លោកជលសារ តបទៅកំពូលស្នេហាថា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ជាខួបស្នេហ៍ ៣ឆ្នាំ របស់លោកនិងឡៃវលក្ខណ៍ ហើយលោកថាធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីនាង (My Everything) និងសន្យាស្នេហ៍នាងជារៀងរហូត (Forever With You)។

លោកសំអូន ជលសារ និងកញ្ញាចាន់ ឡៃវលក្ខណ៍
នេះជាការលេង១ក្បាច់ទៀត របស់ស្រីស្រស់ ចាន់ ឡៃវលក្ខណ៍ និងលោកសំអូន ជលសារ ដាក់ទៅលោកយ៉ែម សំអូន ជាឪធម៌ពួកគេ ព្រោះកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ វលក្ខណ៍ ធ្លាប់ប្រកាសថាសំអូន ជលសារ គ្រាន់តែជា «ប្អូនប្រុស» នាង តែឥឡូវពួកគេចេញសារភាពទាំងសងខាងទៅហើយថា ការពិតគឺជា «អូន» និង «បង» ឬសង្សារសោះ ។ ការដែលឡៃវលក្ខណ៍-សំអូន ជលសារ លេងក្បាច់មួយនេះ ចង់ឬមិនចង់ប្រាកដជានឹងធ្វើឲ្យលោកយ៉ែម សំអូន ឈឺក្បាលខ្លាំងជាមិនខាន ព្រោះតែតាមមិនទាន់កូនធម៌លោកទាំងពីរ ខណៈដែលគម្រោងធ្វើសន្និសីទកាសែតរឿងកូនធម៌ដើរចេញពីលោកកណ្ដាលទី ត្រូវបានជាប់គាំង ។



គួរបញ្ជាក់ថា ចាន់ ឡៃវលក្ខណ៍ ជាតារាចម្រៀងស្នូលក្នុងក្រុមតន្រ្ដីរបស់លោកយ៉ែម សំអូន ខណៈដែលកូនធម៌លោកសំអូន ជលសារ កាន់ការងារផ្នែកថតរូប កាត់តវីដេអូ ហើយលោកសំអូន ជាអ្នកបណ្ដុះបណ្ដាលនិងទុក ចិត្តពួកគេខ្លាំងជាងគេក្នុងក្រុមហ៊ុនកម្សាន្ដរបស់លោក។ ប៉ុន្ដែអ្វីដែលធ្វើឲ្យលោកសំអូន ស្រឡាំងកាំងនោះ ពួកគេស្រាប់តែដឹកដៃគ្នាចេញទាំងពីរនាក់ ពីក្រុមលោក ហើយទៅធ្វើការឲ្យក្រុមហ៊ុនកម្សាន្ដរបស់លោកអាឡិច ចាន់ត្រា ដែលជាការរកស៊ីប្រជែងគ្នាជាមួយលោកសំអូន ផ្នែករៀបចំតារាច្រៀងតាមបណ្ដាកម្មវិធីនានានោះទៅវិញ ចំពេលដែលលោកសំអូន បានវិលមកត្រូវរ៉ូវគ្នាជាមួយអតីតភរិយា អ្នកនាងយ៉ាន លីនដា វិញក្រោយបែកគ្នា៩ឆ្នាំ និងបានរៀបការជាលើកទី២ កាលពីនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។

លោកសំអូន ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា ឃើញម៉េចថាអ៊ីចឹងទៅ ហើយលោក រុញឲ្យអ្នកយកព័ត៌មានគួរតែទៅសួរនាំខ្លះៗដល់ជលសារ ទាក់ទងរឿងនេះ។ តែទាំងលោកជលសារ និងកញ្ញាឡៃវលក្ខណ៍ ទូរស័ព្ទចូល គ្មានអ្នកទទួលដូចគ្នា កាលពីពេលថ្មីៗនេះ។

ចាន់ ឡៃវលក្ខណ៍ ក្រោយដឹកដៃប្រុសក្មេងចោលលោកយ៉ែម សំអូន ពេលនេះមិនសូវលេចធ្លោក្នុងអាជីពចម្រៀងទេ ហើយនាងងាកទៅថតភាពយន្ដបន្ថែមពីលើអាជីពចាស់ ។ ស្រីស្រអែមស្រស់រូបនេះ ត្រូវបានតារាខ្លះនាំគ្នាខ្សឹបខ្សៀវថា នាងលូកថ្លើមលោកសំអូន ព្រោះថាជលសារ ជាមនុស្សសំខាន់ក្នុងក្រុមហ៊ុនកម្សាន្ដរបស់លោក តែចុងក្រោយ បែរជាកូនធម៌រូបនេះ ភ្លេចប្រវត្តិនិងអនុស្សាវរីយ៍កម្សត់ជាមួយមេ ព្រោះជាប់ដៃឱបស្រីស្អាតទៅវិញ ។ ប៉ុន្ដែតាមព័តមានខ្លះថា លោកសំអូន ទៅវិញទេដែលគួរតែសរសើរ ឬលើកទឹកចិត្តដល់ជល សារ ព្រោះបើលោកត្រូវរ៉ូវជាមួយប្រពន្ធបែបនេះហើយមានកូនធម៌នៅស្និទ្ធស្នាលលោកដូចមុន ច្បាស់ជាអ្នក នាងយ៉ាន លីនដា ប្រចណ្ឌនិងឆេះដុំលោកសំអូន លើកទី២ ហើយនាងរត់ចោលលោកទៅរស់នៅអូស្រា្ដលី ១០ឆ្នាំម្ដងទៀតជាមិនខាន ។

មជ្ឈដ្ឋានមហាជន រង់ចាំមើលថា តើចាន់ ឡៃវលក្ខណ៍ នឹងធ្វើឲ្យលោកសំអូន ភ្លឺភ្នែកជាងនេះថែមទៀត តាម រយៈការដឹកដៃលោកជលសារ រៀបការ នាពេលខាងមុខនេះដែរឬទេ ? ប្រសិនបើវលក្ខណ៍ ពិតជាក្លាយទៅជាប្រពន្ធជលសារ ស្របច្បាប់មែន នោះគេជឿថា ឪធម៌របស់នាង គឺលោកសំអូន ច្បាស់ជានឹងចេញមុខធ្វើសន្និ សីទកាសែត មុនកំណត់ជាមិនខាន ៕



លោកយ៉ែម សំអូន និងកញ្ញាចាន់ ឡៃវលក្ខណ៍