ភ្នំពេញ ៖ តារាចម្រៀងសំឡេងផ្អែម ល្បីឈ្មោះ មាស សុខសោភា ដែលត្រូវមហាជនអ្នកគាំទ្រមើលឃើញថា កំពុងមានជំនឿងប់ងុលទៅលើលោកតាសក់ស ភ្នំត្បែង បានលើកឡើងថា បើគ្មានអ្នកសិល្បៈ ជាបង្គោលទេ មនុស្សលើផែនដីនេះ ប្រាកដធ្លាក់ក្នុងអន្លង់អវិជ្ជាគ្រប់ៗគ្នាមិនខាន ដែលការលើកឡើងនេះ ត្រូវបានមហាជនបញ្ចេញប្រតិកម្មរិះគន់យ៉ាងខ្លាំង រហូតអ្នកខ្លះជេរនាងទៀតផង ទើបតារាចម្រៀងរូបនេះ បានចេញមុខឆ្លើយតបនៅពេលនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានសរសេរក្នុងទំព័របណ្តា ញសង្គម ហ្វេសប៊ុក របស់នាងថា “អ្នកសិល្បៈគ្រប់រូប មានតួនាទីធំណាស់ ដែលត្រូវនាំគ្នាថែរក្សានូវជំនឿវប្បធម៌ ប្រកាន់ខ្ជាប់នូវសច្ចធម៌ សីលធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងផ្សព្វផ្សាយអំពីចំណេះដឹងទូទៅ ដូចជាវិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ ប្រលោមលោកជាដើម៘ បើគ្មានអ្នកសិល្បៈ ជាបង្គោលទេ មនុស្សលើផែនដីនេះ ប្រាកដធ្លាក់ក្នុងអន្លង់អវិជ្ជាគ្រប់ៗគ្នាមិនខាន។ នាងខ្ញុំសង្ឃឹមថា បងប្អូនទាំងអស់គ្នា ចូលរួមលើក ស្ទួយនិងផ្តល់តម្លៃទៅដល់អ្នកសិល្បៈគ្រប់រូប ដែលជាបង្គោលរបស់ជាតិ…”។
សំណេររបស់មាស សុខសោភា ខាងលើនេះ ក្រៅពីមានការគាំទ្រ ក៏មានប្រតិកម្មពីមហាជនជាច្រើន ទៅលើឃ្លាដែលតារចម្រៀងរូបនេះបានលើកឡើងថា «បើគ្មានអ្នកសិល្បៈ ជាបង្គោលទេ មនុស្សលើផែនដីនេះ ប្រាកដធ្លាក់ក្នុងអន្លង់អវិជ្ជាគ្រប់ៗគ្នាមិនខាន» ដោយមហាជន បានបញ្ចេញមតិផ្សេងៗគ្នា តាមខម្មិន (Comments) ដែលយើងសូមដកស្រង់ការខម្មិនរបស់គណនីមួយចំនួន មកបង្ហាញជូនដូចខាងក្រោម ៖
-កំណប់ឆ្អឹង លោកឪពុកខ្ញុំ ៖ ប្អូនស្រីប្រើពាក្យថា បើមិនមានអ្នកសិល្បៈទេ មនុស្សលើផែនដីនឹងធ្លាក់ទៅក្នុងអន្លង់អវិជ្ជា… ដូចជាជ្រុលពេកទេដឹងប្អូនស្រី? អវិជ្ជាគឺសេចក្តីល្ងង់ខ្លៅ ទោះបីមានអ្នកសិល្បៈក្តី មិនមានអ្នកសិល្បៈក៏ដោយ (អវិជ្ជា) នៅតែកើតមានចំពោះមនុស្សរាល់គ្នា។ អវិជ្ជា កើតមានហើយចំពោះមនុស្ស អ្នកដែលលេងសិល្បៈ មានភ្លេងច្រៀងរាំ ជាដើមនោះ ធ្វើឱ្យមនុស្សដែលមានអវិជ្ជានេះ ក្លាយទៅជាមនុស្សមានប្រាជ្ញាអស់នូវអវិជ្ជា គឺសេចក្តីល្ងឹតល្ងង់បានដែរឬទេ? ឬមួយការច្រៀងរាំ នាំឱ្យបង្កើនតណ្ហា? ការច្រៀងរាំ ប្រកបដោយរាគ: ផ្ទុះតណ្ហានោះ មិនដែលនាំឱ្យបាត់បង់អវិជ្ជាទេ មានតែបង្កើនអវិជ្ជាភ្លើតភ្លើនទៅនឹងភាពសប្បាយ បង្កើន តែរាគ:ប៉ុណ្ណោះ។ សម្រាប់ខ្ញុំចូលចិត្តច្រៀង ចូលចិត្តវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរណាស់ តែខ្ញុំមិនហ៊ានថា សិល្បៈច្រៀងរាំ នាំឱ្យបាត់អវិជ្ជានោះទេ។ មានតែបញ្ញាយល់ត្រូវតាមផ្លូវធម៌ប៉ុណ្ណោះ ទើបអាចកម្ចាត់បង់នូវអវិជ្ជាបាន អន្លង់អវិជ្ជា មិនអាចយកសិល្បៈច្រៀងរាំ ទៅកម្ចាត់បានទេណា៎ប្អូនស្រី។ ថែរក្សាជំនឿ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិខ្លួន គឺល្អ វប្បធម៌ណាដែលល្អ ប្រពៃណីណាដែលត្រឹមត្រូវ ទំនៀមទម្លាប់ណាល្អប្រសើរ គួរតែរក្សាទុក តែវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ណាខ្លះដែលមិនបានល្អប្រសើរត្រឹមត្រូវទេនោះ ក៏គួរតែលះបង់ចោលដែរ ពីព្រោះវប្បធម៌ ប្រពៃណីណាដែលមិនបានល្អប្រសើរហើយនៅតែនាំគ្នារក្សា នៅតែជឿតាមនោះ នាំមនុស្សឱ្យក្លាយទៅជាមិច្ឆាទិដ្ឋិ បើមច្ឆាទិដ្ឋិហើយ មិនមែនជាផ្លូវបុណ្យឡើយ គឺផ្លូវបាប។- Samphors Un ៖ ឃើញសកម្មភាពឡើងភ្នំឱរ៉ាល់ ដើម្បីថែរក្សាព្រៃឈើ ខំសរសើរ ដល់ចុះពីភ្នំឱរ៉ាល់ វិញ លេងមួយក្បាច់ ដើម្បីថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីបន្ថែមទៀត…ប្រវត្តិសាស្ត្រនឹងចងចាំនាងទុក!។
– Ratana Rabin ៖ ឆ្ងាញ់ត្រង់ឃ្លានេះណាស់ អីក៏ដល់ថ្នាកនេះផង… (បើគ្មានអ្នកសិល្បៈ ជាបង្គោលទេ មនុស្សលើផែនដីនេះ ប្រាកដធ្លាក់ក្នុងអន្លង់អវិជ្ជាគ្រប់ៗគ្នាមិនខាន)។
– ឡេក ធា វី ៖ យីខ្លាំងជាងព្រះពុទ្ធ ទៀត គេលែងជួលរកអីស៊ីគ្មានទេនោះ។
– Sophia Neary Khmer ៖ មាស សុខសោភា ឥឡូវនេះខុសពីមុនខ្លាំងណាស់ និយាយស្តីមិនដូចមនុស្សធម្មតា។
– តាកែវ ស្រុកកំណើតខ្ញុំ ៖ ហ៊ឺ! នាងអើយនាង! យកអីមកគិត ទើបសរសេរចេញមកទាំងល្ងង់ និងឡេឡឺបែបនេះទៅវិញ? ស្អីគេទៅអន្លង់អវិជ្ជានោះ? ត្រឹមសម្បត្តិអ្នកសិល្បៈ ចេះតែច្រៀងរាំប្រកាច់ប្រកិន ដូចមនុស្សមិនគ្រប់ទឹកហ្នឹងអ្ហី ដែលនាំគេឱ្យគេចផុតពីអន្លង់អវិជ្ជានោះ?
– Siphorn On ៖ អីគេ? និយាយសុទ្ធតែបើគ្មានអ្នកសិល្បៈជាបង្គោល មនុស្សលើផែនដី ធ្លាក់អន្លង់អវិជ្ជា។
– Yuth Shievmey ៖ យី! មីចោរគេបាញ់នេះ ចេញមកភ្លាវ” …។

ក្រោយផ្ទុះប្រតិកម្មពីមហាជន ជុំវិញការលើកឡើងរបស់ខ្លួនដូចខាងលើ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញវីដេអូឃ្លីប បកស្រាយ ការពារនូវអ្វីដែលនាងបានលើកឡើង ដោយភ្ជាប់ជាមួយនឹងសំណេរថា “ចា៎! នាងខ្ញុំសូមបកស្រាយអំពីពាក្យមនុស្សមានវិជ្ជា និងមនុស្សអវិជ្ជា អង្គមហាឦស្វរះមោក្ខពេជ្រសង្វាវង្ស ហៅលោកតាសក់ស ភ្នំត្បែង…”។
មាស សុខសោភា បានបកស្រាយថា “នាងខ្ញុំ មាស សុខសោភា ថ្ងៃនេះសូមចូលខ្លួនមកសម្តែង ចែករំលែកនូវចំណេះដឹងបន្តិចបន្តួចដែលខ្ញុំបានរៀនសូត្រ ពីលោកគ្រូរបស់នាងខ្ញុំ ហើយនាងខ្ញុំក៏បានយកមកអនុវត្តខ្លះៗហើយដែរ អ៊ីចឹងក្នុងនាមខ្ញុំជាសិល្បករមួយរូប ក៏ចង់ចែករំលែកនូវចំណេះដឹងល្អៗ សម្រាប់ការតបស្នងទៅដល់ហ្វេនៗ ពុកម៉ែបងប្អូន ដែលតែងតែគាំទ្រនាងខ្ញុំកន្លងមក នៅផ្នែកចម្រៀង ហើយនៅរយៈពេលនេះគឺខ្ញុំតែងតែអភិវឌ្ឍន៍ខ្លួនឯងនូវចំណេះដឹងថ្មីៗ ក៏ដូចជាបទចម្រៀងថ្មីៗ តែឥឡូវនេះ គឺមិនសូវបានច្រៀងប៉ុន្មានទេ គឺថា វក់ជាមួយួនឹងចំណេះដឹង គឺរៀនអំពីធម៌អាថ៌តិចតួចអីចឹងទៅ ហើយក៏សូមអធ្យាស្រ័យទុកជាមុន បើសិន ជានាងខ្ញុំបកស្រាយនូវចំណេះដឹងដែលខ្ញុំរៀនក្រោយៗនេះ មានការធ្វើឱ្យពុកម៉ែ បងប្អូនយល់ច្រឡំអី ក៏សូមខន្តីអភ័យទោសទុកជាមុនផងដែរ ហើយការសម្តែងនេះ មិនមានការតាំងខ្លួន ឬក៏អួតអាង ហួងហែងថាខ្លួនឯងជាអ្នកត្រាស់ដឹងអីទេ គ្រាន់តែចូលខ្លួនមកចង់ចែករំលែកទៅដល់ហ្វេនៗ ដែលមិនទាន់យល់ពីពាក្យអវិជ្ជា និងវិជ្ជា…”។

មាស សុខសោភា បានបន្តថា “អ៊ីចឹងនាងខ្ញុំសូមចូលខ្លួនមកសម្រាយនូវពាក្យវិជ្ជាមុន ។ វិជ្ជានេះ គឺអត្ថន័យវិជ្ជា ដែលនាងខ្ញុំបានរៀនតាមលោកគ្រូរបស់ខ្ញុំ នោះគឺពាក្យវិជ្ជានេះ ជាការរលឹកដឹងទៅតាមធម្មជាតិរបស់ខ្លួនឯង ដឹងដោយការរៀនសូត្រ ចំណេះដឹងពីធម្មជាតិដែលនៅក្នុងខ្លួនរបស់ខ្លួនឯង ដែលការយកសមាធិ ជាគោល ឱ្យកើតចេញទៅជាពន្លឺបញ្ញាហើយ ទើបយើងបាននូវទ្រឹស្តី និងការរលឹកដឹងណាមួយដែលប្រកបដោយគុណធម៌ សីលធម៌ សច្ចធម៌ ល្អៗ ដែលមិននាំឱ្យអន្តរាយទៅដល់ធម្មជាតិណាមួយ ឬក៏អ្វីណាមួយ ដែលធ្វើឱ្យគ្រោះថ្នាក់អីទេ ដូចជាការរៀនសមាធិ និងផ្តល់ជាឱវាទណាមួយដែលត្រឹមត្រូវ ហើយគេយកទៅរៀនសូត្រ អនុវត្តតាមទ្រឹស្តីឱវាទហ្នឹង ទទួលបាននូវសេចក្តីសុខចម្រើន ត្រជាក់ត្រជំ ក្សេមក្សាន្ត មិនមានភាពរញ៉េរញ៉ៃ វង្វេងវង្វាន់ ហ្នឹងគេហៅថាវិជ្ជា។ វិជ្ជាហ្នឹងគឺអ៊ីចឹង ដែលចេះដោយឯកឯង ចេញពីធម្មជាតិរបស់ខ្លួនឯង ដោយការនឹកឃើញ ត្រាស់ដឹងដូចព្រះពុទ្ធ អ៊ីចឹង ហ្នឹងគេហៅថា វិជ្ជា រហូតដល់ខ្លួនគាត់សម្រេចទៅជាគ្រូ ហ្នឹងហើយគេហៅថាចំណេះដឹង ដែលកើតចេញពីធម្មជាតិរបស់គាត់ ហ្នឹងយើងចាត់ទុកថា បុគ្គលដែលមានវិជ្ជា។ អ៊ីចឹងបងប្អូនឈប់ច្រឡំទៅ ជាមួយនឹងវិជ្ជា ហើយនឹងជំនាញ ទេពកោសល្យ ដែលយើងរៀនក្រៅៗនេះ អាហ្នឹងខុសគ្នា ហើយបុគ្គលដែលចាំ ចេះដឹងដោយឯកឯង ហើយមានបញ្ញាអីហ្នឹង អាហ្នឹងគេហៅថា វិជ្ជា ហើយគេយកគំរូតាមយើងទៅ គេទទួលបានសេចក្តីសុខ ចម្រុងចម្រើន មិនមានភាពអន្តរាយ ទៅដល់អ្នកណា អាហ្នឹងគេហៅថាបុគ្គលដែលមានវិជ្ជា…”។
មាស សុខសោភា បានបន្តទៀតថា “ហើយបងប្អូន ខ្លួនក៏គាត់យល់ច្រឡំថា ពាក្យអវិជ្ជាមួយទៀត ជាមួយនឹងជំនាញចំណេះទេពកោសល្យ អាហ្នឹងពាក្យផ្សេងគ្នាទេ អវិជ្ជាហ្នឹង បានន័យថា បុគ្គលដែលរៀននូវចំណេះជំនាញណាមួយ ដែលយកទេពកោសល្យរបស់ខ្លួនឯងហ្នឹងទៅធ្វើរឿងខុសៗ ដូចជាបរមាណូ ផលិតគ្រាប់រំសេវ ផលិតកាំភ្លើង ផលិតនូវអាវុធទាំងឡាយណាដែលធ្វើឱ្យគេមហន្តរាយ ឈឺចាប់ ទុក្ខសោក បង្កើតនូវកិលេសតណ្ហាអាក្រក់ៗទាំងឡាយហ្នឹង អាហ្នឹងគេហៅថា អវិជ្ជា យើងចាត់ទុកថា បុគ្គលហ្នឹង គឺជាបុគ្គលអវិជ្ជា ដែលយកទេពកោសល្យខ្លួនឯងឱ្យគេរៀនតពីខ្លួនឯងហ្នឹងទៅ វាធ្វើឱ្យគេហ្នឹងអន្តរាយ យើងមិនចាត់ទុកថាបុគ្គលហ្នឹង ជាអ្នកមានវិជ្ជាទេ គេហៅថាបុគ្គលអវិជ្ជាហើយ ដែលធ្វើឱ្យមនុស្សទាំងឡាយ ឬក៏ធម្មជាតិទាំងឡាយហ្នឹង រងការទុក្ខសោក ឈឺចុកចាប់ កាប់សម្លាប់គ្នា ដូចជាការធ្វើអាវុធប្រល័យលោក អ៊ីចឹងចង់ចែករំលែកបែងចែកពាក្យហ្នឹងឱ្យច្បាស់ អ៊ីចឹងពាក្យថា អវិជ្ជា ហើយបុគ្គលដែលដឹងថាខ្លួនឯងកំពុងតែរៀននូវអ្វីដែលជាចំណេះជំនាញក្រៅខ្លួន យើងក៏ត្រូវតែគិតដែរ ថាខ្លួនឯងកំពុងតែរៀននេះ ធ្វើនេះជារឿងដែលត្រឹមត្រូវទេ? សច្ចៈ គុណធម៌ទេ? ធ្វើឱ្យមនុស្សមិនឈឺចាប់ដោយសារយើងទេ? អាហ្នឹងយើងដឹងខ្លួនឯងហើយ មិនចេតនាថាឱ្យបងប្អូនណាទេ ដែលស្ថិតនៅក្នុងការរៀនសូត្រ ព្រោះការរៀនសូត្រខ្លះ វាជាការរៀនសូត្រមួយ មើលទៅល្អហើយខាងក្រៅ បង្កើតគ្រាប់បរមាណូ អ្វីៗឡើង កាំភ្លើងអីចឹងទៅ គិតថាអស្ចារ្យណាស់ តែសម្រាប់ដែលគេយល់ពីវិជ្ជា គុណធម៌ សីលធម៌ គេអត់គិតថា បុគ្គលហ្នឹង ជាបុគ្គលដែលយកចំណេះជំនាញ ទេពកោសល្យដែលប្រឹងរៀនរាប់ឆ្នាំហ្នឹង យកមកធ្វើរឿងអ៊ីចឹងទេ ហើយបុគ្គលហ្នឹងហើយដែលខ្ញុំនិយាយថា អវិជ្ជា ហើយមិនមែនចោទទៅលើពុកម៉ែ បងប្អូន អ្នកនៅក្នុងប្រទេសយើងទេ គឺមនុស្សនៅលើលោកហ្នឹង គឺរាល់ថ្ងៃពេលខ្លះយើងច្រឡំ ច្របល់ជាមួយនឹងការរៀនចំណេះជំនាញដែលខុស ដោយសារអី? យើងអត់យល់ យើងបានត្រឹមតែធ្វើទៅតាមទីផ្សារ ទៅតាមសង្គម បរិបទទីផ្សារ និងសម្ភារៈនិយម…”។
មាស សុខសោភា បានបន្ថែមថា “អ៊ីចឹងក៏មិនប្រាកដថា ការរៀនសូត្រទាំងឡាយណាដែលយើងរៀនតៗគ្នានេះ វាអាចនឹងត្រូវ វាអាចនឹងខុស អ៊ីចឹងបងប្អូនក៏ត្រូវគិតថា តើនៅក្នុងការធ្វើអ្វីមួយៗក្នុង១ជំហានៗ សូម្បីតែខ្ញុំពីមុន ក៏ខ្ញុំធ្លាប់ខុស ខ្ញុំក៏ធ្លាប់នៅក្នុងអន្លង់អវិជ្ជាដូចគ្នាដែរ ព្រោះគិតថាខ្លួនឯងមានទេពកោសល្យ ជំនាញខាងច្រៀងរាំ និងអ្វីផ្សេងៗ គិតថាខ្លួនឯងបែបអស្ចារ្យ មានចំណេះវិជ្ជាល្អ តែតាមពិតចំណេះវិជ្ជាខ្លះដែលខ្ញុំចែករំលែកខ្លះ មុនៗខ្លះ និងអាកប្បកិរិយា ទង្វើរបស់ខ្ញុំខ្លះ ក៏ខ្ញុំធ្លាប់ស្ថិតនៅក្នុងអន្លង់អវិជ្ជា ដូចតែបងប្អូនដែរហ្នឹង គ្រាន់តែដឹងថា ខ្ញុំដឹងខុស ខ្ញុំកែខ្លួនៗឯង ហើយដល់ពេលខ្ញុំបដិបត្តិត្រូវទៅសុខ ទទួលបានសេចក្តីសុខ ចម្រើននៅក្នុងផ្លូវចិត្តផ្លូវកាយរបស់នាងខ្ញុំ ហើយនាងខ្ញុំតែងតែចង់ចែករំលែកឱ្យពុកម៉ែ បងប្អូនទទួលនូវអារម្មណ៍ដែលគេហៅថា សេចក្តីសុខដូចខ្ញុំដែរ ទៅតាមវិជ្ជា វិជ្ជាហ្នឹងគឺវាចេញពីបញ្ញានៅក្នុងខ្លួន យើងមកដោយឯកឯង អាហ្នឹងគេហៅថា វិជ្ជា ។ ហើយអវិជ្ជាហ្នឹង គឺដូចខ្ញុំនិយាយខាងលើហ្នឹងអ៊ីចឹង ក៏មិនមែនទៅចោទថាបងប្អូនទាំងអស់គ្នា សុទ្ធតែអវិជ្ជាទេ អត់ទេ ព្រោះអី? យើងត្រូវតែដឹងខ្លួនឯងថា ខ្លួនឯងកំពុងតែដើរផ្លូវណា? អ្នកណាដែលមិនធ្លាប់ខុស ខុសគ្រប់តែគ្នាហ្នឹង ក៏ប៉ុន្តែនៅត្រង់ថា យើងដឹងខុសហើយ យើងកែខ្លួនឯងតិចៗទៅ ហើយដូចបងប្អូនខ្លះ គាត់ចង់កែ ក៏គាត់កែ គាត់មិនចង់កែ ក៏ជាសិទ្ធិរបស់គាត់ ខ្ញុំអត់មានហាមឃាត់ទេ គ្រាន់តែថា ធម្មតានាងខ្ញុំជាអ្នកសិល្បៈ ចេះតែចង់ចែករំលែកនូវអ្វីដែលជារឿងផ្ទាល់ខ្លួនដែលយើងរាល់ថ្ងៃ យើងដើរដល់ណាចំណុចណាហើយ យើងក៏ចង់ឃើញនូវសង្គមជាតិរបស់យើង ទទួលបាននូវសិរីសួស្តីដែរ អ៊ីចឹងអាផ្លូវហ្នឹង គឺជាផ្លូវយើងអត់សូវបានរៀនទេ យើងរាល់ថ្ងៃយើងរៀនតែ ជំនាញចំណេះក្រៅខ្លួន ទេពកោសល្យ យើងអត់ដែលបានរៀនពីវិជ្ជាទេ វិជ្ជា គឺដល់តែយើងយកសមាធិ ជាគោល រំលត់ភាពខឹងក្រោធ ស្អប់ទើស សង្ស័យ អន់ចិត្ត មិនចេះចប់មិនចេះហើយនៅក្នុងខ្លួនសិន ទើបយើងទៅសមាធិ កើតនូវបញ្ញា វិជ្ជា សម្មាធិ បញ្ញា ហ្នឹងកើតឡើងមក ហើយតែកើតឡើងមកហ្នឹង វានឹងធ្វើឱ្យអារម្មណ៍ខ្លួនឯងមានសេចក្តីសុខមុនគេ នៅពេលដែលយើងទទួលបានសេចក្តីសុខ នាងខ្ញុំតែងតែចង់ចែករំលែកទៅដល់ហ្វេនៗនាងខ្ញុំដូចគ្នា។ អ៊ីចឹងសង្ឃឹមថាពុកម៉ែ បងប្អូន បានយល់ច្បាស់ពីរឿង អវិជ្ជា និងវិជ្ជាហ្នឹងទៅ ជាមួយនឹងចំណេះជំនាញ ទេពកោសល្យ…”។

គួររំលឹកថា តារាចម្រៀង មាស សុខសោភា ធ្លាប់បានទម្លាយឱ្យដឹងថា នាងធ្លាប់កើតមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ អំឡុងផ្ទុះកូវីដ ហើយបើនាងមិនបានជួបលោកតាសក់ស ភ្នំត្បែង ទេ ម៉្លេះនាងក៏គ្មានជីវិតមកដល់បច្ចុប្បន្នដែរ។ នាងថា លោកតាសកើស ជាអ្នកជួយសង្គ្រោះជីវិតនាង ទើបនាងជឿជាក់លើគាត់៕