សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក បានបាត់បង់យន្តហោះចម្បាំង F/A-18 តម្លៃ ៦០លានដុល្លារ បន្ទាប់ពីធ្លាក់ពីនាវាផ្ទុកយន្តហោះ ហើយបាត់ខ្លួនក្នុងសមុទ្រ។

តាមប្រភព CNN បានរាយការណ៍ថា យន្តហោះចម្បាំង F/A-18 Super Hornet របស់កងទ័ពជើងទឹកសហ រដ្ឋអាមេរិក មានតម្លៃជាង ៦០លានដុល្លារ បានបាត់នៅក្នុងសមុទ្រ កាលពីថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីយន្តហោះនេះបានធ្លាក់ពីលើនាវាផ្ទុកយន្តហោះ USS Harry S. Truman ខណៈដែលវាកំពុងត្រូវបានសណ្តោងឆ្លងកាត់នាវា។
មន្ត្រីអាមេរិក និយាយថា របាយការណ៍ដំបូងពីកន្លែងកើតហេតុ បង្ហាញថា នាវាផ្ទុកយន្តហោះ USS Harry S. Truman បានងាកគេចពីការវាយប្រហាររបស់ពួកឧទ្ទាមហ៊ូធី (Houthi) ក្នុងប្រទេសយេម៉ែន ធ្វើឲ្យយន្តហោះចម្បាំង F/A-18 បានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយមិនមានបុគ្គលិកណាម្នាក់បាត់ខ្លួនទេ ប៉ុន្តែមានអ្នករបួសម្នាក់។

របាយការណ៍របស់សហរដ្ឋអាមេរិក ស្របនឹងការអះអាងរបស់ក្រុមឧទ្ទាម ហ៊ូធី ដែលត្រូវបានប្រកាសកាលពីថ្ងៃចន្ទ ថាពួកគេបានបញ្ជូនយន្តហោះគ្មានមនុស្សបើក និងបានបាញ់មីសស៊ីលទៅលើនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក USS Harry S. Truman ដែលបច្ចុប្បន្នស្ថិតនៅសមុទ្រក្រហម កំពុងចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធី។
មន្ត្រីអាមេរិក បាននិយាយថា យន្តហោះចម្បាំង F/A-18 ដែលបាត់ខ្លួន កំពុងត្រូវបានអូសដោយត្រាក់ទ័រ តែដោយសារតែនាវាដឹកយន្តហោះ បានចេញដំណើរភ្លាមៗ ទើបធ្វើឲ្យយន្តហោះ និងត្រាក់ទ័រសណ្តោង ធ្លាក់ចូលសមុទ្រព្រមគ្នា។

ទោះបីជាយ៉ាងណា មន្ត្រីយោធាអាមេរិក កំពុងស៊ើបអង្កេតយ៉ាងលម្អិតម្ដងទៀត លើករណីនេះ។ កងទ័ពជើង ទឹកសហរដ្ឋអាមេរិក បានបញ្ជាក់ថា ទោះបីជាមានការបាត់យន្តហោះចម្បាំង មួយគ្រឿងក៏ដោយ ក៏ក្រុមប្រតិបត្តិការដែនអាកាសរបស់ខ្លួន នៅតែដំណើរការយ៉ាងពេញលេញ៕