Friday, May 2, 2025
Homeតារាខ្មែរពេជ្រ សូលីកា ៥ខែ រកមិនបានភួយសាច់ ?

ពេជ្រ សូលីកា ៥ខែ រកមិនបានភួយសាច់ ?

ភ្នំពេញ ៖ ពេជ្រ សូលីកា ហៅស្រីពេជ្រ បានបង្ហើបថា នាងចង់ពិសោធស្នេហាថ្មី តាមរយៈការបើកបេះដូង ម្ដងទៀត។ វាចារបស់អ្នកមេម៉ាយកូនមួយរូបនេះ ក្រោយពីនាងធ្លាប់ប្រកាសកាលពី ៥ខែមុន ពោលគឺចុងខែវិច្ឆិកា ឆ្នាំ២០២៤ ថានាងចង់បានភួយសាច់ ដើម្បីកុំឲ្យកាយរងា ដែលភ្លាមៗនោះ ប្រុសទាំងក្នុងនិងក្រៅស្រុក ជ្រួលជ្រើមមិនតិចទេ ព្រោះចង់ធ្វើជាភួយសាច់របស់នាង។ ប៉ុន្ដែពេលនេះ ស្រីពេជ្រ បង្ហាញសញ្ញាថា បេះដូងនាងមិនទាន់មានម្ចាស់ទៅវិញ ក្រោយវិលមកពីដើរលេងនៅជប៉ុន ក៏ចេញសញ្ញាចង់រកអ្នកមើលថែបេះដូង។

សាររបស់ គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ធ្វើឲ្យអ្នកខ្លះជឿថា នាងបែបឯកោខ្លាំងហើយមើល ទៅក្រោយចែកផ្លូវពីលោកគឹម ហាន ជាង២ឆ្នាំ។ ប៉ុន្ដែមួយចំនួនទៀត នៅតែចាត់ទុកថា នោះគ្រាន់តែជាការ Drama របស់នាងប៉ុណ្ណោះ ព្រោះជាក់ស្ដែង គ្រាន់តែស្រីពេជ្រ ថាចង់បានភួយសាច់ កាលនោះក៏មានប្រុសម្នាក់ យកយន្តហោះឯកជន (Private Jet) ពណ៌ខ្មៅ លាយលឿង ១គ្រឿង មកដឹកនាងដើរកម្សាន្ដលេងសប្បាយអស់ដៃតែម្ដង ។ គេថាមេម៉ាយរូបស្រស់ ដូចសូលីកា កុំថាឡើយមានអ្នកចង់ធានាជូនដើរលេងតាមយន្ដហោះឯកជន ប៉ុន្ដែទោះជានាងចង់ឈប់លេងសិល្បៈ ដេកតែចាយលុយ ក៏មិនខ្វះអ្នកចេញមុខដែរ។

ពេជ្រ សូលីកា ក្រោយចាកចេញពីហង្សមាស នាងល្បី ២បទ ««ថែការចងចាំ» និង «បើអូនជួបគេ» ធ្វើឲ្យនាងនៅតែមានទីផ្សារចម្រៀង ព្រោះមានគេជួលច្រៀងតាម Pub និង Concerts ជាញឹកញាប់ ហើយគ្រាន់តែក្នុងឆ្នាំ២០២៤ នាងអាចរកប្រាក់ពីការច្រៀងសម្ដែង ជិត១០០ឆាក បានចំនួនជិត ៣០ម៉ឺនដុល្លារ ។ ប៉ុន្ដែសម្រាប់ឆ្នាំ២០ ២៥ នេះ ស្រីពេជ្រ មិនទាន់មានបទចម្រៀងណាមួយផ្ទុះទេ ហើយបើបន្ដចេញចម្រៀងតែបទស្លូវៗ បែបស្រ ដៀងបទមុនៗទៀត គឺអាចប្រឈមនៅទ្រឹង ឬធ្លាក់ចុះវិញជាមិនខាន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ នៅឆ្នាំ២០២៥ ស្រីពេជ្រ នៅតែមានរូបសម្រស់ឆើតឆាយ ពោលគឺមិនសូវបែកសាច់ ឬឡើងគីឡូដូចតារាមួយចំនួនដែលធ្លាប់មានប្ដីនិងកូននោះឡើយ ។

ប្រភពបានឲ្យដឹងថា ពេជ្រ សូលីកា មានអ្នកឧកញ៉ាម្នាក់ គាំទ្រនាងយ៉ាងពេញទំហ៊ឹងក្នុងការផលិតបទចម្រៀង ឬការច្រៀង Solo Concerts ឲ្យតែនាងចង់ ហេតុនេះស្រីពេជ្រ មិនខ្វល់ឬបារម្ភខ្លាចទីផ្សារចម្រៀងនាងធ្លាក់ចុះ ពេលដែលចេញពីហង្សមាស នោះឡើយ ។ ប៉ុន្ដែអ្វីដែលនាងត្រូវផ្ដោតនាពេលនេះ គឺរកម្ចាស់ចិត្តថ្មី ស្អំបេះដូង ខណៈដែលអតីតគូស្នេហ៍នាងលោកគីម ហាន ត្រៀមរៀបការជាមួយម្ចាស់ចិត្តថ្មីទៅហើយ ពោលគឺគ្មានសញ្ញាផ្សះផ្សាស្នេហាចាស់ទេ បើទោះជានាងតែងចេញបទចម្រៀង ហាក់នៅអាល័យប្ដីចាស់ក្ដី ។

អ្នកជំនាញសិល្បៈ បានលើកឡើងថា ពេជ្រ សូលីកា បច្ចុប្បន្នរកលុយពីសិល្បៈ បានច្រើនជាងអំឡុងពេលនាងច្រៀងនៅផលិតកម្ម ហើយនាងថែមទាំងមាន Team (ក្រុម) ផលិតបទចម្រៀង និងចាត់ចែងការងារសិល្បៈនាងថែមទៀតផង។ ប៉ុន្ដែការរក្សាលំនឹងទីផ្សារចម្រៀងបានដូចឆ្នាំ២០២៤ ឬយ៉ាងណានោះ ស្ថិតក្នុងភាពស្រពេចស្រពិលនៅឡើយ ដោយសារតែស្រីពេជ្រ ជិត១ឆ្នាំមកនេះ មិនទាន់មានបទល្បីដូចបទចាស់របស់ខ្លួន ។ ដោយឡែកសម្រាប់តម្រុយនៃម្ចាស់ស្នេហាថ្មីរបស់សូលីកា ថាជាអ្នកណា ក៏នៅតែបន្ដស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ ទោះជាក្រោយចែកផ្លូវពីអតីតប្តី ភ្លាម កាលពីពាក់កណ្ដាលឆ្នាំ២០២២ នាងធ្លាប់បង្ហាញសញ្ញាមានស្នេហាថ្មី តាមរយៈការកៀកកើយប្រុសម្នាក់ មួយប្រាវក៏ដោយ ។

 ទោះបីជាយ៉ាងណា អ្នកគាំទ្រ (Fan) របស់ពេជ្រ សូលីកា បានលើកឡើងថា ពួកគេមិនចង់ឃើញអ្នកមេម៉ាយកូន១ ឈ្ងុយដូចដូងដុតរូបនេះ ដើរជាន់ដានស្នេហាចាស់ ជាលើកទី២ឡើយ ៕

RELATED ARTICLES