ប្រទេសបារាំង ៖ តារាចម្រៀង អឿន ស្រីមុំ ដែលកំពុងច្រៀងសម្ដែងនៅប្រទេសបារាំង បានប្រាប់អ្នកយកព័តមាន «នរគធំ» កាលពីរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ថា ជាលើកទី៨ ហើយ ដែលនាងបានចេញទៅ ច្រៀងនៅបារាំង ហើយការមកលើកនេះ នាងមកតែម្នាក់ឯងទេ ហើយនឹងត្រូវត្រឡប់ទៅកម្ពុជា វិញ នៅចុងខែមិថុនា ខាងមុខនេះ ។

អឿន ស្រីមុំ វាចាថា «ខ្ញុំមកច្រៀងនៅបារាំង ជើងនេះ តាំងពីថ្ងៃចូលឆ្នាំខ្មែរ និងជាលើកទី៨ ហើយ តែមម្ដងនេះ តែម្នាក់ឯងទេ ។ មកលើកនេះខ្ញុំច្រៀងសម្ដែង មានរយៈពេល២ខែកន្លះ អីចឹងត្រូវទៅខ្មែរ វិញនៅចុងខែមិថុនា»។

អឿន ស្រីមុំ បានឲ្យដឹងដែរថា ក្នុងអាជីពចម្រៀងជាច្រើនឆ្នាំមកនេះ នាងធ្លាប់បានចេញទៅច្រៀងសម្ដែងនៅបរទេស សឹងតែគ្រប់ប្រទេសអស់ទៅហើយ ខណៈដែលមុនចេញមកច្រៀងនៅបារាំង នាងក៏រវល់ចេញច្រើនតាមកម្មវិធីនានានៅក្នុងស្រុកផងដែរ ហេតុនេះហើយគ្មានពេលទំនេរទេ ។

គួរកត់សម្គាល់ថា អឿន ស្រីមុំ តាំងពីចែកផ្លូវអតីតប្ដី តន្រ្ដីករ លោកកែវ សុខា ជាច្រើនឆ្នាំមកនេះ នាងមិនដែលបង្ហាញមុខម្ចាស់ចិត្តថ្មី ជាសាធារណៈនោះទេ បើទោះជាមានដំណឹងថា គូស្នេហ៍ថ្មីរបស់នាង ជាអាណិកជនខ្មែរ រស់នៅបារាំង ហើយតាមនាងស្អិត ទាំងពេលស្រីមុំ ច្រៀងសម្ដែងនៅបរទេស និងនៅក្នុងស្រុកក្ដី ។ ប៉ុន្ដែក្នុងជំនួបជាមួយអ្នកសារព័ត៌មាន កន្លងមក ស្រីមុំ តែងតែអះអាងថា នាងលែងយកប្ដី ឬឈប់គិតពីរឿងស្នេហា អស់មួយជីវិតទៅវិញ ។

ទាក់ទងរឿងគូស្នេហាថ្មីនេះដែរ អឿន ស្រីមុំ ប្រាប់ពីប្រទេសបារាំង មកថា រាល់ថ្ងៃ នាងអត់មានម្ចាស់ស្នេហាថ្មីនោះទេ គឺនៅទំនេរចែស ។ ស្រីមុំ និយាយខ្លីថា «ខ្ញុំកាន់សីលហើយ។ ខ្ញុំតែងតែទៅវត្ត ធ្វើសមាធិ ព្រោះខ្ញុំកាន់សីល ។ ខ្ញុំអត់មានគូស្នេហ៍ថ្មីទេ»។

គេពិបាកជឿជាក់ទាំងស្រុងទៅលើកាអះអាងរបស់អឿន ស្រីមុំ ដែលថា លែងយកប្ដីអស់មួយជីវិត តែពេលខ្លះបែរជាមានប្រុសម្នាក់ ដើរតាមឆាកតន្រ្ដី បង្ហាញសកម្មភាពដូចជាប្ដីនាង ។ វាចារបស់អឿន ស្រីមុំ ត្រូវបានគេសន្និដ្ឋានថា នាងអាចស្ថិតក្នុងដំណាក់កាលពិសោធចិត្តគូស្នេហ៍ថ្មីនៅឡើយ ទើបមិនហ៊ាននិយាយឲ្យច្បាស់ លាស់ពីរឿងស្នេហា ដោយសារតែខ្លាចដើរជាន់ដានចាស់ ។ ទោះបីជាយ៉ាងណា តាមព័ត៌មានថា ស្រីមុំ ដែលមានវ័យជ្រេបន្ដិចទៅហើយ ប៉ុន្ដែសាច់នៅចាំ សម្រស់ក្មេងវ័យនោះ នាងត្រូវការបុរសម្នាក់មានសមត្ថភាពអាចផ្ដល់កំណើតកូនដំបូង ឲ្យនាងបាន ព្រោះចង់បានកូនបន្ដពូជ ខណៈដែលការរួមរស់ជាមួយអតីតប្ដី លោកកែវ សុខា ជាង១០ឆ្នាំនោះ ពួកគេគ្មានកូន ១គ្រាប់ឡើយ រហូតមានអ្នកខ្លះចោទស្រីមុំ ថានាងជាមនុស្ស «អា» គ្មានសមត្ថភាពពពោះទៀតផង ។

ប្រភពខ្លះថា ការចេញចូលបារាំង ជិត១០ដង របស់អឿន ស្រីមុំ នេះ ក្រៅពីច្រៀងសម្ដែង នាងក៏មានបុរសវ័យចំណាស់ ពិសេសម្នាក់ ចាំគាំទ្រនិងលើកទឹកចិត្តនាងជានិច្ចដែរ គ្រាន់តែអ្នកមេម៉ាយ ពន្យារពេលបង្ហាញមុខប្ដី មិនឲ្យគេស្គាល់ប៉ុណ្ណោះ ព្រោះតារាជាច្រើននាក់មកហើយ ដែលជ្រើសរើសវិធីធ្វើសមាធិ កាន់សីលដូចនាងដែរ ប៉ុន្ដែពួកគេមិនដែលតាំងចិត្តថាមិនយកប្ដីអស់មួយជីវិតដូចនាងឡើយ៕

