Sunday, May 4, 2025
Homeតារាខ្មែរ  គុណ កន្និកា លេចធ្លោតួឆ្នាស

  គុណ កន្និកា លេចធ្លោតួឆ្នាស

ភ្នំពេញ ៖ គុណ កន្និកា ដែលជាម្ចាស់ម្កុដ Miss Teen Icon Cambodia 2024 និងជាជ័យលាភី Freshie ជំនាន់ទី២១ នោះ ពេលនេះកំពុងត្រៀមខ្លួនចូលរួមប្រកួត Miss Teen Icon International 2025 នាពេលខាងមុខនេះ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ មុនប្រកួតលក្ខណៈអន្ដរជាតិមកដល់នេះ ស្រីស្រស់កន្និកា  បានបង្ហាញស្នាដៃលេចធ្លោក្នុងរឿងភាគរបស់ទូរទស្សន៍បាយ័ន ដែលកំពុងចាក់ផ្សាយ នោះគឺរឿង «លង់ស្នេហ៍ពូក្មេង» ដែលនាងសម្ដែងជាតួស្រីឆ្នាសដ៏ស័ក្តិសម ជាមួយរូបសម្រស់គួរឲ្យក្នក់ក្នាញ់ នាំឲ្យមានកាចែកចាយ (Share) ជាបន្ដបន្ទាប់ នៅលើបណ្ដាញសង្គម ពីទេពកោសល្យរបស់នាង។ ទោះបីជាយ៉ាងណា ការដណ្ដើមមកុដលក្ខណៈអន្ដរជាតិ គេនៅមិនទាន់ដឹងថា កន្និកា អាចទៅរួចឬអត់នោះទេ ព្រោះបេក្ខភាពផ្សេងៗទៀត មកពីប្រទេសដទៃ ក៏បានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ដូចគ្នាដែរ ។

  អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងទៅកញ្ញា គុណ កន្និកា តែមិនទាន់មានកាឆ្លើយតបពីនាងឡើយ គិតត្រឹមរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។ យ៉ាងណា តាមព័តមានថា កន្និកា កំពុងតែមមាញឹកច្រើនទៅលើកាហ្វឹកហាត់ជាមួយគ្រូជំនាញ ជាច្រើនវិញ្ញាសា ដើម្បីត្រៀមខ្លួនប្រកួត Miss Teen Icon International 2025 ព្រមទាំងមានការតាំងចិត្តយ៉ាងមុតមាំថា នឹងដណ្ដើមមកុដមួយនេះ ឲ្យបានទៀតផង។

  ស្រីស្អាត គុណ កន្និកា មុនល្បីរឿង «លង់ស្នេហ៍ពូក្មេង» ដែលនាងសម្ដែងជាតួឈ្មោះអារី ចាប់ដៃជាមួយលោកខេស៊ីន នោះនាងក៏ធ្លាប់ធ្វើឲ្យគេចាប់អារម្មណ៍ តាមរយៈរឿង «ភ្លើងឆេះក្លឹបក្រោមដី» ផងដែរ ។ ស្រីស្រស់អាយុ ១៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ធំ រូបនេះត្រូវបានអ្នកដឹកនាំរឿង ចាប់អារម្មណ៍ទៅលើរូបសម្រស់ និងទេពកោសល្យរបស់នាង ថាអាចលេងជាតួកាចឆ្នាសឆ្នើមក៏បាន តួកម្សត់ក៏បាន ។ អ្វីដែលពិសេសនោះ នាងថែមទាំងហ៊ានលេងឈុតឱបថើបនិងស៊កសៀតភាសាស្នេហាយ៉ាងជ្រៅៗទៀតផង ទើបធ្វើឲ្យផលិត ករ រឹតតែចង់បាននាងធ្វើជាតួឯកភាពយន្ដរបស់គេ ។ យ៉ាងណា អាជីពសិល្បៈរបស់កន្និកា អាចនឹងបោះជំហានទៅមុខបានលឿនជាងនេះ ប្រសិនបើនាងឈ្នះមកុដ Miss Teen Icon International 2025 នាពេលឆាប់ៗនេះ។

 ក្រៅពីកញ្ញា គុណ កន្និកា តារាដែល ៥រូបទៀត ដែលត្រៀមទៅប្រកួតសម្រស់នៅលើឆាកអន្ដរជាតិ នៅឆ្នាំ២០២៥ នេះ មានដូចជា កញ្ញាសុខគា គីមលាង ទៅប្រកួត Universal Woman នៅប្រទេសឥណ្ឌា, កញ្ញារ៉ូសស្សែល ហ្សូលីយ៉ា ទៅប្រកួត Miss World នៅប្រទេសឥណ្ឌា, កញ្ញាកែវ គិរី ទៅប្រកួត Miss Teen International នៅប្រទេសឥណ្ឌា, កញ្ញាឈុំ ចាន់តារា ទៅប្រកួត Miss Supranational នៅប្រទេសប៉ូឡូញ និងកញ្ញាហានី ទៅប្រកួត Miss International Queen Pageant នៅប្រទេសថៃ ។ សម្រាប់កញ្ញា គុណ កន្និកា អាចមានប្រៀបជាងបេក្ខភាពខាងលើ ព្រោះនាងប្រកួតកម្មវិធីដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ។ ប៉ុន្ដែទោះជាបានមកុដ ឬអត់ ក៏ពេលនេះ កន្និកា កំពុងតែមានទីផ្សារសិល្បៈស្រាប់ទៅហើយ ៕

RELATED ARTICLES