Thursday, May 8, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ហេតុអ្វីមិនចាប់ដៃ វណ្ណដា ?

រ៉េត ស៊ូហ្សាណា ហេតុអ្វីមិនចាប់ដៃ វណ្ណដា ?

ភ្នំពេញ ៖ ស្រីស្រស់ធ្មេញច្រពើស រ៉េត ស៊ូហ្សាណា បានបញ្ចេញស្នាដៃបទថ្មី ជាការនិពន្ធផ្ទាល់ខ្លួន «ភ្លើងស្នេហ៍» កាលពីខែឧសភា ឆ្នាំ២០២៥ ដែលនេះជាចម្រៀងទី៥ របស់នាង នៅផលិតកម្មបារមី បន្ទាប់ពីបទ «Lost», «Better Off », «ស្រ្ដីសេរី» និងបទចាប់ដៃជាមួយលោកយូហៃ «2Am» ក្រោយនាងជ្រកនៅទ្រនំថ្មី ជាងកន្លះ ឆ្នាំ ដែលអាចនិយាយបានថា ក្នុងរយៈពេលជាង ១ខែនាង ត្រូវតែចេញចម្រៀងថ្មី ឲ្យបានមួយបទ។

ផ្អែកលើឆ្នាំដំបូង បទចម្រៀងរបស់ហ្សាណា គេអាចសន្និដ្ឋានបានថា គឺមិនតិចពេក មិនច្រើនពេក សម្រាប់ទីផ្សារចម្រៀងរបស់នាង ។ ប៉ុន្ដែបើផ្អែកលើសន្ទុះនៃការគាំទ្រលើហ្សាណា នៅផលិតកម្មទី២ នេះហាក់មានកម្រិត បើប្រៀបធៀបអំឡុងនាងចេញចម្រៀងឆ្នាំដំបូង នៅហង្សមាស ដូចជាចេញបទ «ឈប់», «ប្រយោគស្នេហ៍» និងបទ «សង្ស័យ» …ធ្វើឲ្យអ្នកធ្លាប់រិះគន់ថានាងច្រៀងមិនកើតនោះ បានស្ងាត់មាត់ និងងាកមកស្ដាប់ចម្រៀងនាងវិញ នាំឲ្យនាងចេញមុខតាមបណ្ដា Concerts ធំៗជាបន្ដបន្ទាប់ ។ ប៉ុន្តែក្រោយពីចាកចេញពីហង្សមាស គេកម្រឃើញហ្សាណា ច្រៀងតាម Concerts ច្រើនដូចមុន ហើយការប្រជែងទីផ្សារចម្រៀងជាមួយ តន់ ច័ន្ទសីម៉ា របស់ហ្គាឡាកស៊ី ដែលគេធ្លាប់តែផ្គូផ្គង កាលនាងនៅហង្សមាស នោះបែជារសាត់ឆ្ងាយទៅវិញ ទើបធ្វើឲ្យមានភាពស្រពេចស្រពិលចំពោះតំណែងស្រីស្រស់វ័យ ២៤ឆ្នាំរូបនេះ ។

បើទោះជាអាជីពចម្រៀងរបស់រ៉េត ស៊ូហ្សាណា នៅតែមិនទាន់អាចធ្វើព្យុះភ្លៀង វាយលុកទីផ្សារយុវវ័យបាន ប៉ុន្ដែតាំងពីចាកចេញពីហង្សមាស ស្រីស្អាតរូបនេះ មានការវិវឌ្ឍខ្លួនបានយ៉ាងល្អ តាមរយៈការក្លាយជាអ្នកនិពន្ធ និងដឹកនាំ MV បទចម្រៀងរបស់ខ្លួន ដែលមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ថៅកែផលិតកម្មបារមី ។ សម្រាប់ អ្នកគាំទ្រ (Fan) របស់ហ្សាណា នៅតែដាក់ក្ដីរំពឹងមួយច្រកទៀតថា ពេលដែលនាងចាប់ដៃជាមួយតារាចម្រៀងរ៉េបម៉ាន់ វណ្ណដា នោះច្បាស់ជាហ្សាណា នឹងមានការប្រែប្រួល ឬត្រូវបានមហាជនចាប់អារម្មណ៍ជាងនេះជាមិនខាន បន្ទាប់ពីនាងបានចាប់ដៃគូទី១ លោកយូហៃ ។

 សូមបញ្ជាក់ថា រ៉េត ស៊ូហ្សាណា ត្រូវបានឪពុកម្ដាយតាមគ្រប់ជំហាន តាំងពីនាងចាប់អាជីពចម្រៀង ជិត១០ ឆ្នាំមកនេះ ទើបធ្វើឲ្យប្រុសៗសម្បូរទ្រព្យ ចង់ឆក់ស្នេហ៍ តាមរយៈការជះទឹកលុយលើនាង ជាថ្នូរស្នេហា បានបរាជ័យទាំងស្រុង។ ប៉ុន្តែតាំងពីចូលបារមី មក ហ្សាណា ត្រូវម្ដាយលែងសូវរឹតបន្តឹងដូចមុនទៀតហើយ ពោលគឺនាងអាចលេងស្និទ្ធជាមួយយូហៃ ទាំងក្នុងនិងក្រៅ MV ដែលនេះជាការបត់បែនមួយផ្នែកទៀតរបស់ហ្សាណា ក្នុងអាជីពសិល្បៈ ហើយនាងកាន់តែសម្របខ្លួនជាងនេះ នៅពេលដែលក្លាយទៅជាដៃគូរបស់វណ្ណដា នាពេលខាងមុខ ។ ប៉ុន្ដែពេលនេះ ថៅកែបារមី  បែរជាពន្យាពេលឲ្យហ្សាណា ចាប់ដៃវណ្ណដា ទៅវិញ ទើបធ្វើឲ្យស្រី ស្រស់ ហាក់នៅទ្រឹង ព្រមទាំងប្រឈមធ្លាក់ប្រាក់ចំណូល ដោយសារតែមិនសូវចេញច្រៀងច្រើនកម្មវិធី ដូច កាលនៅហង្សមាស។

 អ្នកយកព័តមានយើង មិនទាន់អាចទាក់ទងលោកស្រី ឡូរ៉ា ម៉ម ថៅកែបារមី បានទេកាលពីរសៀលថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២៥ ខណៈនាងហ្សាណា វិញ ម្ដាយជាអ្នកកាន់ទូរស័ព្ទនិងមិនធ្លាប់ឲ្យនាងផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័តមានឡើយ ។

ថ្វីដ្បិតតែ រ៉េត ស៊ូហ្សាណា មិនសូវសកម្មឡើង Concert ដូចមុន ប៉ុន្ដែនាងបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ឱកាសចេញទៅច្រៀងលើកទី១ ដែលជាព្រឹត្តិការណ៍ធំ នៅថ្ងៃទី១២ និង១៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងមហោស្រពតន្រ្ដី Sabaidee Fest នៅ Gloria Molina Grand Park ទីក្រុងឡូសអែនចេឡេស (Los Angeles) សហរដ្ឋ អាមេរិក តែគេនៅមិនទាន់ដឹងថា នាងនឹងយកបទអ្វីទៅច្រៀងលើឆាកអន្ដរជាតិ ជាលើកដំបូងនោះឡើយ ។

ដោយឡែកទាក់ទងរឿងស្នេហា តារាចម្រៀងវ័យក្មេងរូបនេះ មិនដែលស្និទ្ធស្នេហ៍ប្រុសណាទេ ក្រោយលែងស្អិតល្មូតជាមួយកូនប្រុសទី២ ឧកញ៉ាព្រាប សុវត្ថិ តាំងពីឆ្នាំ២០២២ ខណៈដែលពេលនេះ នាងនៅតែកាលីព ជិះរថយន្ដម៉ាក Jeep Rubicon និងដើរចាយលុយនៅក្រៅប្រទេស ជាបន្ដបន្ទាប់ ៕

RELATED ARTICLES