Thursday, May 8, 2025
Homeតារាខ្មែរនី មុនីនាថ ៖ ការប្ដីស្ងាត់ៗ ?

នី មុនីនាថ ៖ ការប្ដីស្ងាត់ៗ ?

ភ្នំពេញ ៖ នី មុនីនាថ បានធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើល បន្ទាប់ពីកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នាងបានបង្ហោះរូបគ្រងឈុតប្រពៃណីខ្មែរ ជាកូនក្រមុំ ភ្ជាប់ជាមួយផ្ទាំងអក្សរជាប់ជញ្ជាំង «សិរីសួស្ដីអាពាហ៍ពិពាហ៍» កូនស្រី នី មុនីនាថ រៀបការខែ៥ ឆ្នាំ២០២៥ ប៉ុន្ដែនាងឈរបាំងឈ្មោះកូនកំលោះ និងថ្ងៃរៀបការ មិនឲ្យគេឃើញឡើយ។ នី មុនីនាថ បានបញ្ចេញសារតាមទំព័រហ្វេសប៊ុក របស់នាងថា «នៅសុខៗការប្ដីទៀតហើយ» ។ លុះស្អែកឡើង ថ្ងៃទី៧ ខែឧសភា នាងចេញសារថ្មីបន្ថែមថា «ការហើយ មកហាត់ប្រាណ ដើម្បីសុខភាព»។

 តារារួមអាជីពដែលស្និទ្ធនី មុនីនាថ ជាច្រើន បានផ្ញើសារអបអរសាទរមុនីនាថ ជាបន្ដបន្ដបន្ទាប់ ក្នុងនោះក៏មានអ្នកខ្លះអន់ចិត្តរឿងនាងមិនហៅពួកគេស៊ីការទៀតផង ។ ប៉ុន្ដែអ្នកខ្លះចូលទៅខម្មិនថា មុនីនាថ ល្បីប៉ុណ្ណឹងដែរ ម៉េចបានការស្ងាត់ៗអ៊ីចឹង? ហើយចាំបាច់អីត្រូវបិទបាំងឈ្មោះប្ដី មិនឲ្យគេស្គាល់?

ទាក់ទងរឿងធ្វើកូនក្រមុំស្ងាត់ៗនេះ នី មុនីនាថ បានប្រាប់អ្នកយកព័ត៌មាន «នគរធំ»នៅរសៀលថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៥ ថា រូបថតដែលនាងបានផុសថា រៀបការ មានភ្ជាប់ឈ្មោះនាងជាកូនក្រមុំនោះ តាមពិតនាងថតឲ្យក្រុមហ៊ុនមួយ ហើយគេឡើងអក្សរជាប់ឈ្មោះនាង ធ្វើឲ្យនាងមានអារម្មណ៍ថា ប្លែកដែរ ទើបយកមកផុស ។ ប៉ុន្ដែមុនីនាថ ថារូបភាពដែលនាងផុស មានគ្រងសម្លៀកបំពាក់រៀបការ ហើយមានផ្ទៃខាងក្រោយ (Background) ជាប់ឈ្មោះនាងនោះ តាមពិតជាការសម្ដែង មិនមែនជាការពិតទេ ព្រោះបើជាការពិត នាងមិនខ្លាចក្នុងការបង្ហាញថាខ្លួនពិតជារៀបការនោះទេ ។

ដោយឡែកទាក់ទងការលាក់ឈ្មោះកូនកំលោះវិញ មុនីនាថ ថាមិនអាចបញ្ចេញបានទេ  ព្រោះអត់ទាន់ដល់ពេលវេលាដែលត្រូវបញ្ចេញ តែនាងថាប្រហែលជាថ្ងៃណាមួយ នាងនឹងបង្ហោះ តែឥឡូវមិនអាចបញ្ចេញបាន ដោយសាតែរឿងនោះអត់ទាន់ចេញ អ៊ីចឹងខាងក្រុមហ៊ុន គេមិនទាន់ឲ្យបង្ហោះទេ ហេតុនេះហើយបានជានាងបិទឈ្មោះកូនកំលោះ ហើយបង្ហាញតែឈ្មោះខ្លួនឯង។

 ឆ្លើយតបសំណួរថា ប្រសិនបើ មុនីនាថ រៀបការប្ដីមែនទែន តើនាងហ៊ានបង្ហាញមុខ ឬឈ្មោះកូនកំលោះពិតឬអត់? មុនីនាថ​ ប្រាប់ថា គ្មានរឿងអីដែលត្រូវលាក់ ឬខ្លាចក្នុងការបញ្ចេញឈ្មោះភាគីខាងប្រុសឡើយ ។

នី មុនីនាថ វាចាថា «ទាក់ទងការរៀបការ បើសិនជាខ្ញុំរៀបការមែន គឺខ្ញុំអត់ខ្លាចក្នុងការបង្ហាញទេ ។ ប៉ុន្ដែលាក់ឈ្មោះកូនកំលោះ នាពេលនេះ គឺវាជាការសម្ដែង ហើយខាងផលិតកម្មគេអត់តម្រូវឲ្យយើងបង្ហោះទេ» ។

 ការបង្ហាញឈ្មោះនី មុនីនាថ ធ្វើជាកូនក្រមុំ ជាមួយកូនកំលោះលាក់ឈ្មោះ ដែលមុនីនាថ អះអាងថា មានតែនៅក្នុងសាច់រឿងនេះ គឺចំពេលដែលតារា ២ដួង គឺនាងផាន វីរ៉ាទី ត្រៀមរៀបការប្ដី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលនាងទេព បូព្រឹក្ស នឹងការជាមួយងួន ចានដាវិត ហៅជី ដេវីត នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះហើយ ហេតុនេះទើបលេចឮថា ទោះបីជាតារាទឹកភក្នែក ថារៀបការតែក្នុងសាច់រឿងមែន ប៉ុន្ដែនេះក៏ជាសញ្ញា ឬតម្រុយមួយ ដែលបង្ហាញថា មុនីនាថ ប្រាកដជាមានអារម្មណ៍ចង់រៀបការប្ដីមែនទែន ដូចក្នុងការសម្តែងដែរជាមិនខាន ។ ប៉ុន្ដែរឿងការប្ដីនេះដែរ ក្នុងជំនួបកន្លងមក នី មុនីនាថ បានប្រាប់ថា មូលហេតុដែលនាងមិនអាចកំណត់ពេលវេលាច្បាស់លាស់ ថ្ងៃខែឆ្នាំណារៀបការបាន ដោយសារតែនាងជាកូនច្បង ត្រូវរ៉ាប់រងគ្រូសារ និងម្យ៉ាងទៀត នាងចេះតែមានអារម្មណ៍ភ័យខ្លាច ពេលឃើញគេសម្រាលកូន មានឈាម…។ នាងថា ការប្ដី ពេលណា ពេលហ្នុងចុះ ហើយទោះជាពេលនេះអត់គូដូចគេមែន តែពេលឃើញមិត្តភក្ដិគេរៀបការ មានប្តី នាងមានអារម្មណ៍រំភើបជំនួសពួកគេ ៕

RELATED ARTICLES