Thursday, May 8, 2025
Homeព័ត៌មានអន្តរជាតិជំងឺ​អង់​ត្រា​ក់ ឬពិសធ្យូង នៅថៃ ឆ្លង៤នាក់ ស្លា.../ប់១

ជំងឺ​អង់​ត្រា​ក់ ឬពិសធ្យូង នៅថៃ ឆ្លង៤នាក់ ស្លា…/ប់១

ប្រទេសថៃ ៖ ករណីជំងឺអង់ត្រាក់ ឬពិសធ្យូង នៅប្រទេសថៃ មានការឆ្លង ចំនួន៤នាក់ ស្លាប់១នាក់ កំពុងព្យាបាល ៣នាក់។

តាមប្រភពបណ្តាញព័ត៌មានថៃ បានរាយការណ៍នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថា ក្រុមការងារឆ្លើយតបបន្ទាន់កំពុងត្រួតពិនិត្យតាមដានរោគសញ្ញាជាបន្តបន្ទាប់ រយៈពេល ៦០ថ្ងៃ ខណៈក្រុមបសុសត្វ បានចុះស្រាវជ្រាវ ២ ប្រភព គឺទី១ ដីចម្ការកៅស៊ូ។ ​ទី​២ គឺ​ដី​នៅ​តាម​ដង​ទន្លេ​មេគង្គ ​អាច​ចម្លង​មេរោគ​ពី​ទឹក​ជំនន់​ដែល​នាំ​មេរោគ​ចូល​ទៅ​ក្នុង​តំបន់ ខេត្តមុក្តាហាន។

អ្នក​ភូមិ ​នៅ​តែ​តាម​ដាន​យ៉ាង​ដិត​ដល់​អំពី​ស្ថានភាព​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អង់ត្រាក់ ឬពិសធ្យូងនេះ ។

តាមប្រភពក្រុមគ្រូពេទ្យ ​បាន​បង្ហើប​ថា ចំពោះ​អ្នក​ជំងឺ​ថ្មី គឺ​ស្ថិត​ក្នុង​ក្រុម​ដែល​ត្រូវ​តាមដាន និង​រង់ចាំ​លទ្ធផល​តេស្ត។ បច្ចុប្បន្ននេះ មិនមានអ្នកជំងឺទៀតទេ នៅក្នុងក្រុមដែលត្រូវតាមដាន។ចំពោះអ្នកសង្ស័យប៉ះពាល់ នៅសល់ចំនួន ៩៨នាក់ ពួកគេនឹងរួចផុតពីរយៈពេលតាមដានជំងឺនៅថ្ងៃទី៨ ខែឧសភា។

លោក សមស័ក្តិ ថេបសុធិន រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត អូភាស កានកវិនភុង រដ្ឋលេខា ធិការអចិន្ត្រៃយ៍ នៃក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា ការតាមដានជាបន្តត្រូវតែធ្វើឡើងរហូតដល់រយៈ ពេល ៦០ថ្ងៃបានកន្លងផុតទៅ ហើយការសង្កេត ត្រូវតែធ្វើឡើងចំពោះរោគសញ្ញាមិនប្រក្រតីណាមួយ។ រោគសញ្ញាដែលត្រូវសង្កេត ដូចជា ៖ មានកន្ទួលខ្មៅនៅលើដៃ ចង្អោរ ក្អួត រាក ដកដង្ហើមខ្លី ក្អក ជាដើម បើមានចម្ងល់ សូមជូនដំណឹងទៅមន្ត្រីសុខាភិបាលសាធារណៈ។

ចំណែកខេត្តជិតខាង ដូចជា ខេត្តអំណាចចះរើន និងខេត្តកាឡស៊ីន នៅតែត្រូវប្រុងប្រយ័ត្នក្នុងការយកសាច់ពីស្រុកដនតាន ខេត្តមុក្តាហាន មកបរិភោគ ដោយមន្ត្រី​ជំនាញកំពុង​តាម​ដាន យ៉ាង​ដិត​ដល់។

សូមបញ្ជាក់ថា ជំងឺអង់ត្រាក់ (Anthrax)  ឬហៅថា ជំងឺពិសធ្យូង ឬក៏ជំងឺពិសខ្មៅ បង្កឡើង ដោយបាក់តេរី ដែលបង្កើតស្ព័រ (spore-forming bacillus anthracis)។ ជំងឺនេះ អាចកើតមានឡើងជាចម្បងលើសត្វពាហនៈ និងសត្វព្រៃ។ លក្ខណៈពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័រ របស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំដល់រាប់ឆ្នាំ (៣០-៤០ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មក គ្រាប់ស្ព័រ ក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺអង់ត្រាក់ មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំង សម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះ ជំនងឺនេះ ត្រូវបានរកឃើញនៅប្រទេសថៃ ចំនួន ៤ករណី (ស្លាប់១) ប៉ុន្តែមិនទាន់មានការរកឃើញជំងឺនេះ នៅព្រះរាជាណាចក្រកម្ពុជា នៅឡើយ៕ 

RELATED ARTICLES