Friday, December 5, 2025
Homeព័ត៌មានអន្តរជាតិចាប់ខ្លួនប្រធានផ្សារ លក់ស៊ុបសា.ច់មនុស្ស

ចាប់ខ្លួនប្រធានផ្សារ លក់ស៊ុបសា.ច់មនុស្ស

ប្រទេសវៀតណាម ៖ បណ្តាញព័ត៌មានវៀតណាម បានផ្សព្វផ្សាយថា បុរសម្នាក់ ដែលគេស្គាល់ថា ជាប្រធានផ្សារលេខ៤ ត្រូវបានប៉ូលិស ធ្វើការឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវឃើញថា មានជាប់ពាក់ព័ន្ធទៅករណីឃាតកម្ម សម្លាប់មនុស្ស កាត់ក្បាល យកខួរ សាច់ និងគ្រឿងក្នុង  ស្ងោរស៊ុប លក់នៅហាងស៊ុប ឈ្មោះថាងកូ ឡានសឺន។

តាមប្រភពបណ្តាញព័ត៌មាន VN Express បានចេញផ្សាយកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ថា លោក ដន វ៉ា់ន់សាង (Doan Van Sang) អតីតអនុប្រធានក្រុមគ្រប់គ្រងផ្សារលេខ៤ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មទៅ លើបុរសអាយុ ៣៦ឆ្នាំ ម្នាក់ នៅទីស្នាក់ការកណ្តាលអង្គភាព រួចព្យាយាមបំបាត់ភ័ស្តុតាង ដោយសង្ស័យថា បានយកសាកសព ទៅស្ងោរស៊ុប លក់។

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នគរបាលខេត្ត ឡានសឺន (Lang Son) បានប្រកាសថា កាលពីថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ ទីភ្នាក់ងារនគរបាលស៊ើបអង្កេត បានចោទប្រកាន់និងឃុំខ្លួនលោក Doan Van Sang អាយុ៥៧ឆ្នាំ អតីតអនុប្រធានក្រុមគ្រប់គ្រងផ្សារលេខ៤ នៃនាយកដ្ឋានគ្រប់គ្រងផ្សារ ពីបទឃាតកម្ម តាមមាត្រា១២៣ នៃក្រមព្រហ្មទណ្ឌ។

យោងតាមការស៊ើបអង្កេតដំបូង លោក ដន វ៉ាន់សាង បានស្គាល់លោក ង្វៀន សួនដាត អាយុ៣៦ឆ្នាំ មកពីខេត្តហ៊ុងយ៉េន តាំងពីឆ្នាំ២០២០។ បន្ទាប់មក អ្នកទាំងពីរបានជួបជុំគ្នា ហើយក៏មានទំនាស់ពាក្យសម្តី។ នៅថ្ងៃទី២៥ ខែមករា មុនថ្ងៃបុណ្យចូលឆ្នាំចិន ១ថ្ងៃ លោក ដន វ៉ាន់សាង  បានហៅលោក ង្វៀន សួនដាត ទៅកាន់ទីស្នាក់ការកណ្តាលផ្សារលេខ៤ ក្នុងឃុំហ៊ូឡុង ហើយបានប្រព្រឹត្តអំពើឃាតកម្ម លើលោក ង្វៀន សួនដាត តែម្តង។ បន្ទាប់មក លោក ដន វ៉ាន់សាង បានរកវិធីបំផ្លាញសាកសព ដើម្បីលាក់បាំងអំពើឧក្រិដ្ឋកម្មរបស់ខ្លួន។

នៅថ្ងៃបន្ទាប់ លោកវ៉ាន់សាង បានបន្តទៅធ្វើការដូចធម្មតា ដោយតែងតែធ្វើបច្ចុប្បន្នភាពស្ថានភាពគណនីហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់គាត់ និងបញ្ចេញមតិក្នុងបណ្តាញសង្គម ជាហូរហែ។ លុះមកដល់ដើមខែកក្កដា វីដេអូនៃអាកប្បកិរិយាព្រៃផ្សៃរបស់សាង ត្រូវបានបែកធ្លាយនៅលើ បណ្តាញសង្គម ប៉ុន្តែត្រូវបានលុបចោលយ៉ាងឆាប់រហ័ស។ បន្ទាប់មក នៅពាក់កណ្តាលខែវិច្ឆិកា ឯកសារចំនួន ៨៨ទំព័រ បានរៀបរាប់លម្អិតអំពីហេតុការណ៍នេះ និងបានចង្អុលបង្ហាញពីការសង្ស័យជាបន្តបន្ទាប់ ដែលកំណត់គោលដៅថា លោក ដន វ៉ាន់សាង  គឺជាជនសង្ស័យបំផុត។ ខ្លឹមសារនេះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ ដែលបណ្តាលឱ្យករណីនេះផ្ទុះឡើងម្តង ទៀត។ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា  ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃនគរបាលខេត្តឡាងសឺន បានចុះទៅធ្វើការឆែកឆេរលំនៅឋានរបស់លោក ដន វ៉ាន់សាង ដោយរឹបអូសយកបានវត្ថុតាងមួយចំនួន។ នៅថ្ងៃបន្ទាប់ ប៉ូលិស បានបន្តឆែកឆេរទីស្នាក់ការកណ្តាលចាស់របស់ក្រុមគ្រប់គ្រងផ្សារលេខ៤ ដោយប្រើឡានដឹកទឹកស្អុយ ដើម្បីស្វែងរកភ័ស្តុតាង។

ទីស្នាក់ការកណ្តាលនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ១០០ម៉ែត្រ ពីផ្សារមេត នៅលើផ្លូវជីឡាង ទីប្រជុំជនហ៊ូលុងចាស់ នៅជាប់នឹងតំបន់លំនៅឋានដែលមានមនុស្សច្រើនកុះករ។ ហ៊ុមព័ទ្ធដោយជញ្ជាំងចាស់មួយ ដែលមានលួសបន្លាកម្ពស់ប្រហែល ២ម៉ែត្រ និងទ្វារដែក ដែលចាក់សោ។ នៅខាងក្នុងទីស្នាក់ការកណ្តាល ទទឹងប្រហែល ៥០០ម៉ែត្រការ៉េ មានការិយាល័យ ចំនួន៦ ផ្ទះបាយមួយ ឃ្លាំងមួយ និងបន្ទប់ទឹក ចំនួន២។ ដោយសារតែប្រវត្តិសាងសង់ដ៏យូរអង្វែងរបស់វា ទីស្នាក់ការកណ្តាល បានទ្រុឌទ្រោមយ៉ាងខ្លាំង ហើយគ្រឿង បរិក្ខារ ក៏ចាស់ដែរ។

លោក ហ៊ីវ ជាអ្នករស់នៅក្បែរទីស្នាក់ការកណ្តាល បាននិយាយថា ក្រុមនេះ បានធ្វើការនៅទីនេះ យ៉ាងហោចណាស់ ១៥ឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ មានមន្ត្រីប្រហែល ៤-១០នាក់ ធ្វើការជាប្រចាំ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ក្រុមនេះបានផ្លាស់ប្តូរការងាររបស់ពួកគេបន្តិចម្តងៗ ទៅកាន់ទីស្នាក់ការកណ្តាលថ្មី ហើយបានផ្លាស់ប្តូរចេញទាំងស្រុង នៅក្នុងខែកក្កដា ឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ នៅតែមានមន្ត្រីចេញចូលជារៀងរាល់ថ្ងៃ។

មុនបែកធ្លាយរឿងដ៏ភ្ញាក់ផ្អើលនេះ គឺមានគ្រួសារចំនួន៧ និងផ្ទះសំណាក់មួយ ដែលស្ថិតនៅជាប់នឹងអង្គភាពនេះ បានធុំក្លិនស្អុយយ៉ាងចម្លែក និងប្រទះឃើញថា មានសត្វរុយ ជាច្រើនដោយគ្មានមូលហេតុច្បាស់លាស់ រហូតប៉ូលិស បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតច្បាស់ថា ជាទីតាំងដែលលោក ដន វ៉ា់ន់សាង សម្លាប់មនុស្ស កាប់សាច់ធ្វើស៊ុប លក់នៅហាងស៊ុប របស់ខ្លួន ទើបសមត្ថកិច្ច បានចាប់ខ្លួនលោក យកទៅចាត់ការតាមច្បាប់តែម្តង។

ជុំវិញករណីនេះ ប៉ូលិសវៀតណាម បានណែនាំប្រជាជន កុំឱ្យចែករំលែក បញ្ចេញមតិ ឬផ្សព្វផ្សាយវីដេអូ និងរូបភាពអវិជ្ជមានពាក់ព័ន្ធនឹងករណីនេះ ដោយព្រមានថា សកម្មភាពណាមួយនៃការចែករំលែក បង្ហោះឬ ផ្សព្វផ្សាយរូបភាពនិងវីដេអូនេះ ដោយខុសច្បាប់ នឹងត្រូវមានវិធានការយ៉ាងតឹងរ៉ឹង តាមច្បាប់៕

RELATED ARTICLES