ភ្នំពេញៈលោកគួច ខេវិន បានរំលឹកអនុស្សាវរីយ៍ចាស់ជាមួយមាស សុខសោភា និងស្វាមី ដែលបានធ្វើការងារសិល្បៈជាមួយគ្នាជាច្រើនឆ្នាំមកនេះ ហើយពេលលេចឭដំណឹងថាចំណងស្នេហាសុខសោភា និងលោកអ៊ិត រ៉ាដា បានដើរដល់ទីបញ្ចប់ធ្វើឲ្យលោកខេវិន មានចិត្តស្រណោះស្រណោក សោកសង្រេងក្នុងចិត្តជាខ្លាំង រហូតផ្ដល់ជាគំនិតយ៉ាងស៊ីជម្រៅដើម្បីឲ្យពួកគេមានការពិចារណាទៀតផង។

លោកគួច ខេវិន ជាមួយមាស សុខសោភា និងលោកអ៊ិត រ៉ាដា

លោកគួច ខេវិន ថ្លែងសារនៅព្រឹកថ្ងៃទី៩ ខែឧសភា ថា«ផ្ញើជូនប្អូនស្រីមាស សុខសោភា ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត! បើទោះណាជាយើងមិនបានកើតមករួមផ្ទៃម្តាយតែមួយ ប៉ុន្តែការរាប់អាន យល់ចិត្តថ្លើម រួមការងារក្នុងអាជីពជាអ្នកសិល្បៈជា ច្រើនឆ្នាំ ការប្រាស្រ័យទាក់ទងគ្នាក្នុងសកម្មភាពសង្គមជាញឹកញាប់ វាបានបង្កើតឡើងនូវមនោ សញ្ចេតនាស្រឡាញ់រាប់អានគ្នាដូចបងដូចប្អូនបង្កើត រវាងយើងទាំងពីររួមទាំងស្វាមីរបស់ប្អូនផង។ ខណៈដែលបងបានឃើញប្អូនដែលមានសភាពមិនដូចគ្រាមុននិងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងការបាក់បែកទ្រនំសុភមង្គលនៃប្តីប្រពន្ធដែលធ្លាប់តែរឹងមាំនិងផ្អែមល្ហែមគួរឱ្យកោតសសើរនោះ បងហាក់មានអារម្មណ៍ស្រណោះស្រណោកសោកសង្រេងក្នុងចិត្តមិនគិតស្មានដល់?និងសែនអាណិតឥតឧបមាចំពោះប្អូននិងស្វាមី។ បងសូមនិយាយជាមួយ និងចំពោះប្អូនថា “ជំនឿគឺជាសេរីភាពនៃគំនិត” តែទោះជាយ៉ាងណា”ជំនឿក៏មានព្រំដែនកំណត់”ដែលវាមិនត្រូវរំលោភឬប៉ៈពាល់ទៅដល់សភាវគតិណាមួយផ្សេងទៀត។ មនុស្សដែលជឿទៅលើសភាវៈក្រៅខ្លួនដោយសារតែបាត់បង់នូវជំនឿលើខ្លួនឯង ជំនឿគួរមានព្រំដែនដែលកំណត់ដោយគំនិត មានហេតុ បច្ច័យនិងផលត្រឹមត្រូវប្រកបដោយសច្ចភាព។ ជំនឿស៊ប់ មិនមែន ជំនឿងប់ នោះឡើយ ហើយបងយល់ថាសម្រាប់ប្អូនដែលតែងតែក្លាហានរឹងមាំប្រកបដោយការតស៊ូកន្លងមក បងពុំចាំបាច់ផ្តល់នូវឧទាហរណ៍ណាមួយឡើយ ប៉ុន្តែបងចង់និទានរឿងមួយយ៉ាងខ្លី៖ មានប្រជាជាតិនៃអាណាចក្រមួយគោរពប្រតិបត្តិនិងមានជំនឿយ៉ាងងប់ងល់ទៅលើអាទិទេពរបស់ពួកគេ តែជារឿយៗនៃការទម្លាក់សព្វាវុធនិងលៈបង់គ្រប់កិច្ចការងារចោលដើម្បីប្រតិបត្តិជំនឿដោយលត់ក្រាបសំពៈអាទិទេព សត្រូវរបស់ពួកគេក៏រមែងលើកទ័ពមកកំទេចពួកគេដែរជាចុង ក្រោយជំនឿរបស់ពួកគេនៅតែមាន ប៉ុន្តែប្រជាជាតិនឹងទឹកដីរបស់ពួកគេបានរលាយបាត់ទៅហើយ ពួកគេសល់ត្រឹមតែជាជនជាតិភាគតិចនៃនរគមួយផ្សេងប៉ុណ្ណោះ។ សូមប្អូនស្រីនឹងស្វាមីកុំនឿយណាយនឹងការគិតពិចារណាដើម្បីជីវិតដែលរង់ចាំផ្តល់ពន្លឺត្រចៈត្រចង់ចំពោះប្អូនៗ ! ដោយក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីបង គួច ខេវិន»។


គួរបញ្ជាក់ថារឿងរ៉ាវមាស សុខសោភា កំពុងតែល្បីល្បាញលើបណ្ដាញសង្គម និងស្រទាប់មហានជនព្រោះតែចំណងស្នេហាជាមួយលោកអ៊ិត រ៉ាដា រយៈពេល១៨ឆ្នាំ(២០០៧-២០២៥) បានមកដល់ទីបញ្ចប់ហើយស្វាមីមាស សុខសោភា បានដើរចេញពីតំណែងជាអគ្គនាយកផលិតកម្មCamtraxMusic និងលាផ្ទះ ឡាន ហើយចោទថាលោកពេជ្រ សង្វារ ហៅតាសក់ស ភ្នំត្បែង ជាដើមចមនៃការបែកបាក់ ហើយសោភា បានចំណាយលុយលើតាបស់រូបនេះអស់ទឹកប្រាក់ដល់ទៅ២៣ម៉ឺនដុល្លារ។ចំណែកសោភា វិញថាប្ដីនាងរស់ដោយសារនាងជាច្រើនឆ្នាំមកហើយ នាងច្រៀងរកលុយចិញ្ចឹម ហេតុនេះនាងជាម្ចាស់លុយអាចធ្វើអ្វីបានតាមចិត្តចង់ ព្រោះបើនាងមិនបានជួបលោកតាសក់ស ភ្នំត្បែង ទេម្លេះនាងមិនបានរស់រានមានជីវិតមកដល់បច្ចុប្បន្នឡើយ។សោភា ថែមទាំងព្រមានថាបើថ្ងៃក្រោយលោកតាសក់សមានរឿងអីប្រាកដជាអតីតប្ដីនាងជាអ្នកទទួលខុសត្រូវ…។


ជុំវិញបញ្ហានេះលោកគួច ខេវិន ដែលរាប់អានគ្នាជាមួយសោភា និងស្វាមីដូចបងប្អូននោះបានផ្ដល់គំនិតគួរពិចារណាខាងលើធ្វើឲ្យមហាជនជាច្រើនបានសរសើរនូវមតិអប់រំរបស់លោកខេវិន និងសង្ឃឹមថាសោភា និងអតីតស្វាមីនឹងយល់ពីគំនិតដ៍ប្រពៃរបស់លោកជាមិនខាន ៕




លោកមាស រិទ្ធី ,លោកគួច ខេវិន និងអ្នកនាងរស់ សុធាវី