ខេត្តមណ្ឌលគិរី ៖ មនុស្សប្រុសស្រី ចំនួន៩នាក់ ត្រូវបានមន្ត្រីជំនាញបរិស្ថាន ចាប់ឃាត់ខ្លួន ក្រោយធ្វើ សកម្មភាពរុករករ៉ែដោយខុសច្បាប់ កាលពីថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០២៥ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា។

តាមប្រភពមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ករណីលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅខេត្តមណ្ឌលគិរី កំពុងកក្រើកឡើងវិញ នាពេលបច្ចុប្បន្ន បន្ទាប់ពីក្រុមចម្រុះថ្នាក់ខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសរ៉ែ គ្មានច្បាប់អនុញ្ញាតបានមួយអន្លើ ធ្វើឱ្យ មានភាពស្ងប់ស្ងាត់អស់មួយរយៈ។ តែការស្ងប់ស្ងាត់បានត្រឹមមួយរយៈខ្លី ក៏មានសកម្មភាពលួចធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ នៅនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវ សីមា បានចាប់ផ្តើមកក្រើកឡើងវិញយ៉ាងខ្លាំង ជាពិសេសនៅក្នុងនិងក្បែរភូមិ។

លោកហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា ជនសង្ស័យប្រុសស្រីចំនួន៩នាក់ ដែលមន្ត្រីជំនាញប្រចាំការនៅស្នាក់ការមេម៉ង់ និងស្នាក់ការចុងផ្លាស់ បានសហការគ្នាឃាត់ខ្លួន កាលពីចុងសប្តាហ៍មុន ខណៈកំពុងលួចធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅតំបន់ខាងលើ ហើយមកដល់ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីជំនាញកំពុងធ្វើការសាកសួរ នៅមន្ទីរបរិស្ថានខេត្ត មិនទាន់ដឹងថា ត្រូវបញ្ជូនទៅតុលាការ ឬត្រឹមតែឱ្យធ្វើកិច្ចសន្យានោះទេ។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា ជាមួយនឹងការឃាត់ខ្លួនមនុស្សប្រុសស្រីទាំង៩នាក់ ខាងលើ សមត្ថកិច្ចជំនាញបានដកហូតម៉ាស៊ីនគោយន្ត ចំនួន៣គ្រឿង ត្បាល់កិន ១គ្រឿង ត្បាល់អុក ១គ្រឿង និងម៉ូតូ ៥គ្រឿង យកមករក្សាទុកនៅស្នាក់ការមេម៉ង់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕





