Tuesday, May 13, 2025
Homeតារាខ្មែរទេព បូព្រឹក្ស រៀបការ ជប់លៀងអ្នកគាំទ្រ ៣០០០នាក់

ទេព បូព្រឹក្ស រៀបការ ជប់លៀងអ្នកគាំទ្រ ៣០០០នាក់

ភ្នំពេញ ៖ ទេព បូព្រឹក្ស ហៅស្រីនិច្ច បានប្រកាសជាសាធារណៈថា មង្គលការរបស់នាងបែងចែកជា ២ផ្នែកពោល គឺសម្រាប់ភ្ញៀវកិត្តិយសដែលនាងបានអញ្ជើញ នឹងធ្វើនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ទៅតាមគម្រោង ប៉ុន្ដែនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ក្រោយរៀបការបាន១ថ្ងៃ នាងនឹងរៀបចំពិធីជប់លៀងធំ ឲ្យអ្នកគាំទ្រ (Fan) ចំនួន៣០០០នាក់ ដោយតម្រូវឲ្យចុះឈ្មោះមុន មិនបង់ប្រាក់ឡើយ ដែលពិធីទាំងពីរជាប់គ្នានេះ គេជឿថានឹងចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារមិនខាន ។ ស្វាមីបូព្រឹក្ស លោកងួន ចាន់ដាវិត ហៅជី ដេវីត បានហៅពិធីជួបជុំ Fan ថ្ងៃមង្គលការពួកគេ ក្លាយជាប្ដីប្រពន្ធស្របច្បាប់នោះថា «រាត្រីជួបជុំ» ឬ «Wedding Party Days 2» ។

ប្រភពបានឲ្យដឹងថា ការដែល ទេព បូព្រឹក្ស និងស្វាមី បែងចែកពិធីមង្គលការរបស់ខ្លួនជា២ផ្នែកបែបនេះ ដោយសារតែពួកគេមិនចង់មានភាពរញ៉េរញ៉ៃដូចផាន វីរ៉ាទី ហៅរ៉ាប៊ី រៀបការប្ដីកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ហៅភ្ញៀវ ២០០នាក់ មកលើសដល់ទៅ៣០០នាក់នោះទេ ហេតុនេះស្រីនិច្ច ផ្ញើសារក៏ដូចជាជូនដំណឹងទៅអ្នកគាំទ្ររបស់ខ្លួនថា ពួកគេអាចមកនៅក្រោយថ្ងៃមង្គលការ ១ថ្ងៃ ដែលមានការរៀបចំជួបជុំគ្នាទ្រង់ទ្រាយធំ ចៀសវាងការមកនៅថ្ងៃការទី១ ដោយគ្មានលិខិតអញ្ជើញ នាំឲ្យលើសចំនួនភ្ញៀវ ខ្វះម្ហូបតុ។

 ការរៀបការហើយ ជប់លៀងអ្នកគាំទ្រ របស់ទេព បូព្រឹក្ស និងជី ដេវីត បែបនេះ មិនធ្លាប់មានតារាណាធ្វើពីមុនមកទេ ព្រោះពួកគេមិនចង់ចំណាយលុយច្រើន និងម្យ៉ាងទៀត ទើបរៀបចំមង្គលការជាផ្លូវការថ្មីៗ មានការហត់នឿយខ្លាំង ធ្វើកម្មវិធីជាប់គ្នា រត់មិនរួច។ ប៉ុន្ដែបូព្រឹក្ស និងដេវីត រៀបការបែបនេះ អាចជាការលួងចិត្ត Fan ដែលស្រលាញ់គាំទ្រពួកគេ ហើយអ្នកទាំងពីរ មិនបានហៅនៅថ្ងៃមង្គលការលើកទី១ ។ ប៉ុន្តែគេមិនដឹងថា បើ Fan តារាផ្សេងៗបន្លំសម្រុកមកចូលរួមដែរ ហើយចំនួនកើនលើសជាង ៣០០០នាក់នោះ ស្រីនិច្ច និងប្ដី ទប់ការចំ ណាយជាប់ឬអត់នោះទេ?

អ្នកជំនាញសិល្បៈ បានលើកឡើងថា ក្រៅពីគេចផុតពីការអន់ចិត្តពីសំណាក់ភ្ញៀវខ្លះដែលពួកគេមិនបានអញ្ជើញ បូព្រឹក្ស-ដេវីត ក៏អាចចងចិត្ត Fan ទាំងនោះ ឲ្យនៅតែគាំទ្រពួកគេជាបន្ដទៀតផងដែរ ខណៈដែលតារាភាគច្រើន ឲ្យតែរៀបការរួច មានកូនហើយ ពិបាករក្សាលំនឹង ឬឈរជើងក្នុងអាជីពសិល្បៈបន្ដទៀត។

សូមបញ្ជាក់ថា មង្គលការរបស់ទេព បូព្រឹក្ស-ងួន ចាន់ដាវិត ចំឆ្នាំដែលពួកគេប្រារព្ធខួបស្នេហា គម្រប់៩ឆ្នាំ នៅឆ្នាំ២០២៥ នេះតែម្ដង ហើយកូនប្រុសរបស់តារាទាំងពីរ មានអាយុជាង២ឆ្នាំ ។ បូព្រឹក្ស និងស្វាមី មិនប្រកាសថា ពួកគេបានត្រៀមលុយ ចំនួនប៉ុន្មាន ដើម្បីទប់ទល់ការចំណាយកម្មវិធីធំដល់ទៅ ២លើក ជាប់២គ្នានេះទេ ។ ប៉ុន្ដែមានការកត់សម្គាល់ថា ក្រៅពីធ្វើពិធីជប់លៀងមង្គលការ ខុសពីតារារួមអាជីពនោះ ស្រីនិច្ច និងប្ដី មុននេះក៏បានដឹកដៃគ្នាថតPre-Wedding បែបស្រុកស្រែ វិលត្រឡប់ទៅអតីតកាលជាង២០ឆ្នាំមុន ផងដែរ ពោលគឺធ្វើឲ្យប្លែកពីតារាមួយចំនួនទៀត ដែលភាគច្រើនពួកគេថតតាំងរោងការ ជាបែបសម័យទំនើប ស្ទីលអឺរ៉ុប ។ ចំពោះការទទួល Fan ដល់ទៅ ៣០០០នាក់ ឬស្មើ ៣០០តុ បើក្នុងមួយតុ តម្លៃត្រឹមតែ១០០ដុល្លារ គឺបូព្រឹក្ស ចាយអស់ ៣ម៉ឺនដុល្លារបាត់ទៅហើយ ។          

គួររំលឹកថា អាពាហ៍ពិពាហ៍ របស់ទេព បូព្រឹក្ស បានរៀបចំឡើងក្រោយមង្គលការរបស់ឪក្មេកនាង លោក រស់ កុសល អាយុ៥៥ឆ្នាំ ដែលបានរៀបការជាមួយប្រពន្ធថ្មី អ្នកស្រី ប៊ុនទៀង ពេជ្រម៉ាលី អាយុ៣៥ឆ្នាំ នៅស្រុកបា ណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥  ។ មហាជនរង់ចាំមើលថា បូព្រឹក្ស នឹងពពោះកូនម្នាក់ទៀត មុនម្ដាយក្មេកថ្មី ឬយ៉ាងណា?  …៕

RELATED ARTICLES