Wednesday, May 14, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីមហាផ្ទៃ ជូនរង្វាន់លើកទឹកចិត្ត សិស្សពូកែគណិត ទូទាំងប្រទេស

រដ្ឋមន្ត្រីមហាផ្ទៃ ជូនរង្វាន់លើកទឹកចិត្ត សិស្សពូកែគណិត ទូទាំងប្រទេស

ភ្នំពេញ ៖  លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥  បានជូនរង្វាន់លើកទឹកចិត្តដល់សិស្សពូកែគណិតវិទ្យា ទូទាំងប្រទេស ឆ្នាំ២០២៥ ថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន២រូប ដែលសុទ្ធតែជាសិស្សរៀននៅក្នុងខេត្តព្រៃវែង ដោយម្នាក់ៗ ទទួលបានម៉ូតូថ្មី ១គ្រឿង ។

 លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានឲ្យដឹងតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ថា បន្ទាប់ចប់ពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង លោកជួបសំណេះសំណាល និងប្រគល់ម៉ូតូ ម្នាក់ ១គ្រឿង ជូនដល់ក្មួយៗសិស្សពូកែ លេខ១ ទូទាំងប្រទេស មុខវិជ្ជា គណិតវិទ្យា ឆ្នាំ២០២៥ ចំនួន ២រូប នៃខេត្តព្រៃវែង។

លោកឧបនាយករដ្ឋមន្រ្តី បានឲ្យដឹងបន្តថា ក្មួយៗសិស្សពូកែ ទាំង ២រូប ១-ក្មួយប្រុស ច្រឹង ពិសិដ្ឋ ថ្នាក់ទី៩ នៃវិទ្យាល័យមេសាង ស្ថិតក្នុងស្រុកមេសាង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ទូទាំងប្រទេស និងក្មួយប្រុស ចាន់ សុវណ្ណរាជ ថ្នាក់ទី១២ នៃវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ព្រៃពោន ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្ព្រៃវែង ជាប់ចំណាត់ថ្នាក់លេខ១ ទទួលបានមេដាស ទូទាំងប្រទេស ។

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមលោកផ្ទាល់ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានប្រគល់រង្វាន់លើកទឹកចិត្ត ជាម៉ូតូ ក្នុងម្នាក់ ១គ្រឿង ជូនដល់ក្មួយៗជាសិស្សពូកែ ទូទាំងប្រទេស ទាំង២រូប ខាងលើនេះ ។

 គួរបញ្ជាក់ថា ក្រោយបញ្ចប់ការប្រឡងជ្រើសរើសសិស្សពូកែ ទូទាំងប្រទេស សម័យប្រឡង ២៦ ខែមេសា ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជននិងកីឡា បានរកឃើញជ័យលាភី ចំនួន៣០នាក់។ ក្នុ ងចំណោមជ័យលាភីសិស្សពូកែ ទាំង ៣០រូប មាន ៦នាក់ មកពីរាជធានីភ្នំពេញ, ៤នាក់ មកពីខេត្តកណ្ដាល, ខេត្តបាត់ដំបង និងកំពង់ចាម មានសិស្ស ជាប់ ៣នាក់ ក្នុងមួយខេត្ត។ ដោយឡែក សៀមរាប, ព្រៃវែង, បន្ទាយមានជ័យ និងស្វាយរៀង សុទ្ធតែមានសិស្សជាប់ ២នាក់ដូចគ្នា។ ចំណែកខេត្តដែលមានសិស្សពូកែ ជាប់តែ ១នាក់ គឺខេត្តឧត្តរមានជ័យ, តាកែវ, ប៉ៃលិន, កំពត, ក្រចេះ និងខេត្តកំពង់ធំ។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា  សិស្សពូកែថ្នាក់ទី៩ និងថ្នាក់ទី១២ ដែលជាជ័យលាភីសិស្សពូកែ ទូទាំងប្រទេស ត្រូវទទួលបានរង្វាន់និងការលើកទឹកចិត្តពីរាជរដ្ឋាភិបាល រួមមាន ៖

១. ប្រកាសស្តីពីការទទួលស្គាល់សិស្សពូកែទូទាំងប្រទេស ដោយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា មួយច្បាប់ ។

២.មេដាយ មួយគ្រឿង សម្រាប់បេក្ខជនជ័យលាភីចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ ។

៣.វិញ្ញាបនបត្របញ្ជាក់សិស្សពូកែទូទាំងប្រទេស មួយច្បាប់ ។

៤.ប្រាក់រង្វាន់ តាមចំណាត់ថ្នាក់ ៖ លេខ១ ទទួលបាន ៣ ៥០០ ០០០រៀល,  លេខ២ ទទួលបាន ៣ ២០០ ០០០រៀល,  លេខ ៣ ទទួលបាន ២ ៩០០ ០០០រៀល,  លេខ៤ ទទួលបាន  ២ ៦០០ ០០០រៀល,  លេខ៥ ទទួលបាន  ២ ៣០០ ០០០រៀល។

៥.ប្រាក់រង្វាន់ ឬវត្ថុផ្សេងៗពីសប្បុរសជន ។

 សម្រាប់សិស្សពូកែគណិតវិទ្យា ទូទាំងប្រទេស ២រូប នៅខេត្តព្រៃវែង ខាងលើ និងសិស្សពូកែអក្សសិល្បិ៍ខ្មែរ ថ្នាក់ទី១២ ទូទាំងប្រទេស នៅខេត្តឧត្តរមានជ័យ ឈ្មោះ ណា មុន្នីចន្ទកន្និកា មកពីវិទ្យាល័យអន្លង់វែង ក៏ទទួលបានការដង្ហែក្បួនអបអរសាទរពីថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ និងសិស្សរួមថ្នាក់ រួមសាលាផងដែរ ៕ កុលបុត្រ

RELATED ARTICLES