
ភ្នំពេញ ៖ មេបក្សសន្តិភាពជាតិ លោក រស់ សារ៉ុម បានចាត់ទុកថ្នាក់ដឹកនាំក្រុមប្រឆាំង មួយចំនួន ថាជាអ្នកស្នេហាជាតិក្លែងក្លាយ ដែលចាត់ទុកសកម្មជនតស៊ូរបស់ខ្លួន ត្រឹមតែជាឈ្នាន់ សម្រាប់ឈានទៅរកផលប្រយោជន៍នយោបាយរបស់ខ្លួនតែប៉ុណ្ណោះ លុះបានសម្រេចតាមបំណងរបស់ខ្លួនហើយ កុំថាឡើយជួយឧបត្ថម្ភសកម្មជននោះ ឬផ្ដល់សេចក្ដីអាណិតស្រលាញ់ពិតប្រាកដ សូម្បីតែមុខ មិនមើលផង ហើយបើរងគ្រោះ ជាប់ទោសទណ្ឌ រឹតតែមិនទៅក្បែរទៅទៀត ។
លោក រស់ សារ៉ុម បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ថា «អ្នកស្នេហាជាតិក្លែងក្លាយ ចាត់ទុកសកម្មជនតស៊ូ ត្រឹមជាឈ្នាន់ប៉ុណ្ណោះ» ឃើញអ្នកតាំងខ្លួនស្នេហាជាតិផ្តាច់មុខ លើកឡើងវីរភាពលោក រ៉ុង ឈុន ខ្ញុំនឹកឃើញរឿង១ ។ ថ្ងៃមួយ ខ្ញុំទៅហូបគុយទាវ ក្បែរវត្តចាក់អង្រែ ហើយឃើញគាត់ម្ហូបពេញតុ ដោយឡែកសកម្មជនដែលធ្លាប់ជាប់គុក ដោយសារបក្សប្រឆាំង អង្គុយក្បែរនោះ កុំថាឡើយប៉ាវគុយទាវកាហ្វេ សូម្បីមុខគ្នា មិនមើលផង“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គមខាងលើនេះ លោក រស់ សារ៉ុម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ថា អ្នកស្នេហាជាតិក្លែងក្លាយ ចាត់ទុកសកម្មជនតស៊ូ ត្រឹមជាឈ្នាន់ ក្រៅពីលន់ នល់ និងប៉ុល ពត ដែលចារក្នុងប្រវត្តិសាស្រ្ត ថាមិនបាននៅរួមសុខរួមទុក្ខជាមួយប្រជារាស្រ្តនោះ គឺលោក សម រង្ស៊ី ជាអ្នកនយោបាយមួយ ដែលចាត់ទុកសកម្មជន អ្នកតស៊ូជាមួយគាត់ ត្រឹមតែជាឈ្នាន់ ដើម្បីអំណាចរបស់គាត់ប៉ុណ្ណោះ ឯរឿងសុខទុក្ខរបស់សកម្មជនយ៉ាងម៉េច គាត់អត់ដែលខ្វល់ទេ ព្រោះនៅពេលសកម្មជនស្លាប់ លោកសម រង្ស៊ី មិនត្រឹមតែមិនចូលបុណ្យ ផ្ញើលិខិតចូលរួមមរណទុក្ខទេ ថែមទាំងឆ្លៀតស៊ីពែសាកសពទៀត ។
លោក រស់ សារ៉ុម បានមានប្រសាសន៍ថា “ខ្ញុំពិនិត្យមើលឃើញថា អ្នកស្នេហាជាតិក្លែងក្លាយ ដែលតាំងខ្លួនថាជាអ្នកស្នេហាជាតិនោះ គឺធ្វើឲ្យសង្គមខ្មែរយើងច្របូកច្របល់ ហើយបុគ្គលទី១ ដែលខ្ញុំមើលឃើញមុនគេ គឺលន់ នល់ ។ អ៊ីចឹងលន់ នល់ នៅពេលដែលធ្វើរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ គឺដូចស្នេហាជាតិណាស់ សុទ្ធតែកម្ចាត់យៀកកុង ឯណាឯណី ធ្វើនយោបាយប្រឆាំងជាមួយវៀតណាម អ៊ីចឹងទៅ ប៉ុន្តែជារួមយ៉ាងម៉េច? ធ្វើនយោបាយប្រឆាំងជាមួយវៀតណាមខាងជើង តែវាត្រូវជាមួយវៀតណាមខាងត្បូង ពួកអាធីវគី ដើម្បីវ៉ៃពួកវៀតណាមខាងជើង ជ្រកក្រោមស្លាកសេរី ដើម្បីវ៉ៃពួកប្លុកកុម្មុយនីស្ត តែចុងបញ្ចប់យ៉ាងម៉េច? អាខាងជើង និងអាខាងត្បូង ត្រូវគ្នា យើងអស់កម្ពុជាក្រោម ហើយនិងកោះត្រល់ ។ ហើយអ្នកដែលគាំទ្រលន់ នល់ ទាំងប៉ុន្មាននោះ គឺបើមិនងាប់ រត់ចោលស្រុក ។ អ៊ីចឹងវាជាវិនាសកម្មមួយ ដែលអ្នកដឹកនាំគ្មានការទទួលខុសត្រូវ ជាពិសេសដូចលោក នល់ នល់ គាត់មិនបាននៅរួមសុខរួមទុក្ខជាមួយសកម្មជនទេ គាត់រត់យកមួយរួចខ្លួន ទៅនៅសហរដ្ឋអាមេរិក ក្ដីសុខក្រុមគ្រួសាររបស់គាត់ ។ អ៊ីចឹងវាជាបទពិសោធន៍មួយ សម្រាប់ប្រជារាស្រ្តខ្មែរ ត្រូវមើល ។ ទី២ ស្នេហាជាតិរបៀបផ្ដាច់មុខ មិនស្របតាមទិដ្ឋភាពរបស់ប្រទេស ហើយនិងពិភពលោក គឺប៉ុល ពត ។ យើងឃើញថា ប៉ុល ពត នាំឲ្យខ្មែរក្រហម ប៉ុន្មាននាក់ ដែលជាអ្នកស្នេហាជាតិប៉ុន្មាននាក់ ដែលដើរតាមប៉ុល ពត ត្រូវបានវិនាសអន្តរាយ វាជារឿងមួយដែលមិនគួរមានទេ ស្នេហាជាតិ យកមកបាំងមុខ ហើយយកសកម្មជនតស៊ូ ធ្វើជាឈ្នាន់“ ។

លោក រស់ សារ៉ុម បានមានប្រសាសន៍បន្តថា “ហើយទី៣ មួយរយៈកាលចុងក្រោយនេះ ខ្ញុំមើលឃើញថា ដូចសម័យសម្ដេចក្រុមព្រះ ឡើងដឹកនាំហ៊្វុនស៊ិនប៉ិច ឈ្នះបានកៅអីនោះ ជានាយករដ្ឋមន្រ្តីទី១ នោះ ក៏កើតចេញនូវពាក្យមួយថា “ពួកតស៊ូ ទទូរស តែពួកចិនកាប់ជ្រូក ឡើងធំ” នេះសម័យហ៊្វុនស៊ិនប៉ិច ។ អ៊ីចឹងតើរឿងហ្នឹងពិតអត់? ខ្ញុំមិនបកស្រាយទេ ។ ហើយមួយវិញទៀត សម្រាប់បុគ្គលដែលសំខាន់មួយទៀត ដែលយកសកម្មជនធ្វើជាឈ្នាន់ហ្នឹង គឺសម រង្ស៊ី ហ្នឹងឯង ។ អ្នកដើរតាម អ្នកដែលយកសម រង្ស៊ី ធ្វើមគ្គុទេសក៍ គឺកម្ទេចអនាគតខ្លួនឯង កម្ទេចទស្សនវិស័យខ្លួនឯងទាំងអស់ អត់មានអ្នកណាមួយមានកំណើតទេ ហើយសម រង្ស៊ី ខ្លួនឯង ក៏មិនរួមសុខរួមទុក្ខទេ គឺនៅដេកសោយសុខនៅបារាំង ឯណោះ ។ សម រង្ស៊ី អត់ខ្វល់ទេ តែអ្នកដែលរងទុក្ខពិតប្រាកដ គឺជាសកម្មជន និងអ្នកដែលដើរតាមសម រង្ស៊ី ហ្នឹងហើយ ដែលយើងបញ្ជាក់យ៉ាងច្បាស់ថា យកសកម្មជន និងអ្នកគាំទ្រគ្រាន់តែជាឧបករណ៍តែប៉ុណ្ណោះឯង ។ ជាក់ស្ដែង ខ្ញុំឧទាហរណ៍ ពេលដែលបោះឆ្នោត ២០១៣ ធ្វើបាតុកម្មចុះឡើងៗ លក់មាន់ លក់ទា ហើយចុងក្រោយ គ្រាន់តែគេចរចាឲ្យគណៈកម្មការសភាភ្លាម ទម្លាក់ចោលទាំងអស់ រត់មកយក ហើយចេះតែប្រូពាសវាលពាសកាល បោកសកម្មជនអ៊ីចឹងទៅ ។ ទូរទស្សន៍ព្រះអាទិត្យ លុយប្រមាណ ៧០ម៉ឺនដុល្លារ ស្អីប៉ុន្មាននោះ គឺសម រង្ស៊ី យកទៅចាយអស់ហើយ មិនបាច់សួរអ្នកណាទេ សួរសម រង្ស៊ី ព្រោះដកលុយចាយ វាគ្មានអគ្គហេរញ្ញិកណាទៅមានសិទ្ធិដកលុយចាយរាប់សែន រាប់លានហ្នឹងទេ គឺមានតែមេបក្សហ្នឹងហើយ គឺសម រង្ស៊ី ហ្នឹងហើយ ដែលដកចាយនោះ ។ អ៊ីចឹងមានតែសម រង្ស៊ី ទេ អ្នកទទួលខុសត្រូវ ប៉ុន្តែឥឡូវចេញទូរទស្សន៍ព្រះអាទិត្យស្អី? មានទូរទស្សន៍មកពីណា បើលុយចាយអស់បាត់ហើយនោះ? ហើយគ្មានការទទួលខុសត្រូវទាល់តែសោះ ហើយធ្វើនយោបាយបច្ចុប្បន្ន គ្រាន់តែធ្វើដើម្បីកុំឲ្យគេភ្លេចឈ្មោះតែប៉ុណ្ណោះឯង តែដើម្បីយកជ័យជម្នះ នាំជ័យជម្នះសម្រាប់សកម្មជនដែលដើរតាមនោះ គឺអត់មានទេ អ្វីដែលធ្វើនេះ គ្រាន់តែទម្លាក់ចោលសកម្មជនតែប៉ុណ្ណោះឯង ហើយយើងឃើញថា អ្នកដែលដើរតាមនយោបាយសម រង្ស៊ី គឺមានតែនាំគ្រោះចង្រៃសម្រាប់ខ្លួនឯងតែប៉ុណ្ណោះឯង“ ។
លោករស់ សារ៉ុម បានមានប្រសាសន៍បន្តទៀតថា “ហើយមួយវិញទៀត ក្រុមប្រឆាំងគួររក្សាគុណតម្លៃ និងមនសិការរបស់ខ្លួនយ៉ាងណាខ្លះ ទើបស្នេហាជាតិពិតបា្រកដ? យើងប្រឆាំងត្រូវមានវិជ្ជាជីវៈ មានន័យថា ប្រឆាំងស្របតាមរដ្ឋធម្មនុញ្ញ អាហ្នឹងគ្មានអ្នកណាគេធ្វើអីយើងទេ ប៉ុន្តែបើយើងប្រឆាំងចេញមករបៀបឧទ្ទាម ទាំងខ្ញុំ ទាំងគេ មិនបាច់ដល់សម្ដេច ពូជត្រកូលហ៊ុន ទេ ត្រកូលខ្ញុំក៏ដោយ បើលេងសុទ្ធតែកម្ទេចចោល ផ្ដួលរំលំអីហ្នឹង ខ្ញុំប្រាប់! កុំថាដល់កាំភ្លើង មានត្រឹមកំប្លុក ឬក៏សល់ដៃទទេ ក៏ត្រូវតែប្ដូរជាមួយអ្នកឯងដែរ ។ អ៊ីចឹងនយោបាយរបៀបនេះ គឺនយោបាយព្រៃតើ! អ៊ីចឹងយើងមានរដ្ឋធម្មនុញ្ញ យើងមានអីហើយ យើងត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ប្រកួតប្រជែងគ្នាដណ្ដើមការគាំទ្រពីប្រជារាស្រ្តទាំងអស់គ្នា ដើម្បីចូលរួមបម្រើជាតិ ។ អាហ្នឹងហើយគេហៅអ្នកស្នេហាជាតិពិតប្រាកដនោះ គិតផលប្រយោជន៍ជាតិធំ មិនមែនធ្វើដូចពួកអស់នេះ បួនដប់ម្ភៃនាក់ទៅកូរមុខស្ថានទូតខ្មែរ នៅអាមេរិក អានោះសួរថាមុខមាត់អ្នកណាគេហ្នឹង? ខួចមុខមាត់អ្នកណាគេ? ខូចមុខមាត់ខ្មែរយើងហ្នឹង ហើយពួកវាហ្នឹងបានស្អីមកវិញ? អ៊ីចឹងពួកអស់នោះ គ្រាន់តែជាអ្នកកំដរបុណ្យសពសម រង្ស៊ី ទេ វាអត់មានអីជាដុំកំភួនអីទេ ។ អ៊ីចឹងឲ្យសម រង្ស៊ី គួរតែយកពេលមួយគិតថាធ្វើម៉េច នៅពេលដែលបន្តិចទៀត ក្រុមកឹម សុខា ចាប់ផ្ដើមចេញបើកបក្សដែរ ដឹកនាំនយោបាយដែរ ទាញប្រជាប្រិយទៅមួយឈើទៀតនោះ តើទប់របៀបម៉េច? ទប់តែគ្នាឯងមិនឈ្នះផង ហើយចង់មកប្រកួតជាមួយគេអ្នកខ្លាំង ។ អ៊ីចឹងសម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយមួយ ដែលចាត់ទុកសកម្មជន អ្នកតស៊ូជាមួយគាត់ ត្រឹមតែជាឈ្នាន់ដើម្បីអំណាចរបស់គាត់ទេ រឿងសុខទុក្ខរបស់សកម្មជនយ៉ាងម៉េច គាត់អត់អត់ដែលខ្វល់ទេ ដូចខ្ញុំបានបញ្ជាក់ពីមុនថា សកម្មជនងាប់ មិនត្រឹមតែមិនចូលបុណ្យទេ ឬសូម្បីតែលិខិតរំលែកទុក្ខក៏គ្មានដែរ ហើយមិនតែប៉ុណ្ណោះ ឆ្លៀតស៊ីពែសាកសពទៀត ។ នេះជាចរិតនយោបាយរបស់អ្នកនយោបាយដែលយកអ្នកស្នេហាជាតិ អ្នកស្រលាញ់ សកម្មជនរបស់ខ្លួន ធ្វើជាឧបករណ៍ ជាឈ្នាន់នយោបាយរបស់ខ្លួន“ ៕ កុលបុត្រ