
ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានហៅលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលបានតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាចលនាជាតិតស៊ូ និងលោកស្រី មួរ សុខហួរ ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ថាជា «អ្នកនយោបាយអត់កំណើត» ព្រោះធ្វើអីក៏មិនឃើញបានជោគជ័យម្ដងណាឡើយ តែងតែបរាជ័យរហូត ។ លើសពីនេះ បក្សកាន់អំណាច ក៏បានចំអកឲ្យលោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានគណៈកម្មការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃអតីតបក្សប្រឆាង ដែលជាសហការីជំនិតលោកសម រង្ស៉ី ថា «ល្ងង់ធ្វើចេះ» អួតខ្លួនឯងជាអ្នកឯកទេសខាងព្រំដែន តែមើលផែនទី មិនយល់ ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក “យុវជន៧មករា” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ថា “ក្រោយបង្កើតបានមួយដង្ហើមចង្រិត តើខេអឹមឌី ទៅដល់ណាហើយ? តើយាយហួរ ទៅសំងំនៅឯណាហើយ? ក្រោយប្រកាសបង្កើតរបស់ហៅថា ចលនាជាតិតស៊ូ តើមកដល់ពេលនេះ បានផលអីខ្លះហើយ? គឺសូន្យ។ ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ប្រកាសថា ខ្លួនស្នេហាទឹកដីណាស់ បើពិតជាក្លាហានមែន ចូលទៅក្នុងស្រុក ស្លៀកពាក់ទាហាន ហើយនៅជួរមុខ ដឹកនាំវ៉ៃថៃ ទៅ កុំនៅស្រែកពីចម្ងាយ។ ប្រជាធិបតេយ្យនៅកម្ពុជា សព្វថ្ងៃ គឺជាប្រជាធិបតេយ្យខ្មែរ មិនដូចប្រជាធិបតេយ្យលោកត្រាំ នៅសហរដ្ឋអាមេរិកទេ។ បើចង់បានប្រជាធិបតេយ្យ ដូចនៅសហរដ្ឋអាមេរិក ចង់ដល់ងាប់ខ្លួនទៀតក៏មិនបានផង នៅលើលោក រកមិនបានប្រជាធិបតេយ្យដូចប្រជាធិបតេយ្យលោកត្រាំ ទេ ។ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម អផ្សុកពេក ទៅបង្កើតរបស់ហៅថាចលនាជាតិតស៊ូ និងយាយហួរ បង្កើតរបស់ហៅថាខេអឹមឌី បានមួយដង្ហើមចង្រិត ឥឡូវក្ស័យធនបាត់ រលត់ម៉ាស៊ីនឈឹង។ ទណ្ឌិត សម រង្ស៊ី និងយាយហួរ ធ្វើនយោបាយបែបច្រណែនមិនបានកាន់អំណាច បានអីនឹងបានអំណាច បើខ្លួនឯងចោលម្សៀតអ៊ីចឹង ។ ពួកអាចោលម្សៀត មីចោលម្សៀត ខំស្រែកទាល់ងាប់ទៀត ក៏នៅតែអត់ផ្លូវដែរ ។ ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម អត់មានកំណើត ទើបធ្វើអីបរាជ័យរហូត“ ។
លោកសុខ ឥសាន បានបង្ហោះរូបភាពលោកអ៊ុំ សំអាន ភ្ជាប់ជាមួយអក្សរ «អាភ្លើធ្វើចេះ» ក្នុងទំព័រហ្វេសប៊ុក ដដែល នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ជាមួយសំណេរថា «មិនជឿនរណា ទៅជឿអាអ៊ុំ សំអាន អ្នកឯកទេសខាងព្រំដែនផង មើលតែផែនទី មើលមិនយល់ផង ថាមេផែនទីដែរ? ជឿតែអាមេផែនទីបែបហ្នឹង អ៊ីចឹងទេទើបចេះតែរលាយ។ ឈ្លក់វង្វេងនឹងទឹកដីខ្យល់ តាមវាយោ ទើបក្រុមឧទ្ទាមក្រៅច្បាប់ គ្មានគោលដៅច្បាស់លាស់ បានរលាយងើបមុខមិនរួច ។ អាយ៉ាត ភីរម្យ កាន់ជើងខ្មែរក្រហម ប៉ុល ពត ដោយចោទសម្តេចតេជោ ហ៊ុន សែន ថារត់ទៅវៀតណាម នាំទាហានយួន ឲ្យមកវាយខ្មែរ ។ បើតាមយ៉ាត ភីរម្យ និយាយ គឺខ្មែរក្រហម ប៉ុល ពត ជាបក្ខពួករបស់វា បើវានៅក្នុងស្រុកខ្មែរ ពេលនោះ វានឹងត្រូវខ្មែរក្រហមក្របែលវាចោលរួចទៅហើយ ។ ខ្មែរក្រហម ប៉ុល ពត សម្លាប់ខ្មែរ អស់រាប់លាននាក់ វានៅកាន់ជើងខ្មែរក្រហម និងយកខ្មែរក្រហម ជាបក្ខពួកវាទៀត អាមិនស្គាល់ងាប់នេះ។ បើបានខ្មែរក្រហម សំពងក្បាលវានឹងត្បូងចប ទើបវាដឹងថា ស្អីទៅដែលហៅថាតៃហោងនោះ ។ មិនបាច់ឆ្លងកាត់របបខ្មែរក្រហម រាប់ឆ្នាំទេ បើបានតែឆ្លងកាត់ត្រឹមកន្លះឆ្នាំ ពួកវានឹងស្គាល់រសជាតិខ្មែរក្រហមហើយ ទើបវាស្បថលែងកាន់ជើងនិងចង់យកខ្មែរក្រហម ជាបក្ខពួក ។ កុំថាតែរបបខ្មែរក្រហម គ្រាន់តែអ្វីៗដែលហួសនិស្ស័យជឿ មិនងាយជឿទេ លុះត្រាតែបានភ្លក់រស់ជាតិផ្ទាល់ ទើបស្បថមួយជាតិ។ ការបាញ់បោះ ជាអំពើល្មើសច្បាប់ នាំឲ្យប៉ះពាល់សន្តិសុខសង្គម ជនណាក៏ដោយ មិនថាខ្មែរឬបរទេសទេ បើមានប្រព្រឹត្តល្មើស ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនលើកលែងឡើយ“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ “នគរធំ” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា លោក សម រង្ស៊ី និងលោកស្រី មួរ សុខហួរ ជោគជ័យនៅក្នុងអារម្មណ៍ ឬការពិតនៅក្នុងអារម្មណ៍តែប៉ុណ្ណោះ ឯការពិតនៅខាងក្រៅ គឺបរាជ័យរហូតដល់ថ្ងៃស្លាប់ ។ ចំណែកលោកអ៊ុំ សំអាន ចេះតែអួតអាងថាខ្លួនជាមេផែនទី និងមានជំនាញឯកទេសខាងព្រំដែនប៉ុណ្ណោះ ឯជាក់ស្ដែង គ្មានអ្នកណាឲ្យសញ្ញាបត្រខាងផែនទីនិងព្រំដែន ដល់អតីតតំណាងរាស្រ្តបក្សប្រឆាំង រូបនេះនោះទេ ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងវាគ្មានអីពិបាកបកស្រាយទេ យើងមើលទៅទិដ្ឋភាពជាក់ស្ដែង ដែលទណ្ឌិតសម រង្ស៊ី ធ្វើនយោបាយជាង ៣០ឆ្នាំហើយ ហើយជាពិសេស ចាប់តាំងពីឆ្នាំ២០១៣ ដែលរត់ទៅក្រៅប្រទេស រហូតមកដល់នេះ យើងសួរថា ប៉ុន្មានសិបឆ្នាំ? ២០១៣-២០២៥ វា១២ឆ្នាំ សួរថាបង្កើតអង្គការចាត់តាំងនេះ អង្គការចាត់តាំងនោះ ប៉ុន្មានដងហើយ? ក៏ប៉ុន្តែបង្កើតហើយ វាបាត់ឈឹងទៅ ឥឡូវវាចូលដល់រឿងថ្មីទៀតហើយ បង្កើតរបស់ដែលហៅថា ចលនាជាតិតស៊ូ ហើយលោកស្រី មួរ សុខហួរ ហ្នឹង បង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យហ្នឹង សួរថា ឥឡូវវាបានអីខ្លះ? ឥឡូវនេះវាស្ងាត់ឈឹងទៀតហើយ ។ ដូច្នេះបរាជ័យ ត្រង់ថា វាអត់មានឥទ្ធិពលអីមកដល់ក្នុងប្រទេស ដែលរាជរដ្ឋាភិបាល កំពុងដំណើរការដឹកនាំប្រទេស ប្រកបដោយផ្លែផ្កា មានសមិទ្ធផលធំៗជាច្រើនជាបន្តបន្ទាប់ អាហ្នឹងយើងមើលឃើញហើយ បើសិនណាជាពួកហ្នឹងធ្វើសកម្មភាពវាមានឥទ្ធិពលមកនៅក្នុងស្រុក មកដល់ក្នុងស្រុក អាហ្នឹងរាជរដ្ឋាភិបាល មានការរអាក់រអួលហើយ ក្នុងការធ្វើសកម្មភាពដឹកនាំប្រទេស ក៏ប៉ុន្តែអ្នកឯងធ្វើឯក្រៅ ធ្វើទៅ វាអត់បានប្រយោជន៍អី រាជរដ្ឋាភិបាល អត់យកត្រចៀកស្ដាប់ ហើយរាជរដ្ឋាភិបាល នៅតែដំណើរការទៅមុខ ប្រកបដោយជោគជ័យជាជំហានៗ ជាបន្តបន្ទាប់ ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយមានការគាំទ្រពីប្រជាពលរដ្ឋថែមទៀតផង“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ចំពោះចោលម្សៀត យើងឃើញហើយថា ក្រោយពេលដែលរត់ចោលប្រទេសខ្លួនឯងហើយ មកនិរទេសខ្លួននៅក្រៅប្រទេសហ្នឹង គិតអីវាអត់កើតៗទាំងអស់ បានសេចក្ដីថា ចោលម្សៀតហើយ គឺថាធ្វើអី អាហ្នឹងដូចថាដំដែកថាធ្វើកាំបិត វាអត់មុត ធ្វើពូថៅ វាអត់មុត ប្រើមិនកើត អាហ្នឹងពាក្យថាចោលម្សៀតហ្នឹង វាអត់បានការ ។ និយាយរួម ការគិតគូរ វាមានគិត ក៏ប៉ុន្តែគិតហ្នឹងវាអត់បានប្រយោជន៍ ហើយបើប្រៀបធៀបទៅ ការគិតហ្នឹងវាហាក់ដូចនៅក្នុងការដែលស្រមើស្រមៃតែប៉ុណ្ណោះ ។ អ៊ីចឹងទេ វាស្របទៅតាមទណ្ឌិតសម រង្ស៊ី ខ្លួនឯងហើយ ដែលនិយាយជ័យជម្នះ ក៏ប៉ុន្តែជ័យជម្នះនៅក្នុងអារម្មណ៍ អាហ្នឹងវាអ៊ីចឹង គឺពិតប្រាកដនៅក្នុងអារម្មណ៍ដូចគាត់ថាអ៊ីចឹង តែពិតប្រាកដមែនទែននោះ វាអត់មានទេ ហើយអស់ផ្លូវហើយ ទណ្ឌិតសម រង្ស៊ី អាយុប៉ុន្មានហើយ? ៧៦ឆ្នាំហើយ? ហើយយាយហួរ ហ្នឹង ស្កូវអស់ទៅហើយ វាចប់ហើយតែប៉ុណ្ណេះនោះ តែលើសពី៧០ឆ្នាំហើយ គឺថាដំណើរការ សកម្មភាពរបស់មនុស្ស ធ្វើការតស៊ូយ៉ាងម៉េច ក៏វាធ្លាក់ចុះដែរ ហើយទម្រាំដូចពួកនេះទៀត ពួកនេះវានៅក្រៅស្រុក មានអីសង្ឃឹម? ដើរតែពនេចរ ដូចជាមើលសួនច្បារ បន្តិចទៅត្រង់នេះ បន្តិចទៅត្រង់នោះ ហើយស្រែកឲ្យតែឮសំឡេងទៅ ក៏ប៉ុន្តែសំឡេងដែលស្រែកហ្នឹង វាអត់មានជះឥទ្ធិពលអី ។ ឥឡូវហ្នឹង តែអ្នកនៅក្រៅប្រទេស ក៏គេបាត់ជំនឿអស់ហើយ គេលែងមានជំនឿហើយ ពីព្រោះភូតគេច្រើនដងពេក បោកប្រាស់យកលុយយកកាក់គេ ដើម្បីធ្វើសកម្មភាព ឥឡូវអាសកម្មភាពហ្នឹងវាអត់ អ្នកជួយលុយតទៅទៀត វាអត់ទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះខ្ញុំថា អ៊ុំ សំអាន អួតខ្លួនឯងជាអ្នកឯកទេសខាងព្រំដែន តែមើលផែនទី មិនយល់នោះ គឺអ៊ុំ សំអាន ខ្ញុំមិនស្គាល់ច្បាស់ទេ ក៏ប៉ុន្តែខ្ញុំពិនិត្យអំពីសកម្មភាព តាំងពីធ្វើតំណាងរាស្រ្ត ឆ្នាំ២០១៣មក សួរថាតើគាត់មានស្នាដៃអីខ្លះ? វាបានតែនិយាយនៅលើផ្សែង លើខ្យល់តែប៉ុណ្ណោះទេ ភ្លើធ្វើចេះ អួតខ្លួនឯងថាចេះនេះ ចេះនោះ ក៏ប៉ុន្តែវាអត់មានអីផ្សារភ្ជាប់នឹងលទ្ធផលជាក់ស្ដែងដែលកើតឡើងនៅក្នុងពេលដែលគាត់ធ្វើតំណាងរាស្រ្តហ្នឹង សួរថាបានអី? វាអត់បានអីទេ បានតែនិយាយ ហើយនិយាយហ្នឹងស្មានៗទៅទៀត និយាយតាមឯកសារ ហើយឯកសារដូចជាឯកសារអ្នកមួយនៅស្រុកបារាំង ឈ្មោះស៊ាន ប៉េងសែ ហើយឯកសារមួយចំនួនទៀត ដែលពាក់ព័ន្ធនិងបន្សល់ទុកដោយតាស៊ាន ប៉េងសែ ហ្នឹង សួរថា ឥឡូវវាទៅណាហើយ? ស៊ាន ប៉េងសែ ស្លាប់បាត់ទៅហើយ ហើយអ្នកបន្តវេនគាត់ ដូចជាឈ្មោះ ឌី ការ៉េត អីមិនដឹង នៅស្រុកបារាំងហ្នឹង សួរថាឥឡូវបាត់រលត់ម៉ាស៊ីនឈឹងហើយ វាលែងមានអីទៀតហើយ ។ អ៊ីចឹងការដែលយកបញ្ហាព្រំដែន មកនេះ វាគ្រាន់តែជាការយកឯកសារណាដែលងាយនឹងភូតភរដល់មហាជន ប្រជាជននៅក្រៅប្រទេស ក៏ដូចជានៅក្នុងស្រុកហ្នឹង ឲ្យវិលវល់តែប៉ុណ្ណោះទេ ដូចជាមានលោកម្នាក់ គាត់និយាយហ្នឹង ខ្ញុំដូចជាឯកភាពដែរ បញ្ហានិយាយកោះគុតហ្នឹង យើងដឹងហើយ ថាមុនឆ្នាំ១៩០៤-១៩០៧ ហ្នឹង គឺផែនទីវាផ្សេង តែក្រោយដែលមានកិច្ចព្រមព្រៀង និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ១៩០៧ហ្នឹង គឺថាវាមានការបែងចែកច្បាស់ហើយ វ៉ៃបង្គោលព្រំដែន ៧៣បង្គោល រវាងកម្ពុជា និងថៃ ហ្នឹង“ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “អាហ្នឹងវាមានឯកសារយោងរបស់គេត្រឹមត្រូវ ហើយក្នុងបង្គោលនីមួយៗ វាមានកូអ័រដោនេរបស់វា វាមានអាក់ស៊ីស ដើម្បីសម្គាល់ថា បង្គោលហ្នឹងវានៅត្រង់ណា ។ អ៊ីចឹងទេ បានជាកន្លងទៅនេះ គណៈកម្មការចម្រុះកិច្ចការព្រំដែនកម្ពុជា និងថៃនេះ គឺធ្វើការរួមគ្នា ដើម្បីចុះស្រាវជ្រាវរកបង្គោលទាំង៧៣បង្គោល ដែលបារាំង និងសៀម បានបោះតាំងពី១៩០០ប្លាយហ្នឹងមក ។ អ៊ីចឹងទេដំណើរការនៅហ្នឹង គឺថា វានៅតែធ្វើអ៊ីចឹងដែរ ក៏ប៉ុន្តែយើងវាអត់មាត់ យើងធ្វើ ប៉ុន្តែយើងអត់មាត់ តែប៉ុណ្ណឹងទេ ក៏ប៉ុន្តែអ៊ុំ សំអាន យកអាឯកសារមុនមានកិច្ចព្រមព្រៀង និងសន្ធិសញ្ញាហ្នឹង យកមកនិយាយ ។ ដូច្នេះហើយ និយាយហ្នឹងវាត្រូវតែឯកសារមុនហ្នឹង ក៏ប៉ុន្តែវាមិនត្រូវអំពីសភាពការណ៍ក្រោយដែលមានចុះកិច្ចព្រមព្រៀងហើយ ។ ដូច្នេះគាត់មិនសមជាមេផែនទីនោះទេ គឺគ្មានអ្នកណាឲ្យសញ្ញាបត្រលោកហ្នឹង ទៅធ្វើខាងផែនទី ខាងវាស់ព្រំដែនហ្នឹងទេ វាអត់មានសោះហ្នឹង បានតែថាហ្នឹង ។ ដូច្នេះអ្នកដែលជឿតាមមេផែនទីហ្នឹង ទើបចេះតែរលាយនោះ គឺរលាយហ្នឹង ទី១ វាអត់មានអ្នកណាជឿ ទី២ វាបរាជ័យតែរហូត រាល់ឧបាយកលពិសពុលរបស់ពួកហ្នឹង“ ។

ទោះយ៉ាងណា ជាប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើងរបស់លោកសុខ ឥសាន ដែលបង្អាប់ថា អ្នកឯកទេសខាងព្រំដែន តែមើលផែនទី មិនយល់នោះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា រូបលោកមានជំនាញឯកទេសខាងផែនទី ព្រំដែន ឬអត់ អាស្រ័យប្រជាពលរដ្ឋ ជាអ្នកវិនិច្ឆ័យ មិនមែនលើមាត់លោកសុខ ឥសាន នោះទេ គឺប្រជាពលរដ្ឋ ជឿលោក មិនមែនជឿលោកសុខ ឥសាន ដែលនិយាយការពារត្រកូលហ៊ុន និងគណបក្សប្រជាជនកម្ពុជា នោះទេ ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! លោកសុខ ឥសាន គាត់និយាយអ៊ីចឹងដើម្បីការពារមេរបស់គាត់ ត្រកូលហ៊ុន លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ។ ដូច្នេះទោះបីជាគាត់មិនជឿខ្ញុំក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋសឹងតែទូទាំងប្រទេស គេជឿ ព្រោះវាឃើញថា អ្វីដែលខ្ញុំនិយាយហ្នឹង ពីផែនទី ពីព្រំដែន ពីទឹកដីហ្នឹង វាកើតឡើងពិតប្រាកដមែន នៅតាមព្រំដែន ដូចជាការបាត់ទឹកដីទៅប្រទេសវៀតណាម ការបាត់បង់ទឹកដីទៅប្រទេសថៃ ដូចថៃយកប្រាសាទតាមាន់តូច បាត់ហើយ អត់មានទាមទារ រដ្ឋាភិបាលសព្វថ្ងៃ ប្រាសាទតាមាន់ធំ ប្រសាទតាក្របី គ្រប់គ្រងរួមជាមួយថៃ កោះគុត ថៃ គ្រប់គ្រងទឿត អត់ឃើញទាមទារ? ដែនសមុទ្រត្រួតស៊ីគ្នាហ្នឹង ដែលថាកំពុងចរចាហ្នឹង ចរចាអី អត់ឃើញមានដំណើរការទៅមុខផង ។ ជាមួយវៀតណាម បាត់កោះត្រល់ របស់កម្ពុជា បាត់កោះក្រចកសេះ ដែនសមុទ្រ ៣០ ០០០គីឡូម៉ែត្រការ៉េ ដែលបាត់ទៅខាងវៀតណាម ដែនសមុទ្រយើងរួមជាមួយវៀតណាម ហ្នឹង ១០ ០០០គីឡូម៉ែត្រការ៉េ ឃើញទេ? ហើយតាមព្រំដែនវៀតណាមហ្នឹង បាត់ទឹកដីយើងច្រើនណាស់ មានកន្លែងខ្លះចូល ១គីឡូម៉ែត្រ កន្លែងខ្លះចូល ៣គីឡូម៉ែត្រ ។ ដូច្នេះលោកសុខ ឥសាន មិនជឿខ្ញុំ ក៏ប៉ុន្តែប្រជាពលរដ្ឋ គេជឿខ្ញុំ ។ បើមិនអ៊ីចឹង មិនមែនប្រជាពលរដ្ឋ គាត់តាមដានពីអ្វីដែលខ្ញុំនិយាយពីបញ្ហាព្រំដែន ពីផែនទីអីទេ ។ នៅពេលឡាយ (Live) ម្ដងៗ ស៊ែរយ៉ាងតិច៤០០ស៊ែរនោះ ហើយ Views ជិត១០ម៉ឺន Views នោះ ម្ដងៗ តាមផេកលោកប្រធាន សម រង្ស៊ី ផេកដទៃទៀតអី ឃើញទេ? អ៊ីចឹងបានន័យថា ប្រជាពលរដ្ឋ គេជឿអ្វីដែលខ្ញុំលើកឡើង ។ ដូច្នេះលោកសុខ ឥសាន គាត់និយាយហ្នឹង ដើម្បីតែកុំឲ្យប្រជាពលរដ្ឋជឿខ្ញុំ ដែលនិយាយថា កម្ពុជា បាត់បង់ទឹកដីទៅប្រទេសជិតខាងតែប៉ុណ្ណោះឯង ក៏ប៉ុន្តែប្រជាពលរដ្ឋ គេមិនទៅល្ងង់ជឿសម្ដីលោកសុខ ឥសាន ដែលនិយាយបង្កាច់បង្ខូចខ្ញុំ និងអ្នកស្នេហាជាតិដទៃទៀតនោះទេ ហើយអ្វីដែលលោកសុខ ឥសាន និយាយហ្នឹង គឺដើម្បីតែការពារមុខមាត់គណបក្សប្រជាជន និងត្រកូលហ៊ុន ដែលធ្វើឲ្យបាត់បង់ទឹកដី តែប៉ុណ្ណោះឯង“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “អាហ្នឹងការនិយាយរបស់គាត់ គឺជាការប្រមាថមួយហើយ ប៉ុន្តែទោះបីគាត់ប្រមាថក៏ដោយ ខ្ញុំមិនទៅប្រមាថគាត់វិញនោះទេ ។ កាលណាយើងទៅប្រមាថគាត់វិញ បានន័យថាយើងជាមនុស្សដែលគ្មានសីលធម៌ដូចគាត់ដែរ ។ ដូច្នេះខ្ញុំមិនទៅប្រមាថគាត់នោះទេ អ្វីដែលគាត់និយាយ និយាយអីនិយាយទៅ ប៉ុន្តែប្រជាពលរដ្ឋ គេយល់ហើយថា ខ្ញុំជាអ្នកជំនាញខាងព្រំដែន អ្នកឯកទេសខាងផែនទី ឬអត់? អាហ្នឹងប្រជាពលរដ្ឋជាអ្នកអារកាត់ ជាអ្នកផ្ដល់យុត្តិធម៌ ។ អាហ្នឹងកាលណាគេតាមដានអ្វីដែលខ្ញុំនិយាយពីបញ្ហាព្រំដែន មានន័យថា គេយល់ថា អ្វីដែលខ្ញុំនិយាយហ្នឹង គឺជាការពិត ហើយខ្ញុំមានជំនាញឯកទេសខាងផែនទីព្រំដែន ឬអត់ អាហ្នឹងប្រជាពលរដ្ឋ ជាអ្នកវិនិច្ឆ័យ មិនមែនលោកសុខ ឥសាន នោះទេ ។ ហើយគាត់ថា ជឿមេផែនទីបែបហ្នឹង អ៊ីចឹងទើបរលាយ រលាយអី? សំដៅលើរលាយគណបក្សសង្រ្គោះជាតិ? គណបក្សសង្រ្គោះជាតិ មានរលាយអី? មកពីត្រកូលហ៊ុន គាត់ចង់កាន់អំណាចផ្ដាច់ការតពូជ ដឹងថាបោះឆ្នោតចាញ់គេ ទៅរំលាយគេចោល រំលាយគណបក្សគេចោល ដើម្បីបោះឆ្នោតម្នាកឯង បង្រ្គប់កិច្ច ដើម្បីផេ្ទរអំណាចតពូជទៅឲ្យលោកហ៊ុន ម៉ាណែត ។ អាហ្នឹងជាគំនិតខូចរបស់លោកហ៊ុន សែន ហ្នឹង ។ ដូច្នេះមិនមែនមកពីគណបក្សសង្រ្គោះជាតិ រលាយទេ គឺមកពីគណបក្សប្រជាជន ជាមនុស្សកំសាកញី ដែលមិនហ៊ានប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ ទៅរំលាយគេចោល អាហ្នឹងហៅថា លេងខូច ។ ដូច្នេះទោះបីគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយក៏ដោយ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភនោះ ខ្លាចជាតិរលាយនោះ ខ្លាចទឹកដីយើងរលាយនោះ ថ្ងៃក្រោយអាចបាត់ពីផែនទីពិភពលោកនោះ ។ អាហ្នឹងដែលយើងព្រួយបារម្ភនោះ ដែលជាតិរលាយហ្នឹងទៅវិញនោះទេ ដែលយើងព្រួយបារម្ភ មិនមែនមកពីគេជឿខ្ញុំ រឿងផែនទី រឿងព្រំដែនហ្នឹង បានទៅជាគណបក្សសង្រ្គោះជាតិ រលាយនោះទេ គឺមកពីគណបក្សប្រជាជន កំសាកញី អត់ហ៊ានប្រកួតប្រជែងជាមួយគណបក្សសង្រ្គោះជាតិ ដឹងថាបោះឆ្នោតចាញ់គណបក្សសង្រ្គោះជាតិ ទៅរំលាយគណបក្សសង្រ្គោះជាតិ ដើម្បីផ្ទេរអំណាចផ្ដាច់ការតពូជទៅឲ្យកូន ។ បើសិនជាមិនរំលាយគណបក្សសង្រ្គោះជាតិ ទេ លោកហ៊ុន សែន មិនអាចផ្ទេរអំណាចផ្ដាច់ការតពូជ ទៅលោកហ៊ុន ម៉ាណែត នោះទេ“ ។
ដោយឡែក ពាក់ព័ន្ធនឹងការលើកឡើងរបស់លោកសុខ ឥសាន ថា លោកសម រង្ស៊ី និងលោកស្រី មួរ សុខហួរ ជាអ្នកនយោបាយអត់កំណើត ធ្វើអីបរាជ័យរហូតនោះ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល និងជាកូនធម៌លោកសម រង្ស៊ី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ថា បរាជ័យ គឺជាពាក្យរបស់លោកសុខ ឥសាន ទេ ប៉ុន្តែសម្រាប់អ្នកប្រជាធិបតេយ្យ គឺមិនដែលបរាជ័យទេ មានតែជោគជ័យ រហូតធ្វើឲ្យបក្សកាន់អំណាច ដឹកនាំដោយសម្ដេចហ៊ុន សែន សម្ដេចហ៊ុន ម៉ាណែត មិនហ៊ានប្រកួតប្រជែងដោយការបោះឆ្នោតសេរីត្រឹមត្រូវនិងយុត្តិធម៌ បែរជាប្រើប្រព័ន្ធតុលាការ រំលាយគណបក្សប្រឆាំង ធ្វើបាប ចាប់ចងអ្នកប្រជាធិបតេយ្យ ។
លោក សុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “ការឆ្លើយតបរបស់ខ្ញុំ ក្នុងនាមជាបណ្ដាញយុវជនកម្ពុជាសកល និងជាសហការីដែលធ្វើការជាមួយនឹងលោកប្រធាន សម រង្ស៊ី លោកស្រី មួរ សុខហួរ ឆ្លើយតបទៅកាន់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ។ នេះមិនមែនជារឿងលើកទី១ ទេ ដែលអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា តែងតែលើកនិងវាយប្រហារបែបអវិជ្ជមាន និងគ្មានទំនួលខុសត្រូវ ជាពិសេសគាត់ដឹងច្បាស់ណាស់ថា ការធ្វើសកម្មភាពរបស់បងប្អូនអ្នកប្រជាធិបតេយ្យក្រៅប្រទេសហ្នឹង គឺទទួលបានជោគជ័យធំធេងណាស់ ហើយដោយមិនអាចកាត់ថ្លៃបាន ។ ជាក់ស្ដែង បើពុំដូច្នោះទេ មិនមែនលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត បច្ចុប្បន្ននេះដឹកនាំដោយលោកហ៊ុន ម៉ាណែត ព្យាយាមបញ្ជូនក្រុមមនុស្សរបស់ពួកគេ មកបំបែកអ្នកប្រជាធិបតេយ្យ មកទិញអ្នកប្រជាធិបតេយ្យ គំរាមកំហែងអ្នកប្រជាធិបតេយ្យ រហូតដល់លោកហ៊ុន ម៉ាណែត នៅពេលដែលគាត់ឡើងវេទិកានីមួយៗ គឺគាត់តទល់ជាមួយនឹងលោកសម រង្ស៊ី តទល់ជាមួយនឹងលោកស្រី មួរ សុខហួរ តទល់ជាមួយនឹងអ្នកប្រជាធិបតេយ្យ គឺថាគាត់និយាយគ្រប់តែវេទិកាហ្នឹង ។ អ៊ីចឹងបានន័យថា ឥទ្ធិពលរបស់អ្នកប្រជាធិបតេយ្យ ឥទ្ធិពលរបស់លោកសម រង្ស៊ី និងលោកស្រី មួរ សុខហួរ លើឆាកអន្តរជាតិ គឺអន្តរជាតិ គេទទួលស្គាល់ អន្តរជាតិ គេផ្ដល់តម្លៃឲ្យ ហើយការតស៊ូរបស់អ្នកប្រជាធិបតេយ្យហ្នឹង គឺនៅតែធ្វើ នៅតែមានសង្ឃឹម ហើយអន្តរជាតិ គេគាំទ្រតាមបែបបទប្រជាធិបតេយ្យ ក្នុងការតស៊ូមតិ“ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍បន្តថា “ផ្ទុយទៅវិញ ចំពោះលោកសុខ ឥសាន ដែលគាត់លើកឡើងនេះ ថាជាការបរាជ័យរហួត វាមិនមែនអ៊ីចឹងទេ ការបរាជ័យនោះគឺជាពាក្យរបស់លោកសុខ ឥសាន ទេ ប៉ុន្តែសម្រាប់អ្នកប្រជាធិបតេយ្យ គឺមិនដែលបរាជ័យទេ មានតែជោគជ័យ ដូចខ្ញុំបានលើកឡើងខាងដើមអ៊ីចឹង ។ ជាក់ស្ដែងជោគជ័យរបស់អ្នកប្រជាធិបតេយ្យ ពីមួយជំហានទៅមួយជំហាន ដូចជារឿង CLV បើគ្មានអ្នកប្រជាធិបតេយ្យស្រែក អ្នកប្រជាធិបតេយ្យ តតាំងតវ៉ាទេ ក៏មិនអាចរបបលោកហ៊ុន សែន ហ្នឹងគិតគូរ ហើយដកនូវកិច្ចសហប្រតិបត្តិការហ្នឹងចេញដែរ ។ ដោយសារតែឥទ្ធិពលអ្នកប្រជាធិបតេយ្យខ្លាំងហ្នឹងហើយ ជោគជ័យហ្នឹងហើយ ទើបរបបមួយហ្នឹង ដកនូវកិច្ចព្រមព្រៀងហ្នឹងចេញ ។ ទី២ ជោគជ័យ ហើយខ្លាំងបំផុតនោះ គឺធ្វើឲ្យរបបលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត នៅតែខ្លាច តាំងពីជំនាន់លោកហ៊ុន សែន រហូតដល់លោកហ៊ុន ម៉ាណែត កាន់កាប់អំណាច នៅតែខ្លាចអ្នកប្រជាធិបតេយ្យ ។ ជាក់ស្ដែង បងប្អូនដឹងហើយ ដូចជាលោកហ៊ុន សែន គាត់មានភាពកំសាក ដោយគាត់មិនហ៊ានប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដោយត្រឹមត្រូវ សេរី និងយុត្តិធម៌ទេ ជាមួយនឹងលោកសម រង្ស៊ី ។ បច្ចុប្បន្នលោកហ៊ុន ម៉ាណែត ក៏ដូចគ្នាដែរ ថ្វីត្បិតតែជាយុវជនជំនាន់ក្រោយ អ្នកបន្តវេនរបស់គណបក្សប្រជាជន ដែលអួតក្ដែងៗថា មានសមត្ថភាព ប៉ុន្តែខ្លួនមិនមានសមត្ថភាព ហើយបរាជ័យតពីឪពុករបស់គាត់ហ្នឹង គឺការដែលមិនហ៊ានប្រកួតប្រជែងជាមួយអ្នកប្រជាធិបតេយ្យ ដូចសព្វថ្ងៃនេះ គាត់នៅតែបន្តយកប្រព័ន្ធតុលាការ ធ្វើជាខ្នង ធ្វើជាអាយ៉ង ដើម្បីកាត់ទោស ដើម្បីទៅធ្វើបាប ដូចជាលោកគ្រូរ៉ុង ឈុន ជាដើម គំរាមកំហែងគណបក្សដែលមាននិន្នាការប្រកាន់លទ្ធិប្រជាធិបតេយ្យហ្នឹង គឺថាធ្វើឲ្យខ្លាច ធ្វើឲ្យមិនហ៊ានធ្វើសកម្មភាព យើងបានឃើញហើយរឿងនេះ ។ អ៊ីចឹងសម្រាប់អ្នកប្រជាធិបតេយ្យ គឺជោគជ័យណាស់ គឺខ្លាំងក្លាណាស់រហូតមកដល់បច្ចុប្បន្ននេះ ទើបធ្វើឲ្យរបបលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត នេះ គឺខ្លាច មិនហ៊ានប្រកួតប្រជែង“ ៕ កុលបុត្រ