ភ្នំពេញ ៖ អតីតតារាសម្តែង និងពិធីការិនី ឌួង ហ្សូរីដា បានប្រារព្ធខួបកំណើតគម្រប់ ៤២ឆ្នាំ កាលពីថ្ងៃទី១៣ ខែឧសភា ដោយមានកូនចៅនាងចេញសារជូនពរជាបន្ដបន្ទាប់ ដែលភាគច្រើនបុគ្គលិកនាងប្រើពាក្យថា «ចម្រើនជន្មាយុ» ជំនួសឲ្យខួបកំណើត។ ប៉ុន្ដែក្រៅពីត្រូវបុគ្គលិក Surprise ខួបកំណើត មានទាំងនំខេក និងរៀបបង្អែមចេញជានំខេកនោះ ហ្សូរីដា មិនមានរៀបចំធ្វើពិធីជប់លៀងទ្រង់ទ្រាយធំ ដូចតារាផ្សេងទៀតនោះទេ ។


សូមបញ្ជាក់ថាឌួង ហ្សូរីដា ក្នុងវ័យឈានចូល៤២ឆ្នាំនេះ រូបនាងនៅតែគ្មានសញ្ញានៃការចូលរោងការដដែល បើទោះជាមិត្តរួមអាជីពជំនាន់នាងខ្លះ ពួកគេមានស្វាមីនិងកូន ២ទៅ៣នាក់អស់ទៅហើយក្ដី ។ ហ្សូរីដា នៅតែផ្ដោតលើការពង្រឹងមុខជំនួញ ជាងប្រញាប់រៀបការប្ដី ហើយអ្វីដែលគួរឲ្យកត់សម្គាល់ពេលនេះ ទោះជាគ្រប់គ្នាជួបវិបត្តិសេដ្ឋកិច្ច ប៉ុន្ដែនាងនៅដំណើរការមុខជំនួញរលូនដដែល ក្នុងនោះមានដូចជា ហាងកាត់ដេរ ដាណាម៉ា, ហាងCafe Amazon (ផ្លូវជាតិ6A), ហាងTube Cafe, ហាងមុទិតា និងក្រុមហ៊ុន CSM ជាដើម ។ អ្នកសិល្បៈរួមអាជីព ចាត់ទុកហ្សូរីដា ថាជានារីដ៏រឹងមាំម្នាក់ ព្រោះក្រោយម្ដាយនាង លោកស្រីយ៉ាលីន សុខលីម ទទួលមរណភាព កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ មកពេលនេះគ្រួសារនាងដែលមានបងប្អូនសុទ្ធតែស្រីៗ ទាំង៣នាក់ ហើយរូបនាងជាកូនច្បង ប្រៀបបានជាមេគ្រួសារនោះបានដឹកនាំប្អូនស្រីពីរនាក់ គឺកញ្ញាឌួង កូហ្សូណា និងឌួង ហ្សូរីម៉ា ឲ្យបន្ដគ្រប់គ្រងហាងបន្សល់ពីកេរម្ដាយ រហូតមកដល់បច្ចុប្បន្ន។

ប្រភពខ្លះថា ហ្សូរីដា មានគូស្នេហ៍ហើយ តែនាងមិនបើកចំហ ទើបខ្លះទៀតមិនជឿថានាងទុកបេះដូងឲ្យនៅទំនេររហូតមកដល់វ័យនេះឡើយ ។ ប៉ុន្តែយ៉ាងណា ការដឹកនាំប្អូនៗឲ្យផ្ដោតលើមុខជំនួញ នាពេលនេះ ត្រូវបានគេសរសើរថា ហ្សូរីដា ជាបង្គោលគ្រួសារដ៏ល្អម្នាក់ ហើយកន្លងមក គេមិនធ្លាប់ឃើញនាងនៅហាង ឬក្លឹបផឹកស៊ីណានោះទេ គឺមានតែរកស៊ីទិញផ្ទះ និងដី ទុកដើម្បីលក់ចេញចំណេញ យកលុយមកពង្រីកអាជីវកម្ម និងនាំប្អូនៗដើរកម្សាន្ដនៅក្រៅស្រុកជាដើម ។

គួរកត់សម្គាល់ថា ឌួង ហ្សូរីដា បានដកឃ្លាពីអាជីពសម្ដែងភាពយន្ដ និង MV ជាច្រើនឆ្នាំមកហើយ គឺនៅតែការធ្វើពិធីការិនី (MC) តាមបណ្ដារកម្មវិធីធំៗ និងតាមក្រុមហ៊ុន Agency ប៉ុណ្ណោះ ព្រោះនាងថា គ្មានពេលវេលាគ្រប់គ្រាន់ ដោយសារមហាញឹកទៅលើការរកស៊ី ។ ប៉ុន្ដែហ្សូរីដា ថាអាជីពសិល្បៈ នៅតែដក់ជាប់ក្នុងបេះដូង ហើយនាងពេញចិត្តការបន្ដធ្វើជា MC តាមក្រុមហ៊ុនទាំងឡាយដូចដើម ។

ក្រៅពីឌួង ហ្សូរីដា តារាដែលពន្យារពេលរៀបការប្ដី មានដូចជា អ្នកនាងញឹម ចាន់ថន, ស៊ឹម ថៃណា, អ៊ិន វរលក្ខណ៍ទេពី និងឈិត សុវណ្ណបញ្ញា ជាដើម ។ សម្រាប់ហ្សូរីដា ក្រោយបន្ធូរដៃពីអាជីពសិល្បៈ ពេលនេះនាងមានក្រុមហ៊ុន ៥ទៅ៦ កំពុងដំណើរការ និងរស់នៅក្នុងកម្រិតជីវភាពធូរធារផងដែរ ។ គេថាហ្សូរីដា ជានារីម្នាក់ដែលជោគជ័យក្នុងមុខជំនួញ ប៉ុន្ដែរឿងដែលនាងខ្វះភាពកក់ក្ដៅ នោះគឺមិនទាន់មាន «ស្នេហា» ច្បាស់លាស់១០០% ព្រោះបើបានបុរសម្នាក់ មកមើលថែ ហើយថែមទាំងជួយឲ្យមុខជំនួញនាងកាន់តែរឹងមាំថែមទៀតនោះរឹតតែប្រសើ ។ ប៉ុន្ដែការរស់នៅជាមួយបងប្អូនស្រីទាំង៣នាក់ តែក្ដាប់មុខជំនួញយ៉ាងមមាញឹកនេះ បញ្ជាក់ថា ទោះជាមិនទាន់មានមនុស្សប្រុស មកជ្រោមដឹកនាំគ្រួសារមួយនេះ ក៏នាងនៅតែដើរទៅមុខតាមគម្រោងការដែរ៕

កញ្ញាឌួង ហ្សូរីដា និងលោករ៉ាស៊ី


