Friday, May 16, 2025
Homeព័ត៌មានជាតិសង្ឃយិន វ៉ាយ ក្លាយជាអន្ទិតហើយ

សង្ឃយិន វ៉ាយ ក្លាយជាអន្ទិតហើយ

 ភ្នំពេញ ៖ ព្រះតេជគុណ យិន វ៉ាយ ដែលជាព្រះសង្ឃល្បីក្នុងការងារមនុស្សធម៌ តែងអំពាវនាវរកជំនួយ និងនិមន្តចុះចែកអំណោយសប្បុរសធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្មេងកំព្រា អនាថា ចាស់ជរា ជនមានពិការភាព ជាដើមនោះ បន្ទាប់ពីទទួលការចោទពីមជ្ឈដ្ឋានមួយចំនួនថា បានកិបកេងលុយជំនួយ ២៣០០០ដុល្លារ របស់ភិក្ខុ ទន ចិត្រា ដែលមានអាពាធខូចតម្រងនោម (ក្រលៀន)  ត្រូវការវះកាត់ដូរក្រលៀន នៅប្រទេសឥណ្ឌា ហើយត្រូវបានលោកឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល ដែលជាអ្នកសកម្មខាងការងារមនុស្សធម៌ ជួយសង្គមមួយរូបដែរ ទម្លាយទាំងលិខិតកិច្ចសន្យារបស់ភិក្ខុ យិន វ៉ាយ ដែលបានសារភាពថាពិតជាបានដកយកលុយជំនួយរបស់ភិក្ខុ ទន ចិត្រា ចំនួន ២៣០០០ដុល្លារ ដោយធានាសងវិញគ្រប់ចំនួន ហើយលោកផ្កាយ១ ទី ចំរើនកុសល ថែមទាំងបានស្នើទៅគណៈសង្ឃនាយក ចាប់ផ្សឹកព្រះសង្ឃក្មេង  យិន វ៉ាយ ដោយចោទប្រកាន់ថា ពេលយប់បានលួចដោះស្បង់ចីវរចេញ ស្លៀកពាក់ជាគ្រហស្ថ ពាក់មួយបិទបាំងក្បាលត្រងោល ចូលក្លឹបរាត្រីនោះ ពេលនេះព្រះសង្ឃក្មេងអង្គនេះ បានសម្រេចសឹក ក្លាយជាអន្ទិតហើយ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ភិក្ខុ យិន វ៉ាយ ព្រះសង្ឃវ័យក្មេង ដែលសកម្មខាងការងារមនុស្សធម៌ បានកៀរគរជំនួយ ជួយភិក្ខុ ទន ចិត្រា សង្ឃកំព្រាឪពុកម្ដាយ គង់នៅវត្តអង្គប្រាសាទ ស្ថិតក្នុងភូមិអង្គប្រាសាទ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលកំពុងមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ខូចតម្រងនោម (ក្រលៀន) ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម បានប្រាក់ជំនួយរាប់ម៉ឺនដុល្លារ ដោយក្នុងនោះ ព្រះអង្គបានប្រកាសថ្លែងអំណរគុណផងដែរ ដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានប្រគេនបច្ច័យចំនួន ៥០ ០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) និងរដ្ឋបាលខេត្តតាកែវ ប្រគេនបច្ច័យ ១ម៉ឺនដុល្លារ ព្រមទាំងសប្បុរសជាច្រើនទៀត បានជួយឧបត្ថម្ភតាមរយៈព្រះអង្គ ។ ប៉ុន្តែទន្ទឹមនឹងនេះ ស្រាប់តែលេចឮរឿងអាស្រូវថា ភិក្ខុយិន វ៉ាយ បានលួចដកយកលុយដែលសប្បុរសជនបរិច្ចាគជូនភិក្ខុ ទន ចិត្រា សម្រាប់ការព្យាបាល វះកាត់ដូរក្រលៀន នៅប្រទេសឥណ្ឌា នោះ អស់ចំនួន ២៣០០០ដុល្លារ ។ ប៉ុន្តែបែកធ្លាយរឿងដកលុយនេះហើយ ភិក្ខុ យិន វ៉ាយ បានធ្វើកិច្ចសន្យាសងលុយនេះ ទៅភិក្ខុទន ចិត្រា វិញគ្រប់ចំនួន ។

នៅក្នុងកិច្ចសន្យាសងលុយ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដែលមានស្នាមមេដៃអ្នកជំពាក់ (យិន វ៉ាយ)  ស្នាមមេដៃជនរងគ្រោះ (ទន ចិត្រា) និងស្នាមដៃសាក្សី  (អាត រិទ្ធី) ផងដែរនោះ ភិក្ខុយិន វ៉ាយ បានសារភាពនិងសន្យាថា “អាត្មាភាព ព្រះនាមយិន វ៉ាយ បានដកលុយថ្លៃពេទ្យរបស់លោកប្អូនចិត្រា ដោយគ្មានការព្រមព្រៀង ចំនួន២៣០០០ដុល្លារ ។ អាត្មាភាពសូមទទួលខុសត្រូវសងលោកប្អូនចិត្រា វិញទាំងអស់គ្រប់ចំនួន ពេលត្រលប់ទៅខ្មែរវិញ បើមិនសងគ្រប់ចំនួនទេ អាត្មាភាព សូមទទួលខុសត្រូវមុខច្បាប់ជាធរមាន“ ។

ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកតាមដានរឿងនេះ បានចោទប្រកាន់ថា ភិក្ខុយិន វ៉ាយ មិនទាន់បានសងលុយជំនួយនេះ ទៅភិក្ខុ ទន ចិត្រា វិញទេ និងកំពុងព្យាយាមគេចវេះពីរឿងនេះទៀតផង ។

ជុំវិញបញ្ហានេះ លោកឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល បានស្នើគណៈសង្ឃនាយក គួរតែបកស្បង់ព្រះសង្ឃ យិន វ៉ាយ នេះ ព្រោះភ័ស្តុតាងមានគ្រប់គ្រាន់ហើយថា សង្ឃអង្គនេះ ពិតជាបានកិបកេងលុយ ២៣០០០ដុល្លារ របស់ភិក្ខុ ទន ចិត្រា ហើយបើនិយាយនៅក្នុងវិន័យព្រះពុទ្ធសាសនា សង្ឃអង្គនេះ ត្រូវអាបត្តិបារាជិក ព្រោះបានយកលុយទាំងនេះទៅដើរលេងហ៊ឺហា ពេលយប់ ដោះស្បង់ចីវរចេញ ចូលក្លឹបរាត្រី ជាដើម។

លោកទី ចំរើនកុសល បានបង្ហោះរូបភាព និងសំណេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា “នេះជាសំណេរផ្ទាល់ដៃរបស់បុគ្គល Yin Vay ដែលបានសារភាពនៅចំពោះមុខគណៈសង្ឃនាយក ថាពិតជាបានកិបកេងបន្លំយកប្រាក់ ចំនួន ២៣ ០០០ដុល្លារ ពីលោកប្អូនចិត្រា ដែលត្រូវប្តូរក្រលៀន នៅប្រទេសឥណ្ឌា។ មកដល់ពេលនេះ បុគ្គល Yin Vay មិនទាន់សងលុយនោះទៅលោកប្អូនវិញអស់នៅឡើយ។

សំណួរ ៖

១-តើខ្វះធនធានមនុស្សឲ្យសាងផ្នួសណាស់ទៅឬ បានជាគណៈសង្ឃនាយក មិនព្រមបកស្បង់ចីវរចេញពីបុគ្គលបំផ្លាញព្រះពុទ្ធសាសនា ម្នាក់នេះ?

២-តើលោកអ្នកនៅបន្តចាញ់បោកបុគ្គលបោកប្រាស់ម្នាក់នេះទៀតឬ?

សំណូមពរ ៖ សូមគណៈសង្ឃនាយក ចាប់ផ្សឹកបុគ្គល Yin Vay ហើយបញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។

សូមអានវិន័យសង្ឃ ដូចខាងក្រោម ៖

អាបត្តិបារាជិក មាន៤ : ១-ភិក្ខុសេពមេថុនធម្ម (រួមភេទ), ២- មនុស្សវិគ្គហ (សម្លាប់មនុស្ស), អទិន្នាទាន (លួចទ្រព្យគេដែលមានតម្លៃចាប់ពី ៥មាសកៈ ឡើងទៅ), ឧត្តរិមនុស្សធម្ម (អួតកុហកគេថាខ្លួនសម្រេចនូវធម៌របស់ព្រះអរហន្ត)។

អទិន្នាទាន : ការលួច, ឬប្រវ័ញ្ចយក, ឬបន្លំយក, ឬកេងយកនូវទ្រព្យរបស់គេ មកធ្វើជារបស់ខ្លួន, ជាប្រយោជន៍ផ្ទាល់ខ្លួន ក្នុងទំហំតម្លៃចាប់ពី ៥មាសកៈ ឡើងទៅ ភិក្ខុនោះ នឹងត្រូវអាបត្តិបារាជិក។ ៥មាសកៈ = យកស្រូវល្អ ៥គ្រាប់ ទៅថ្លឹងនឹងជញ្ជីងមាស ហើយមើលទម្ងន់ ប៉ុន្មានហ៊ុន ប៉ុន្មានជី? ហើយគិតជាលុយ តាមហាងឆេងមាស។ បើក្រោមតម្លៃ ទោសមិនដល់បារាជិកទេ តែបើស្មើ និងលើសតម្លៃហើយ គឺទោសបារាជិកហើយ មិនមែនជាភិក្ខុ ទៀតទេ គឺសល់តែសំបកស្បង់ចីវរតែប៉ុណ្ណោះ។ បារាជិក=ព្រហ្មទណ្ឌកម្រិតធ្ងន់“ ។

លោកទី ចំរើននកុសល បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា “បុគ្គល Yin Vay ព្យាយាមបដិសេធកុហកថា រឿងលួចលុយរបស់លោកប្អូន ទន ចិត្រា ជារឿងមិនពិត ចុះសារឆ្លើយឆ្លងជាមួយលោកប្អូន ទន ចិត្រា ជារបស់អ្នកណា???  បងប្អូនដែលធ្លាប់ផ្ញើប្រាក់តាមបុគ្គល Yin Vay ដើម្បីជួយដល់ជនក្រីក្រជ្រកក្រោមការងារមនុស្សធម៌ សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំទុកចិត្តដោយសារតែកោរត្រងោល គ្រងស្បង់ចៅពរ ព្រោះបុគ្គលនេះ បច្ចុប្បន្នលែងមានវត្តជ្រកកោនហើយ ។ បុគ្គលនេះ បានកិបកេងប្រាក់ជំនួយ រាប់ម៉ឺនដុល្លារ រាប់សិបឆ្នាំហើយយកទៅទិញដី នៅស្រុកកំណើត ឯខេត្តតាកែវ។

បុគ្គល Yin Vay នេះធ្លាប់មានប្រវត្តិលួចលុយមូលនិធិដែលប្រជាពលរដ្ឋរួមគ្នាផ្ញើជួយថ្លៃប្តូរក្រលៀនលោកប្អូន ទុន ចិត្រា នៅឯប្រទេសឥណ្ឌា“ ។

លោកទី ចំរើន កុសល បានសរសេរបន្ថែម នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ថា “នេះជាភ័ស្តុតាងមួយទៀតដែលបញ្ជាក់ថា បុគ្គលចិត្តខ្មៅ Yin Vay ពិតជាបានលួចយកលុយសម្រាប់ប្តូរក្រលៀនលោកប្អូន ទន ចិត្រា ពិតប្រាកដមែន។ ថោកទាបណាស់ បុគ្គលនេះ ប្រជាពលរដ្ឋសឹងមួយនគរ រួមគ្នាជួយសង្គ្រោះជីវិតលោកប្អូន ទន ចិត្រា ចំណែកបុគ្គលថោកទាបនេះ ថ្លើមខ្មៅ លួចយកលុយនេះមកធ្វើមានបាន និងដើរសប្បាយហ៊ឺហា ពេលយប់ចូលក្លឹប។

ខាងក្រោមនេះជាសារលោកប្អូន ទន់  ចិត្រា តាមទារលុយពីចោរ Yin Vay។

តាមព័ត៌មាន បុគ្គល Yin Vay បានប្រាក់ច្រើនពីការងារសប្បុរសធម៌ និងបានទិញផ្ទះ នៅភ្នំពេញ ទិញដីនៅស្រុកកំណើត នៅខេត្តតាកែវ។ បើបងប្អូនណាមានព័ត៌មានអំពីទ្រព្យទាំងអស់នេះសូមជួយផ្តល់ព័ត៌មានផង ការសម្ងាត់ត្រូវបានរក្សាជូន“ ។

ទោះបីយ៉ាងណា ប្រឈមនឹងការចោទប្រកាន់ខាងលើនេះ ភិក្ខុ យិន វ៉ាយ បានចូលប្រជុំជាមួយគណៈសង្ឃនាយក នៅអគ្គាធិការដ្ឋាន នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ហើយបានសម្រេចលាចាកសិក្ខាបទ (សឹក) នៅពេលនោះតែម្ដង ។

អន្ទិតយិន វ៉ាយ បានបញ្ជាក់ប្រាប់ «នគរធំ» ក្រោយបញ្ចប់កិច្ចប្រជុំ និងបានលាចាកសិក្ខាបទរួចរាល់ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ថា ការលាចាកសិក្ខាបទយ៉ាងតក់ក្រហល់នេះ មិនមែនដោយសារមានការបង្ខិតបង្ខំ ឬមានលក្ខខណ្ឌពីគណៈសង្ឃនាយកទេ គឺជាការស្ម័គ្រចិត្តរបស់លោក ដើម្បីលាងភាពស្អាតស្អំរបស់លោក និងដើម្បីថែរក្សាតម្លៃព្រះពុទ្ធសាសនា ព្រោះការចោទប្រកាន់ទាំងនោះ ធ្វើឲ្យលោកពិបាកទទួលយកបាន ។

អន្ទិត យិន វ៉ាយ បានថ្លែងថា “បាទ! នៅក្នុងការប្រជុំជាមួយគណៈសង្ឃ ខ្ញុំបាទបានបកស្រាយទៅតាមហ្នឹងទាំងអស់ ហើយអត់ទៅមានជាទោសទណ្ឌអីទេ ហើយក៏បានបញ្ចប់ទាក់ទងទៅនឹងរឿងទាំងអស់នេះ គឺការដែលគេចោទប្រកាន់ មួលបង្កាច់យើងគ្រប់បែបយ៉ាងនេះ ខ្ញុំបាទបដិសេធ ប៉ុន្តែអ្វីដែលខ្ញុំបាទទទួលមកដល់ពេលនេះ គឺខ្ញុំបាទសុំលាចាកបទ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា ដើម្បីបញ្ចប់រឿងទាំងឡាយ ព្រោះអ្វីដែលគេចោទប្រកាន់ខ្ញុំបាទទាំងអស់ហ្នឹង គឺរឿងខ្លះ បុគ្គលដែលមិនមានការពាក់ព័ន្ធហ្នឹង គាត់មិនបានដឹងអំពីជម្រៅនៃសាច់រឿងហ្នឹងទេ អ៊ីចឹងយកតែរូបភាព១សន្លឹក ២សន្លឹក ហើយធ្វើការសន្និដ្ឋាន ។ ដូច្នេះការលាចាកសិក្ខាបទនេះ ដោយសារខ្ញុំបាទគិតឃើញពីតម្លៃព្រះពុទ្ធសាសនាជាសំខាន់ ទោះបីជាក្នុងទម្រង់មួយដែលខ្ញុំបាទខុសឬត្រូវក៏ដោយ ក៏ខ្ញុំបាទត្រូវលាចាកសិក្ខាបទដែរ ព្រោះអីរឿងនេះវាជះឥទ្ធិពលដល់ព្រះពុទ្ធសាសនា ជាតម្លៃមួយដែលប្រជាពលរដ្ឋខ្មែរ គោរពស្រលាញ់ ហើយបើកាលណាដែលខ្ញុំបាទនៅទៀត ទោះបីជាយើងត្រូវ ឬយើងល្អយ៉ាងណាក៏ដោយ ក៏មនុស្សដែលមានបំណងចង់ជាន់ពន្លិចព្រះពុទ្ធសាសនានោះ នៅតែបន្តសកម្មភាពចោទប្រកាន់យើងមករហូតអ៊ីចឹង ។ អ៊ីចឹងយើងក៏សម្រេចចិត្តថា កុំដោយសារតែបុគ្គលខ្ញុំមួយរូប ប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា អ៊ីចឹងខ្ញុំសូមលាចាកសិក្ខាបទ ដើម្បីបញ្ចប់បញ្ហាគ្រប់យ៉ាង ។ ចំពោះថវិកាទាំងអស់ហ្នឹង ដែលធ្វើកិច្ចសន្យានៅឥណ្ឌា ហ្នឹង គឺចំនួន ២៣០០០ដុល្លារ ខ្ញុំបាទបានព្រមព្រៀងនៅឥណ្ឌា ហ្នឹង តែមិនមែនខ្ញុំជាអ្នកសរសេរទេ កិច្ចសន្យាទាំងអស់ហ្នឹង គឺធ្វើឡើងដោយលោកអាត រិទ្ធី ជាអ្នកសរសេរឡើង ហើយក៏បង្ខំឲ្យខ្ញុំបាទផ្ដិតមេដៃ ខ្ញុំក៏នឹកឃើញថា ថវិកាហ្នឹង ខ្ញុំមិនបានទទួលយកទាំងអស់ទេ ថវិកាហ្នឹង វានៅខ្វះតែ ៥០០០ដុល្លារទេ ប៉ុន្តែខ្ញុំក៏ទទួលស្គាល់ ដោយសារខ្ញុំឲ្យពាក់កណ្ដាលទៅ គេមិនយកទេ គេចាំយកទាំងអស់»។

អន្ទិត យិន វ៉ាយ បានបន្តថា “ត្រង់នេះ ខ្ញុំសូមរៀបរាប់ថា កិច្ចសន្យាជាមួយមន្ទីរពេទ្យហ្នឹង ដំបូងគឺយើងកក់ប្រាក់គេហ្នឹង ៥០០០ដុល្លារ ដើម្បីទៅរត់ឯកសារហ្នឹង កក់ដំណាក់កាលទី១ ខ្ញុំផ្ញើទៅហើយ ។ ដំណាក់កាលទី២ មុនពេលឡើងយន្តហោះ ត្រូវប្រគល់ជូនចំនួន ២២៥០០ដុល្លារ អាហ្នឹងខ្ញុំប្រគល់ឲ្យហើយដែរ ។ អ៊ីចឹងប្រាក់លោកប្អូន ទន ចិត្រា នៅខ្ញុំហ្នឹង គឺមានតែ ១៨០០០ដុល្លារប៉ុណ្ណោះ ដែលត្រូវសម្រាប់ឲ្យពេទ្យ ។ មុនពេលឡើងយន្តហោះ ខ្ញុំបានដាក់ប្រាក់ឲ្យនៅក្នុងកុងរបស់លោកប្អូនចិត្រា ហ្នឹង ចំនួន ៥០០០០ដុល្លារ ប្រាក់ខ្មែរ ចំនួន៣៩លានរៀល ។ បន្ទាប់មកកិច្ចសន្យាចុងក្រោយហ្នឹង មុនវះកាត់ ១សប្ដាហ៍ ត្រូវប្រគល់ប្រាក់ជូនពេទ្យ ។ នៅពេលដែលលោកប្អូនចិត្រា ហ្នឹង ចោទប្អូនប្រុស ធន ម៉េងហៀង ថាកិបកេងលុយ កេងប្រវ័ញ្ចលុយគាត់អ៊ីចឹងទៅ ខ្ញុំក៏ដើរតួសម្របសម្រួលថា លោកប្អូន យើងកុំបង្ខំ កុំអីអ៊ីចឹងទៅ រឿងនេះយើងដោះស្រាយអីអ៊ីចឹងទៅ បញ្ហានេះ យើងកុំឲ្យវាមានការមិនល្អពីមហាជនហើយ យើងសុំពីមហាជនមកព្យាបាលហើយ យើងមានការកិបកេងលុយណាណីអ៊ិចឹង វាបញ្ហាហ្នឹង យើងដោះស្រាយ ហើយលោកប្អូនហ្នឹងក៏ព្រមទទួលកំហុសថា ខ្លួនឯងយល់ច្រឡំ ក៏បានធ្វើលិខិតសុំទៅកាន់ប្អូន ធន ម៉េងហៀង ថាខ្លួនឯងយល់ច្រឡំ ចោទប្រកាន់គេខុស ។ នៅពេលដែលខ្ញុំវិលត្រលប់មកស្រុកខ្មែរ ហ្នឹងហើយ ខ្ញុំមានធុរៈ ហើយខ្ញុំក៏វិលត្រលប់ទៅឥណ្ឌា វិញ ក៏អន់ចិត្តជាមួយខ្ញុំ អារឿងថាខ្ញុំសម្របសម្រួលជាមួយនឹងប្អូន ធន ម៉េងហៀង ហ្នឹង ក៏បញ្ចេះឲ្យពេទ្យហ្នឹង មកទារលុយហ្នឹងមុនកិច្ចសន្យា ។ បានន័យថា កិច្ចសន្យាហ្នឹង មុនវះកាត់ ១សប្ដាហ៍ ទើបប្រគល់ជូនប្រាក់ចុងក្រោយ ២២៥០០ដុល្លារ ប៉ុន្តែឲ្យពេទ្យមកយកមុនកំណត់ ខ្ញុំមានលុយមិនទាន់គ្រប់ លុយនៅនឹងខ្លួនខ្ញុំអត់គ្រប់ ខ្ញុំក៏បានប្រាប់ថា លោកប្អូនបាញ់ឲ្យគេសិនទៅ  ហើយលុយនៅកូណាហ្នឹង ចាំកូណាប្រគេនលោកប្អូនវិញ ថាពីរសប្ដាហ៍ទៀត កូណាប្រគេនលោកប្អូនវិញ ។ អ៊ីចឹងទៅ ខ្លាចលោកមិនទុកចិត្ត ក៏ឲ្យអាត រិទ្ធី ហ្នឹងធ្វើកិច្ចសន្យាទៅ ហើយខ្ញុំក៏អនុវត្តទៅតាមកិច្ចសន្យាហ្នឹង ។ នៅពេលដែលខ្ញុំវិលត្រលប់មកខ្មែរ វិញ ស្រាប់តែលោកទារភ្លាម ហើយគំរាមបង្ហោះរូប បង្ហោះអី ខ្ញុំក៏ប្រាប់លោកប្អូនថា ហេតុអីលោកប្អូនមិនទុកពេលឲ្យខ្ញុំ? មិនមានមនោសញ្ចេតនាអ៊ីចឹង? ខ្ញុំជួយសុំគេរហូតដល់បាន ១៣ម៉ឺនដុល្លារ ជួយលោកប្អូនហើយ លោកប្អូនទុកពេលឲ្យខ្ញុំ តែ ២សប្ដាហ៍ ខ្ញុំមិនទៅយកលុយហ្នឹងឯណា? គឺប្រាក់នៅនឹងខ្ញុំ ២៣០០០ដុល្លារហ្នឹង ដោយសារតែនៅពេលដែលខ្ញុំមកខ្មែរហ្នឹង មានគេជួបគ្រោះថ្នាក់ចរាចរណ៍ទៅ ខ្ញុំបានដកជួយគេទៅ ក៏បានអស់ប្រាក់ហ្នឹង ចំនួន៥៥០០ដុល្លារ ខ្ញុំនៅខ្វះ ៥៥០០ដុល្លារ ខ្ញុំមាន ១ម៉ឺនជាងហើយ ហើយខ្ញុំថា សុំលោកប្អូនទុកពេលឲ្យខ្ញុំ ២សប្ដាហ៍មក ខ្ញុំនឹងប្រគល់ប្រាក់ហ្នឹងជូនទៅលោកប្អូនគ្រប់ចំនួនវិញ តែលោកអត់ទុកពេលឲ្យទេ ហើយដកហ្នឹង មិនមែនដកយកទៅធ្វើអីទេ អត់មានធ្វើអីទេ ព្រោះរាល់ថ្ងៃនេះ ខ្ញុំបាទក៏អត់មានអីដែរ ជីវភាពគ្រួសារបងប្អូន ឪពុកម្ដាយហ្នឹងសុទ្ធតែទីទ័លក្រទាំងអស់ អាចធ្វើការស៊ើបអង្កេតអីមើលទៅ ក៏ខ្ញុំហ៊ានដែរ ពីព្រោះអីខ្ញុំអត់បានដកលុយហ្នឹងយកមកចាយផ្ទាល់ខ្លួនឯង សូម្បីតែ ១០០ ក៏អត់មានដែរ“ ។

អន្ទិត យិន វ៉ាយ បន្តទៀតថា “ចំពោះគេចោទខ្ញុំថា ខ្ញុំធើ្វការងារសប្បុរសធម៌ កិបកេងរហូតបានធ្វើផ្ទះនៅភ្នំពេញ និងដីនៅស្រុកកំណើតខេត្តតាកែវ នោះ ខ្ញុំសូមបញ្ជាក់ថា បើសិនពិតដូចអ្វីដែលគេបានចោទពិតប្រាកដមែន ខ្ញុំបាទសុខចិត្តដាក់ជីវិត បើសិនជាមានរកឃើញកន្លែងណាដែលមានផ្ទះ មានដី ឬក៏កន្លែងណាដែលខ្ញុំជួយបងប្អូនខ្ញុំ ជាដុំកំភួនអីហ្នឹង ខ្ញុំហ៊ានដាក់ជីវិត គឺខ្ញុំអត់មានទាល់តែសោះ សូម្បីតែម្ដាយខ្ញុំគ្រោះថ្នាក់ចរាចរណ៍ ខ្ញុំគ្មានទាំងលុយឲ្យម្ដាយខ្ញុំទៅពេទ្យផង ។ នេះគឺសម្ដែងភាពស្មោះត្រង់របស់ខ្ញុំ ខ្ញុំអត់មានបានកិបកេងប្រវ័ញ្ចថវិការបស់បងប្អូនសប្បុរសជនណាសូម្បីតែ ១០០ ខ្មែរទេ ។ មួយទៀត ទាក់ទងនឹងប្រាក់ទៅជួយអ្នកនៅភូមា ហ្នឹង ដំបូងខ្ញុំថា ខ្ញុំទៅ ខ្ញុំបានប្រាក់ហ្នឹង ២០០០ដុល្លារ ខ្ញុំប្រុងទៅ បន្ទាប់មកក៏មានបញ្ហាជាមួយនឹងរឿងថវិកានៅឥណ្ឌា ហ្នឹង ខ្ញុំក៏អត់បានទៅវិញ ហើយខ្ញុំក៏ផ្ញើថវិកាហ្នឹង តាមសមាគមផ្សេងៗ បែងចែក បានបាញ់ទៅព្រះអង្គ ហាស់ តុលា ហ្នឹង ៥០០ដុល្លារ បាញ់ទៅព្រះអង្គ សុធាវី ខាងធម្មិកជីវិតហ្នឹង ៣០០ដុល្លារ បាញ់ទៅបងស្រី រតនទេវី ហ្នឹង ៣០០ដុល្លារ និងបាញ់ទៅគណៈសង្ឃនាយកហ្នឹង ១០០០ដុល្លារ ទាំងអស់ទៅ វា ២១០០ដុល្លារ ។ នៅពេលដែលខ្ញុំមានបញ្ហារឿងប្រាក់ហ្នឹង គណៈសង្ឃនាយក អត់ទទួលទេ ប្រាក់ហ្នឹង គេក៏បានបាញ់វិលត្រលប់មកឲ្យខ្ញុំវិញ ហើយរតនទេវី ហ្នឹងគេក៏អត់ទទួលដែរ គេក៏បានបាញ់មកឲ្យខ្ញុំវិញ ។ នៅពេលនោះ ខ្ញុំក៏បានប្រាប់ទៅម្ចាស់សទ្ធាថា ថវិកាហ្នឹង ខ្ញុំអត់បានទៅទេ ខ្ញុំផ្ញើទៅតាមសមាគមផ្សេងៗ បានបែងចែក ប៉ុន្តែគេអត់ទទួល អ៊ីចឹងខ្ញុំសុំផ្ទេរប្រាក់ហ្នឹងទៅម្ចាស់ជំនួយវិញ ហើយខ្ញុំក៏បានបាញ់ប្រាក់ហ្នឹងទៅឲ្យម្ចាស់ជំនួយវិញដែរ ឲ្យគ្រប់ចំនួនគេហ្នឹងវិញ ហើយខ្ញុំផុសតែប្រាក់ណាដែលខ្ញុំបានបាញ់ទៅឲ្យគេហ្នឹង ហើយដល់ពេលអ៊ីចឹងទៅ គេឃើញប្រាក់ដែលគេចូលរួមហ្នឹងច្រើន ហើយខ្ញុំបាញ់ទៅឲ្យគេហ្នឹងតិច គេគិតថា ខ្ញុំហ្នឹងកិបកេងលុយហ្នឹង ។ ខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងថា ខ្ញុំមិនបានកិបកេងប្រវ័ញ្ចប្រាក់ទាំងអស់នោះទេ បើចង់ឲ្យស្មោះត្រង់ទាំងអស់គ្នា អាចសួរម្ចាស់ជំនួយនោះបាន ជាពិសេសគឺជំទាវ កែ សួនសុភី សសុខា ដែលគាត់បានចូលរួមចំនួន ១៨០០ដុល្លារ ខ្ញុំបានបាញ់ជូនទៅគាត់វិញ ចំនួន១០០០ដុល្លារ“ ។

លោកយិន វ៉ាយ បន្ថែមថា “សម្រាប់ខ្ញុំ ធ្វើកិច្ចការសប្បុរសធម៌ វាតែងតែមានការចោទប្រកាន់ពីមហាជនដោយប្រការយ៉ាងនេះ យ៉ាងនោះ ដោយឃើញទឹកប្រាក់ច្រើនអ៊ីចឹងទៅ ក៏គិតមិនល្អទៅលើអ្នកធ្វើកិច្ចការងារសប្បុរសធម៌ហ្នឹង វាតែងតែមាន ប៉ុន្តែសម្រាប់ខ្ញុំៗឈរទៅលើភាពត្រឹមត្រូវ ខ្ញុំគប្បីជាមួយនឹងមនសិការរបស់ខ្ញុំ ខ្ញុំដេកលក់ស្រួល ខ្ញុំក្រ ឪពុកម្ដាយខ្ញុំក្រ បងប្អូនខ្ញុំក្រ ខ្ញុំជួយគេ ដោយមិនរំពឹងចង់បានការតបស្នង ឬក៏ចង់បានផលប្រយោជន៍ពីការជួយអ្នកដទៃវិញទេ ។ បើសិនជាខ្ញុំមានគំនិតទុច្ចរិត មានគំនិតមិនល្អ លុយដែលខ្ញុំអង្គាសបាន ខ្ញុំចេះកិបកេងអ៊ីចឹង គឺខ្ញុំមានបាត់ទៅហើយ ប៉ុន្តែសព្វថៃ្ងនេះ គឺខ្ញុំអត់មានអីទេ ហើយខ្ញុំផ្ដាំផ្ញើទៅដល់មហាជនទាំងអស់ដែលបានឃើញការបង្ហោះរបស់បុគ្គលមួយចំនួនដែលវាយប្រហារខ្ញុំ គិតថាខ្ញុំយ៉ាងនេះ យ៉ាងនោះ សូមមហាជនកុំឲ្យអគតិ ទាល់តែយើងស្ដាប់សងខាងសិន រឿងដំណើររឿងសិន ពីព្រោះអីរឿងខ្លះយើងមិនអាចស្ដាប់តែម្ខាងបានទេ ទាល់តែយើងស្ដាប់ទាំងអស់គ្នា ហើយរឿងលោកប្អូន ទន ចិត្រា នេះ គឺរឿងហ្នឹងខ្ញុំបានបញ្ចប់ត្រង់ថា ខ្ញុំបានប្រគល់ប្រាក់ ប្រគល់អីទៅ ធ្វើកិច្ចសន្យាជាមួយគណៈសង្ឃ ដើម្បីបញ្ចប់រឿងទាំងអស់ហ្នឹង ហើយរឿងប្រាក់ហ្នឹង ខ្ញុំនៅតែទទួលស្គាល់ថា ប្រាក់ហ្នឹងខ្ញុំជាអ្នកទុកដាក់ ប៉ុន្តែបើយើងអនុវត្តទៅតាមកិច្ចសន្យា គឺខ្ញុំមិនត្រូវប្រគល់ឲ្យទេ ប្រាក់ហ្នឹងនោះ ដោយសារតែព្រះអង្គ ទន ចិត្រា និងអាត រិទ្ធី ហ្នឹង ប្រើប្រាស់ហ្នឹងវាខុសគោលដៅ អ៊ីចឹងទើបខ្ញុំមិនទាន់ប្រគល់ឲ្យ ហើយអ៊ីចឹងទៅ គេចេញឲ្យសិន ហើយយើងនឹងឲ្យទៅតាមក្រោយ ហើយគណៈសង្ឃនាយក នឹងបើកការស៊ើបអង្កេត ទាក់ទងទៅនឹងប្រាក់ដែលព្រះអង្គ ទន ចិត្រា ប្រើប្រាស់ក្នុងការព្យាបាលហ្នឹង តើប្រើប្រាស់ទៅលើការព្យាបាលអីខ្លះ? សង្រ្គោះបន្ទាន់ ឬអីយ៉ាងណា គេនឹងបើកការស៊ើបអង្កេត និងបង្កើតគណៈកម្មការគ្រប់គ្រងប្រាក់នៅឥណ្ឌា ហ្នឹង ដើម្បីឲ្យមានតម្លាភាពនៅក្នុងការចាត់ចែង។ ឯសម្រាប់ខ្ញុំបាទ ពេលនេះ ខ្ញុំបាទចប់សព្វគ្រប់ហើយ ព្រោះអីខ្ញុំបាទបានលាងភាពស្អាតស្អំរបស់ខ្ញុំបាទហើយ អត់មានអីទៅពាក់ព័ន្ធជាមួយនឹងប្រាក់ទាំងអស់ហ្នឹងទៀតទេ ហើយខ្ញុំបាទសឹកមកនេះ ក៏ខ្ញុំបាទមិនបានដោយការបង្ខិតបង្ខំអីដែរ គឺដោយការស្ម័គ្រចិត្តរបស់ខ្ញុំបាទ ដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា រក្សាតម្លៃការសាងផ្នួសរបស់ខ្ញុំ រយៈពេលជិត២០ឆ្នាំនេះ“ ៕ កុលបុត្រ

RELATED ARTICLES