Saturday, May 17, 2025
Homeតារាខ្មែរឈូ ឈូ មានឡានថ្មី អត់សង្សារ

ឈូ ឈូ មានឡានថ្មី អត់សង្សារ

ភ្នំពេញ ៖ តារាវ័យក្មេង កញ្ញាអាង សុជាតា ហៅឈូ ឈូ បានទិញរថយន្ដថ្មី ពណ៌ខ្មៅ ១គ្រឿង តម្លៃ ៣៦៥០០ ដុល្លារ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ធ្វើឲ្យតារារួមអាជីពនិងអ្នកគាំទ្រ (Fan) បានអបអរសាទរនាង និងថាស្រីស្រស់ ពិតជាពូកែសន្សំលុយមែន បានជាឡើងកាលីពមិនធម្មតា ព្រោះកាលពីឆ្នាំ២០២១ ទើបតែទិញរថយន្ដ MG ១គ្រឿង ឥឡូវទិញថែមមួយគ្រឿងទៀត ។ ជាមួយគ្នានេះដែរ មានខ្លះឆ្ងល់ថា តើស្រីក្មេង ឈូ ឈូ បានលុយពីណា ទិញរថយន្ដថ្មី ជិះយ៉ាងឡូយ នៅពេលនេះ ?

  អ្នកស្រីសឿន ផានផាភួង ជាម្ដាយរបស់ឈូ ឈូ បានប្រាប់អ្នកយកព័តមាន «នគរធំ »កាលពីថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៥ ថាតាមពិតសុជាតា ស្រលាញ់រថយន្ដនេះ តាំងពីឆ្នាំ២០២៤ ម្លេះ តែពេលនោះលុយអត់ទាន់គ្រប់ និងត្រូវការយកលុយមករកស៊ីផង ទើបពន្យារពេលសិន។ប៉ុន្ដែពេលនេះទិញរថយន្ដនោះបានសម្រេចហើយ ខណៈរថយន្ដ MG ដែលទិញកាលពីឆ្នាំមុននៅទុកជិះដដែល តែបានលក់រថយន្ដ Prius 011 នោះចេញទៅហើយ។ អ្នកស្រីផាភួង ថាបញ្ហាបានលុយមកពីណានោះ គឺចង់ប្រាប់ថា លុយម្ដាយកូនទាំងពីរ សន្សំជាមួយគ្នាពីសិល្បៈ និងរកស៊ីនេះឯង។

  កញ្ញាឈូ ឈូ និងអ្នកស្រីសៀន ផានផាភួង

ឈូ ឈូ ទើបតែអាយុ២១ឆ្នាំ តែស្រីស្រស់ថតភាពយន្ដបានជាង ៥០រឿងមកហើយ ក្នុងនោះ នាងលេងជាតួឯកក្នុងភាពយន្ដលេចធ្លោ ក្នុងរឿងភាគ ដូចជារឿង ”បងធម៌“, ”កញ្ញាម្ទេសខ្មាំង”, ”សិស្សកូន១“ និងរឿងដែលមានតួអង្គ៣គូ “ក្រាស់តា សង្សារកូន“ … ខណៈរឿងដុំ មានដូចជា ”ព្រាយកូនភ្លោះ“ ជាដើម ។

  ឆ្លើយតបសំណួរថា តើឈូ ឈូ មានសង្សារឬនៅ? ហើយទាក់ទងគូជីវិត ម្ដាយជាអ្នករៀបចំគូស្រករឲ្យ ឬនាងជាអ្នកសម្រេចដោយខ្លួនឯង? អ្នកស្រីផាភួង បញ្ជាក់ថា អត់ដែលហាមឃាត់កូនស្រី រឿងមានគូស្នេហ៍នោះទេ តែអ្នកស្រីធ្លាប់ឲ្យយោបល់ថា ស្រលាញ់អ្នកណាដែលស័ក្តិសមជាមួយខ្លួន ពិសេសគេស្រលាញ់យើងនិងគ្រួ សារ ។ ប៉ុន្ដែពេលនេះ កូនស្រីបែរជានៅតែអត់មានប្ដី ឬសង្សារ ក៏នៅតែមិនទាន់មានដែរ ព្រោះអត់ទាន់បានជួបអ្នកត្រូវចិត្ត។ទោះជាយ៉ាងណា អ្នកស្រីផាភួង ថានៅតែប្រកាន់ជំហរដដែល ពោលគឺទុកសិទ្ធិឲ្យកូនស្រីជ្រើសគូជីវិតដោយខ្លួនឯង ហើយអ្នកស្រី គ្រាន់តែឲ្យយោបល់បន្ថែមប៉ុណ្ណោះ ព្រោះចង់ឲ្យកូនល្អ ។

  គួររំលឹកថា ឈូ ឈូ ធ្លាប់ទិញរថយន្ដម៉ាក MG HS 2021 តម្លៃជាង ៤ម៉ឺនដុល្លារ កាលពីខែកក្កដា ២០២១  ពោលគឺជាង៣ឆ្នាំ ទើបនាងមានលទ្ធភាពទិញរថយន្ដមួយគ្រឿងទៀត ហើយ ដែលពេលនេះក្នុងវ័យនៅក្មេងខ្ចី មានរថយន្ដ ២គ្រឿង ជិះឆ្លាស់គ្នាយ៉ាងកាលីព ។ ក្រៅពីអាជីពសិល្បៈ សុជាតា ក៏បើកភោជនីយដ្ឋានមួយ ជាមួយម្ដាយ នៅម្ដុំផ្សារក្រមួន ខណ្ឌសែនសុខ រាជធានីភ្នំពេញ ផងដែរ ក្រោយផ្លាស់ប្ដូរហាងពីលក់ដូរនៅម្ដុំផ្សារទួលគោក ។

  ម្ដាយឈូ ឈូ បានឲ្យដឹងថា មុខរបរក្រៅពីសិល្បៈ នៅតែដំណើរការធម្មតាទៅមុខទៀត ដោយមានភ្ញៀវជាប្រចាំ ប៉ុន្ដែមិនជាច្រើនណាស់ណាទេ ព្រោះសេដ្ឋកិច្ចមិនសូវល្អ ។

  គួរបញ្ជាក់ថា ឈូ ឈូ បានប្រឡូកសិល្បៈ តាំងពីនៅតូច ដូចគ្នាទៅនឹងព្រះនាងតូចជេនណា, លី ច័ន្ទសីហា, អ៊ួន វ៉ាន់វីតា និងសក្ខីបុត្រ ធីតា ជាដើម។ ស្រីក្មេងរូបនេះ ធ្លាប់លេចមុខច្រើននៅហង្សមាស ទាំងថតសម្ដែងភាពយន្ដភាគ និង MV ហើយតាំងពីពេញវ័យ នាងក្ដាប់បានតំណែងជាតួឯក ជាបន្ដបន្ទាប់តែម្ដង។

ទស្សនិកជនរង់ចាំមើលថា ស្រីស្រស់តូចតន់ ឈូ ឈូ នឹងផ្ដោតតែលើការសន្សំលុយទិញរថយន្ដថែមទៀត ឬមួយក៏នាងចង់ពង្រីកមុរបរថ្មីបន្ថែម មុនរៀបការប្ដី? …៕

RELATED ARTICLES