ភ្នំពេញ ៖ នៅលើឆាកតន្រ្ដី ពិធីការិនីហង្សមាសសោម ស្រីនាថ បានបង្ហូរទឹកភ្នែកជោកថ្ពាល់ កាលពីពេលថ្មីៗ នេះ នៅពេលដែលតារាចម្រៀងលោកលីម តិចម៉េង ច្រៀងបទ «ម៉ែ» ដែលរៀបរាប់ពីការបែកគ្នាពីម្ដាយជារៀងរហូត…។ តារារួមអាជីព ព្យាយាមលួងលោមស្រីនាថ នៅកម្មវិធីផ្សាយផ្ទាល់នោះ ព្រោះតែពួកគេដឹងថា នាងមិនអាចទប់អារម្មណ៍បាន ដោយសាតែអត្ថន័យបទចម្រៀង ត្រូវនឹងរឿងជីវិតរបស់នាងតែម្ដង ។ ប៉ុន្ដែពេលនោះ ទឹកភ្នែកស្រីនាថ ហូរកាន់តែខ្លាំង…។

អ្នកយកព័តមាន «នគរធំ» បានទូរស័ព្ទទៅសោម ស្រីនាថ ជាច្រើនលើក កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ប៉ុន្ដែមិនអាចទាក់ទងបាន ។ យ៉ាងណា កាលពីដើមខែឧសភា ក្នុងកម្មវិធីសំណេរ ៥នាទី ទៅអ្នកម្ដាយនោះ ស្រីនាថ បាននិយាយផងយំផងថា «កូនស្រលាញ់ម៉ាក់ ចង់មានម៉ាក់ដូចគេ ចង់នាំម៉ាក់ទៅកន្លែងដែលម៉ាក់ចង់ទៅ»។

សោម ស្រីនាថ ដោយសាតែអារម្មណ៍ស្រណោះអាលោះអាល័យម្ដាយបែបនេះហើយ ក៏ប៉ះចំលោកលីម តិចម៉េង ច្រៀងបទ «ម៉ែ» ទៀត នាំឲ្យនាងមិនអាចទប់ទឹកភ្នែកជាប់ទេ ព្រោះបទនោះត្រូវគ្នាទៅនឹងសាច់រឿងពិតរបស់នាង ក៏ដូចជាមនុស្សទូទៅដែលបាត់បង់ម្ដាយ ។ សម្រាប់ស្រីនាថ ក្រោយអត់ពីម្ដាយ ពេលនេះនាងជាបង្គោលគ្រួសារ ត្រូវមើលថែនិងចិញ្ចឹមប្អូនប្រុស ពីរនាក់ ដែលកំពុងតែសិក្សា ពោលគឺនាងដើរតួជាម្ដាយផង ឪពុកផង និងបងស្រីផងក្នុងគ្រួសាររបស់នាង។

លោកលីម តិចម៉េង
សូមរំលឹកថា ម្ដាយសោម ស្រីនាថ បានលាចាកលោក កាលពីខែមិថុនា ឆ្នាំ២០១៧ ដោយជំងឺមហារីក ដែលជិត ៨ឆ្នាំមកនេះ គ្មានថ្ងៃណាដែលនាងមិននឹកដល់ម្ដាយនោះទេ ហេតុនេះហើយឲ្យតែមានគេនិយាយឬច្រៀងពាក់ព័ន្ធបទគុណម្ដាយ នាងតែងតែស្រក់ទឹកភ្នែកជានិច្ច ។ ចំណែកអាជីពសិល្បៈរបស់ស្រីនាថ ពេលនេះគេឃើញនាងផ្ដោតលើការធ្វើពិធីការិនី នៅទូរទស្សន៍ហង្សមាស ជាងសម្ដែង ឬដើរម៉ូដ។ អ្វីដែលគួរឲ្យកត់សម្គាល់ ទោះជាស្រីនាថ វិវឌ្ឍខ្លួនពីអាជីពសម្ដែង មកធ្វើជាពិធីការិនី (MC) មែន ប៉ុន្ដែថៅកែហង្សមាស ទុកចិត្តនាងដោយឲ្យកាន់កម្មវិធីធំៗជាបន្ដបន្ទាប់ ពិសេសគឺការប្រគំតន្រ្ដីទេសចរណ៍ តាមខេត្តនានា។សោម ស្រីនាថ ស្ថិតក្នុងចំណោមតារាដែលបាត់បង់ម្ដាយ ព្រោះជំងឺមហារីក គឺដូចគ្នាទៅនឹងឌួង ហ្សូរីដា, អ៊ីវ៉ា និងលោកកាវីន ជាដើម ។

គួរបញ្ជាក់ថា សោម ស្រីនាថ ជាម្ចាស់មកុដ «Bird’s Nest Division» ដែលធ្វើឡើងនៅប្រទេសចិន កាលពីដើមខែកក្កដា ឆ្នាំ២០២៣ ។ អំឡុងពេលដែលស្រីនាថ នៅតែយំ ព្រោះនឹកម្ដាយ ដែលទៅចោលនាងដោយគ្មានថ្ងៃត្រឡប់ ហើយពេលខ្លះយំលើឆាក ជូនកាលយំម្នាក់ឯងនេះ គ្មានដំណឹងនាងមានគម្រោងរៀបការឡើយ ។ ស្រីនាថ ជាតារាម្នាក់ដែលផ្ដើមចេញពីអាជីពសម្ដែងទៅជាពិធីការិនី គឺដូចគ្នាទៅនឹងយុគ ចិន្ដា, គង់ សុជាតិ, កែវ សីហា, ណាក់ ស្រីណា, ម៉ៃយ៉ា, កែវ និសា, ស៊ីន យូប៊ីន និងហ្វា ហ្វា ជាដើម ។ ប៉ុន្ដែការជ្រកនៅហង្សមាស ដែលប្រជុំទៅដោយពិធីករខ្លាំងៗជាច្រើនដួងនោះ វាមិនមែនជារឿងងាយស្រួលឡើយ សម្រាប់ស្រីនាថ ក្នុងការប្រជែងតំណែងជា MC នៅកម្មវិធីប្រលងចម្រៀងលំដាប់អន្ដរជាតិ ព្រោះអ្នកនាងគង់ សុជាតិ, ចាន់ កែវនិមល, ថន លក្ខិណា, រស់ សុធាវី និងយ៉ែម ស្រីពេជ្រ ជាដើម សុទ្ធដើរមួយជំហានមុននាង ៕






កញ្ញាសោម ស្រីនាថ និងលោកនួន សុធារ័ក្ស