ភ្នំពេញ ៖ ហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើពិធីទាយភេទកូនប្រុស ឬស្រី ? «Gender Reveal» កាលពីថ្ងៃទី១៨ ខែឧសភា ហើយជាលទ្ធផល តាមរយៈការបើកប្រអប់ដែលបិទជិត មានសញ្ញា២ គឺពណ៌ខៀវ ជាកូនប្រុស ពណ៌លឿង ជាកូនស្រី នោះពេលបើកទ្វាប្រអប់នោះ បង្ហាញថា ប៉េងប៉ោងព៌ណខៀវ ដែលបញ្ជាក់ថា នីរ័ត្ន ពពោះកូនប្រុស ។ ស្វាមីរបស់នីរ័ត្ន លោកឌី ពេជ្រ បានលោតលើឆាក ព្រោះរំភើបសប្បាយចិត្តខ្លាំងពេក ដោយសាតែបំណងចង់បានកូនប្រុស របស់លោក ទទួលបានជោគជ័យ។

ហ៊ិន ច័ន្ទនីរ័ត្ន និយាយលយញញឹមថា នាងសប្បាយចិត្តណាស់ ព្រោះមុនដឹងលទ្ធផលជាកូនប្រុសនេះ រូបនាងបានឯកភាពតាមស្វាមីដែលចង់បានកូប្រុស។ ប៉ុន្ដែសម្រាប់នាង ទោះបានកូនប្រុស ក៏បាន ស្រីក៏បាន គឺស្រ លាញ់ទាំងអស់។ នាងថាចាប់ពីពេលនេះទៅ ជីវិតនាងមានការប្រែប្រួល មានសមាជិកថ្មី ខុសពីមុន វ័យក៏ឈានចូលជ្រេដែរ ហើយនាងត្រូវត្រៀមខ្លួនរៀបចំកន្លែងសម្រាប់កូនសម្រាល ដែលនៅមិនដល់ ២ខែទៀតនេះ។

លោកឌី ពេជ្រ ស្វាមីរបស់នៅរ័ត្ន ថ្លែងថា ១០០% លោកមិនបានដឹងមុនថាកូនប្រុស ឬស្រីនោះទេ ព្រោះវេជ្ជ បណ្ឌិត អេកូ ចង់រៀបចំកម្មវិធី «Gender Reveal» នេះឡើង ដើម្បីឲ្យបានដឹងទាំងអស់គ្នា នៅថ្ងៃធ្វើកម្មវិធីនេះ ។ ប៉ុន្ដែចិតុ្តលោកចង់បានកូនប្រុស តែទោះជាបានកូនប្រុស ឬស្រី ក៏ស្រលាញ់ទាំងអស់ដែរ។

ហ៊ិន ច័ន្ទនីរ័ត្ន ថា ពេលនេះនាងពពោះរយៈពេល ៧ខែហើយ ដែលតាមគ្រូពេទ្យ ប្រាប់នាងថា ឲ្យត្រៀមខ្លួនសម្រាល នៅរយៈពេល ៩សប្ដាហ៍ទៀត ពោលគឺអាចនៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

តារារួមអាជីពជាច្រើន បានទៅអបអរសាទរហ៊ិន ច័ន្ទនីរ័ត្ន ដែលទទួលបានកូនប្រុសនេះ ខណៈដែលការសម្រាលនៅមន្ទីពេទ្យណានោះ មិនទាន់ត្រូវបាននាងទម្លាយមុននៅឡើយ ។

ហ៊ិន ច័ន្ទនីរ័ត្ន អតីត Freshie លេខ១ ឆ្នាំ២០០៧ បានដឹកដៃបុរសពោះម៉ាយកូន១ លោកឌី ពេជ្រ ក្មួយរបស់សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយលោកគឺជាកូនប្រុសរបស់លោក ឌី ចូច ប្អូនជីដូនមួយសម្ដេចហ៊ុន សែន ដែលរៀបការកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ហើយតាំងពីមានផ្ទៃពោះកូនទី១ នាងបានផ្អាកការងារសិល្បៈស្ទើតែទាំងស្រុង ដើម្បីសម្ងំថែរក្សាគភ៌ ។

ប្រភពបានឲ្យដឹងថា មូលហេតុដែលស្វាមីហ៊ិន ច័ន្ទនីរ័ត្ន ចង់បានកូនប្រុស ព្រោះតែកូនទី១ របស់លោក ជាមួយភរិយាមុន ជាកូនស្រី ហេតុនេះហើយបានជាលោកពេជ្រ លោតពេញឆាក ពេលដឹងលទ្ធផលថា កូនទី២ របស់លោក ជាកូនប្រុស។ សម្រាប់នីរ័ត្ន អាចពន្យារពេលពីការធ្វើ MC រហូតដល់ចុងឆ្នាំ២០២៥ ស្របពេលដែលការសម្ដែង MV និងភាពយន្ដ នាងនឹងបោះបង់ចោលទាំងស្រុងតែម្ដង បើទោះជាស្វាមីមិនដែលហួងហែង តែនីរ័ត្ន មិនអាចថតដូចកាលនៅលីវទេ គឺផ្ដោតតែការធ្វើពិធីការិនី នៅទូរទស្សន៍បាយ័ន ប៉ុណ្ណោះ ។

ក្រុមតារាសិល្បៈជិតស្និទ្ធហ៊ិន ច័ន្ទនីរ័ត្ន មួយចំនួន បានហៅនាងថា «ជំទាវ» តាំងពីនាងក្លាយជាក្មួយប្រសាសម្ដេចហ៊ុន សែន បើទោះជានាងមិនដែលបង្ហាញឥទ្ធិពលអង្គរក្សឆ្វេងស្ដាំ ដូចជំទាវមួយចំនួនក្ដី។ ប៉ុន្ដែនីរ័ត្ន ដែលរស់នៅភូមិគ្រឹះស្កឹមស្កៃ ជិះរយន្ដប្រណិតៗនោះ នៅតែបន្ដការលក់អ៊ឺវ៉ាន់ តាម Online ដដែល ពោលគឺមិនពឹងលើប្រាក់ប្ដីទាំងស្រុងទេ ខណៈដែលលោកពេជ្រ បានបង្ហាញកាយវិការថ្នាក់ថ្នមភរិយាខ្លាំង តាំងពីដឹងថានាងមានផ្ទៃពោះ ហេតុនេះហើយបានជាគេហៅនីរ័ត្ន ថាជារីមានសំណាង សោយសុខលើគំនរទ្រព្យ ។ តារារួមអាជីព លើកឡើងថា អតីត Freshie លេខ១ ឆ្នាំ២០០៧ រូបនេះ នឹងត្រូវស្វាមីថ្នាក់ថ្នមទ្វេដង ដូចឱក សុគន្ធកញ្ញា ដែរ ក្រោយពេលនាងសម្រាលកូនរួច នៅ២ខែ ខាងមុខនេះ៕

