ភ្នំពេញ ៖ តារាសម្ដែងសិចស៊ី សួង សាខារ៉ានីត បានប្រកាសសួររកកន្លែងចាក់វ៉ាក់សាំងអេដស៍ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម ខណៈដែលអាជ្ញាធរអេដស៍ កន្លងមកធ្លាប់អះអាងថា អ្នកផ្ទុកមេរោគអេសដ៍លាក់មុខ មួយចំនួន មិនព្រមចេញមកទទួលសេវាព្យាបាល ក្នុងនោះក៏មានតារាមួយចំនួនដែរ …។

សួង សាខារ៉ានីត ថ្លែងសារកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ថា «បងប្អូនមានដឹងថាកន្លែងណាគេចាក់វ៉ាក់សាំងអេដស៍ ហើយតម្លៃប៉ុន្មានដែរ?» ។

ជុំវិញការប្រកាសស្វែងរកគ្លីនិកចាក់វ៉ាក់សាំងអេដស៍ របស់សួង សាខារ៉ានីត ធ្វើឲ្យមានការលើកឡើងថា សាខារ៉ានីត ខ្លាចអេដស៍ ទើបបានជានាងសួរវ៉ាក់សាំងការពារបន្ទាន់បែបនេះ និងខ្លះទៀតសរសើរថា នាងថា «ការពារ ប្រសើរជាងព្យាបាល» ហើយថា នាងក្លាហានសួររកកន្លែងចាក់វ៉ាក់សាំងអេដស៍ បែបនេះ ដោយមិនលាក់ដូចតារាខ្លះ មិនរកចាក់វ៉ាក់សាំងការពារ លុះកើតជំងឺនេះ មិនហ៊ានទៅទទួលសេវាព្យាបាល ព្រោះខ្លាចប៉ះពាល់កិត្តិយស និងកេរ្តិ៍ឈ្មោះ ។

ទាក់ទងរឿងនេះ សួង សាខារ៉ានីត បានប្រាប់អ្នកយកព័តមានយើង តាមទូរស័ព្ទ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ថា តាមពិតនាងគ្មានជំងឺអ្វីទេ គ្រាន់តែសួររកកន្លែងចាក់វ៉ាក់សាំងអេដស៍ ដោយសាតែចង់ដឹងប៉ុណ្ណោះ ។ តារាសិចស៊ីរូបនេះ អះអាងថា «ខ្ញុំអត់មានកើតជំងឺអីទេ បើកើត ម៉េចខ្ញុំផុសចឹង? ចេះតែសួរទៅ ព្រោះឮថា ស្រុកខ្មែរយើងឥឡូវសម្បូរអេដស៍ណាស់។ អ្នកខ្លះគាត់អត់ហ៊ាន ពេលដែលខ្ញុំផុសទៅ សម្បូរអ្នកសួរថា ចង់ចាក់ដែរ។ ពេលយើងផុសទៅ គេចេះតែយល់ច្រឡំ តែខ្ញុំប្រាប់ថា កុំយល់ច្រឡំអី យើងស្វែងរកវិធីការពារជីវិត ការពារកុំឲ្យឆ្លងជំងឺ មានរឿងអីត្រូវខ្មាសអៀនផង។ តាមពិត មានច្រើននាក់ គេចង់ចាក់ តែគេមិនហ៊ានសួរ មិនដឹងចាក់នៅណា? ខ្ញុំសួរទៅ បើដឹងវិធីណាល្អ ចេះតែប្រាប់តៗគ្នាទៅ ឲ្យទៅចាក់វ៉ាក់សាំងការពារខ្លួន»។

ការស្វែងរកទីតាំងចាក់វ៉ាក់សាំងអេដស៍ របស់សួង សាខារ៉ានីត នាពេលនេះ ចំពេលដែលតារាកូន១ រូបនេះ ធ្លាប់អះអាងថា នាងបានបែកបាក់ស្វាមីជនជាតិចិន វ័យជាង៥០ឆ្នាំដែលរកស៊ីជួញដូរផ្នែកគ្រឿងឡាន កាលពីខែតុលា ឆ្នាំ២០២៤ ដោយបន្សល់កូនប្រុសម្នាក់អាយុជាង៣ឆ្នាំ ទើបនាំឲ្យមានការខ្សឹបខ្សៀវគ្នាថា សាខារ៉ានីត អាចបារម្ភខ្លាចឆ្លងអេដស៍ បានជានាងស្វែងរកវ៉ាក់សាំងការពារបែបនេះ ។ ប៉ុន្ដែអ្នកខ្លះថា សាខារ៉ានីត អាចត្រៀមបើកបេះដូងទទួលស្នេហាថ្មី ទើបនាងត្រូវតែច្បាស់ខ្លួនឯងថា ១០០% គ្មានជំងឺអេដស៍ បានជាស្វែងរកវ៉ាក់សាំងបែបនេះ ។

សួង សាខារ៉ានីត បន្ថែមថា នាងគ្មានរោគាអ្វីទេ ហើយរាល់ថ្ងៃចេញថតភាពយន្ដ ឲ្យផលិតកម្ម LD ជាធម្មតា សម្រាប់ចាក់បញ្ចាំងនៅ PNN ។ ចំណែកកូនប្រុសនាង អាយុជិត៣ឆ្នាំហើយ។ ប៉ុន្ដែរឿងគូស្នេហាថ្មីវិញ នាងថាមិនចង់បើកបេះដូងម្ដងទៀតទេ ព្រោះតែឆ្នាំនេះអាយុ៤១ឆ្នាំ ទៅហើយ និងមិនចង់ឈឺចាប់ម្ដងទៀត គឺពេលណាពេលហ្នឹងចុះ រឿងជីវិតគូស្រករនេះ។

បើតាមរបាយការណ៍ពីមន្រ្ដីជាន់ខ្ពស់នៃអាជ្ញាធរប្រយុទ្ធជំងឺអេដស៍ បានឲ្យដឹងថា នៅឆ្នាំ២០២២ អ្នកផ្ទុកមេរោគអេដស៍ មានប្រមាណ ១១០០០នាក់ នៅតែបន្ដលាក់មុខ មិនព្រមព្យាបាលជំងឺនៅឡើយ ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត និងបង្កហានិភ័យដល់មនុស្សផ្សេងៗទៀត។ ប្រភពបានឲ្យដឹងថា ក្នុងចំណោម ១១០០០នាក់ នោះក៏មានតារាផងដែរ ដែលមិនហ៊ានចេញមុខមកព្យាបាល ព្រោះខ្លាចប៉ះពាល់ដល់មុខមាត់ កេរ្ដិ៍ឈ្មោះ…។ សម្រាប់តារាសម្ដែង សាខារ៉ានីត បានបញ្ជាក់ថា នាងគ្មានបញ្ហាសុខភាពទេ ហើយនាងនៅតែអះអាងថាមូលហេតុដែលនាងសួររកកន្លែងចាក់វ៉ាក់សាំងអេដស៍ គឺមកពីនាងចង់ដឹង ដើម្បីប្រាប់ទៅអ្នកផ្សេងៗទៀតដែលមិនហ៊ានសួរ ឬមិនដឹងកន្លែងចាក់វ៉ាក់សាំងការពារអេដស៍ ជាពិសេសអ្នកដែលមានការប្រឈមខ្ពស់នឹងការឆ្លងជំងឺនេះ គួរតែរកចាក់វ៉ាកសាំងការពារ៕
