ភ្នំពេញ ៖ ក្នុងចំណោមតារាសាច់សខ្ចីជាច្រើនដួង ដែលមិនអើពើរឿងរៀបការនោះ គឺមានតែស្រីស្អាត សុខ ពិសី ម្នាក់ទេ ដែលត្រូវបានអ្នកលេងបណ្ដាញសង្គម ពិសេស អ្នកគាំទ្រ (Fan) របស់នាង យកទៅកាត់តរូបភាពភ្ជាប់ជាមួយ ធ្វើជាសង្សារ ដែលរូបភាពទាំងនោះ ត្រូវបានគេចែកចាយ (Share) ពេញបណ្ដាញសង្គម ខណៈពិសី ខ្លួនឯងក៏មានការភ្ញាក់ផ្អើលផងដែរ ។ ប៉ុន្ដែលោកឡាយ សុខចំរើន ថៅកែសាន់ដេ និងត្រូវបានគេដឹងថា ជាគូស្នេហារបស់ពិសី ជាង១០ឆ្នាំទៅហើយនោះ បានរក្សារភាពស្ងៀមស្ងាត់ គ្មានប្រតិកម្មអ្វីទាំងអស់។ យ៉ាងណា រូបភាពទាំងនោះ ជាសារមួយពញ្ញាក់អារម្មណ៍ថៅកែថា មិនខ្វះទេ បុរសដែលចង់ធ្វើជាម្ចាស់បេះដូងរបស់ពិសី ដោយភាពច្បាស់លាស់ តាមរយៈការចូលរោងការ ហេតុនេះបើលោកនៅតែមិនរួសរាន់ធ្វើជាកូន កំលោះរបស់ពិសី ទេ អាចនឹងមានប្រុសផ្សេងចូលខ្លួនទៅជំនួស ។

សុខ ពិសី ឈានចូលវ័យ ៣៤ឆ្នាំទៅហើយ ប៉ុន្ដែនៅពេល Fan សួរថា ថ្ងៃណាទើបនាងរៀបការ? ស្រីស្រស់រូបនេះ តែងតែឆ្លើយថា មិនទាន់គិតដល់ ឬផ្ដោតអាជីពចម្រៀងច្រើនជាងស្នេហាទៅវិញ។ ដោយសាតែធុញទ្រាន់រឿងពេលណាការប្ដីនេះហើយ និងចាត់ទុកថាជាសំណួរដដែលៗ គួរឲ្យធុញទ្រាន់ ទើបពេលខ្លះ ពិសី និយាយទៅកាន់ម្ចាស់សំណួរថា «អត់ប្ដី ក៏ខ្ញុំមិនស្លាប់ដែរ»។ ប៉ុន្ដែពាក្យពេចន៍ទាំងនេះ ពិតជាធ្វើឲ្យឪពុករបស់ពិសី លោកសុខ ហេង មានកាខកចិត្តមិនតិចឡើយ ព្រោះលោកបានជំរុញឲ្យកូនស្រី រៀបការប្ដី ជាច្រើនឆ្នាំមកហើយ តែពិសី ចេះតែមិនហ៊ានប្រថុយ ព្រោះបញ្ហាសំខាន់ គេជឿថា មានតែម្យ៉ាងគត់ គឺដោយសាតែនាងខ្លាចប៉ះពាល់ដល់អាជីពចម្រៀង។ ជាក់ស្ដែងមានតារាច្រើនណាស់ មានប្ដីរួច ស្រាប់តែស្ងាត់ ហៅលែងឮ ។ ចំពោះពិសី កុំថាឡើយគិតគួរឲ្យច្បាស់លាស់រឿងរៀបការជាមួយថៅកែ ប៉ុន្ដែសូម្បីតែសាភាពស្នេហាដោយបើកចំហ ជាមួយលោកចំរើន ម្ដងក៏នាងមិនធ្លាប់ដែរ អីចឹងតើនឹងឲ្យដឹងច្បាស់ថា ថ្ងៃណានាងហ៊ានធ្វើកូនក្រមុំមែនទែនទៅ?

ជាក់ស្ដែងដូចជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោកឡាយ សុខចំរើន បាននាំក្រុមគ្រួសារទៅដើរកម្សាន្ដលើទឹកដីអាមេរិក គ្មានវត្តមានពិសី ចូលរួមជាសមាជិកគ្រួសាររបស់ថៅកែផលិតកម្មឡើយ ដែលសកម្មភាពបែបនេះ ខុសគ្នាស្រឡះទៅនឹងគូស្នេហ៍តារាផ្សេងៗទៀត នៅពេលដែលពួកគេច្បាស់លាស់ជាមួយគ្នាហើយនោះ ។ ប៉ុន្តែអំឡុងពេលដែលពិសី ទៅអាមេរិក និងជប៉ុន កាលពីខែមុននោះ គេក៏មិនឃើញមានលោកចំរើន រួមដំណើរដែរ ពោលគឺអ្នកទាំងពីរ មិនចូលចិត្តស្នេហ៍បើកចំហនោះទេ ។ តាមប្រភពខ្លះថា ពិសី បានគាំទ្រចំពោះបុរសជាច្រើនដែលកាត់តរូបភាពធ្វើជាកូនកំលោះរបស់នាង តាមបែបផ្សេងៗគ្នានោះ ព្រោះសកម្មភាពទាំងនោះ ក៏អាចពញ្ញាក់អារម្មណ៍ថៅកែ បានមួយចំណែកផងដែរ ឲ្យងាកមកគិតគួររឿងរៀបការ។

ក្រៅពីសុខ ពិសី តារាដែលត្រូវក្រុមគ្រួសារជំរុញឲ្យរៀបការ មានដូចជា កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា, តន់ ច័ន្ទសីម៉ា និងចាន់ ឡៃវលក្ខណ៍ ជាដើម ។ សម្រាប់ សុខ ពិសី ទោះជាជាង១ទសវត្សមកនេះ ពាក់ព័ន្ធស្នេហាជា មួយលោកឡាយ សុខចំរើន មែន ប៉ុន្ដែប្រុសៗជាច្រើននៅតែចង់ធ្វើជាម្ចាស់បេះដូងនាង ក្នុងនោះក៏មានអ្នកឧកញ៉ាម្នាក់ ដែលជាកូនរបស់អ្នកឧកញ៉ាមហាសេដ្ឋីម្នាក់ផងដែរ ។ ទោះបីជាយ៉ាងណា ប្រសិនបើពិសី ពន្យារពេលរៀបការ ១០ឆ្នាំទៀតនោះ មានន័យថាពេលនោះ នាងនឹងមានអាយុ៤៤ឆ្នាំ គឺនៅឆ្នាំ២០៣៥ ខាងមុខនេះ ដែលពេលនោះ អាចនឹងយឺតពេលក្នុងការគ្រងឈុតកូនក្រមុំ ៕




