Friday, May 23, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសង្គមស៊ីវិល១៤ ស្នើដោះលែងអ្នកសារព័ត៌មានបរិស្ថាន អ៊ុក ម៉ៅ

សង្គមស៊ីវិល១៤ ស្នើដោះលែងអ្នកសារព័ត៌មានបរិស្ថាន អ៊ុក ម៉ៅ

ខេត្តស្ទឹងត្រែង៖ អង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ចំនួន១៤ បានចេញសេចក្ដីថ្លែងការណ៍រួម សម្ដែងការសោកស្ដាយ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនដោយបំពាន និងការចោទប្រកាន់មកលើអ្នកសារព័ត៌មានបរិស្ថាន លោក អ៊ុក ម៉ៅ។ សង្គមស៊ីវិលដដែលនេះ សូមអំពាវនាវឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ និងលើកលែងការចោទប្រកាន់ប្រឆាំមកលើរូបលោក អ៊ុក ម៉ៅ ដែលកំពុងជាប់ឃុំបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមបទចោទញុះញង់និងបរិហារកេរ្តិ៍ជាសាធារណៈ។

 អង្គការសង្គមស៊ីវិល១៤ ដែលបានចេញសេចក្ដីថ្លែងការណ៍រួម ស្នើដោះលែងអ្នកសារព័ត៌មានបរិស្ថាន លោកអ៊ុក ម៉ៅ រួមមាន ១.សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) ២.មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វ ផ្សាយឯករាជ្យ (CCIM) ៣.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ៤. សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក ៥. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (លីកាដូ) ៦. សម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ (AJI) ៧. Gerakan Media Merdek (Geramm) ៨. មជ្ឈមណ្ឌលដើម្បីសារព័ត៌មានឯករាជ្យ (CIJ) ៩. សហជីពជាតិអ្នកសារព័ត៌មានហ្វីលីពីន (NUJP) ១០. ក្លឹបអ្នកសារព័ត៌មានបរទេសនៅកម្ពុជា (OPCC) ១១.អង្គការគណៈកម្មាធិការដើម្បីការពារអ្នកសារព័ត៌មាន (CPJ) ១២. វិទ្យាស្ថានកម្ពុជាដើម្បីប្រជាធិបតេយ្យ (CID) ១៣. មជ្ឈមណ្ឌលធនធានធុរកិច្ចនិងសិទ្ធិមនុស្ស (Business & Human Rights Resource Centre) និង១៤. អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ។

 សេចក្ដីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិលទាំង១៤ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “យើងខ្ញុំជាអង្គការសង្គមស៊ីវិល សមាគមសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលមានរាយនាមខាងក្រោម ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនដោយមិនត្រឹមត្រូវ មកលើអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ ក្រោយពីលោករាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ ។ បច្ចុប្បន្ន លោកកំពុងត្រូវបានឃុំខ្លួនបណ្តោះ អាសន្ននៅពន្ធនាគារខេត្តស្ទឹងត្រែង និងត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ។ យើងខ្ញុំអំពាវនាវសូមឱ្យលើកលែងការចោទប្រកាន់និងដោះលែងលោក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ។

 លោក អ៊ុក ម៉ៅ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាថ្ងៃត្រង់ ។ ក្នុងចំណោមអាជ្ញាធរទាំងពីរ មានម្នាក់ស្លៀកពាក់ស៊ីវិល ។ នៅពេលចាប់ខ្លួន អាជ្ញាធរទាំងពីរនាក់នោះ មិនបង្ហាញដីកាចាប់ខ្លួននោះទេ ។ ភរិយារបស់លោក ម៉ៅ បានលើកឡើងថា មន្ត្រីទាំងនោះបានប្រាប់ស្វាមីរបស់គាត់ថា “មេរបស់ពួកគេចង់ជួបនិយាយជាមួយគាត់អំពីរឿងដីធ្លីមួយកន្លែង“ ។

 ការចាប់ខ្លួននេះ បានកើតឡើងក្រោយពេលដែលលោកទទួលរងនូវការការបំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៤ ។ លោកត្រូវបានកងរាជអាវុធហត្ថសាកសួរ ក្រោយពេលលោកចុះស៊ើបអង្កេតករណីកាប់រានដីនៅក្នុងព្រៃសហគមន៍ភ្នំជម្រុកសត្វ នៅខេត្តស្ទឹងត្រែង ។ នៅខែសីហា ឆ្នាំ២០២៤ លោកបានជួយ Mongabay លាតត្រដាងអំពីបហ៊ុនរមួយដែលជាប់ពាក់ព័ន្ធនឹងយោធាកម្ពុជា កំពុងកាប់ឈើនៅទីនោះ ។ បន្ទាប់ពី Mongabay ចេញផ្សាយអត្ថបទនេះនៅក្នុងខែកញ្ញា លោក ម៉ៅ ត្រូវបានចោទប្រកាន់ពីបទឈូសឆាយដីព្រៃរបស់រដ្ឋ ដោយខុសច្បាប់ ទោះបីជាលោកមានប្រវត្តិការងារយ៉ាងច្រើនលើការការពារព្រៃឈើនៅកម្ពុជា ក៏ដោយ។

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោកត្រូវបានមនុស្សបីនាក់ ដែលត្រូវបានគេស្គាល់ថា ជាអតីតមន្ត្រីថ្នាក់ខេត្ត វាយប្រហារ ខណៈពេលដែលលោកត្រឡប់មកពីប្រមូលព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់ នៅក្នុងសហគមន៍ព្រៃឡង់ ។ មនុស្សទាំងបីនាក់ ទាមទារឱ្យលោកលុបរូបភាពនិងវីដេអូ ដែលលោកថតបាននៅក្នុងព្រៃ ។ អំពើវាយប្រហារនេះ បានបណ្តាលឱ្យលោករងរបួសស្រាល ហើយទូរស័ព្ទរបស់លោកត្រូវបានបំផ្លាញ។ ក្រោយមក លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលស្រុក កាលពីថ្ងៃទី២៦ ខែមីនា ប៉ុន្តែលោកត្រូវបានគេប្រាប់មកវិញថា មានគេដាក់ពាក្យបណ្តឹងបកប្រឆាំងនឹងលោកវិញ ហើយអាជ្ញាធរមិនបានប្រាប់ពីអត្តសញ្ញាណរបស់អ្នកប្តឹងនោះទេ ។ មិនតែប៉ុណ្ណោះ អាជ្ញាធរបានប្រាប់ឱ្យលោកលុបវីដេអូដែលលោកបានបង្ហោះនៅលើបណ្តាញសង្គមរបស់លោក អំពីការវាយប្រហារនោះទៀតផង ។ ក្រោយមកនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សាលាដំបូងខេត្តស្ទឹងត្រែង បានចេញដីកាកោះហៅលោក ម៉ៅ ឱ្យលោកចូលខ្លួននៅថ្ងៃទី២០ ខែឧសភា ទាក់ទងនឹងឧបទ្ទវហេតុដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមីនា។

 លោក ម៉ៅ កំពុងប្រឈមមុខនឹងពាក្យបណ្តឹងផ្លូវច្បាប់រហូតដល់ ១៥ករណី ដែលនេះជាការបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីព្យាយាមបិទសំឡេងឬសកម្មភាពរាយការណ៍ពីបញ្ហាបរិស្ថាន របស់លោក ។ ការទទួលរងបណ្ដឹងជាច្រើនករណី ដែលករណីនីមួយៗមាននូវទម្ងន់ទោសពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងច្រើន គឺជាបន្ទុកមួយដ៏ធ្ងន់ផ្នែកផ្លូវច្បាប់ និងហិរញ្ញវត្ថុ សម្រាប់រូបលោក ដែលមានគោលបំណងមិនឱ្យលោភបន្តរាយការណ៍អំពីបទល្មើសព្រៃឈើ និងបរិស្ថាន តទៅទៀត ។ នេះគឺជាតថភាពមួយ នៃឥទ្ធិពលនៃការរាយការណ៍របស់លោក អំពីការជាប់ពាក់ព័ន្ធរបស់បុគ្គលមានអំណាច ជាមួយនឹងបទល្មើសព្រៃឈើ និងបរិស្ថាននៅកម្ពុជា ។

 ការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ទៅលើលោក អ៊ុក ម៉ៅ គឺជាផ្នែកមួយនៃការព្យាយាមបំភិតបំភ័យ និងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ដែលអ្នកទាំងនោះតែងតែលាតត្រដាងនូវការកេងប្រវ័ញ្ចធនធានធម្មជាតិ និងបុគ្គលដែលប្រព្រឹត្តអំពើកេងប្រវញ្ចទាំងនេះ ។ អំពើបំភិតបំភ័យ និងរំលោភបំពានផ្សេងទៀត រួមមានការចាប់ខ្លួនសកម្មជនបរិស្ថានមាតាធម្មជាតិ ចំនួនប្រាំមួយនាក់ និងការហាមឃាត់អ្នកសារព័ត៌មានបរិស្ថានអន្តរជាតិ លោក Gerald Flynn។ មនុស្សមួយចំនួនដែលទទួលផលប្រយោជន៍ទាំងផ្នែកហិរញ្ញវត្ថុ និងនយោបាយ ពីការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ តែងតែជាបុគ្គលដែលមានតួនាទីខ្ពស់ ដែលជាហេតុធ្វើឱ្យការលាតត្រដាងអំពីអំពើខុសច្បាប់ទាំងនោះ តែងតែទទួលរងនូវការរំលោភបំពានតាមរយៈប្រព័ន្ធតុលាការ ។

ក្នុងឆ្នាំ២០២៤ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាករណីយាយីចំនួន ៤១ ករណី ដែលប៉ះពាល់ដល់អ្នកសារព័ត៌មាន ៦៤នាក់ ។ ការយាយីតាមផ្លូវច្បាប់ គឺកើតឡើងច្រើនបំផុត ដោយមានអ្នក សារព័ត៌មានប្រាំនាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងម្នាក់ត្រូវបានសម្លាប់ខណៈពេលបំពេញការងារសារព័ត៌មានរបស់ខ្លួន ។ នៅដើមឆ្នាំ២០២៥ អ្នកសារព័ត៌មានបីនាក់ទៀត ត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទញុះញង់។ យោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានធ្លាក់ចុះ ៣៣លេខ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់ RSF ចាប់តាំងពីឆ្នាំ២០១៦ និងជាប់ចំណាត់ថ្នាក់ទី១៦១ ក្នុងចំណោមប្រទេសចំនួន ១៨០ ក្នុងឆ្នាំ២០២៥។

          យើងខ្ញុំអំពាវនាវដល់អាជ្ញាធរកម្ពុជា ឱ្យ ៖

  – ដោះលែងលោក អ៊ុក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងធានាឱ្យមានការស៊ើបអង្កេតឯករាជ្យមិនលម្អៀង ទៅលើហិង្សាដែលកើតឡើងមករូបលោក កាលពីថ្ងៃទី២៤ ខែមីនា។

 – បញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងប្រឆាំងនឹងលោក អ៊ុក ម៉ៅ និងអ្នកសារព័ត៌មានដទៃទៀត ជាពិសេសអ្នករាយការណ៍ពីបញ្ហាបរិស្ថាន និងដំលោះដីធ្លី។

  – ធានាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការការពារអ្នកសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកាតព្វកិច្ចរបស់ខ្លួនស្ថិតក្រោមច្បាប់អន្តរជាតិ។

 ការកំណត់មុខសញ្ញាមកលើអ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់អំពើហិង្សា គំរាមកំហែង និងរំលោភបំពានតាមផ្លូវតុលាការ មិនត្រឹមតែជាការរំលោភបំពានលើសិទ្ធិសេរីភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានលើលទ្ធិប្រជាធិបតេយ្យ ការទុកចិត្តពីសាធារណជន និងអភិបាលកិច្ចបរិស្ថានផងដែរ ។ ករណីរបស់លោក អ៊ុក ម៉ៅ មិនត្រូវក្លាយជាឧទាហរណ៍មួយទៀតនៃនិទ្ទណ្ឌភាព និងការគាបសង្កត់នោះទេ។

 យើងរួមគ្នាជាសាមគ្គីភាពជាមួយអ្នកសារព័ត៌មានទាំងអស់ ដែលក្លាហានដើម្បីរាយការណ៍ពីឧក្រិដ្ឋកម្មបរិស្ថាន និងការពារផលប្រយោជន៍សាធារណៈ“ ៕ កុលបុត្រ

RELATED ARTICLES