Saturday, May 24, 2025
Homeតារាខ្មែរឆាយ វីរៈយុទ្ធ ប្រាប់ភរិយា ស្រឡាញ់យូរ រឹតតែស្រឡាញ់

ឆាយ វីរៈយុទ្ធ ប្រាប់ភរិយា ស្រឡាញ់យូរ រឹតតែស្រឡាញ់

 ភ្នំពេញ ៖ តារាចម្រៀងសាន់ដេ លោកឆាយ វីរៈយុទ្ធ ហៅឆោម និងភរិយា អ្នកស្រី សែ ចាន់ឌី បានប្រារព្ធខួបអាពាហ៍ពិពាហ៍ គម្រប់៨ឆ្នាំ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ដោយលោកឆោម បានយកផ្កាកុលាប ១បាច់ ជូនភរិយា ដោយនិយាយទៅកាន់ភរិយាថា «ស្នេហាយើង ពេលខ្លះមានផ្អែម ចត់ជូរ តែស្រឡាញ់យូរ រឹតតែស្រឡាញ់» ។ ចំណែកអ្នកស្រី សែ ចាន់ឌី ថ្លែងថា នៅថ្ងៃខួបអាពាហ៍ពិពាហ៍ គម្រប់៨ឆ្នាំ ជាសេចក្ដីសុខសាមញ្ញៗរបស់នាង  ។

  ឆាយ វីរៈយុទ្ធ ក៏បានធ្វើពិធីជួបជុំក្រុមគ្រួសារទាំងសងខាងដែរ នៅថ្ងៃខួបអាពាហ៍ ពិពាហ៍របស់ខ្លួន គម្រប់៨ឆ្នាំនេះ ខណៈដែលអ្នកគាំទ្រ (Fan) របស់លោកឆោម ភាគច្រើនខម្មិនសារជូនពរឲ្យអាយដលរបស់ពួកគេ បានកូនប្រុសម្នាក់ទៀត ហើយស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ។

  សូមរំលឹកថា ឆាយ វីរៈយុទ្ធ បានរៀបការជាមួយអ្នកស្រី សែ ចាន់ឌី កូនសេដ្ឋីក្រុងកំពង់ចាម លោកហាក់ សែ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ពេលនេះពួកគេទទួលបានកូនស្រី ២នាក់ គឺកូនទី១ ឈ្មោះវីរៈយុទ្ធ អភិ ជាតាទេវី ហៅ Atara អាយុ ជិត៦ឆ្នាំ និងកូនទី២ ឈ្មោះវីរៈយុទ្ធ អមរាទេពី ហៅ Alinna អាយុជាង១ឆ្នាំ  និងបង្កើតមុខរបរក្រៅសិល្បៈ ជាបន្ដបន្ទាប់ ដូចជាបើកហាងលក់អង្ករ (ស្ដេចអង្ករ), មន្ទីរព្យាបាលកុមារ ដំរី និងរកស៊ីផ្នែកអចលនទ្រព្យ។

លោកឆោម ស្ថិតក្នុងចំណោមតារាដែលមានទ្រព្យច្រើន នាពេលបច្ចុប្បន្ន ព្រោះភរិយាលោកជា កូនស្រីពៅរបស់លោកហាក់ សែ អ្នកជំនួញធំនៅខេត្តកំពង់ចាម ។ ប៉ុន្ដែ វីរៈយុទ្ធ មិនបន្ធូរដៃក្នុងអាជីពចម្រៀង ហើយងាកទៅរកស៊ីជាមួយឪក្មេក ទាំងស្រុងនោះទេ រយៈពេល ៨ឆ្នាំ ក្រោយមានប្រពន្ធនេះ ដោយលោកឆោម មានការគាំទ្រយ៉ាងពេញទំហឹងពីភរិយា ឲ្យបន្ដអាជីពចម្រៀង ហើយអ្នកស្រី សែ ចាន់ឌី ថែមទាំងធ្វើជាអ្នកនិពន្ធបទចម្រៀង ឲ្យប្ដីច្រៀងទៀតផង។ អ្វីដែលគួរឲ្យកត់សម្គាល់ លោកឆោម នៅតែបន្ដជ្រកនៅសាន់ដេ ដោយមិន ទាន់ប្ដូរផលិតកម្មច្រៀងទេ ទោះជាកន្លង មកធ្លាប់លេចឮថា លោកជាមុខសញ្ញានៃការចង់បានពីផលិតកម្មធំៗផ្សេងទៀត ដូចជាហង្សមាស និង Galaxy ក៏ដោយ។

  គួរបញ្ជាក់ថា ឆាយ វីរៈយុទ្ធ ក្រោយមានប្រពន្ធ និងកូន២នេះ អាជីពចម្រៀងរបស់លោក រក្សាលំនឹងដដែល ខណៈដែលមុននេះ លោកត្រូវបានតារាចម្រៀងជើងចាស់ លោកនូ ស៊ឹប អះអាងថា សមម្តភាពច្រៀង គឺនៅក្រោមតែលោកព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះ ។ ប៉ុន្ដែលោកនូ ស៊ឹប ថាចំណុចខ្សោយរបស់លោកឆោម មានតែម្យ៉ាងគត់ នោះគឺការចេញបទប្រពៃណីខ្មែរ បានតិចពេក ។

  ក្រៅពីឆាយ វីរៈយុទ្ធ តារាដែលបានប្រពន្ធជាកូនអ្នកមានទ្រព្យស្ដុកស្ដម មានដូចជា លោកកែវ វាសនា, ឈុន ស៊ីថា និងនី រតនា ជាដើម ។ សម្រាប់ឆាយ វីរៈយុទ្ធ ទោះជាពេលនេះ លែងច្រៀង ក៏លោកនៅតែរស់នៅក្នុងកម្រិតជីវភាពធូរធារដដែល ព្រោះភរិយាលោក មានទុនជាច្រើនក្នុងដៃ ដែលចង់ពង្រីកមុខជំនួញពេលណាក៏បាន។ សម្រាប់រឿងយកកូន លោកវីរៈយុទ្ធ មិនបិទបញ្ចប់ត្រឹមកូនស្រីពីរនាក់នោះទេ គឺលោកចង់តាមយកកូនប្រុសម្នាក់ទៀត តែលោកឆោម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថា អាចពន្យារពេលយ៉ាងតិច ៣ទៅ៥ឆ្នាំដែរ ទើបគិតគួរយកកូនទី៣ ។

  ទស្សនិកជនបានលើកឡើងថា អាជីពចម្រៀងរបស់លោកឆាយ វីរៈយុទ្ធ មកដល់ចំណុចនេះ មួយផ្នែកក៏មនជំនួយពីប្រពន្ធលោកដែរ ព្រោះអ្នកស្រី សែ ចាន់ឌី មិនត្រឹមតែធ្វើជាអ្នកនិពន្ធបទចម្រៀង ឲ្យប្ដីច្រៀងទេ តែនាងក៏ដូចជាជំនួយការប្ដីដែរ ពោលគឺដូចគ្នាទៅនឹងភរិយាតារាដែលជួយប្ដីក្នុងអាជីពចម្រៀងផ្សេងទៀត មានដូចជា លោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម ជាដើម ៕

RELATED ARTICLES