
ភ្នំពេញៈ ឆ្លើយតបទៅនឹងក្រុមប្រឆាំងថា ការដឹកនាំសព្វថ្ងៃ តាមបែបកុម្មុយនីស្ត ផ្ដាច់ការ រំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនោះ គណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានលើកឡើងថា នៅកម្ពុជាអត់មានដឹកនាំបែបកុំម្មុយនីស្តទេ គឺកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្ស តាំងពី១៩៩៣មកម៉្លេះ។ ដូច្នេះកម្ពុជាមិនវិលថយក្រោយ មិនដើរជាន់ដានប្រវត្តិសាស្ត្រពីអតីតកាលឡើយ ហើយការដឹកនាំកសាងប្រទេសត្រូវមើលទៅមុខ ដើម្បីប្រែក្លាយប្រទេសឲ្យរីកចម្រើនជឿនលឿនទៅមុខ ដោយយកអតីតកាលធ្វើជាបទពិសោធន៍។ ឯការចង់ផ្លាស់ប្ដូរផ្ដួលរំលំរបស់ក្រុមជ្រុលនិយម សម រង្ស៊ី តាមរយៈការពឹងកម្លាំងបះបោរក្នុងប្រទេស មិនអាចទៅរួចទេ វាគ្រាន់តែជាការយល់សប្តិ ឬស្រមើស្រមៃ គ្មានថ្ងៃបានក្លាយជាការពិតប៉ុណ្ណោះ ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម “យុវជន៧មករា” នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ថា “ការបញ្ចុះអត្រាពន្ធទំនិញនាំចូលសហរដ្ឋអាមេរិក អាស្រ័យលើការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក មិនមែនជារឿងគោរពមិនគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទេ។ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមិនពាក់ព័ន្ធការកំណត់អត្រាពន្ធទំនិញនាំចូលសហរដ្ឋអាមេរិកទេ វាគឺជារឿងសេដ្ឋកិច្ចពាណិជ្ជកម្ម។ នៅកម្ពុជាអត់មានដឹកនាំបែបកុំម្មុយនីស្តទេ កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យសេរីពហុបក្សតាំងពី១៩៩៣មកម៉្លេះ។ កម្ពុជាមិនវិលថយក្រោយទេ កម្ពុជាមិនដើរជាន់ដានប្រវត្តិសាស្ត្រពីអតីតកាលឡើយ ។ ការដឹកនាំកសាងប្រទេសត្រូវមើលទៅមុខដើម្បីប្រែក្លាយប្រទេសឲ្យរីកចម្រើនជឿនលឿនទៅមុខ ដោយយកអតីតកាលធ្វើជាបទពិសោធន៍។ ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមម៉ាត់ណាក៏ផ្លាស់ប្តូរៗ នៅក្រៅប្រទេស ហើយគ្មានកម្លាំងនយោបាយអី ហើយពឹងផ្អែកតែកម្លាំងនៅក្នុងប្រទេសឲ្យងើបបះបោរជំនួសខ្លួន ទៅមិនរួចទេ ។ តើសង្ឃឹមអីបើអ្នកនៅក្នុងស្រុកជិត១០០% គាំទ្រគណបក្សប្រជាជនកម្ពុជា អ៊ីចឹងការប៉ុនប៉ងផ្តួលរំលំជាការយល់សប្ត័ប៉ុណ្ណោះ ។ ចង់ពឹងពួកបរទេសដែលឥឡូវលែងមានបរទេសណាឈឺក្បាលជំនួសក្រុមឧទ្ទាមក្រៅច្បាប់ហើយ ការស្រមើស្រមៃរបស់ក្រុមឧទ្ទាមប្រែក្លាយជាផ្សែងហើយ ។ ស្អីៗនៅក្នុងខ្លួនឯងអត់មាន បែរជាចង់ឆ្លៀតប្រើកម្លាំងក្រៅខ្លួនឲ្យលះបង់សម្រាប់អំណាចខ្លួន គ្មាននរណាសុខចិត្តពលីដើម្បីពួកខ្លួនទេ “ ។
លោកសុខ ឥសាន បានសរសេរបន្ថែម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ថា “ ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមតាំងខ្លួនជាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ តែអត់ពីពួកវា ក៏កម្ពុជានៅតែមានលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សដែរ ។ ខ្មែរចាប់ដៃជាមួយចិនមានតាំងពីជិត១០០ឆ្នាំមកហើយ មិនមែនទើបតែមាននាពេលនេះទេ ។ នៅលើលោកនេះ មិនថាតែមហាអំណាចណាមួយទេ គឺមិនចង់ឲ្យបណ្តាប្រទេសរីកលូតលាស់ជាងខ្លួនទេ ខ្លាចលែងមានឥទ្ធិពលលើបណ្តាប្រទេសនិងលែងមានការពឹងពាក់លើខ្លួន ។ ប្រទេសនីមួយៗចង់ឲ្យប្រទេសខ្លួនរីកចម្រើនខ្លាំងក្លាជាងគេ មិនដែលមានប្រទេសណាចង់ឲ្យខ្លួនអន់ថយទេ។ មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ ដែលចង់ឲ្យប្រទេសខ្លួនអន់ថយ ព្រោះបើកម្ពុជារីកចម្រើន នាំឲ្យមានស្នាដៃដល់បក្សកាន់អំណាច និងបាត់គុណសម្បត្តិខ្លួនឯង “ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ថា ការដែលក្រុមប្រឆាំងចេះតែលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជា ថាកុម្មុយនីស្តផ្ដាច់ការ ដោយសារគេសំអាងថា ដឹកនាំមានបក្សតែមួយ ប៉ុន្តែបក្សតែមួយ មិនមែនអាស្រ័យទៅលើយើង និងគណបក្សណាផ្សេងចង់បានទេ គឺពេលដែលបោះឆ្នោត មានគណបក្សច្រើន ប្រកួតប្រជែង ក៏ប៉ុន្តែការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា ជាសិទ្ធិសម្រេចរបស់ប្រជាជនកម្ពុជា មិនអាចបដិសេធទៅលើឆន្ទៈរបស់ពួកគាត់បានទេ ។ បានន័យថា របបដឹកនាំកម្ពុជា ជារបបដឹកនាំតាមបែបសេរីពហុបក្ស តែដោយសារការឃ្លានអំណាច និងយល់សប្ដិថាអាចញុះញង់ពលរដ្ឋនៅក្នុងប្រទេសឲ្យងើបឡើងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ទើបក្រុមប្រឆាំងចេះតែបំភ័ន្តមតិមហាជនឲ្យយល់ច្រឡំថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមិនរីកចម្រើន ។
លោកសុខ ឥសាន បានមានប្រសាសន៍ថា “ ពាក្យថា ប្រកាន់មនោគមន៍វិជ្ជាហ្នឹង ដែលដឹកនាំអត់មានប្រជាធិបតេយ្យ គេហៅថា កុម្មុយនីស្តហើយ អារឿងផ្ដាច់ការ គេហៅកុម្មុយនីស្តហើយ ។ អ៊ីចឹងទេ បានជាគេចេះតែលាបពណ៌មកលើគណបក្សប្រជាជនកម្ពុជា ថាដឹកនាំមានបក្សតែមួយ ហើយយើងដឹងហើយ បក្សតែមួយ មិនមែនអាស្រ័យទៅលើយើងចង់បានទេ ហើយគណបក្សណាផ្សេងចង់បានទេ គឺថា ពេលដែលបោះឆ្នោត មានគណបក្សច្រើន ប្រកួតប្រជែង ក៏ប៉ុន្តែការសម្រេចចិត្តរបស់ប្រជាជនកម្ពុជា អាហ្នឹងជាសិទ្ធិសម្រេចរបស់ប្រជាជនកម្ពុជា យើងទៅធ្វើម៉េច? អ៊ីចឹងទេ ដូចការបោះឆ្នោតប៉ុន្មានលើកមកហើយ គឺមាន៨គណបក្ស ១២គណបក្ស ៩គណបក្ស ប្រកួតប្រជែង ក៏ប៉ុន្តែដល់ពេលទ្ធផលបោះឆ្នោត គឺជាប់តែគណបក្សប្រជាជនកម្ពុជា តែតាមពិតគឺសន្លឹកឆ្នោតហ្នឹងមានគ្រប់តែគណបក្សហ្នឹង ។ សន្លឹកឆ្នោតមានគ្រប់គណបក្ស ក៏ប៉ុន្តែតាមច្បាប់ស្ដីពីការបោះឆ្នោត គឺរូបមន្តដែលចែកតាមចំនួនសន្លឹកឆ្នោតហ្នឹង វាអត់បានអាសនៈចំពោះគណបក្សមួយចំនួន ។ អ៊ីចឹងទេបានជាមានគណបក្សមួយចំនួននោះ វាអត់មានអាសនៈនៅក្នុងរដ្ឋសភា ដល់អ៊ីចឹងទៅ តាមរូបមន្តដែលបែងចែកនៅក្នុងខ្លឹមសារច្បាប់ស្ដីពីការបោះឆ្នោតហ្នឹង វាធ្លាក់មកលើគណបក្សប្រជាជនទាំងអស់ ។ ដូចកាលបោះឆ្នោតជ្រើសតាំងនីតិកាល២០១៨ គណបក្សប្រជាជនទាំងអស់ ឥឡូវដល់២០២៣ វាមានគណបក្សហ្វ៊ុនស៊ិនប៉ិចចូលចំនួន៥ អាហ្នឹងធ្វើម៉េច? អាហ្នឹងជាសិទ្ធិសម្រេចរបស់ឆន្ទៈប្រជាពលរដ្ឋកម្ពុជា ដែលជាម្ចាស់ឆ្នោត ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តថថា “ដូច្នេះហើយការវ៉ៃតម្លៃ ការសន្និដ្ឋានថា ការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ននេះថាដឹកនាំបែបកុម្មុយនីស្តហ្នឹង ដោយសារគេសម្អាងថា ទី១ មានបក្សតែមួយ ឥឡូវដល់ឆ្នាំ២០២៣ មានបក្ស២ ហើយបក្ស២ គេអត់លើកបញ្ហាដែលមានបក្ស២ ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋទេ វាបែរនៅតែចោទគណបក្សប្រជាជន ថាជាបក្សកុម្មុយនីស្តដដែល តែតាមពិត គឺយើងបានកែប្រែរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ១៩៩៣មក គឺយើងដើរតាមនយោបាយប្រជាធិបតេយ្យសេរីពហុបក្សហើយ ។ អ៊ីចឹងសេដ្ឋកិច្ចទីផ្សារ ហើយគណបក្សច្រើន អាហ្នឹងមិនមែនជាកុម្មុយនីស្ដទេ។ ចំពោះការរំលាយគណបក្សសង្រ្គោះជាតិ យើងដឹងហើយ តុលាការមានទឡ្ហីករណ៍ក្នុងការរំលាយអតីតបក្សប្រឆាំងហ្នឹង គឺមិនមែនអាស្រ័យដោយគណបក្សណាមួយទេ វាអាស្រ័យទៅលើអំពើប្រព្រឹត្តជាក់ស្ដែងរបស់គណបក្សប្រឆាំងហ្នឹងឯង ។ អ៊ីចឹងទៅបន្ទោសអ្នកណា? អត់បានទេ អាហ្នឹង ព្រោះជាការអនុវត្តច្បាប់ អាហ្នឹងធ្វើម៉េច? ហើយអនុវត្តច្បាប់ហ្នឹង វាស្របទៅតាមទង្វើរបស់សាមីគណបក្ស បើគណបក្សណាធ្វើល្អទៅ មានត្រូវរំលាយឯណា? បើគណបក្សណាធ្វើមិនល្អ អាហ្នឹងមានទឡ្ហីករណ៍ មានភ័ស្តុតាង មានឯកសារដែលនាំឲ្យតុលាការកំពូលកាត់សេចក្ដីមកត្រូវរំលាយចោល ព្រោះជាទង្វើរបស់អ្នកឯងប្រឆាំងនឹងច្បាប់ស្ដីពីគណបក្សនយោបាយ “។
លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ ចំពោះខ្ញុំថា កម្ពុជាមិនវិលថយក្រោយទេ កម្ពុជាមិនដើរជាន់ដានប្រវត្តិសាស្ត្រពីអតីតកាលឡើយនោះ យើងដឹងហើយថា ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជនកម្ពុជាស្ថិតនៅក្រោមរបបប្រល័យពូជសាសន៍ប៉ុល ពត ហ្នឹង គឺថា ជាអតីតកាលដ៏ឈឺចាប់ សោកនាដកម្មនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលមិនធ្លាប់មានតាំងពីមុនរាប់ពាន់ឆ្នាំមក ។ អ៊ីចឹងទេ គឺថា ចូលមកដល់ដែលយើងរំដោះប្រទេសជាតិបានរួចផុតពីគ្រោះមរណៈនៃរបបប្រល័យពូជសាសន៍ នាឆ្នាំ១៩៧៩មក បន្តបន្ទាប់មក គឺទម្រាំយើងដោះស្រាយបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមក ទើបមានការបោះឆ្នោតឆ្នាំ១៩៩៣ ។ អ៊ីចឹងទេចាប់ពី១៩៩៣មក យើងអនុវត្តទៅតាមរដ្ឋធម្មនុញ្ញ ដែលបានរៀបរៀងថ្មីជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី២ ។ អ៊ីចឹងអត់ដើរជាន់ប្រវត្តិសាស្រ្ត គឺយើងដើរទៅតាមសភាពការណ៍ថ្មី ដំណាក់កាលថ្មី នៃប្រវត្តិសាស្រ្តកម្ពុជា គឺយើងប្រកាន់នូវរបបប្រជាធិបតេយ្យសេរីពហុបក្ស ។ អ៊ីចឹងមានទឡ្ហីករណ៍ណាដែលចោទថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះដើរតាមគន្លងប្រវត្តិសាស្រ្តចាស់ អាហ្នឹងវាអត់មានទេ ។ ប៉ុន្តែទប់ស្កាត់ វាទប់ស្កាត់ហើយ ពីព្រោះរដ្ឋធម្មនុញ្ញមានចែងហើយ មិនអាចឲ្យនរណាមួយ ឬអ្នកនយោបាយណាមួយធ្វើឲ្យប៉ះពាល់ទៅដល់របបដឹកនាំដោយប្រជាធិបតេយ្យសេរី ពហុបក្ស ហើយនិងរបបសភានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រទ្រង់គង់ប្រថាប់នៅក្នុងរាជសម្បត្តិជាម្លប់ដ៏ត្រជាក់របស់ប្រជាជនកម្ពុជាទូទាំងប្រទេស “ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ចំពោះថា ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមម៉ាត់ណាក៏ផ្លាស់ប្តូរៗ នៅក្រៅប្រទេស ហើយគ្មានកម្លាំងនយោបាយអី ហើយពឹងផ្អែកតែកម្លាំងនៅក្នុងប្រទេសឲ្យងើបបះបោរជំនួសខ្លួន ទៅមិនរួចទេ និងតើសង្ឃឹមអីបើអ្នកនៅក្នុងស្រុកជិត១០០% គាំទ្រគណបក្សប្រជាជនកម្ពុជា អ៊ីចឹងការប៉ុនប៉ងផ្តួលរំលំជាការយល់សប្ត័ប៉ុណ្ណោះ ។ ចង់ពឹងពួកបរទេសដែលឥឡូវលែងមានបរទេសណាឈឺក្បាលជំនួសក្រុមឧទ្ទាមក្រៅច្បាប់ហើយ ការស្រមើស្រមៃរបស់ក្រុមឧទ្ទាមប្រែក្លាយជាផ្សែងហើយនោះ អាហ្នឹងវាមានបញ្ហាច្បាស់ហើយ រាល់ថ្ងៃនេះ ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយម កំពុងតែបំផុសមហាជន ប្រជាជននៅក្នុងស្រុក រួមទាំងកងទ័ព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឲ្យងើបឈរឡើងបះបោរដើម្បីដណ្ដើមយកកម្ពុជាជូនប្រជាជនកម្ពុជា ហើយពួកដែលបំផុសការញុះញង់ហ្នឹង សុទ្ធតែស្ថិតនៅក្រៅប្រទេស ជាពិសេសគឺទណ្ឌិតមេឧទ្ទាមជ្រុលនិយមនេះ គឺនៅប្រទេសបារាំង ។ អ៊ិចឹងរាល់ថ្ងៃនេះ នៅប្រទេសបារាំង សួរថា តើប្រទេសកម្ពុជានៅណា? ប្រទេសកម្ពុជានៅតែទីតាំងដដែលហ្នឹង នៅចន្លោះប្រទេសថៃ ប្រទេសវៀតណាម ប្រទេសឡាវហ្នឹង ។ ដូច្នេះហើយតើដណ្ដើមយកប្រទេសកម្ពុជាទៅឲ្យអ្នកណាទៀត? បើប្រជាជនកម្ពុជារីកចម្រើន តាំងពី៥លាននាក់ ក្រោយរបបប្រល័យពូជសាសន៍ រហូតមកដលើពេលនេះ វាជាង១៧លាននាក់ហើយ ។ ដូច្នេះហើយអានេះវាជាការឃោសនាញុះញង់ ឬមួយក៏ល្បិចកលបោកប្រាស់ប្រជាជន ចង់ប្រើកម្លាំងប្រជាជនឲ្យលះបង់ ដើម្បីនឹងដណ្ដើមអំណាចយកទៅឲ្យពួកខ្លួន ដែលនៅដេកស្រួល ស៊ីស្រួលនៅក្រៅប្រទេស ដូចជាប្រទេសបារាំង ប្រទេសអាមេរិក ក៏ដូជាអូស្រ្តាលីអី ។ល។ និង។ល។ ហ្នឹង “ ។
លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមទៀតថា “ និយាយរួមក្រុមហ្នឹង ដែលឃ្លានអំណាចហ្នឹង គឺថា វាដេកយល់សប្ដិចង់បានតែអំណាចទេ ក៏ប៉ុន្តែវាមិនអាចទៅជាការពិតកើតទេ ពីព្រោះវាអត់មានកម្លាំងនយោបាយ នៅក្រៅប្រទេសហ្នឹង សួរថា ខ្មែរប៉ុន្មានម៉ឺននាក់ សែននាក់? នៅអាមេរិកហ្នឹង ប្រហែលជា១សែននាក់ជាងទេ ហើយនៅបារាំងហ្នឹង ក៏តិចជាងនៅអាមេរិកទៅទៀត ។ ដូច្នេះមានកម្លាំងអីដើម្បីនឹងដណ្ដើមយកអំណាចទៅឲ្យទណ្ឌិតជ្រយលនិយមបាន? វាអត់មានទេ ។ ចំណែកកម្លាំងនៅក្នុងស្រុកហ្នឹង ប្រជាជនលោកកំពុងតែទទួលបាននូវមនុញ្ញផលពីសន្តិភាព ពីស្ថិរភាពនយោបាយ ហើយការអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនជាបន្តបន្ទាប់ ពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់វិស័យ ដឹកនាំដោយរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីហើយ ។ អ៊ីចឹងទេ ទាំងអស់គ្នាកំពុងតែសស្រាក់សស្រាំ រួមសាមគ្គីគ្នា ឯកភាពជាតិគ្នាក្នុងការកសាងអភិវឌ្ឍប្រទេស រឿងអីប្រជាជនលោកទៅងាករេចេញពីការដឹកនាំរបស់គណបក្សប្រជាជនដូចសព្វថ្ងៃនេះ? អត់ទៅរួចទៅទេ ហើយចំណុចមួយទៀត អ្វីដែលខ្ញុំថា មានតែក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមទេ ដែលចង់ឲ្យប្រទេសខ្លួនអន់ថយ ព្រោះបើកម្ពុជារីកចម្រើន នាំឲ្យមានស្នាដៃដល់បក្សកាន់អំណាច និងបាត់គុណសម្បត្តិខ្លួនឯងនោះ គឺអាហ្នឹងវាជាការពិតហើយ អត់មាននិយាយអីប្រៀបធៀបទេ ពួកក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមហ្នឹង មិនចង់ឲ្យប្រទេសកម្ពុជាមានការរីកចម្រើនទេ ។ អ៊ីចឹងទេក្នុងសភាពការណ៍ដែលប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកំពុងតែកសាងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ពីមួយថ្ងៃទៅមួយថ្ងៃ លើគ្រប់មុខហ្នឹង គឺថា គេប្រកាសថាអត់មានអីរីកចម្រើន ប្រទេសជាតិអត់មានរីកចម្រើន ។ អាពាក្យថាអត់មានរីកចម្រើនហ្នឹង គេចង់ញុះញង់ឲ្យប្រជាជនយល់ច្រឡំថា នៅមានការលំបាក នៅមានការអន់ថយ អ៊ីចឹងទេ ដោយសារគេនិយាយថា ប្រទេសជាតិកម្ពុជាមានការរីកចម្រើន វាពិតជាស្នាដៃរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនហើយ អ៊ីចឹងវាមានតែថាបញ្រ្ចាសទិស អត់រីកចម្រើនៗទៅ ឲ្យប្រជាជនមួយចំនួនយល់ច្រឡំ ក៏ប៉ុន្តែដូចខ្ញុំថាខាងដើមអ៊ីចឹង ប្រជាជនដែលកំពុងរស់នៅជាង១៧លាននាក់នៅក្នុងប្រទេស គេស្គាល់ការពិតហើយ មានសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ ។ ដូច្នេះហើយអ្នកណាដែលមិនដឹងថាអ្វីទៅដែលកម្ពុជាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ? ដូច្នេះគ្មានអ្នកណាជឿការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះទេ “ ៕