Thursday, May 29, 2025
Homeព័ត៌មានជាតិលោក ហោ ណាំហុង ទទួលបានងារ «សម្តេចឥស្សរវិទេសបញ្ញា»

លោក ហោ ណាំហុង ទទួលបានងារ «សម្តេចឥស្សរវិទេសបញ្ញា»

ភ្នំពេញៈ ព្រះមហាក្សត្រកម្ពុជា នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ លោកហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី អតីតរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅជា «សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង» ដើម្បីតបស្នងទៅនឹងការមានគុណបំណាច់ចំពោះជាតិ ក្នុងនាមជាអតីតប្រមុខការទូតដ៏ឆ្នើម។

ព្រះរាជក្រឹត្យ របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ប្រោសព្រះរាជទានគោរមងារ “ឯកឧត្ដមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង” ជា “សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង” ដោយទ្រង់បានយល់ឃើញថា សម្ដេចហោ ណាំហុង បានចូលរួមដង្ហែព្រះរាជកិច្ច និងព្រះរាជតម្រិះព្រះករុណាព្រះបរមេរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងសម័យសង្គមរាស្រ្តនិយម រហូតដល់ឆ្នាំ១៩៧៥ និងបានបន្តចូលរួមដង្ហែក្នុងការស្វែងរកសុខសន្តិភាពជូនប្រជារាស្ត្រកម្ពុជា។ បានចូលរួមចរចាក្នុងសន្និសីទអន្តរជាតិជាច្រើន ទទួលបានជោគជ័យ បានចូលរួមជួយដឹកនាំប្រជាជាតិកម្ពុជា តាមផ្ទៃធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ បានចូលរួមកសាងប្រព័ន្ធច្បាប់សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិ ទទួលបាននូវនិរន្តរភាព ឯកភាពជាតិ ការអភិវឌ្ឍជាតិលើគ្រប់វិស័យ ការពារលទ្ធិប្រជាធិបតេយ្យ មានស្ថិរភាព និងសន្តិសុខសង្គមបានល្អប្រសើរ ។ ជាប្រមុខការទូតដ៏ឆ្នើម បានចូលរួមលើកកម្ពស់វិស័យការទូតនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្ត និងមានកិច្ចសហ ប្រតិបត្តិការអន្តរជាតិល្អ ព្រមទាំងរក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់សម្តេចហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាពិសេសមានស្វាមីភក្តិចំពោះរាជបល្ល័ង្ក កាពោរ និងគោរពព្រះពុទ្ធសាសនា ចូលរួមការពារនិរន្តរភាពរាជានិយមនៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ថា លោកហោ ណាំហុង កើតថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣៥ គឺជាអ្នកការទូតកម្ពុជា ដែលបានបម្រើការក្នុងរដ្ឋាភិបាលកម្ពុជា ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ និងម្តងទៀតពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៦។ លោក​ជា​សមាជិកគណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី ​តាំងពី​ឆ្នាំ​២០០៤។ លោកគឺជាអ្នកនយោបាយចាស់វស្សា១រូប បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាប្រកបដោយស្មារតីមោះមុតសម្រាប់បុព្វហេតុបម្រើជាតិមាតុភូមិ ជាពិសេសលើការងារទំនាក់ទំនងអន្តរជាតិ និងកិច្ចការទូតជាមួយបណ្ដាប្រទេសជាមិត្តនៅក្នុងតំបន់ និងពិភពលោក។ កិច្ចការដ៏សំខាន់មួយសម្រាប់កម្ពុជា គឺបានដឹកនាំប្រតិភូកម្ពុជា តទល់ក្ដីជាមួយភាគីប្រទេសថៃ លើបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ដើម្បីឱ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ទីក្រុងឡាអេ ប្រទេសហូឡង់ ធ្វើការបកស្រាយសាលក្រមឆ្នាំ១៩៦២ រហូតតុលាការយុត្តិធម៌អន្តរជាតិ បានសម្រេចក្ដីឱ្យភាគីកម្ពុជាឈ្នះលើភាគីថៃ ហើយបានប្រកាសថា ប្រាសាទព្រះវិហារ គឺជាកម្មសិទ្ធិរបស់កម្ពុជា។ បច្ចុប្បន្ន ក្នុងវ័យ៩០ឆ្នាំ លោកហោ ណាំហុង ជាសមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឋានៈស្មើឧបនាយករដ្ឋមន្រ្តី តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ។

          មុនទទួលបានគោរមងារជា ” សម្តេចឥស្សរវិទេសបញ្ញា” លោកហោ ណាំហុង មានងារជា “កិត្តិបរិរក្សបណ្ឌិត” ៕

RELATED ARTICLES