Thursday, May 29, 2025
Homeតារាខ្មែរប៊ុត សីហា ចោទថៅកែបោកប្រើ

ប៊ុត សីហា ចោទថៅកែបោកប្រើ

ភ្នំពេញ ៖ អតីតម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលទី១ លោកប៊ុត សីហា ដែលធ្លាប់ផុងខ្លួននឹងថ្នាំញៀន រហូតជាប់ពន្ធនាគារ និងត្រូវបានលោកឃុន ធារិទ្ធិ ហៅរិទ្ធិ អេមេហ្គា (Rith Omega) ដែលជាអ្នក ដឹកនាំសម្តែងមួយរូប បានជួយជ្រោមជ្រែងឱ្យចូលមកកាន់វិស័យចម្រៀងជាថ្មី ព្រមទាំងផ្តល់ការងារនៅភោជ នីយដ្ឋានផង បានមួយរយៈធំមកហើយនោះ ស្រាប់តែថ្មីៗនេះ ផ្ទុះរឿងរកាំរកូសនឹងគ្នា ដោយលោករិទ្ធិ អូមេហ្គា បានប្រកាសបញ្ចប់ទំនាក់ទំនង (ទាំងការងារជាបុគ្គលិកហាង និងការងារសិល្បៈ) ជាមួយប៊ុត សីហា ខណៈដែលប៊ុត សីហា បានឆ្លើយតបថា លោកថៅកែ (លោករិទ្ធិ អូមេហ្គា) បោកខ្លួនប្រើ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកឃុន ធារិទ្ធិ ហៅរិទ្ធិ អូមេហ្គា បានប្រកាសថា លោកប៊ុត សីហា លែងជាបុគ្គលិកនៅហាង Ella House របស់លោកហើយ ព្រមទាំងបានបន្ថែមថា ប៊ុត សីហា បញ្ឈប់អាជីពជាតារាចម្រៀងហើយ។

លោករិទ្ធិ អូមេហ្គា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា “ខ្ញុំសូមប្រកាស បុគ្គលឈ្មោះណុប គីមសេង ហៅយក្ស និងប៊ុត សីហា លែងជាបុគ្គលិកនៅហាង Ella House របស់ខ្ញុំ និង YK lab (យុគៈ) ទៀតហើយ។ ដូចនេះរាល់ទង្វើ ឬរឿងអ្វីដែលបុគ្គលទាំង២ នេះសាង លែងពាក់ព័ន្ធអីជាមួយនឹងខ្ញុំ និងហាងខ្ញុំតទៀតហើយ…”។

លោករិទ្ធិ អូមេហ្គា បានសរសេរបន្ថែមថា “ខ្ញុំសូមមិននិយាយអ្វីទាំងអស់! បញ្ជាក់ ៖ សីហា មិនបានទៅជក់ថ្នាំទៀតទេ តែគាត់ប្រាប់ខ្ញុំថា គាត់ពិបាករងសម្ពាធនឹងពាក្យគេមើលងាយ រើសអើងគាត់ ពេលគាត់អាន comment មានអ្នករិះគន់គាត់ ជេរគាត់ ហើយពេលនៅហាង មានគេហៅគាត់ អាតារាបែកថ្នាំ អាជាប់គុក គាត់ខ្មាសគេ។ សីហា សុំខ្ញុំឈប់ច្រៀង ហើយសុំរស់នៅតាមសម្មាជីវធម្មតាវិញ។ ខ្ញុំសុខចិត្តខ្មាសគេមួយប្រទេស ខ្ញុំសុំទោសផង ដែលបានអះអាងជួយសីហា បាន តែចុងក្រោយ នៅតែមិនអាចឱ្យសីហា មានទីផ្សារ ចូលសិល្បៈវិញបាន។ តែខ្ញុំពិតជាបានខំអស់ហើយ ខ្ញុំជួយគេ តែផលដែលបានមកវិញ មានតែការខកចិត្ត។ Album សីហា ៦បទ ខ្ញុំនឹងទុកផ្តល់ឱកាសជួយអ្នកផ្សេង ដែលគេចង់ច្រៀង ចង់ល្បីពិតប្រាកដ…”។

នៅយប់ថ្ងៃដដែលនោះ លោករិទ្ធិ អូមេហ្គា បានសរសេរបន្ថែមទៀតថា “ខ្ញុំយកសីហា មកប្រើ?

– ខ្ញុំជួយសីហា តាំងពីសីហា ទើបចេញមក គ្មានការងារធ្វើ គ្មានចំណូល គ្មានកន្លែងស្នាក់នៅសមរម្យ។

– ខ្ញុំគ្មានលុយទាំងម៉ឺនដុល្លារ ជួយសីហា ទេ តែខ្ញុំអាចផ្តល់នូអ្វីដែលអ្នកចម្រៀងទាំងអស់គ្នាចង់បាន នឹងចង់មានអ្នកជួយ (ផលិតចម្រៀង, ផលិត Mv , ដើរទីផ្សារ (Promote / Marketing ),  រៀបចំក្រុមការងារឲ្យ ពេលចេញ Event) ហើយដោះដូរនឹងកាត់ភាគរយ ពេលសីហា ចេញ Event វិញ។

– ផ្តល់កន្លែងស្នាក់នៅសមរម្យ គេងក្នុងម៉ាស៊ីនត្រជាក់ មានបាយហូបគ្រប់គ្រាន់ ចង់ផឹកក៏ផឹក ខ្ញុំនិងក្រុមការងារ តែងតែលើកទឹកចិត្ត សីហា មិនដែលស្តីបន្ទោស ឱ្យកម្លាំងចិត្តសីហា ងើបឈរវិញ។

– ខ្ញុំឱ្យសីហា ចុះជួយហាង គោលបំណងដូចខ្ញុំប្រាប់ ដើម្បីឱ្យសីហា មានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាវិញ កុំឱ្យខ្លាចមនុស្ស គិតថាគេនៅរើសអើងខ្លួន មិនមែនប្រើឱ្យរត់តុពេញម៉ោងទេ ចុះមកជួយហាង មើលភ្ញៀវ មើលបុគ្គលិក អាចផឹកលេងជាមួយភ្ញៀវ។

– ខ្ញុំមិនហ៊ានឱ្យលុយទៅសីហា ច្រើន តែក៏មិនឱ្យសីហា ខ្វះខាត ព្រោះខ្លាចសីហា មានលុយបែកគំនិតទៀត។

– សួរថា ខ្ញុំធ្វើទាំងអស់នេះ ហៅថាការជួយទៅវិញទៅមក ឬជួយគេ សម្លឹងឃើញផលប្រយោជន៍ ឬប្រើគេអស់សាច់?

– ខ្ញុំជួយសីហា ទាំងមានពាក្យសម្តីមនុស្សជុំវិញខ្លួនទាំងអស់ បានហាម បាននិយាយថា ខ្វះអ្នកជួយមែន? ខ្វះអ្នកផ្តល់ឱកាសមែន បានខ្ញុំជួយសីហា? ខ្ញុំចង់កែប្រែសីហា គោលបំណង បើសីហា អាចកែប្រែខ្លួនបានមែន យ៉ាងណាខ្ញុំក៏បានបុណ្យដែលអាចកែប្រែជីវិតមនុស្សធ្លាក់ដល់ ដកសូន្យ ឱ្យងើបឡើងវិញ មានទីផ្សារ ទោះគេល្បីវិញ ទៅចោលខ្ញុំ ក៏ខ្ញុំមិនមានបញ្ហា ព្រោះខ្ញុំបានធ្វើហើយ ខ្ញុំមិនរើសអើង មិនជាន់អ្នកណា…”។

ជុំវិញការប្រកាសផ្តាច់ទំនាក់ទំនងជាមួយប៊ុត សីហា របស់លោកឃុន ធារិទ្ធិ ហៅរិទ្ធិ អូមេហ្គា ខាងលើនេះ ខាងលើនេះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ លោកប៊ុត សីហា បានសរសេរសារឆ្លើយតបតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនថា “នឹកពេលវេលាដែលលោកបានបោកខ្ញុំប្រើណាស់ នឹកពេលវេលាបានថវិកាហើយ ឱបទុកម្នាក់ឯងណាស់ នឹកពេលដែលខំប្រកាសរកអ្នកជួយ ប្រឹងប្រកាសថា ផេកខ្ញុំក្លែងក្លាយ ឱ្យខ្ញុំធ្វើ ដើម្បីទាញយកប្រជាប្រិយឱ្យគេតាមដានផេកខ្លួនឯង ធ្វើអស់ហើយ វាហ៊ានធ្វើគ្រប់យ៉ាង វាយកខ្ញុំទាញយកការចាប់អារម្មណ៍ ដំបូងថាយកទៅប្រម៉ូតហាង ទាក់ទាញ តែចុងក្រោយ យកទៅធ្វើអាជីវកម្មខ្លួនឯងបានផលខ្លួនឯង ចាយពេលអត់ប្រយោជន៍ ប្រាប់គេឯងថា ធ្វើបទឱ្យ តាមពិតយកបទគេឱ្យខូវើរថ្មី សមទេ? បានលុយជាហើយ ស៊ីដាច់ មិនគិតជួយធ្វើបទ ហ្វេសប៊ុក លោកឯង ប្រឹងផុសតែពីខ្ញុំ ប្រឹងផុសបង្ហាញថា ខ្ញុំបែបនេះមួយ បែបនោះមួយ ចឹងហើយបានជាគេលែងធ្វើការជាមួយលោកឯងអស់…”។

បន្ទាប់ពីបានឃើញសំណេររបស់ប៊ុត សីហា ខាងលើ លោករិទ្ធិ អូមេហ្គា មិនជឿថា សំណេរខាងលើ ក៏ដូចជាទំព័រហ្វេសប៊ុក ទាំងនោះ ជារបស់ប៊ុត សីហា នោះទេ គឺមានអ្នកផ្សេង (សុខ លឹមរក្សា)  យកឈ្មោះប៊ុត សីហា មកប្រើ ដោយលោកបានសរសេរឆ្លើយតបថា “ខ្ញុំថា បញ្ចប់រឿងសីហា អត់យល់ថា អាអ្នកកាន់ page ២ហ្នឹង វាគិតអី? អ្នកណាគេធ្វើស្រែលើខ្នងគេ ពិតប្រាកដ? ចម្រៀង/MV ដែលធ្វើឱ្យសីហា សុទ្ធតែខ្ញុំខំរកលុយ និងលុយខ្ញុំមកផលិត អ្ហែងមិនមែនជាសីហា  អ្ហែងម៉េចដឹង? សីហា នៅជាមួយខ្ញុំ បានលុយប៉ុនណា អីប៉ុនណា ខ្ញុំមិនដែលលាក់ទេ!!! Page ខ្ញុំ រកលុយអត់បានទេ តែខ្ញុំយក page ខ្ញុំ Promote សីហា មិនដូច Page អ្ហែងទាំង២ សុទ្ធតែរកលុយបាន!!!  ឈ្មោះខ្លួនឯង អត្តសញ្ញាណខ្លួនឯង អ្ហែងមិនបញ្ចេញ ហេតុអីប្រើឈ្មោះគេ បន្លំធ្វើជាគេ ក្នុងគោលបំណងអី? អ្ហែងយក Video យកបទដែលខ្ញុំខំផលិត យកទៅបង្ហោះរកលុយ អានឹងម៉េច? បើអ្ហែង អះអាងថាអ្ហែងជាសីហា អ្ហែង Live video និយាយមក កុំឱ្យដើរយកតែ Video ចាស់ៗ និងបង្ហោះ Drama បន្លំជាសីហា… ហើយឥឡូវមកបកខាំខ្ញុំទៀត អ្ហែងគិតអី? បើខ្លាំង ចេញមកក្រៅ ជួបមុខគ្នាផ្ទាល់ អ្ហែងព្រមអត់?…”។

លោករិទ្ធិ អូមេហ្គា បានសរសេរបន្ថែមថា “ហ៊ឹម! អ្នកកាន់ page ហ្នឹងចង់បានអី? សីហា នៅដេកហាង ហាត់ ច្រៀង ញ៉ាំបានគ្រប់គ្រាន់។ បញ្ជាក់ ៖ ខ្ញុំមិនឱ្យគេជាអ្នករត់តុ ខ្ញុំឱ្យសីហាចុះមកជួយហាងខ្ញុំ ឱ្យចេះបង្កើតទំនាក់ ទំនងជាមួយមនុស្សគ្រប់គ្នាឡើងវិញ សីហា មានសិទ្ធិបញ្ជាបុគ្គលិក ជួយមើលបុគ្គលិក និងដើរជល់ផឹកជាមួយភ្ញៀវ…។ ការងារចឹងអន់មែន បើគេសិទ្ធិនៅហាងខ្ញុំ បន្ទាប់ពីខ្ញុំ និងមេការហើយ? ដេកបន្ទប់ម៉ាស៊ីនត្រជាក់ ចង់ញ៉ាំអី គេធ្វើឱ្យ ចង់ផឹកៗ អត់តែជក់ថ្នាំតើ…!!! ហើយខ្ញុំធ្វើចម្រៀង និងថត MV ឱ្យទៀត ជឿអត់ បើសីហា ផ្តាច់ពិតប្រាកដ នឹងតាំងចិត្តបាន សីហា ល្បីជាងនៅជាមួយអ្នកឯង អ្នកគ្រប់គ្រងចាស់ ក្រុមហ៊ុនចម្រៀងចាស់ហ្នឹងទៀត!!!…”។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែម ពីសាមីខ្លួន លោកប៊ុត សីហា និងលោកឃុន ធារិទ្ធិ (រិទ្ធិ អូមេហ្គា) បានទេ កាលពីម្សិញមិញ៕

RELATED ARTICLES