អាសុី៖ ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីម្សិលមិញថាបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិកនឹងត្រូវការបង្កើនខ្ទង់ចំណាយប្រមាណជា១,៧ទ្រីលានដុល្លារក្នុងមួយឆ្នាំ ឬស្មើនឹង២៦ទ្រីលានដុល្លារនៅឆ្នាំ២០៣០ ដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេនិងរក្សាកម្លាំងរុញច្រានកំណើនក្នុងតំបន់ ។
តួលេខនេះផងដែរគឺមានចំនួនច្រើនជាងការព្យាករទុកកាលពីមុនដែលបានធ្វើឡើងកាលពីឆ្នាំ២០០៩ ។
របាយការណ៍របស់ធនាគារដែលមានមូលដ្ឋានក្នុងទីក្រុងម៉ានីលមួយនេះបានបង្ហាញថាកំណើនយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានគាំទ្រកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រហើយថែមទាំងបានធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម ។
មួយវិញទៀតមានមនុស្សជាង៤០០លាននាក់នៅតែខ្វះខាតអគ្គិសនីប្រើប្រាស់ ៣០០លាននាក់ទៀតពុំមានទឹកទទួលទានដោយសុវត្ថិភាពហើយ១,៥លាននាក់ខ្វះមូលដ្ឋានអនាម័យ ។
ចំណែកបណ្តាប្រទេសសេដ្ឋកិច្ចជាច្រើនក្នុងតំបន់ខ្វះខាតកំពង់ផែទំនើប ផ្លូវដែក និងផ្លូវថ្នល់ក្នុងការធ្វើឲ្យប្រសើរជាងមុននូវការតភ្ជាប់ប្រជាជាតិទាំងនោះទៅនឹងទីផ្សារពិភពលោក និងទីផ្សារក្នុងស្រុកធំៗ ។
ប្រធានធនាគារ ADB លោក Takehiko Nakao បានថ្លែងថាតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់អាស៊ីនិងអាស៊ីប៉ាស៊ីហ្វិកមានការផ្គត់ផ្គង់ថ្មីប្រសើរជាងមុន ។ អាស៊ីត្រូវការហេដ្ឋារចនាសម្ព័ន្ធកែប្រែថ្មីនិងថ្មីសន្លាងតែម្តង ដែលកំណត់នូវស្តង់ដាចំពោះគុណភាព លើកទឹកចិត្តកំណើនសេដ្ឋកិច្ចនិងឆ្លើយតបនឹងការប្រកួតប្រជែងលើពិភពលោកដែលប្រែប្រួលតាមបរិយាកាស។
គួរបញ្ជាក់ថាបណ្តាប្រទេសសេដ្ឋកិច្ចចំនួន២៥ដែលស្មើនឹង៩៦%នៃអត្រាប្រជាជនក្នុងតំបន់ថ្មីៗនេះបានចំណាយ៨៨១ប៊ីលានដុល្លារក្នុងមួយឆ្នាំលើហេដ្ឋារចនាសម្ព័ន្ធ ។ តាមរយៈការជួយសម្រាលនូវបម្រែបម្រួលតាមបរិយាកាសប្រកួតប្រជែង តម្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់នឹងមានចំនួនលើស២៦ទ្រីលានដុល្លារឬ១,៧ទ្រីលានដុល្លារក្នុងមួយឆ្នាំ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា