ភ្នំពេញ ៖ តារាចម្រៀង ព្រាប សុវត្ថិ បានប្រារព្ធខួបកំណើតគម្រប់ ៥០ឆ្នាំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តែមិនឃើញជប់លៀងទ្រង់ទ្រាយធំឡើយ ។ បើទោះជាព្រាប សុវត្ថិ មិនមានធ្វើពិធីខួបកំណើត ដោយហៅតារារួមអាជីពរាប់រយនាក់ មកផឹកស៊ីដូចតារាមួយចំនួនទៀតក្តី ប៉ុន្ដែនៅថ្ងៃខួបកំណើតរបស់ខ្លួន គេឃើញលោកសុវត្ថិ ត្រូវបានតារារួមដំបូល ធ្វើខួបកំណើតឲ្យស្ងាត់ៗ ក្នុងពិធីជួបជុំគ្នាញ៉ាំអាហារជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា, ខេមរៈ សិរីមន្ត, ខេម ,ខាន់ ជេមស៍ និងកញ្ញាតន់ ច័ន្ទសីម៉ា ជាដើម ដោយពួកគេបានរាំសប្បាយជុំគ្នា បទ «សម្ដេចពុក វាយកូនគោល» ។

ក្នុងវ័យ៥០ឆ្នាំ ព្រាប សុវត្ថិ អាយុបងខេមរៈ សិរីមន្ដ ដល់ទៅ ១០ឆ្នាំ, អាយុបងលោកខេម ដល់ទៅ១០ឆ្នាំ និងអាយុបងលោកខាន់ ជេមស៍ ដល់ទៅ ៦ឆ្នាំ តែរូបសម្រស់របស់លោក នៅតែក្មេងជាងវ័យ ពោលគឺមិនសូវមានការប្រែប្រួលខ្លាំងទៅតាមអាយុឡើយ ។ មិនមែនជាលើកទី១ នោះទេ សម្រាប់លោកសុវត្ថិ ដែលចូលចិត្តធ្វើខួបកំណើតដោយស្ងប់ស្ងាត់នោះ ប៉ុន្ដែជារៀងរាល់ឆ្នាំ អតីតតារាហង្សមាស រូបនេះ ក៏តែងតែធ្វើខួបកំណើត បែបសាមញ្ញដែរ ដូចជាធ្វើក្រោមដើមត្នោត និងនៅហាងបាយរបស់លោក ជាដើម ដែលម្ចាស់នំខេក ភាគច្រើនជាភរិយា និងកូនៗរបស់លោក ឬជូនកាលក្រុមហ៊ុនដែលជួលលោក ជា BA ពួកគេខ្លះលើកនំខេក ទៅជូនលោក ដល់ផ្ទះតែម្ដង ។

សូមបញ្ជាក់ថា ព្រាប សុវត្ថិ ក្នុងវ័យ៥០ឆ្នាំ នេះ លោកក៏ដល់កំណត់កុងត្រាដំណាក់កាលដំបូងជាមួយផលិតកម្ម Galaxy រយៈពេល ៥ឆ្នាំ នៅខែសីហា ឆ្នាំ២០២៥ ខាងមុខនេះហើយ តែមិនទាន់មានដំណឹងថា លោកគ្រោងបន្ដកុងត្រាថ្មីឡើយ ។ ប៉ុន្ដែបើផ្អែកលើការនាំកូនប្រុសដល់ទៅ ២នាក់ ច្រៀងជាមួយខ្លួន គឺកូនទី១ ៖ សុវត្ថិ មុនីវណ្ណ និងកូនទី៣ ៖ សុវត្ថិ សិរីវុឌ្ឍ ច្រៀងនៅ Galaxy ដែរនោះ គឺមានន័យថា លោកសុវត្ថិ នឹងមិនទៅណាចោលទ្រនំថ្មីរបស់ខ្លួនឡើយ ។ សម្រាប់ខួប ៥ឆ្នាំ របស់លោកសុវត្ថិ នៅ Galaxy នេះ គេនៅតែពិបាកសន្និដ្ឋានថា តើពេលនេះលោកនៅតែលេខ១ ដូចកាលនៅហង្សមាស ឬធ្លាក់មកលេខ២? ព្រោះខេមរៈ សិរីមន្ដ ត្រូវបានគេមើលឃើញថា កំពុងតែអុកឡុកទីផ្សារចម្រៀងជាងគេ នៅទ្រនំនេះ ហេតុនេះហើយ បើលោកសុវត្ថិ គ្មានអ្វីពិសេសទប់ទល់ទេ តំណែងរបស់លោក នឹងមិនមានសុវត្ថិភាពឡើយ ។

តើព្រាប សុវត្ថិ អាយុ៥០ឆ្នាំ នៅតែអាចអង្រួនទីផ្សារចម្រៀងផ្នែកយុវវ័យបានតទៅទៀត ឬទៅលែងរួចហើយ ?

លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សព្វថ្ងៃជាទីប្រឹក្សារាជរដ្ឋាភិបាល បានប្រាប់ «នគរធំ» នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ថា តាមពិតអ្នកចម្រៀង មិនបានគិតថាធ្វើបទចម្រៀង ផ្ដោតតែទៅតាមទីផ្សារយុវ័យនោះទេ គឺសំដៅទៅលើអ្នកគាំទ្រទូទៅ ហើយតារាចម្រៀង គឺគ្មានដែនកំណត់ មិនមែនលើអាយុទេ តែសំខាន់លើសមត្ថភាព សុខភាព ឥរិយាបថ សីលធម៌ និងការរស់នៅ ហើយជាពិសេស បើមានរបស់ខាងលើនេះហើយ គឺត្រូវមានការគាំទ្រទៀត ទើបទៅរួច។ លោកនរៈសត្យា បានបន្ថែមថា លោកធ្លាប់ហៅព្រាប សុវត្ថិ ទៅសម្ភាសន៍នៅទូរទស្សន៍បាយ័ន និពន្ធបទចម្រៀងឲ្យលោកច្រៀង ជាច្រើន នាទសវត្សរ៍ឆ្នាំ១៩៩០ មានបទដូចជាបទ «អូនជាបេះដូងបង», ព«ខំបំភ្លេច រឹតតែនឹក» និងបទ «វាចាហ្គីតារស្នេហ៍» ជាដើម។

បើផ្អែកតាមកាអះអាងរបស់លោក ថៃ នរៈសត្យា មានន័យថា លោកព្រាប សុវត្ថិ អាចល្បីបានច្រើនឆ្នាំទៀត បើលោកខិតខំថែរក្សាប្រជាប្រិយភាព ព្រោះភាពល្បី គ្មានដែនកំណត់ ហើយក៏មិនមែននៅលើអាយុឡើយ ។

គួរបញ្ជាក់ថា ក្នុងអាជីពចម្រៀង រយៈពេល ២៨ឆ្នាំ (១៩៩៧-២០២៥) លោកព្រាប សុវត្ថិ ដែលឡើងងារជាឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នោះ ត្រូវបានគេចាត់ទុកជាសេដ្ឋីម្នាក់ក្នុងសិល្បៈ ដោយសារតែកាលពីខែកញ្ញា ឆ្នាំ២០២២ មនុស្សជំនិតលោកសុវត្ថិ បានទម្លាយប្រាប់អ្នកកាសែតថា តារាចម្រៀងឧកញ៉ារូបនេះ សល់លុយប្រមាណ ៣០លានដុល្លារ ពីការរកបានដោយសាតែអាជីពសិល្បៈ។ ប៉ុន្ដែរយៈពេល ៥ឆ្នាំចុងក្រោយនេះ ព្រាប សុវត្ថិ នៅមិនទាន់ធ្វើបច្ចុប្បន្នភាពទ្រព្យសម្បត្តិរបស់លោកទៀតទេ តែលោកបានប្រាប់អ្នកកាសែតថា ចាប់ពីពេលនេះតទៅ លោកត្រូវប្រឡូកសិល្បៈ និងរកស៊ី ស្មើដៃគ្នា។ តាមប្រភពថា នៅឆ្នាំ២០២៥ តារាកូន៣ ព្រាប សុវត្ថិ មានមុខរបរជាច្រើនក្នុងដៃ ដូចជា ហាងបាយ, ហាងកាត់សក់ សាឡន, រីសត និងជំនួញផ្នែកអចលនទ្រព្យ ជាដើម ៕

