Thursday, May 29, 2025
Homeតារាខ្មែរមាស សុខសោភា ចាប់ដៃដួង វីរៈសិទ្ធ លើកទី២

មាស សុខសោភា ចាប់ដៃដួង វីរៈសិទ្ធ លើកទី២

ភ្នំពេញ ៖ មាស សុខសោភា បានចាប់ដៃលោកដួង វីរៈសិទ្ធ ជាលើកទី២ នៅ Art 7 Arena Entertainment ដោយបើកឆាកបទ «ឈ្មោះខ្មែរ» បន្ទាប់ពីនាងធ្លាប់ច្រៀងសម្ដែងជាមួយលោកវីរៈសិទ្ធ នៅផលិតកម្មរាម ឆ្លង ឆ្លើយគ្នា ដូចជាបទ «បុស្បាម្ចាស់ស្នេហ៍», «ព្រួយខ្លាចបាត់បង់» និង «ក្រមានិស្ស័យ» ជាដើម ។

នេះជាជំហានថ្មីមួយទៀតរបស់សុខសោភា ក្រោយពីផលិតកម្មផ្ទាល់ខ្លួនរបស់នាងCamtrax Music មានភាពស្រពេចស្រពិលក្នុងការដំណើរការ ព្រោះលែងមានបទចេញថ្មី តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៥  បន្ទាប់ពីអតីតស្វាមីរបស់នាង លោកអ៊ិត រ៉ាដា បានប្រកាសដើរចេញពីតួនាទីជាអគ្គនាយកផលិតកម្មនេះ កាលពីចុងខែមេសា ឆ្នាំ២០២៥ ។

អ្នកគាំទ្រតារាចម្រៀងរូបនេះ មានការពេញចិត្តព្រោះសុខសោភា និងវីរៈសិទ្ធ មានទឹកដមសំឡេងស្រទន់ ផ្អែមដូចគ្នា ហេតុនេះការចាប់ដៃគូគ្នា គឺពិតជាសមខ្លាំង បើទោះជាពួកគេមានអាយុខុសគ្នាឆ្ងាយក្ដី តែវីរៈសិទ្ធ មានសមត្ថភាពធ្វើភ្លេងនិងនិពន្ធទំនុកច្រៀង និង Melody បានហេតុនេះ បើចេញបទបានច្រើន រឹតតែល្អ ។

 គួររំលឹកថា មាស សុខសោភា មានជំនឿខ្លាំងទៅលើលោក ពេជ្រ សង្វារ ហៅតាសក់ស ភ្នំត្បែង ចំពេលចំណងស្នេហានាងជាមួយអាណិកជនខ្មែរ-កាណាដា លោកអ៊ិត រ៉ាដា ក៏បានដើរដល់ទីបញ្ចប់ នៅត្រឹមឆ្នាំ២០២៥ បន្ទាប់ពីចាប់ដៃគ្នាបាន ១៨ឆ្នាំ (២០០៧-២០២៥) ។ ប៉ុន្ដែនៅលើទំព័រហ្វេសប៊ុក របស់មាស សុខសោភា ចាប់តាំង ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មក នាងមិនដែលសរសេរឬនិយាយពាក់ព័ន្ធលោកតាសក់ស ភ្នំត្បែង ទៀតទេ ក្រោយមានព័តមានថា សោភា ចាញ់បោកតាសក់ស អស់២៣ម៉ឺនដុល្លារ ។ ដោយឡែកសម្រាប់អតីតស្វាមីមាស សុខសោភា លោករ៉ាដា ក៏មិនឃើញបញ្ចេញប្រតិកម្មទាក់ទងទៅលើសោភា លេចមុខនៅផលិតកម្មថ្មីនេះដែរ ក្រោយសោភា ប្រកាសថា ទោះជានៅលើលោកនេះ មានមនុស្សប្រុសតែម្នាក់គត់ ក៏នាងមិនយកលោករ៉ាដា វិញជាដាច់ខាត ។

 មានការកត់សម្គាល់ថា មាស សុខសោភា នៅតែមានទីផ្សារចម្រៀង នៅរដូវធ្លាក់ភ្លៀងនេះ ដោយនាងចេញ ច្រៀងតាម Pub និងក្លឹប ជាបន្ដបន្ទាប់ ចំពេលដែលមនុស្សពេញប្រទេសចាប់អារម្មណ៍ថា ជីវិតនាងមានការប្រែប្រួលពីមុន ពោលគឺពោពេញទៅដោយជំនឿអរូបី ហើយគ្មានអ្នកណាអាចនិយាយឲ្យនាងស្ដាប់បាន ក្រៅពីលោកតាសក់ស ភ្នំត្បែង ។ អំឡុងពេលដែលសោភា កំពុងតែមានអារម្មណ៍ច្របូកច្របល់នេះ គេឃើញរាល់ពេលដែលនាងច្រៀងសម្ដែង តែងតែមានការទៅលើទឹកចិត្តពីមិត្តរួមអាជីព ដូចជា អ្នកនាងយក់ ថិតរដ្ឋា និងញឹម ចាន់ថន ជាដើម បានយកបាច់ផ្កាទៅជូននាងលើឆាកតន្រ្ដី តាមបណ្ដាហាងនានា។

 អ្នកជំនាញសិល្បៈ បានលើកឡើងថា ការលេចមុខនៅផលិតកម្មថ្មី របស់មាស សុខសោភា អាចជាវិធានការថ្មីមួយក្នុងការទប់ទល់កុំឲ្យនាងគ្មានបទថ្មីៗប្រជែងទីផ្សារ ក្រោយពីផលិតកម្មផ្ទាល់ខ្លួនរបស់នាង ផ្អាកតំណើរ ដោយសាតែស្វាមីនាង ឈប់ធ្វើការឲ្យនាងទៀត ។ ប៉ុន្ដែការមានបទចម្រៀងល្បីៗពីមុន រាប់រយបទ របស់សុខសោភា ក៏ធ្វើឲ្យនាងនៅតែអាចរកប្រាក់ចំណូលពីអាជីពចម្រៀងដែរ ប្រសិនបើនាងមានការកែច្នៃបទទាំងនោះជាភ្លេងថ្មី ព្រោះអត់ពីប្ដី សោភា ក៏នៅតែសល់បងប្រុសនាងម្នាក់ទៀត គឺលោកមាស សុខរតនៈ នៅក្រោយខ្នងនាងជានិច្ច ។          

សូមរំលឹកថា ក្នុងអាជីពចម្រៀង ជាង២០ឆ្នាំ មាស សុខសោភា បានផ្លាស់ប្ដូរផលិតកម្មជាបន្ដបន្ទាប់ ហើយនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា អ្នកគាំទ្រ (Fan) ជឿជាក់ថា នាងទៅដល់ផលិតកម្មណាក៏នៅតែល្បី  ព្រមទាំងថា សម័យនេះហើយ ទោះជាច្រៀងអត់ផលិតកម្ម ក៏នៅតែល្បី ។ សោភា ក៏ធ្លាប់ចាប់ដៃគូច្រៀងសម្ដែងជាមួយលោក ករុណា ពេជ្រ និងខេម ផងដែរ ខណៈដែលអ្នកគាំទ្រនាងភាគច្រើន ចង់ឃើញសោភា ក្រៅពីបន្ដចាប់ដៃជាមួយលោកដួង វីរៈសិទ្ធ ដែលនាងធ្លាប់តែសរសើរពេញៗមាត់ថា ជាតារាវ័យក្មេងមានសមត្ថភាពនោះ គឺក្លាយជាដៃគូលោកព្រាប សុវត្ថិ តែដំណឹងនេះពិបាកក្លាយជាការពិត ព្រោះសោភា ធ្លាប់ប្រាប់ថា Galaxy មិនដែលទាក់ទងនាងទេ ៕

RELATED ARTICLES