Thursday, May 29, 2025
Homeតារាខ្មែរសេង មង្គល ក្លាយជាថៅកែហាងកាហ្វេ

សេង មង្គល ក្លាយជាថៅកែហាងកាហ្វេ

ភ្នំពេញ ៖ លោកហូរ ប៉ូសេង ហៅសេង មង្គល បានក្លាយជាម្ចាស់ហាងកាហ្វេ ហ្វេ្រស៊ី(Freshy-Coffee) បើកដំណើរការលក់ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីតាំងនៅខាងក្រោយវិទ្យាល័យព្រះស៊ីសុវត្ថិ ។ នេះជាជំហានថ្មីមួយទៀតរបស់លោកមង្គល នៅឆ្នាំ២០២៥ នេះ ដែលលោកចាប់ផ្ដើមបង្កើតមុខរបរផ្ទាល់ខ្លួន ក្រៅពីសិល្បៈ ហើយចេញរកស៊ីដំបូង ថែមទាំងបានសិទ្ធិធ្វើអាជីវកម្ម (Franchise) ពីអ្នកបង្កើតកម្មវិធី Freshie ទៀតផង បើទោះបីជារូបលោកមិនធ្លាប់ចូលរួមប្រកួតកម្មវិធីមួយនេះក្ដី។ ប៉ុន្ដែតារាសម្ដែងរូបនេះ ធ្លាប់ធ្វើជាពិធីករកម្មវិធីប្រឡង Freshie ជាច្រើនរដូវកាល។

តារាសាច់ដុំធំៗ សេង មង្គល បានបង្ហាញស្នាដៃឆុងកាហ្វេ ដោយសម្លៀកបំពាក់សិចស៊ីផងដែរ ទើបគេជឿថា អតិថិជនរបស់លោក ភាគច្រើនប្រាកជាស្រីស្អាតៗវ័យក្មេង ទៅធ្វើតេស្ដសាករសជាតិកាហ្វេ ជាស្នាដៃរបស់លោកជាមិនខាន។ ប៉ុន្តែយ៉ាងណា លោកមង្គល មិនទាន់ប្រាប់ពីទំហំនៃការចំណាយលើការបើកហាងកាហ្វេ ដែលបង្កើតឈ្មោះដោយយកកម្មវិធីដែលលោកធ្វើជា MC មកដាក់នោះទេ ។ ប៉ុន្ដែអ្វីដែលគួរឲ្យចាប់អារម្មណ៍ ការចេញរកស៊ីលើកដំបូង របស់លោកមង្គល នេះ គឺចំពេលដែលលោកកំពុងតែសាងសង់ផ្ទះវីឡា ជូនឪពុក ម្ដាយ នៅឯស្រុកកំណើត ដែលចំណាយលុយចូលខ្ទង់សែនដុល្លារ នៅមិនទាន់រួចរាល់ផង ស្រាប់តែឥឡូវមានលុយបើកហាងកាហ្វេ ថែមទៀត ដែលប្រាកដណាស់ថា ទឹកប្រាក់ទាំងពីរច្រកនេះ ប្រាកដជាមានចំនួនច្រើនជាមិនខាន ហើយលោកអាចធ្វើវាបាន ចំពេលដែលតារាមួយចំនួនកំពុងតែជួបវិបត្តិសេដ្ឋកិច្ច ប្រឈមដាច់បាយ ក្នុងនោះមានទាំងលោកសាយ សៀរ៉ា ម្នាក់ផងដែរ ដែលអត់ការងារសិល្បៈធ្វើ បែរជាលោកមង្គល ឆ្នាំ២០២៥ នេះ មានរាសីឡើងក្រឺតៗ អាចសម្រេចផែនការធំ ដល់ទៅ២ ក្នុងពេលតែមួយ ។

សូមបញ្ជាក់ថា លោកសេង មង្គល ត្រូវបានចាត់ទុកជាបុរសមិនសូវកាក់កបនឹងរឿងស្នេហានោះទេ ព្រោះឲ្យតែស្និតស្នេហ៍ជាមួយស្រីណា ច្បាស់ជានាងរៀបការចោល ជាមិនខាន ។ ជាក់ស្ដែង ដូចជានៅពេលដែលលោកមង្គល ស្អិតល្មូតជាមួយលោកស្រី ទ្រី ដាណា និងហ៊ិន ច័ន្ទនីរ័ត្ន ជាដើម គឺអ្នកទាំងពីរ ពេលនេះមានស្វាមីចោល លោកអស់ទៅហើយ ។ ប៉ុន្ដែលោកមង្គល បែរជាបន្ដពន្យារពេលយកប្រពន្ធ ដោយលោកធ្លាប់អះអាងប្រាប់អ្នកយកព័ត៌មានយើងថា ពេលណា ពេលហ្នឹងចុះ និងថា សព្វថ្ងៃ លោកគ្មានសង្សារ ឬគូដណ្ដឹងទេ ។ រឿងស្នេហាមិនអាចនិយាយបានឡើយ ខណៈដែលបច្ចុប្បន្ន លោកនៅតែទទួលថតភាពយន្ដ តែមិនសម្រុកថតទេ គឺធ្វើទៅតាមពេលវេលា ហើយទាល់តែរឿងនោះលោកស្រលាញ់ ឬសាច់រឿងត្រូវនឹងតួអង្គលោកលេងដែរ ទើបលោកទទួលថត ។

ក្រៅពីសេង មង្គល តារាដែលរកស៊ីបើកហាងកាហ្វេ មានដូចជា ឌួង ហ្សូរីដា, ឌុច លីដា ជាដើម ខណៈដែលឱក សុគន្ធកញ្ញា, សុខ ពិសី និងចាន់ កែវនិមល ជាដើម បើកហាងតែគជ់ ។ ប្រភពបានឲ្យដឹងថា លោកមង្គល ពូកែសន្សំលុយពីការថតភាពយន្ដនិងស្ពត រួមទាំងធ្វើ BA ទើបមានលុយទាំងដុំៗ ធ្វើវីឡា និងបើកហាងកាហ្វេ នាពេលនេះ ។ ប៉ុន្ដែអ្នកខ្លះសង្ស័យថា ប្រុសសង្ហាររូបនេះ មានគូស្នេហ៍លាក់មុខ នៅក្រោយខ្នង ព្រោះលោកមានជម្រើសស្នេហ៍ច្រើន ហេតុនេះឲ្យតែព្រមទទួលជំនួយ ជាថ្នូរស្នេហា ច្បាស់ជាលោកចង់ពង្រីកមុខរបរអ្វីបន្ថែម ទៀតក៏បានដែរ ។ ប៉ុន្តែប្រឡូកសិល្បៈ ជាង១០ឆ្នាំនេះ លោកមង្គល មិនដែលបង្ហាញមុខគូស្នេហ៍ ជាសាធារណៈម្ដងណាឡើយ ទើបនាំឲ្យមានការខ្សឹបខ្សៀវពីអ្នកសិល្បៈខ្លះថា លោកសេង មង្គល មានមន្ដស្នេហាមិនធម្មតាទេ ព្រោះមានទាំងប្រុស ទាំងស្រី តាមស្នេហ៍៕

RELATED ARTICLES