Friday, May 30, 2025
Homeតារាខ្មែររចនា ថៅកែលើកដូចសីម៉ា ឬអត់ ?

រចនា ថៅកែលើកដូចសីម៉ា ឬអត់ ?

ភ្នំពេញ ៖ តារាចម្រៀង សុខុម រចនា បានជ្រកនៅ Galaxy រយៈពេល ១ឆ្នាំហើយ ប៉ុន្ដែនៅមិនទាន់មានបទចម្រៀងណាមួយផ្ទុះខ្លាំងទេ បើប្រៀបធៀបទៅនឹង តន់ ច័ន្ទសីម៉ា ដែលជាតួឯករបស់ផលិតកម្មនេះ។ ប៉ុន្ដែយ៉ាងណា រចនា ត្រូវបានថៅកែផ្ដល់ឱកាសឲ្យច្រៀងតាមឆាកតន្រ្ដីធំៗជាច្រើន នារដូវក្ដៅកន្លងមក ទើបធ្វើឲ្យនាងត្រូវបានគេស្គាល់ជាងមុន។

 ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ កញ្ញា សុខុម រចនា និយាយថា ១ឆ្នាំនេះ នាងចេញបានបទចម្រៀង និងឡើងច្រៀង Concerts ច្រើនគួរសម តាំងពីចូល Galaxy ។ ប៉ុន្តែនៅពេលសួរថា ចេញបានប៉ុន្មានបទ? នាងបែរជាមិនប្រាប់ចំណងជើងចម្រៀងទៅវិញ។ រចនា និយាយាថា បទចម្រៀងវិលជុំ តារាមានច្រើន អីចឹងនាងមិនគិតថាចេញបានតិចបទនោះទេ ព្រោះរឿងនេះជាធម្មតាទៅហើយ ខណៈដែលនាងនាងក៏មិនមានអ្នកធ្វើបទផ្ទាល់ខ្លួនឲ្យដែរ គឺរង់ចាំផលិតកម្មទម្លាក់បទថ្មីឲ្យ ទើបនាងទៅថត។

សុខុម រចនា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង ធ្លាប់ប្រឡងចម្រៀងThe Voice Cambodia រដូវកាលទី៣ ប៉ុន្ដែបានបរាជ័យលើកពាន ព្រោះមិនអាចយកឈ្នះលឹម សេរីហាន់នីកា បានឡើយ ។ ប៉ុន្ដែ រចនា នៅតែធ្វើឲ្យគេចាប់អារម្មណ៍ តាមរយៈការច្រៀងCover បទល្បីៗរបស់រៀមច្បង បង្ហោះនៅលើយូធូប ខណៈដែលពេលនេះ មានផលិតកម្មច្រៀងទៅហើយ តែនាងនៅបន្ដច្រៀង Cover បទចម្រៀងល្បីៗ បង្ហោះតាមបណ្ដាញសង្គមដដែល។

 សុខុម រចនា ប្រាប់បន្ថែមថា មុនពេលច្រៀងឲ្យ Galaxy នាងក៏បាននិយាយគ្នាពីបញ្ហានេះដែរ ហើយខាង ផលិតកម្ម មិនហាមឃាត់នាងទេ ទើបសព្វថ្ងៃ នាងពិតជានៅច្រៀង Cover មែន។ នាងថា រាល់ថ្ងៃ ច្រៀងបទខ្លួនឯងខ្លះ បទ Cover ខ្លះ គឺទៅតាមពេលវេលា ។

មជ្ឈដ្ឋានមហាជនលើកឡើងថា សុខុម រចនា ទោះជាមានរូបសម្រស់ទាក់ទាញ និងសំឡេងមិនចាញ់តារាស្រីល្បីៗ របស់ Galaxy ផ្សេងទៀត ប៉ុន្ដែការដណ្ដើមភាពលេចធ្លោនៅផលិតកម្មមួយនេះ ប្រាកដជាពិបាកទៅរួច ប្រសិនបើនាងគ្មានឱកាសច្រៀងជាដៃគូជាមួយលោកព្រាប សុវត្ថិ, ខេមរៈ សិរីមន្ដ និងខេម ដូច តន់ ច័ន្ទសីម៉ា ព្រោះជាក់ស្ដែង ហ៊ិន លីដា មានសមត្ថភាពច្រៀង មិនក្រោម តន់ ច័ន្ទសីម៉ា ទេ ប៉ុន្ដែបែជាមិនសូវល្បីទៅវិញ ព្រោះអត់ទាន់ធ្វើជាដៃគូព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ។

 នៅពេលត្រូវសួរថា តើកញ្ញាសុខុម រចនា អាចមានឱកាសចាប់ដៃច្រៀងជាមួយតារាប្រុសជូរមុខរបស់ Galaxy និងសង្ឃឹមថា អាចលេចធ្លោឬអត់ បើបច្ចុប្បន្នផលិតកម្មនេះ លើកតែ តន់ ច័ន្ទសីម៉ា ធ្វើជាតួឯក តែម្នាក់បែបនេះ?  រចនា បានសួរច្រាសមកវិញថា សួរអ៊ីចឹង យកទៅធ្វើអី? ហើយនាងក៏ចុចផ្ដាច់ទូរស័ព្ទ ដោយមិនបានឆ្លើយតបសំណួរ ឬជម្រាបលាមួយម៉ាត់ឡើយ។

គួររំលឹកថា សុខុម រចនា ធ្លាប់រងនូវភាពអាម៉ាសខ្លាំង អំឡុងប្រឡងចម្រៀង The Voice Cambodia រដូវកាលទី៣ ដោយពេលនោះ នាងច្រៀង Cover បទ «How About Now?» ដែលជាបទរបស់ ងួន ចាន់ដេវីត តែនៅលើឆាកតន្រ្ដីនោះ ខណៈដែល Coach ទាំង៤ ច្រឡំថា បទនោះ ជាបទរបស់នាង កញ្ញារចនា ហើយ រចនា មិនបានបដិសេធ ឬបញ្ជាក់ថាជាបទរបស់ដេវីត ឡើយ ទើបធ្វើឲ្យ អ្នកគាំទ្រ (Fan) របស់ដេវីត ផ្ទុះប្រតិកម្ម វាយ ប្រហារលើនាង ឡើងស្ពឹកមុខ។ ក្រោយមក អ្នកគាំទ្រដេវីត បាននាំគ្នារីផត បទដែលនាងច្រៀង Cover «How About Now?» នោះ ចេញពីយូធូប ដែលមានអ្នកទស្សនាដល់ទៅ 30M Views ទើបតាំងពីពេលនោះមក ពេលFan របស់ដេវីត ឃើញកញ្ញារចនា ពួកគេហៅនាងថា «កញ្ញា30M» រហូតមកដល់សព្វថ្ងៃ ។

ប្រភពបានឲ្យដឹងថា សព្វថ្ងៃ កញ្ញាសុខុម រចនា មិនទាន់ត្រៀមខ្លួនចូលប្រឡងចម្រៀងកម្មវិធីថ្មីទេ ហើយនាងច្រៀងនៅ Kunlun Pub និងហាងដៃអូន ។ តាមរយៈរូបសម្រស់ និងសាច់សខ្ចី រចនា ធ្វើឲ្យប្រុសចូលផឹកស៊ីនៅទីនោះ ជ្រួលជ្រើមនឹងសម្រស់នាងមិនតិចឡើយ ។ អ្នកជំនាញសិល្បៈ លើកឡើងថា ស្រីស្រស់រូបនេះ អាចលេចធ្លោគ្រាន់បើជាងនេះ ប្រសិនបើនាងមានមុខនៅតាមសារព័តមានច្រើនជាងនេះ ៕

RELATED ARTICLES