Saturday, May 31, 2025
Homeតារាខ្មែរឈិត សុវណ្ណបញ្ញា ទៅជួបបូបូ នៅសាំងហ្គាពួរ

ឈិត សុវណ្ណបញ្ញា ទៅជួបបូបូ នៅសាំងហ្គាពួរ

សិង្ហបុរី ៖ ឈិត សុវណ្ណបញ្ញា បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានជួបផ្ទាល់ជាមួយតារាភាពយន្ដដ៏ល្បី របស់ប្រទេសសិង្ហបុរី អ្នកនាងហ្សូអ៊ីថេ ដែលប្រជាជនកម្ពុជា ស្គាល់ច្បាស់ជាតួអង្គ បូបូ នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្ដីរបស់តារាចម្រៀងលេឌី ហ្គាហ្គា (Lady Gaga) កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ។

សុវណ្ណបញ្ញា ឲ្យដឹងថា នាងគាំទ្របូបូ តាំងពីរូបនាងនៅតូច ហើយពេលនេះ បានជួបដោយផ្ទាល់ ប៉ុន្ដែមិនមែនជាការណាត់គ្នាមុននោះទេ គឺនាងជួបដោយចៃដន្យ នៅពេលដែលនាងទៅមើលការច្រៀងសម្ដែងរបស់ Lady Gaga ហើយអ្នកនាង បូបូ ក៏ទៅមើលដូចគ្នា ។ ក្រៅពីថតរូបភាពជាមួយបូបូ សុវណ្ណបញ្ញា នៅបន្ដដំណើរកម្សាន្ដជាលក្ខណៈឯកជនជន នៅទីក្រុងសាំងហ្គាពួរ ជាបន្ដទៀត ហើយរហូតមកដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ នាងមិនទាន់វិលចូលស្រុកវិញនៅឡើយ ។

 ឈិត សុវណ្ណបញ្ញា បង្ហាញពីការហោះទៅមើល Concerts ខ្នាតយក្ស នៅក្រៅស្រុកនេះបញ្ជាក់ថា ទោះជានាងឃ្លាតឆ្ងាយពីអាជីពចាស់នេះ ជាច្រើនឆ្នាំមែន ប៉ុន្ដែនាងនៅតែតាមដានសង្គមសិល្បៈ ជាប្រចាំ ពិសេសរាល់ពេលដែលមានតារាលំដាប់ពិភពលោក មកច្រៀងសម្ដែងនៅប្រទេសជិតខាង នាងមិនដែលរំលងក្នុងការទៅទស្សនាដោយផ្ទាល់ ទោះជាតម្លៃសំបុត្រប៉ុន្មាន ហើយចំណាយសំបុត្រយន្ដហោះទៅមក តម្លៃប៉ុនណាក៏ដោយ។

ការទៅដើរលេងនៅក្រៅប្រទេស របស់សុវណ្ណបញ្ញា នាពេលនេះ នាងមិនបានបង្ហាញថា អ្នកណារួមដំណើរជាមួយនាងឡើយ ខណៈដែលតាំងពីប្រឡូកសិល្បៈ ជាង១០ឆ្នាំ ហើយចាកចេញទៅវិញស្ងាត់ៗ ដោយមិនបានជូនដំណឹងនេះ បញ្ញា មិនធ្លាប់បង្ហាញមុខប្រុសស្នេហ៍ជាចំហម្ដងណាឡើយ គឺលាក់ជិតឈឹងតែម្តង។

 គួរបញ្ជាក់ថា ឈិត សុវណ្ណបញ្ញា បានបោះបង់អាជីពចម្រៀង រយៈពេល ៧ឆ្នាំមកហើយ ដែលពេលនេះនាងចាប់យកវិថីជីវិតតាមមាគាព្រះពុទ្ធសាសនា ស្លៀកស ញាំអាហារបួស ធ្វើសមាធិឲ្យស្ងប់ចិត្ត។ នៅលើទំព័រហ្វេសបុក របស់នាង គ្មានទេការផុសពីបទចម្រៀងថ្មីៗ ឬរំលឹកពីអនុស្សាវរយ៍ចាស់ដែលនាងធ្លាប់ចេញច្រៀងសម្ដែងតាមបណ្ដាឆាកតន្រ្ដីជាច្រើននោះ គឺជំនួសមកវិញនូវរូបនាងបូជាផ្កាថ្វាយព្រះ រៀងរាល់ថ្ងៃសីល ជាដើម។ ប៉ុន្ដែពេលនេះនាងបែជាដោះសម្លៀកបំពាក់ឈុតយាយជី មកស្លៀកឈុតសម័យ ទៅមើលការប្រគំតន្រ្ដីខ្នាតធំ ដល់ទីក្រុងសាំងហ្គារពួរ ប្រទេសសិង្ហបុរី ទើបធ្វើឲ្យមានការលាន់មាត់ថា «សុវណ្ណបញ្ញា បុណ្យក៏ធ្វើ ដើរលេងក៏ដើរ»។ ប៉ុន្តែតាមព័ត៌មានថា សុវណ្ណបញ្ញា គ្មានគម្រោងវិលរកឆាកតន្រ្ដីសាជាថ្មីឡើយ បើទោះជាពេលនេះ នាងបានរីករាយជាមួយការទស្សនាការច្រៀងសម្ដែងរបស់តារាចម្រៀង Lady Gaga ក៏ដោយ តែនោះគ្រាន់តែនាងចង់ផ្លាស់ប្ដូរបរិយាកាសពីការផ្ដោតែលើការប្រតិបត្តិធម៌ព្រះពុទ្ធសាសនា ជាដូនជី មកជារីករាយជាមួយតន្រ្ដីខ្លះៗវិញ។

 ក្រៅពីឈិត សុវណ្ណបញ្ញា តារាដែលចូលចិត្តធ្វើសមាធិ បួសជាដូនជី ជាញឹកញាប់ មានដូចជា អឿន ស្រីមុំ, ស៊ីន យូប៊ីន, ណា សាឌី និងនៅ សុនិតា និងមាស សុខសោភា ជាដើម ។ ប៉ុន្ដែដូនជី សុវណ្ណបញ្ញា ខុសពីដូនជីអឿន ស្រីមុំ ពោលគឺនាងមិនដែលប្រកាសមិនយកប្ដីអស់មួយជីវិតនោះទេ ហើយទោះជាពេលនេះ មិនរកលុយពីឆាកតន្រ្ដីដូចមុនទៀត តែបញ្ញា រស់នៅផ្ទះវីឡាធំស្កឹមស្កៃ និងជិះរថយន្ដទំនើបៗ តែគេនៅតែមិនដឹងថា គូស្នេហ៍របស់អតីតតារាចម្រៀងហង្សមាស រូបនេះ ជាបុរសណាឡើយ ក្រោយពីរឿងដែលគេសង្ស័យថា នាងមានសង្សារជាថៅកែឡាន ប៉ុន្ដែទីបំផុតប្រុសនោះក្លាយជាប្អូនថ្លៃនាង ៕

RELATED ARTICLES