Monday, June 2, 2025
Homeតារាខ្មែរពេជ្រ សោភា សប្បាយនៅជប៉ុន ទាំងគ្មានលោកសក្កដា

ពេជ្រ សោភា សប្បាយនៅជប៉ុន ទាំងគ្មានលោកសក្កដា

  ប្រទេសជប៉ុន ៖ ពេជ្រ សោភា ដែលស្បើយពីការច្រៀងសម្ដែងនៅរដូវធ្លាក់ភ្លៀងនេះនាងបានហោះទៅលេងប្រទេសជប៉ុន មួយរយៈ តែត្រូវចេញពីជប៉ុន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥  ។ អ្វីដែលចម្លែក អំឡុងសោភា សប្បាយនៅជប៉ុន និងសរសើរខ្លួនឯងថាជាស្រីស្អាតនោះ គេឃើញនាងបណ្តើរប្រុសជប៉ុន ម្នាក់ ។ អ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គម ខម្មិនសួរសោភា ថាប្រុសមុខដូចជប៉ុន នោះ ត្រូវម៉េចនឹងនាង ហើយម៉េចបានមិនយកលោកសក្កដា ទៅផង? ប៉ុន្ដែសោភា មិនឆ្លើយតបឡើយ ។ ចំណែកលោកឆឹម សក្កដា បានចេញសារ ព្រមានធ្វើអត្តឃាត។

ស្របពេលដែលពេជ្រ សោភា កំពុងតែដើរលេងរីករាយនៅប្រទេសជប៊ុន នោះ លោកឆឹម សក្កដា បានផ្ញើសារថា «ផ្ដាំឲ្យហើយ កុំបន្ថែមបន្ទុកឲ្យច្រើនពេក! Depression មិនទាន់បាត់ទេ! ប្រយ័ត្នលែងបានឃើញមុខម្នាក់នេះ» ។

  គួរបញ្ជាក់ថាពេជ្រ សោភា កម្រចេញទៅដើរលេងក្រៅស្រុក ព្រោះតែនាងមមាញឹកច្រើនជាមួយការងារក្នុងស្រុក ទាំងច្រៀងសម្ដែង និងធ្វើ BA ។ ប៉ុន្ដែការទៅជប៉ុន លើកនេះសោភា ចង់ទៅសាកថ្មជីវិត បន្ទាប់ពីនាងបានហត់នឿយចេញច្រៀង Concerts ពេញមួយរដូវក្ដៅ ពោលមមាញឹកតាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែ មេសា ឆ្នាំ២០២៥ ។ តារាវ័យ៤១ឆ្នាំ រូបនេះ នៅតែរកប្រាក់ចំណូលបានរាប់សែនដុល្លារ ក្នុង១ឆ្នាំ ពីអាជីពសិល្បៈ បើទោះជាពេលនេះនាងមិនមែនជាតារាហង្សមាស ទៀតក្ដី ។ សោភា  បានងាកមកច្រៀង Cover ច្រើនជាង មុននៅឆ្នាំ២០២៥ និងគ្មានដំណឹងនាងចូលផលិតកម្មថ្មីទេ ក្រោយមានដំណឹងថា នាងផាត់ចោលGalaxy កាល ពីឆ្នាំ២០២០ ។ អ្វីដែលមហាជនឈឺក្បាលនោះ សោភា និងលោកឆឹម សក្កដា ដែលប្រកាសថា ពួកគេបានភ្ជាប់ ពាក្យជាមួយគ្នា កាលពីឆ្នាំ២០២២ នោះ បែរជាឥឡូវសោះកក្រោះនឹងគ្នាកាន់តែខ្លាំង ហើយកាលពីដើមខែ ឧសភា សោភា បែរជាថាចង់រៀបការ តែគ្មានអ្នកដណ្ដឹង ហេតុនេះមានតែប្រើជីវិតជាស្រ្ដីមេម៉ាយតទៅទៀត ។

ចំណែកលោកសក្កដា បានចេញសារនៅចុងខែឧសភា នេះថា បងស្រីលោកបង្ខំឲ្យឆាប់រៀបការ ទាំងដែលលោកអត់មានអ្នកយក…។ លោកឆឹម សក្កដា ក៏មិនព្រមឆ្លើយតបទៅ Fan ដែលសួរលោកថា តើទុកពេជ្រ សោភា នៅឯណា បានជាលោកនិយាយបែបនេះ? ប៉ុន្ដែគេចាំបានថា រាល់លើក ឲ្យតែសោភា ស្និទ្ធឬកៀកកិតប្រុសណា គេឃើញលោកសក្កដា តែងតែព្រមានធ្វើអត្តឃាត ជាញឹកញាប់ និងថា ពេលនេះលោកកើតជំងឺបាក់ទឹកចិត្ត តម្រូវឲ្យលេបថ្នាំ ជារៀងរាល់ថ្ងៃ ទៀតផង ។

  ពេជ្រ សោភា បានប្រើជីវិតជាស្រ្ដីមេម៉ាយ ជាង៩ឆ្នាំមកហើយ និងធ្លាប់មានដំណឹងថានាងចង់រៀបការជាមួយលោកសក្កដា នៅឆ្នាំ២០២៣  តែចុងក្រោយនេះសោភា បានប្រាប់អ្នកយកព័ត៌មានយើងថា នាងគ្មានគម្រោងរៀបការប្ដីទេ ហើយក៏លែងកំណត់ពេលវេលារៀបការទៀតដែរ …។ បញ្ហានេះធ្វើឲ្យគេអាចវាយតម្លៃបានថា រឿងស្នេហារបស់សោភា និងលោកសក្កដា បានធ្លាក់ទៅដល់ចំណុចសូន្យ ពោលគឺពួកគេគ្មានគម្រោងរៀបការជាមួយគ្នា ក្លាយទៅជាប្ដីប្រពន្ធស្របច្បាប់ទេ ។ ចំណែកការបណ្ដើរប្រុសម្នាក់ នៅជប៉ុន ហើយសោភា បង្ហាញជាសាធារណៈនោះ គេជឿថា ជាចេតនារបស់នាង ចង់ឲ្យលោកសក្កដា ឃើញជាងអ្នកផ្សេង។

  មហាជនរង់ចាំមើលថា ពេជ្រ សោភា អាយុ៤១ឆ្នាំ អាចរៀបការប្ដីលើកទី២ នៅអាយុប៉ុន្មាន? ហើយស្វាមីនាង ជាប្រុសផ្សេង ក្រៅពីលោកឆឹម សក្កដា ឬយ៉ាងណា?  ព្រោះថាទោះជាសោភា និងលោកសក្កដា លែងផ្អែមល្ហែមស្នេហ៍ដូចមុន ប៉ុន្ដែអ្នកទាំងពីរ នៅមិនទាន់ប្រកាសផ្ដាច់ពាក្យពីគ្នានៅឡើយ ៕

RELATED ARTICLES