Tuesday, June 3, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡាន២គ្រឿង ដឹកមាន់និងព.../ងយួន

ចាប់ឡាន២គ្រឿង ដឹកមាន់និងព…/ងយួន

ភ្នំពេញ ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្ត ចំនួន២គ្រឿង ដែលលួចនាំចូលសត្វមាន់រស់ និងពងមាន់ខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រករបៀងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ប្រតិបត្តិការស្ទាក់ចាប់រថយន្តទាំង២គ្រឿងនេះ ធ្វើឡើងកាលពីវេលាម៉ោង៣និង០៥នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិ១ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

លោកហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងជំនាញ បានឃាត់រថយន្តចំនួន២គ្រឿង ម៉ាក SSANGYONG ISTANA ដោយរថយន្តទី១-ដឹកស៊ុតមាន់ ចំនួន ១០០ដុំ ស្មើនឹង ៣០០០០គ្រាប់ ចំណែករថយន្តទី២- ដឹកសត្វមាន់រស់ ចំនួន៨០៥ក្បាល ត្រូវបានឃាត់លើកំណាត់ផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

បើតាមលោក ហ៊ុន សារ៉ាត់ ថាតាមការឆ្លើយប្រាប់ពីម្ចាស់រថយន្តទាំង២គ្រឿងខាងលើ សត្វមាន់រស់ និងស៊ុត មាន់ទាំងនេះ ត្រូវបានដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះមកចែកចាយលក់នៅរាជធានីភ្នំពេញ ដោយគ្មានលិខិត អនុញ្ញាតអ្វីទាំងអស់។

ក្រោយពីឃាត់បាន ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើ មករក្សាទុកនៅទីតាំងចត្តាឡីស័កសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES