Wednesday, June 4, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនដុតផ្ទះម៉ែលើកទី២ ឆេះ---/ហ្មត់

កូនដុតផ្ទះម៉ែលើកទី២ ឆេះ—/ហ្មត់

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ បានព្យាយាមដុតផ្ទះចោលម្តងរួចមកហើយ តែត្រូវបានអ្នកភូមិប្រទះឃើញនិងជួយពន្លត់ទាន់ពេល លុះក្រោយមកខណៈស្ត្រីជាម្តាយមិននៅផ្ទះ កូនប្រុសបានធ្វើសកម្មភាពដុតផ្ទះ ជាលើកទី២ បណ្តាលឱ្យឆាបឆេះហ្មត់។ ចំណែកជនដៃដល់ជាកូនប្រុសម្ចាស់ផ្ទះ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅ ផ្ទះលេខ២៦ ផ្លូវ១៩បេ ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ផ្ទះដែលរងការឆាបឆេះ មានទំហំ៤ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់ពីឈើលើ ថ្មក្រោម ជាកម្មសិទ្ធិរបស់ឈ្មោះខាត់ ហៀង ភេទស្រី អាយុ៦០ឆ្នាំ។ ចំណែកជនបង្កហេតុ ជាកូនប្រុសរបស់ម្ចាស់ផ្ទះ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគា សែ អាយុ៤៥ឆ្នាំ មុខរបរមិនពិត ប្រាកដ។ ម្តាយកូនអ្នកទាំងពីរ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ជនបង្កឈ្មោះគា សែ (កូនប្រុសម្ចាស់ផ្ទះ) បានព្យាយាមដុតផ្ទះម្តាយម្តងរួចមកហើយ តែត្រូវបានអ្នកជិតខាងឃើញនិងជួយពន្លត់ទាន់ ពេល។ ស្រាប់តែមកដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលស្ត្រីជាម្តាយជាប់រវល់ចេញទៅក្រៅ ស្រាប់តែកូនប្រុសរូបនេះ បានធ្វើសកម្មភាពដុតផ្ទះ ជាលើកទី២ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលអ្នកជិតខាងនិងអាជ្ញាធរ ព្រមទាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ដោយបញ្ជូនរថយន្តពន្លត់ភ្លាមៗដែរ តែមិនអាចស្រោចស្រង់បានឡើយ ពោលគឺផ្ទះខាងលើ ត្រូវភ្លើងលេបត្របាក់អស់គ្មានសល់។

សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង ចុះទៅជួយបាញ់ទឹកពន្លត់ រហូតដល់វេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃដដែល ទើបភ្លើងរលត់ទាំងស្រុង។

ចំពោះការខូចខាត ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើ រួមមាន ឆេះខូចខាតអស់ផ្ទះមួយខ្នង រួមនិងសម្ភារៈ ព្រមទាំងទ្រព្យសម្បត្តិនៅក្នុងផ្ទះអស់ទាំងស្រុង។  រីឯមូលហេតុ គឺដោយសារតែកូនប្រុសរបស់ម្ចាស់ផ្ទះ ជាអ្នកដុត។

ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនបង្ក បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងកំពុងឆ្នាំង ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES