ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល៦ឆ្នាំ ពីបទប្លន់ម៉ូតូ លុះចេញមកវិញ មិនរាងចាល បានធ្វើសកម្មភាពលួចម៉ូតូនៅភ្នំពេញ ជិះគេចខ្លួនទៅដល់ស្រុកអង្គស្នួល ខេត្តកណ្តាល ក៏ត្រូវបានសមត្ថកិច្ចចាប់ក្របួចជាប់។

ការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៦និង២០នាទីព្រលប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ចំណុចភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។
ជនសង្ស័យ មានឈ្មោះព្រុំ នុយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល។ ជននេះធ្លាបជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែ (ម១)ព្រៃស រយៈពេល៦ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) និងប្រើប្រាស់គ្រឿងញៀន។
ចំពោះវត្ថុតាងចាប់យក រួមមាន ម៉ូតូ ១គ្រឿង ម៉ាក Suzuki Nex ពណ៌ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយដែលជនសង្ស័យធ្វើសកម្មភាពលួចកាច់កបាន)។ ទូរស័ព្ទដៃ ១គ្រឿង ម៉ាក MI ពណ៌ប្រផះ។ ដែករាងអក្សរតេ ចំនួន២ដើម។ ដែកតាន់ ប្រាំបីជ្រុង រាងអក្សរតេ ចំនួន១។ ដែកតាន់ រាងសំប៉ែត សម្រាប់កាច់សោកម៉ូតូ ចំនួន៥ដើម។ សរសៃលួសកែច្នៃសម្រាប់ឆ្កឹះសោចំនួន៥សរសៃ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃពួច បានធ្វើការល្បាតក្នុងភូមិសាស្ត្រ និងតំបន់ងាយរងគ្រោះ ប្រទះឃើញមុខសញ្ញាជនសង្ស័យម្នាក់ និងម៉ូតូមួយគ្រឿង គួរឱ្យសង្ស័យ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រៃពួច បានធ្វើការសហការជាមួយកម្លាំងផ្នែកនគរបាលព្រហ្មទណ្ឌ ផ្នែកប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក ធ្វើការឃាត់សាកសួរ និងឆែកឆេរ ឃើញមានឧបករណ៍សម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូ មួយចំនួន នៅក្រោមកែបម៉ូតូរបស់ជនសង្ស័យ ភ្លាមនោះកម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានលួចម៉ូតូ មួយគ្រឿង ម៉ាក Suzuki Nex ពណ៌ខ្មៅ ១គ្រឿង ពីម្តុំវិទ្យាល័យសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយបានកាច់ស្លាកលេខបោះចោល នៅលូទឹកស្អុយ ម្តុំស្ទឹងមានជ័យ។
ជនសង្ស័យ បានសារភាពបន្តថា ខ្លួនធ្លាបជាប់ពន្ធនាគារនៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស រយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ក្នុងពីបទលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) ផងដែរ និងបានបន្តសារភាពថា ខ្លួនបានប្រើប្រាស់ថ្នាំញៀន រយៈពេល៧ឆ្នាំមកហើយ។
បន្ទាប់មក នៅវេលាម៉ោង៩ និង០៥នាទីព្រឹក ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានបទបញ្ជាពីលោកឧត្តម សេនីយ៍ទោ ស្នងការ នគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាខេត្តកណ្តាល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងផ្នែកជំនាញ និងកម្លាំងបុស្តិ៍សៀម រាប នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង បានចុះពិនិត្យទីតាំងផ្ទះជួលរបស់ឈ្មោះព្រុំ ស្រីនាង ភេទស្រី អាយុ៣៤ឆ្នាំ នៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ត្រូវជាបងបង្កើតរបស់ជនសង្ស័យឈ្មោះព្រុំ នុយ (ដែលធ្លាប់ស្នាក់នៅជាមួយ) ជាលទ្ធផលនៃការពិនិត្យឆែកឆេរ មិនឃើញមានវត្ថុតាងឬសម្ភារៈផ្សេងៗ ដែលល្មើសច្បាប់ឡើយ។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញនគរបាលស្រុកអង្គស្នួល កសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕