Thursday, June 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រឡាបញ្ជីបើកឡានបុ---/កកង់បី ធ្លាក់ប្រឡាយ របួស ៤នាក់

ក្រឡាបញ្ជីបើកឡានបុ—/កកង់បី ធ្លាក់ប្រឡាយ របួស ៤នាក់

ខេត្តកណ្តាល ៖ បុរសម្នាក់ ជាក្រឡាបញ្ជី បើកបររថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ពីក្រោយ ពេញទំហឹង បណ្តាលឱ្យជ្រុលធ្លាក់ចូលប្រឡាយ ទាំងកង់បី និងរថយន្ត  និងធ្វើឱ្យអ្នក ជិះកង់បី ១គ្រួសារ ៤នាក់ (ប្តីប្រពន្ធ និងកូន២នាក់) រងរបួសធ្ងន់-ស្រាល ចំណែកអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅសាកសួរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅលើ កំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតនៅភូមិជ្រៃមង្គល ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល។

ជនរងគ្រោះទាំង៤នាក់ ដែលរងរបួសធ្ងន់-ស្រាល រួមមាន ទី១-ឈ្មោះចាន់ សុផល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររត់ម៉ូតូកង់បី (របួសស្រាល)។ ទី២-ឈ្មោះខូវ សុខហួន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរកសិករ ត្រូវជាប្រពន្ធអ្នករត់កង់បី (របួសស្រាល)។ ទី៣-ឈ្មោះផល គីមឡាង ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (របួសធ្ងន់) និងទី៤-ឈ្មោះផល គីមលាំង ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន (រងរបួសស្រាល)។ ក្រុមគ្រួ សារជនរងគ្រោះខាងលើ មានលំនៅ ភូមិវាល ឃុំវាល ស្រុកពារាំង ខេត្តព្រៃវែង។

ចំណែកអ្នកបើកបររថយន្ត មានឈ្មោះសួន សុធា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរក្រឡាបញ្ជី មានលំនៅ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាកហាយឡែនដឺរ ពណ៌ទឹក ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7683 បើកបរដោយឈ្មោះសួន សុធា បើកបរមកពីទិសខាងកើត ទៅលិច (ភ្នំពេញ-កំពង់ស្ពឺ) លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកពីក្រោយម៉ូតូកង់បី ១គ្រឿង ម៉ាក BAJAJ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KQ-7767 បើកបរដោយឈ្មោះចាន់ សុផល និងរួមដំណើរដោយប្រពន្ធនិងកូន២នាក់ សរុប៤នាក់ ដែលបើកបរមកពីកើត ទៅលិច (ភ្នំពេញ-កំពង់ស្ពឺ) ក្នុងទិសដៅស្របគ្នា យ៉ាងពេញ ទំហឹង បណ្តាលឱ្យម៉ូតូកង់បី និងរថយន្ត ធ្លាក់ចូលទឹកប្រឡាយ ផ្នែកខាងស្តាំទាំងពីរគ្រឿងតែម្តង និងបណ្តាលឱ្យភាគីម៉ូតូកង់បី រងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាល ៣នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនអ្នកបើកបររថយន្ត នាំយកទៅសាកសួរ។ ចំណែករថយន្ត និងម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង រួចអូសយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES