Thursday, June 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគេបាញ់លុយលើស១ពាន់ដុល្លារ មិនឲ្យគេវិញ ជា.../ប់ខ្នោះ

គេបាញ់លុយលើស១ពាន់ដុល្លារ មិនឲ្យគេវិញ ជា…/ប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ នារីម្នាក់ បានបាញ់ប្រាក់តាម QR Code ធនាគារ ទៅឱ្យនារីម្នាក់ទៀត ១ម៉ឺនរៀល តែច្រឡំបាញ់ទៅ ១ពាន់ដុល្លារ ស្រាប់តែភាគីម្ខាងទៀត ក្រោយពីទទួលប្រាក់បានហើយ មិនព្រមប្រគល់ឱ្យម្ចាស់គេវិញ បែរជាព្យាយាមរត់គេចខ្លួនបាន ៥ថ្ងៃ ក៏ត្រូវកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ  បានកើតឡើង កាលពីវេលាម៉ោង ០១និង៤០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ រហូតដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ទើបឈានដលការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

ជនរងគ្រោះ មានឈ្មោះរី រីណា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះយុន ស៊ីវមិញ ហៅអាម៉ី ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិតាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះរី រីណា ភេទស្រី បានប្តឹងចោទប្រកាន់ទៅលើឈ្មោះយុន ស៊ីវមិញ ហៅអាម៉ី ភេទស្រី ស្តីពីករណីលួចប្រាក់តាម QRកូដធនាគារ កាលពីវេលាម៉ោង ០១និង៤០នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយជនរងគ្រោះ បានបាញ់ប្រាក់ថ្លៃឈ្នួលម៉ូតូឌុប តាមរយៈ QR កូដធនាគារវីង ដែលមានឈ្មោះ SIVMINH YUN ដែលថ្លៃឈ្នួលម៉ូតូឌុប តែ១ម៉ឺនរៀល តែជនរងគ្រោះច្រឡំបាញ់ទៅ ចំនួន១០០០ដុល្លារ ពេលដែលម្ចាស់គណនីឈ្មោះ SIVMINH YUN ទទួលបានប្រាក់ហើយ មិនព្រមប្រគល់ប្រាក់ឱ្យជនរងគ្រោះវិញ ហើយបានរត់គេចខ្លួន។

ក្រោយពីទទួលបានពាក្យបណ្តឹងរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ទើបបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះយុន ស៊ីវមិញ ហៅអាម៉ី នៅចំណុចភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីធ្វើការសាកសួរ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទទួលលុយ១០០០ដុល្លារ របស់ជនរងគ្រោះប្រាកដ មែន ហើយខ្លួនបានគេចខ្លួន យកលុយនោះទៅសងគេ និងលេងល្បែងចាញ់អស់ទៅហើយ។

ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES