Thursday, June 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រូបារមី៧ភាសា ធ្វើកិច្ចសន្យាលើកទី២

គ្រូបារមី៧ភាសា ធ្វើកិច្ចសន្យាលើកទី២

ភ្នំពេញ ៖ លោកទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញ លោកវ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ភាសា មានលំនៅ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មកធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពប៉ះពាល់តម្លៃព្រះពុទ្ធសាសនា និងសង្គម។

មន្ទីរធម្មការ និងសាសនារាជធានី បានធ្វើកិច្ចសន្យាណែនាំគ្រូបារមីស្នងរូប ៧ភាសាខាងលើ ឱ្យបញ្ឈប់ និងលុបវីដេអូ រូបថតសកម្មភាព ពាក់ព័ន្ធនឹងការទស្សន៍ទាយ ប្រោះព្រំ លើករាសី ជាដើម តាមប្រព័ន្ធបណ្តាញសង្គម ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ តថភាពសង្គម និងសាសនា ទាំងចាស់ទាំងថ្មី ចេញទាំងអស់។ ជាមួយនេះ លោក វ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ភាសា ក៏បានធ្វើកិច្ចសន្យាយល់ព្រមលុបវីដេអូ និងរូបថតសកម្មភាពប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម នៅលើប្រព័ន្ធបណ្តាញសង្គមទាំងអស់។ បន្ថែមនោះ លោកសន្យាមិនបង្ហោះរាល់រូបភាព ឬវីដេអូសកម្មភាពទាំងអស់ នៅលើប្រព័ន្ធបណ្តាញសង្គម នានា នោះទ។

លោកវ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ក៏បានអំពាវនាវដល់សិស្សគណ អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គម គ្រប់ប្រភេទទាំងអស់ សូមកុំថតចម្លង ចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗ របស់លោក និង ស្នើឱ្យជួយលុបវីដេអូ រូបថតសកម្មភាព ចាស់ថ្មី ទាំងអស់របស់លោក ចេញពីបណ្តាញសង្គម។ លោកក៏បានបន្ថែមថា បើនៅតែមានអ្នកបន្តចែកចាយបង្ហោះរូបភាព សកម្មភាពរបស់ក្រុមលោកនៅលើបណ្តាញសង្គម តទៅទៀតនោះ គឺលោកមិនទទួលខុសត្រូវឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កន្លងទៅ លោកវ៉ាត វុធ ហៅ លោកតាឥសីសំរឹទ្ធ ដែលតាំងខ្លួនជាគ្រូបារមីស្នងរូប ៧ភាសា បានធ្វើកិច្ចសន្យាជាមួយមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ម្តងរួចមកហើយ។

ក្នុងកិច្ចសន្យាជាមួយ មន្ទីរធម្មការ គ្រូបារមីស្នងរូប ៧ ភាសា បានសន្យាឈប់ធ្វើសកម្មភាពដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម មិនថតបង្ហោះសកម្មភាពអួតអាងផ្ទុយពីការពិតតាមបណ្តាញសង្គម ឈប់ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន ឬអ្នកលេងបណ្តាញសង្គម ឈប់យកស្បង់ចីវរព្រះសង្ឃមកស្លៀកពាក់ និងឈប់ធ្វើសកម្មភាពមិនសមរម្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ព្រះពុទ្ធសាសនា។ ករណីមិនគោរពតាមកិច្ច សន្យា នឹងត្រូវទទួលទោសចំពោះមុខច្បាប់ជាធរមាន៕

RELATED ARTICLES