Thursday, June 5, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានកម្ពុជា ចាប់បានដ្រូនថៃ១ ទាហានថៃ ប្រើដ្រូនបំពាក់អាវុធ

ទាហានកម្ពុជា ចាប់បានដ្រូនថៃ១ ទាហានថៃ ប្រើដ្រូនបំពាក់អាវុធ

ខេត្តព្រះវិហារ ៖ កងកម្លាំងយោធាកម្ពុជា នៃកងអនុសេនាធំទី៥ ឈរជើងនៅព្រំដែនជួរមុខ ខាងកើតប្រាសាទ ព្រះវិហារ នៅលេលារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ចាប់បានយន្តហោះដ្រូន (Drone) ខ្នាតតូច ១គ្រឿង របស់ទាហានថៃ ដែលបានហោះចូលមកក្នុងទឹកដីកម្ពុជា ដើម្បីស៊ើបការណ៍ ។

តាមប្រភពកម្លាំងយោធា កងអនុសេនាធំទី៥ ដែលចាប់បានដ្រូនឈ្លបស៊ើបការណ៍របស់ថៃ  ១គ្រឿងនោះ បានឲ្យដឹងនៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ថា  ដ្រូន នេះ សំខាន់ជាងទាហានថ្មើរជើង ចូលមកទៅទៀត ព្រោះវាអាចចូលមកយកការណ៍ មើលចំណុចដែលកងកម្លាំងយើងឈរជើង ហើយរាយការណ៍ដើម្បីវាយលុកនៅពេលណាក៏បានដែរ ឥឡូវចាប់បានមួយហើយ តែនៅមានច្រើនគ្រឿងទៀត ដែលវាតែងចូលមករំខានកងកម្លាំងរបស់យើង មិនឲ្យបានដេកេពួន។

កម្លាំងយោធា កងអនុសេនាធំទី៥ បានបង្ហាញដ្រូនចោរ ដែលលបចូលមកយកការណ៍នៅក្នុងទឹកដីកម្ពុជា ដោយបាននិយាយថា «ចាប់បានចោរមួយហើយ នៅព្រំដែនជួរមុខ ខាងទិស៣៣៣ នៅខាងកើតប្រាសាទ ព្រះវិហារយើង។ នេះ មើលមុខវាឲ្យច្បាស់ ធ្វើឲ្យយើងមិនបានដេក មិនបានពួន ដោយសារអាហ្នឹងនែ! ឥឡូវចាប់បានមួយហើយ។ នៅទៀត មិនទាន់អស់ទេ អានេះដ្រូន ណា អានេះវាសំខាន់ជាងទាហានមកថ្មើរជើងទៅទៀត វាមើលចំណុចយើងហើយ វារាយការណ៍ ដើម្បីវាយលុកយើងថ្មើរណាក៏បានដែរ។ នៅកងអនុសេនាធំទី៥ តំបន់៣៣៣ ឥឡូវចាប់បានមួយហើយ នៅវេលាម៉ោងប្រហែលជា ៣កន្លះ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ។ ដោយសារតែវាហ្នឹង ខ្ញុំមិនបានដេកពួន អត់ងងុយ ងោករាល់តែថ្ងៃហ្នឹង។  មើលមុខវា អានេះដូចតែយើង អ្នកគេមានលុយទិញ បង្ហោះលេងហ្នឹងណា វាដូចតែគ្នាហ្នឹង»។  

ដោយឡែក ស្របពេលដែលកងកម្លាំងយោធាកម្ពុជា ចាប់បានដ្រូនឈ្លបស៊ើបការណ៍របស់ទាហានថៃ  ១គ្រឿងនោះ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពអាកាសថៃ សហការជាមួយនាយកដ្ឋានអាវុធយុទ្ធភណ្ឌទ័ពអាកាស និងឧស្សាហកម្មការពារជាតិថៃ បានបង្ហាញយន្តហោះគ្មានមនុស្សបើក ឬដ្រូន (Drone) ដែលបំពាក់ប្រព័ន្ធអាវុធស្វ័យប្រវត្តិ M4 នៅចំណុចព្រំដែនថៃ-កម្ពុជា នាមូលដ្ឋានទ័ពអាកាស ខេត្តស្រះកែវ

តាមប្រភពបណ្តាញព័ត៌មានថៃ «ThaiNews» បានរាយការណ៍ថា កងទ័ពអាកាសភូមិន្ទថៃ សហការជាមួយ នាយកដ្ឋានអាវុធយុទ្ធភណ្ឌទ័ពអាកាស និងឧស្សាហកម្មការពារជាតិ បានបង្កើតប្រព័ន្ធអាវុធស្វ័យប្រវត្តិ M4 ដើម្បីបង្កើនសមត្ថភាពរបស់ដ្រូន (Drone) លើសពីការឈ្លបយកការណ៍ និងបានច្នៃកែប្រែ ដើម្បីអាចដំឡើងអាវុធនិងគ្រឿងផ្ទុះផ្សេងទៀតបានទៀតផង។

ប្រភពដដែល បន្តថា ដ្រូនប្រដាប់អាវុធនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា យោធាផលិតក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរបស់អង្គភាពឈ្លបយកការណ៍ និងកងទ័ពជើងគោក និងកាត់បន្ថយហានិភ័យនៃការបាត់បង់ទាហាន ក្នុង​បេសកកម្ម​ការពារ​អធិបតេយ្យ និង​សន្តិភាព។

គួរបញ្ជាក់ថា ការចាប់បានដ្រូនឈ្លបយកការណ៍របស់ថៃ ក៏ដូចជាការបង្ហាញដ្រូនបំពាក់អាវុធស្វ័យប្រវត្តិ របស់កងទ័ពថៃ ខាងលើនេះ បានកើតមានឡើង បន្ទាប់ពីកងទ័ពកម្ពុជា​ និងថៃ  បានប៉ះទង្គិចគ្នាដោយអាវុធ នៅចំណុចព្រំដែន មុំបី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីទហានថៃ បានលបបាញ់ប្រហារមកលើលេណដ្ឋានរបស់កងទ័ពកម្ពុជា បណ្តាលឲ្យទាហានកម្ពុជា ម្នាក់ បានបាត់បង់ជីវិត ដែលករណីនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា  បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា ទាហានថៃ បានបាញ់ប្រហារមុន មកលើលេណដ្ឋានរបស់កងទ័ពកម្ពុជា ។

  សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជា ម្នាក់ ។ ការប៉ះទង្គិចគ្នានេះ មិនមែនជាជម្រើសដែលកម្ពុជា ចង់បាននោះទេ ហើយក្រសួងការពាជាតិកម្ពុជា នឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញ ឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត។

 ក្រសួងការពារជាតិកម្ពុជា បញ្ជាក់បន្ថែមថា កម្ពុជា ប្រកាន់ខ្ជាប់នូវមធ្យោបាយការទូត និងការដោះស្រាយបញ្ហាដោយសន្តិវិធី ព្រមទាំងការរក្សាព្រំដែនរបស់ខ្លួន ជាមួយប្រទេសជិតខាង ជាព្រំដែនសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយកម្ពុជា ប្តេជ្ញាចិត្តក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ។

 ចំណែកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើកំណត់ទូត ទៅកាន់ស្ថានទូតថៃ ប្រចាំកម្ពុជា ពាក់ព័ន្ធករណីទាហានថៃ លបបាញ់ប្រហារមកលើលេណដ្ឋានរបស់កម្ពុជា បណ្តាលឲ្យទាហានខ្មែរ ស្លាប់ម្នាក់ នៅចំណុចព្រំដែនកម្ពុជា-ថៃ មុំបី កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះផងដែរ ដោយទាមទារឲ្យភាគីថៃ ទទួលខុសត្រូវនៅក្នុងរឿងនេះ ដោយធ្វើការស៊ើបអង្កេតជាបន្ទាន់និងហ្មត់ចត់លើឧប្បត្តិហេតុហិង្សានេះហើយត្រូវនាំយកបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវនិងខុសច្បាប់នេះ យកមកផ្តន្ទាទោសតាមច្បាប់ ។

 កំណត់ទូត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លេខ១៣១២ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវគារវកិច្ចចំពោះស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ ហើយពាក់ព័ន្ធនឹងអរិភាពដោយអាវុធ នៅព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 មានកិត្តិយសសូមជម្រាបទៅកាន់ភាគីថៃ ដូចខាងក្រោម ៖

 1. នៅថ្ងៃទី28 ខែឧសភា ឆ្នាំ2025 វេលាម៉ោង 05:30 នាទីព្រឹក កងកម្លាំងថៃ បានបើកការប្រហារដោយខុសច្បាប់ ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលបណ្តាលឱ្យមានការសម្លាប់ទាហានខ្មែរដោយអយុត្តិធម៌ ។

2. រាជរដ្ឋាភិបាលកម្ពុជា សូមគូសបញ្ជាក់ថា កងទ័ពព្រំដែនកម្ពុជា បានឈរជើងជាបន្តបន្ទាប់ និងដោយសន្តិវិធី នៅទីតាំងនេះ តាំងពីយូរយារណាស់មកហើយ គឺតាំងពីមុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែងនិងការបោះបង្គោលព្រំដែនគោក រវាងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ 2000។

3. រាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងការតវ៉ាយ៉ាងខ្លាំង ប្រឆាំងនឹងការវាយប្រហារដោយអាវុធរបស់កងទ័ពថៃ យ៉ាងអយុត្តិធម៌ ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា និងស្មារតីនៃមិត្តភាព និងភាពជាអ្នកជិតខាងល្អ ដូចបានឆ្លុះបញ្ចាំងនៅក្នុងនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ2000។

4. រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងហ្មត់ចត់ លើឧប្បត្តិហេតុហិង្សានេះ ហើយបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវ និងខុសច្បាប់នេះ ត្រូវតែនាំមកផ្តន្ទាទោសតាមច្បាប់ ។

5. ទោះយ៉ាងណាក៏ដោយ កម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការរក្សាការអត់ធ្មត់ជាអតិបរមា និងដោះស្រាយបញ្ហានេះ និងបញ្ហាព្រំដែនទាំងអស់ តាមរយៈមធ្យោបាយសន្តិភាព និងការទូត ដោយប្រើយន្តការដែលមានស្រាប់ រួមមានគណៈកម្មាធិការចម្រុះ ស្តីពីការបោះបង្គោលព្រំដែនគោក (JBC) និងគណៈកម្មាធិការព្រំដែនទូទៅ (GBC) ក្នុងគោលបំណងកសាងព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ជាមួយប្រទេសថៃ និងប្រទេសជិតខាង។

 ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមឆ្លៀតឱកាសនេះ សម្តែងនូវគារវកិច្ចជាថ្មីម្តងទៀត ចំពោះស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ“ ៕

RELATED ARTICLES