ភ្នំពេញ ៖ នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ ទេព បូព្រឹក្ស នឹងដឹកដៃស្វាមី លោកងួន ចាន់ដាវិត ហៅជី-ដេវីត ក្រាបផ្ទឹម ក្រោយពួកគេចាប់ដៃគ្នា ១០ឆ្នាំ និងមានកូនប្រុស១ ឈ្មោះ ទេព បញ្ចវរាប ហៅ Albert អាយុ២ឆ្នាំកន្លះ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅមុនថ្ងៃរៀបការដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នោះ គេឃើញឈុតអាពាហ៍ពិពាហ៍ សម័យចុងក្រោយរបស់បូព្រឹក្ស ថតជាមួយស្វាមី រំលេចនូវសម្រស់នាងប្រែប្រួលខ្លាំង ពិសេសច្រមុះ និងមាត់តែម្ដង ទើបអ្នកលេងបណ្ដាញសង្គមលើកឡើងថា ស្រីនិច្ច ទើបកែច្រមុះ មាត់ ដើម្បីឲ្យរូបឆោមរបស់នាងរឹតតែមានភាពទាក់ទាញថែមទៀតនៅថ្ងៃរៀបការ ។

អ្នកលេងហ្វេសបុក បានខម្មិនខុសៗគ្នា ជុំវិញការកែខ្ទង់ច្រមុះ និងមាត់ របស់បូព្រឹក្ស នៅថ្ងៃកៀករៀបការនេះ ដោយខ្លះថា តារាកូន១ នេះ ស្អាតជាងមុន ដូចកូនបារាំង … ។ ប៉ុន្ដែខ្លះទៀត បែរជាថា បបូរមាត់របស់បូព្រឹក្ស ស្អាតដូចឡូហ្គោឡានម៉ាស្តា។

លោកម៉ៃ សុគន្ធ រហស្សនាមកំពូលទើស ដែលជា Fan របស់វណ្ណដា ហើយតែងតែដៀមដាមដេវីត នោះ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ លោកបានប្ដូរ Profile ហ្វេសបុកហើយដាក់រូបឡូហ្គោ (Logo) សញ្ញាសម្គាល់ឡាន Mazda ដែលសំដៅប្រៀបធៀបទៅនឹងបបូរមាត់បេះដូងរបស់បូព្រឹក្ស បើទោះជាលោកមិននិយាយអ្វីទាំងអស់ក៏ដោយ ។ ចំណែកគណនីហ្វេសបុក ឈ្មោះ Somaly Nim បានបញ្ចេញមតិភ្ជាប់ជាមួយរូបថតបូព្រឹក្ស ដែលប្ដូរទម្រង់មុខថ្មី ទន្ទឹមជាមួយឡូហ្គោឡាន Mazda នោះថា «មើលទម្រង់មាត់ Idol ស្រដៀង Logo ឡាន Mazda ពេញនិយមណាស់មាត់ហ្នឹង» ។

យ៉ាងណា ជុំវិញការកែខ្ទង់ច្រមុះ និងបបូរមាត់ ឲ្យកាន់តែសិចចស៊ីនេះ វាជាធម្មតាទៅហើយសម្រាប់តារាល្បីៗ នាពេលបច្ចុប្បន្ន។ តាមប្រភពថា មានតារាច្រើនណាស់ដែលបានកែច្រមុះ ក្នុងនោះមានដូចជា ឱក សុគន្ធកញ្ញា, មាស សុខសោភា, ពេជ្រ សោភា, បេប៊ី, តន់ ច័ន្ទសីម៉ា, ផាន វីរ៉ាទី ហៅរ៉ាប៊ី, សុខ ពិសី, ថន លក្ខិណា និងលីន សោម៉ា ជាដើម គ្រាន់តែខ្លះហ៊ានសារភាពថា តែខ្លះបដិសេធ ។ ចំពោះបូព្រឹក្ស ក្រៅពីលេចឮថានាងបានកែច្រមុះបន្ថែម (ពីមុនធ្លាប់លេចឮថាបានកែដែរ) និងធ្វើមាត់ ឲ្យកាន់តែសិចស៊ី មុនថ្ងៃរៀបការនោះ គ្មានព័ត៌មានថានាងបានកែកុនផ្នែកណាផ្សេងៗឡើយ ។

គួរកត់សម្គាល់ថា ទេព បូព្រឹក្ស ត្រូវបានងួន ចាន់ដាវិត ស្នើសុំនាងរៀបការ ដល់ទៅ ២ដង នាឆ្នាំ២០២៤ ហើយទីបំផុត នៅឆ្នាំ២០២៥ នេះ នាងមិនអាចគេចវេះបានទៀតឡើយ ។ បូព្រឹក្ស ធ្លាប់និយាយថា ការដែលនាងសម្រេចចិត្តយកកូនមុនរៀបការ ដោយសារតែពីមុនជីវភាពនៅខ្វះខាត ហេតុនេះរង់ចាំពេលវេលាសមស្រប ទើបធ្វើពិធីនេះ ។ ការលើកឡើងរបស់នាងបែបនេះ ជាការឆ្លើយតបទៅនឹងអ្នករិះគន់មួយចំនួនថា មានកូនមុនរៀបការ ជាគំរូរមិនល្អសម្រាប់តារាខ្មែរ ។ ប៉ុន្ដែពេលនេះបូព្រឹក្ស បានបិតមាត់អ្នកធ្លាប់រិះគន់វាយប្រហារនាងបានហើយតាមរយៈការរៀបការតាមប្រពៃណីខ្មែរ ហើយនាងថែមទាំងធ្វើពិធីជប់លៀងធំ ឲ្យFan ដល់ទៅ ៣០០០ នាក់ ទៀតផង នៅថ្ងៃបន្ទាប់ពីធ្វើពិធីមង្គលការរបស់នាង នាងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។

ប្រភពបានឲ្យដឹងថា ក្រោយរៀបការរួច ទេព បូព្រឹក្ស និងងួន ចាន់ដាវិត នឹងហោះទៅក្រេបចន្ទទឹកឃ្មុំ (Honey Moon ) នៅក្រៅស្រុក ជាច្រើនប្រទេស ហើយពួកគេនឹងរៀបគម្រោងយកកូនទី២ ភ្លាមៗតែម្ដង ។

ជុំវិញមង្គលការរបស់ទេព បូព្រឹក្ស-ងួន ចាន់ដាវិត នេះ គេរង់ចាំអ៊ុតមើលថា វណ្ណដា ដែលធ្លាប់តែកាច់កុង និង Diss track ជាមួយដេវីត នោះ នឹងទៅចូលរួមដែរឬទេ ព្រោះតែរយៈពេលចុងក្រោយនេះ ដេវីត-វណ្ណដា បង្ហាញសញ្ញាត្រូវគ្នាវិញ ហើយដេវីត បានយកធៀបការទៅអញ្ជើញវណ្ណដា ដោយផ្ទាល់ទៀតផង។ ប្រសិនបើវណ្ណដា នាំសង្សារទៅចូលរួមមង្គលការរបស់ដេវីត មែននោះ ច្បាស់ជាដាច់ផ្ងារ Fan ទាំងសងខាង ជាលើកទី២មិនខាន ៕