Friday, June 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រុសខ្មែរនៅកូរ៉េ ប្តឹងស្រីស្អាតនៅកម្ពុជា បោកធ្វើសង្សារ អស់៥៥០០ដុល្លារ

ប្រុសខ្មែរនៅកូរ៉េ ប្តឹងស្រីស្អាតនៅកម្ពុជា បោកធ្វើសង្សារ អស់៥៥០០ដុល្លារ

ភ្នំពេញ ៖ យុវជនម្នាក់ ជាពលករចំណាកស្រុក ទៅធ្វើការងារនៅប្រទេសកូរ៉េ បានទាក់ទងស្នេហ៍តាមអនឡាញ ជាមួយស្រីស្អាតម្នាក់ នៅក្នុងប្រទេសកម្ពុជា រហូតក្លាយជាសង្សារ លុះក្រោយមក ខាងស្រីបានលួងលោមឱ្យបុរសជាសង្សារ ផ្ញើលុយមកឱ្យនាងជាបន្តបន្ទាប់ ចំនួន១៣លើក សរុបប្រមាណ ៥៥០០ដុល្លារ ដោយប្រាប់ថា ទុកទិញចិញ្ចៀនពេជ្រ ត្រៀមភ្ជាប់ពាក្យ តែពេលបានលុយដល់ដៃ ខាងស្រីបានផ្តាច់ទំនាក់ទំនង លុះខាងប្រុសស៊ើបដឹងការពិតថា ស្រីស្អាតនោះ មានប្តីនិងកូន ២នាក់ហើយ ថែមទាំងទាក់ទងប្រុសផ្សេងម្នាក់ទៀត រួមគំនិតគ្នាបោកលុយរបស់ខ្លួន យកទៅដើរស៊ីចាយសប្បាយហ៊ឺហា ធ្វើឲ្យឈឺចិត្តស្អិតទ្រូង ក៏ទារលុយពីស្រីស្អាតនោះមកវិញ តែខាងស្រីមិនព្រមឲ្យ ទើបចេញមកលាតត្រដាង បង្ហាញមុខមាត់ស្រីដែលយករូបសម្រស់ ឆបោកលុយរបស់ខ្លួន និងបានប្តឹងទៅតុលាការ ទាមទារប្រាក់ដែលខាងស្រីបោកយកទៅនោះមកវិញ។

យុវជនខកស្នេហ៍ ដែលអះអាងថា ត្រូវស្រីស្អាតម្នាក់ បោកធ្វើជាសង្សារ ស៊ីដាច់លុយអស់៥៥០០ដុល្លារនោះ មានឈ្មោះពិសិដ្ឋ ដារុណ ជាពលករចំណាកស្រុក ទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង និងមានស្រុកកំណើតនៅភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ចំណែកស្រីស្អាតដែលរងការចោទប្រកាន់ឆបោកនោះ មានឈ្មោះដែន ដាឡែន មានលំនៅក្នុងភូមិក្រាំងស្គរ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ យុវជនឈ្មោះ ពិសិដ្ឋ ដារុណ ជាពលករខ្មែរ នៅប្រទេសកូរ៉េ ដែលរងគ្រោះស្រីស្អាតបោកលុយអស់ ៥៥០០ដុល្លារនោះ បានបង្ហោះពាក្យបណ្តឹង ១ច្បាប់ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ភ្ជាប់ជាមួយសំណេរថា “នេះជាពាក្យបណ្តឹង ទៅតុលាការ។ មេធាវីរបស់ខ្ញុំ រង់ចាំចេញដីកាកោះហៅដើររឿងក្តី ចាំមើលប្រព័ន្ធច្បាប់ចាត់ការមនុស្សធុនអ្នកឯងរបៀបម៉េច? អ្នកឯងជាជនឆបោក ដើរបោកប្រាស់ទំនុកចិត្ត និងលុយរបស់គេ បើមិនសងលុយអញមកវិញគ្រប់ចំនួនទេ កុំថាអញធ្វើអាក្រក់ឱ្យសោះ! កុំយំសំពះសុំអង្វរ អញអត់លើកលែងឱ្យទេ ញាត់ក្បាលនាងឯងចូលគុក ឱ្យដេកក្នុងទ្រុងម្តង ឱ្យរាង ថ្ងៃក្រោយកុំចេះតែហ៊ានដើរបោកលុយគេទៀត! របស់ក្តៅក្រហាយ កុំចង់បានពេក បើមិនមែនជារបស់ខ្លួន រកស៊ីបិទផ្លូវដើរខ្លួនឯងហើយនាង គេគ្រប់គ្នាខំធ្វើការ យកកម្លាំងញើសឈាម មកប្តូរ សឹងគ្មានពេលសម្រាក ឈឺល្មមៗក៏មិនហ៊ានឈប់ គេស្រែកស្តីឱ្យមុខក្រោយ មិនមែន ឱ្យនាងឯងមកបោកលុយស្រួលៗទេ អញប្រាប់! សុំឱ្យអញលុបរូប ថាសងលុយ ដល់អញឱ្យជួបមេធាវី និយាយឱ្យច្បាស់ សងថ្ងៃណា អីថ្ងៃណា បែរជាមិនហ៊ានតប បែរជាស្ងាត់មាត់ ម៉េចចង់ប្រើល្បិចស្អីទៀតនាង? ប្រទេសមានច្បាប់ ច្បាប់ សម្រាប់ចាត់ការមនុស្សអាក្រក់ដូចនាងឯង…”។

យោងតាមពាក្យបណ្តឹង របស់ឈ្មោះពិសិទ្ធ ស្រីទី ភេទស្រី មានលំនៅ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាអ្នកតំណាងឱ្យឈ្មោះពិសិទ្ធ ដារុណ (បងស្រីបង្កើតរបស់ឈ្មោះពិសិដ្ឋ ដារុណ) គោរពជូនព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្នុងកម្មវត្ថុ ៖ ស្នើសុំប្តឹងឈ្មោះដែន ដាឡែន ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ ស្រី ឡែន ភេទស្រី មានអាសយដ្ឋានស្ថិតនៅភូមិក្រាំងស្គរ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ពីបទ ឆបោក មាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ យោង ៖ -ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា -មាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជា ណាចក្រកម្ពុជា -ប្រតិបត្តិការផ្ទេរប្រាក់ តាមរយៈធានាគារវីង ចំនួន១៣លើក -លិខិតផ្ទេរសិទ្ធិ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «តបតាមកម្មវត្ថុ និងយោងខាងលើ នាងខ្ញុំ សូមជម្រាបជូនឯកឧត្តមព្រះរាជអាជ្ញា មេត្តាជ្រាបថា ៖ ប្អូនរបស់ខ្ញុំ ឈ្មោះពិសិទ្ធ ដារុណ បានស្គាល់គ្នាជាមួយនារីម្នាក់ តាមគណនីហ្វេសប៊ុក ឈ្មោះ ស្រី ឡែន មានឈ្មោះពិតថា ដែន ដាឡែន ក្រោយពីបានស្គាល់គ្នាមួយរយៈ ក៏បានសម្រេច ចិត្តធ្វើការទាក់ទងគ្នា (ធ្វើជាសង្សារ)។ ចាប់តាំងពីពេលនោះមក ឈ្មោះដែន ដាឡែន តែងតែបានបញ្ចុះបញ្ចូលឱ្យប្អូនរបស់ខ្ញុំ ធ្វើការផ្ទេរប្រាក់មកឱ្យខ្លួន ក្នុងគោលបំណងដើម្បីទុកសម្រាប់ទិញចិញ្ចៀនពេជ្រ និងទុកសម្រាប់រៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នា។ ដោយសារការជឿជាក់និងទុកចិត្តទៅលើឈ្មោះ ដែន ដាឡែន ជាសង្សារ ទើបប្អូនរបស់ខ្ញុំ បានផ្ញើប្រាក់ មកឈ្មោះដែន ដាឡែន ជាច្រើនលើកច្រើនសា រហូតដល់ទៅចំនួន ១៣លើក ៖ លើក១- ថ្ងៃទី១៧ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 200  លើកទី២- ថ្ងៃទី២១ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 100 លើកទី៣- ថ្ងៃទី២១ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 100  លើកទី៤- ថ្ងៃទី២៦ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 1000 លើកទី៥- ថ្ងៃទី២៦ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 1000 លើកទី៦- ថ្ងៃទី២៧ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 500 លើកទី៧- ថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 100  លើកទី៨- ថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 50  លើកទី៩- ថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 350 លើកទី១០- ថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២៥ ចំនួន USD 500 លើកទី១១- ថ្ងៃទី០៤ ខែ០៤ ឆ្នាំ២០២៥ ចំនួន USD 100 លើកទី១២- ថ្ងៃទី០៤ ខែ០៤ ឆ្នាំ២០២៥ ចំនួន USD 1000  និងលើកទី១៣-ថ្ងៃទី០៤ ខែ០៤ ឆ្នាំ២០២៥ ចំនួន USD 500 សរុបទាំង ១៣លើក គឺស្មើនឹងចំនួន USD 5500 តាមរយៈធានាគារវីង។

បន្ទាប់ពីពេលដែលឈ្មោះ ដែន ដាឡែន បានទទួលប្រាក់ខាងលើរួចមក ឈ្មោះខាងលើ បានទៅទិញចិញ្ចៀនពាក់ រួចហើយក៏ចាប់ផ្តើមកាត់ផ្តាច់ទំនាក់ទំនងជាមួយប្អូនរបស់ខ្ញុំ ថែមទាំងប្លុកហ្វេសប៊ុក (Block Facebook) ប្អូនរបស់ខ្ញុំទៀតផង ហើយបែរជាទៅមានទំនាក់ទំនងជាមួយនឹងអតីតគូស្នេហ៍ចាស់របស់គាត់ទៅវិញ។ ក្រោយពីបានដឹងអំពីគំនិតទុច្ចរិតរបស់ឈ្មោះដែន ដាឡែន ប្អូនរបស់ខ្ញុំ ធ្វើការជូនដំណឹងទៅឈ្មោះ ដែន ដា ឡែន ឱ្យធ្វើការប្រគល់ប្រាក់ដែលបានយកពីប្អូនរបស់ខ្ញុំ ប្រគល់មកឱ្យប្អូនរបស់ខ្ញុំវិញ តែទោះបីជាប្អូនរបស់ខ្ញុំព្យាយាមធ្វើការជូនដំណឹងយ៉ាងណាក៏ដោយ ក៏ឈ្មោះដែន ដាឡែន មិនព្រមប្រគល់មកឱ្យប្អូនរបស់ខ្ញុំវិញឡើយ។ ទង្វើរបស់ឈ្មោះដែន ដាឡែន នេះ បានធ្វើប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍របស់ប្អូនរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរ។

ឯកឧត្តមព្រះរាជអាជ្ញា ជាទីគោរព! សកម្មភាពខាងលើ គឺជាបទល្មើសឆបោក ដែលមានផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះនាងខ្ញុំសូមសំណូមពរ ៖

១-សុំឱ្យធ្វើការចោទប្រកាន់ និងផ្តន្ទាទោសឈ្មោះ ដែន ដាឡែន តាមផ្លូវច្បាប់។

២-បង្គាប់ឱ្យឈ្មោះ ដែន ដាឡែន សងប្រាក់ចំនួន USD 5500 (ប្រាំពាន់ ប្រាំរយដុល្លារអាមេរិក) មកឱ្យប្អូនរបស់ខ្ញុំ។

៣-បង្គាប់ឱ្យឈ្មោះ ដែន ដាឡែន សងជំងឺចិត្តចំនួន USD 2000 (ពីរពាន់ដុល្លារអាមេរិក)។

អាស្រ័យហេតុដូចបានរៀបរាប់ខាងលើនេះ សូមឯកឧត្តមព្រះរាជអាជ្ញា មេត្តាសម្រេចទទួលពាក្យបណ្តឹងរបស់ខ្ញុំ និងចាត់ការតាមនីតិវិធីច្បាប់ ដោយក្តីអនុគ្រោះ…»។

ដោយឡែក កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ យុវជនរងគ្រោះ ឈ្មោះ ពិសិដ្ឋ ដារុណ បានបង្ហោះរូបថតអតីតសង្សារបោករបស់ខ្លួន ដែលកំពុងផ្អែមល្អែមជាមួយប្រុសថ្មី នៅប្រទេសកម្ពុជា ភ្ជាប់ជាមួយសំណេរបកអាក្រាតថា “ស៊ែរផងបងប្អូន! មើលមុខមីស្រីបិសាចថោកទាបនេះឱ្យច្បាស់ វាជាជនឆបោកលុយប្រុសៗនៅកូរ៉េ និងជប៉ុន ខ្ញុំបានចាញ់បោកវា ចំនួនលុយ ២០លានជាង ដោយវាប្រើល្បិចថា នឹងភ្ជាប់ពាក្យជាមួយគ្នា និងទិញចិញ្ចៀនពេជ្រ ទុកត្រៀមភ្ជាប់ពាក្យ តែការពិត វាមានប្តី និងកូន២នាក់ហើយ ថែមទាំងទាក់ទងប្រុសផ្សេងថែមទៀត អាយុវា ៣៤-៣៥ហើយ តែវាកុហកខ្ញុំថា ២៥ រូបនេះ មិនមែនប្តីវាទេ គឺសង្សារវា នៅខ្មែរ វាយកលុយខ្ញុំ ទៅដើរស៊ីចាយសប្បាយហ៊ឺហាជាមួយប្រុសវា វារួមគំនិតគ្នា ខ្ញុំបានដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ។ បើមិនសងលុយអញវិញទេ នាងឯងកុំស្មានអញឱ្យរួចខ្លួនឱ្យសោះ តិចបានដេកគុក ព្រាត់ប្តី ព្រាត់កូន អញប្រាប់ឱ្យហើយ…”។

យុវជនខាងលើ បានសរសេរបន្ថែមថា “អ្នកមួយចំនួន ស្គាល់មីហ្នឹងហើយ មិនថានៅកូរ៉េ ឬជប៉ុន ទេ នាងឯងធ្លាប់បោកប្រាស់គេបាន តែប៉ះអញ អញឱ្យនាងឯងជ្រែកដីរត់ មីសត្វថោកទាប! អញធ្វើការកម្លាំងញើសឈាមអញ មិនមែនឱ្យនាងឯងដើរបោកលុយគេស្រួលៗទេ មុខមាត់ស្អាតបាតដែរ តែចរិតអន់ជាងសត្វឆ្កែក្រោមផ្ទះទៀត រកស៊ីយកសម្រស់ដើរបោកប្រាស់លុយគេ ទាំងដែលមានប្តី មានកូនហើយ Facebook វាប្លុកខ្ញុំទាំងអស់ ថែមទាំងឱ្យប្រុសវាប្លុកខ្ញុំទៀត ហ្វេសប៊ុក វាមានច្រើនណាស់ បងប្អូនប្រុសៗកូរ៉េ និងជប៉ុន ចំណាំមុខវាឱ្យច្បាស់ផង…”។

យុវជនរងគ្រ៉ដដែល បានសរសេរបន្ថែមទៀតថា “អញបញ្ជាក់នាងឯងម្តងទៀត បើមិនសងលុយមកអញវិញ អញនឹងប្រើច្បាប់ កម្រិតព្រហ្មទណ្ឌ ញាត់ក្បាលនាងឯងចូលគុក ច្បាប់ខ្លាំងជាងនាងឯង ឬនាងឯងខ្លាំងជាងច្បាប់? អញចង់ដឹងដូចគ្នា អញនឹងពន្លះស្បែកមុខជនឆបោកដូចនាងឯងចេញ រកស៊ីបោកលុយគេ វាមិនស្រួលទេ កុំដេកភ័យឱ្យសោះ នាងស្រីបិសាច ខ្លួនជាពស់ តែដើរប្រាប់គេថា ពស់ចឹក លេងជាមួយមនុស្សអាក្រក់ ត្រូវតែអាក្រក់ជាងវាទ្វេដង…”។

គួរបញ្ជាក់ថា មុនពេលដាក់ពាក្យប្តឹងទៅតុលាការ ដូចខាងលើនេះ យុវជនរងគ្រោះខាងលើ ធ្លាប់បានពឹងពាក់មេធាវី ចេញលិខិតជូនដំណឹង ១ច្បាប់ ឲ្យនារីឈ្មោះដែន ដាឡែន នោះ សងលុយ ចំនួន ៥៥០០ដុល្លារនោះ មកឲ្យខ្លួនវិញផងដែរ។

លិខិតជូនដំណឹងរបស់មេធាវី ឡុង សិទ្ធិ ជាមេធាវីតំណាងដោយអាណត្តិឱ្យឈ្មោះពិសិទ្ធិ ដារុណ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានខ្លឹមសារថា «ខ្ញុំ មេធាវី ឡុង សិទ្ធិ អគ្គលេខ១៦៣៩ ជាសមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មានការិយាល័យ ក្រុមហ៊ុនមេធាវី អិល អេស ភី អាសយដ្ឋាន ផ្ទះលេខ៨៦១២៩៤៦១៦ ផ្លូវបឹងទទឹងថ្ងៃ២ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងជាមេធាវីតំណាងដោយអាណត្តិ ឱ្យឈ្មោះ ពិសិទ្ធិ ដារុណ។ លេខទំនាក់ទំនង ០៧៨ ៤២៤០៣៧។

សូមជម្រាបជូន លោកស្រី ដែន ដាឡែន ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ស្រី ឡែន មានអាសយដ្ឋានស្ថិតនៅភូមិក្រាំងស្គរ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

កម្មវត្ថុ ៖ ស្តីពីការជូនដំណឹងទៅលោកស្រី ដែន ដាឡែន ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ស្រី ឡែន ដែលធ្លាប់មានទំនាក់ទំនងជាមួយកូនក្តីរបស់ខ្ញុំ ឈ្មោះពិសិទ្ធិ ដារុណ (ជាអតីតសង្សារ) អំពីប្រាក់ដែលទទួលបានពីកូនក្តីខ្ញុំ ចំនួន USD 5500 (ប្រាំពាន់ ប្រាំរយដុល្លារអាមេរិក) ឱ្យមកកូនក្តីខ្ញុំវិញ ជាបន្ទាន់។

យោង – លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិជូនលើលោកមេធាវី ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ របស់ឈ្មោះពិសិទ្ធិ ដារុណ។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជូនដំណឹងទៅលោកស្រី ដែន ដាឡែន ជាម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ស្រី ឡែន ដែលធ្លាប់មានទំនាក់ទំនងជាមួយកូនក្តីរបស់ខ្ញុំ ឈ្មោះ ពិសិទ្ធិ ដារុណ (ជាអតីតសង្សារ) ឱ្យបានជ្រាបថា  កន្លងទៅ លោកស្រីធ្លាប់បានទទួលប្រាក់ពីកូនក្តីខ្ញុំ ចំនួន USD 5500 (ប្រាំពាន់ ប្រាំរយដុល្លារអាមេរិក) តាមរយៈគណនីវីង ដែលប្រាក់ទាំងនេះ កូនក្តីខ្ញុំបានផ្ញើទៅលោកស្រី ក្នុងគោលបំណងដើម្បីទុកសម្រាប់ទិញចិញ្ចៀនពេជ្រ និងទុកសម្រាប់រៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នា។ ក្រោយពេលដែលលោកស្រីបានទទួលប្រាក់ខាងលើរួច លោកស្រីបានទៅទិញចិញ្ចៀនពាក់រួច លោកស្រីបានផ្តាច់ទំនាក់ទំនងជាមួយកូនក្តីខ្ញុំ ថែមទាំងប្លុកហ្វេសប៊ុក (Block Facebook) កូនក្តីខ្ញុំទៀតផង ហើយបែរជាទៅមានទំនាក់ទំនងជាមួយនឹងអតីតគូស្នេហ៍ចាស់របស់លោកស្រីទៅវិញ។ ទង្វើរបស់លោកស្រី គឺជាការៀបចំគម្រោងទុកជាមុន ដើម្បីធ្វើការឆបោកប្រាក់កូនក្តីខ្ញុំ និងបានប៉ះពាល់នូវផលប្រយោជន៍កូនក្តីខ្ញុំ យ៉ាងធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ លោកស្រីបានធ្វើឱ្យកូនក្តីខ្ញុំបាត់បង់នូវសេចក្តីទុកចិត្តដែលធ្លាប់មានចំពោះលោកស្រីថែមទៀតផង។ ដូច្នេះសូមឱ្យលោកស្រី ដែន ដាឡែន ម្ចាស់គណនីហ្វេសប៊ុក ខាងលើ ធ្វើការប្រគល់ប្រាក់ចំនួន USD 5500 (ប្រាំពាន់ ប្រាំរយដុល្លារអាមេរិក) ឱ្យមកកូនក្តីខ្ញុំវិញ ជាបន្ទាន់។ ប្រសិនបើលោកស្រី មិនព្រមធ្វើតាមសេចក្តីជូនដំណឹងនេះទេនោះ កូនក្តីខ្ញុំ នឹងមានចំណាត់ការតាមនីតិវិធីច្បាប់ ក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីថ្ងៃជូនដំណឹងនេះ…»។

ជុំវិញការការដាក់ពាក្យបណ្តឹង និងការចោទប្រកាន់របស់ឈ្មោះពិសិដ្ឋ ដារុណ ខាងលើនេះ  “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីឈ្មោះដែន ដាឡែន បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅពេលក្រោយ៕ ដារិទ្ធ

RELATED ARTICLES