Friday, June 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផលិតវីដេអូធ្វើឱ្យខូចទឹកចិត្តកងទ័ព តុលាការសម្រេចឃុំខ្លួន ៣នាក់

ផលិតវីដេអូធ្វើឱ្យខូចទឹកចិត្តកងទ័ព តុលាការសម្រេចឃុំខ្លួន ៣នាក់

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទ ៣នាក់ (អ្នកសារព័ត៌មាន ឈ្មោះហង្ស សំណាង និងបក្ខពួក ២នាក់) នៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី ពាក់ព័ន្ធករណីបង្ហោះវីដេអូលើបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់និងខូចទឹកចិត្តកងទ័ព។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៣នាក់ រួមមានឈ្មោះហង្ស សំណាង ឈ្មោះកុញ វាសនា ហៅស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន ៣បទល្មើស រួមមាន ៖ ទី១-ញុះញង់ឱ្យមានការរើសអើង។ ទី២-ធ្វើឱ្យខូចទឹកចិត្ត កងទ័ព និងទី៣-ប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលនឹងយោធា។ តាមមាត្រា៤៩៤ មាត្រា៤៩៦ មាត្រា ៤៧២ និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ក្រោយមានព្រឹត្តិការណ៍ផ្ទុះអាវុធនៅព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ ដោយកងទ័ពថៃ ចូលមកឈ្លានពាន បាញ់កងទ័ពកម្ពុជា បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ កាលពីវេលាម៉ោង៥ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ រួចមក ស្រាប់តែនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកហង្ស សំណាង និងបក្ខពួក ២នាក់ បានផលិតមាតិកាវីដេអូ ដោយមានមនុស្ស២នាក់ ម្នាក់ចាស់ និងម្នាក់ក្មេង ស្លៀកពាក់ឯកសណ្ឋានក្លែងជាកងទ័ព បានទៅធ្វើបទសម្ភាសន៍នៅព្រៃឫស្សី មួយកន្លែង ក្នុងស្រុកំពង់រោទ៍ ខេត្តស្វាយរៀង ដោយវោហារស័ព្ទទាក់ទិននឹងសភាពការជម្លោះព្រំដែន ដែលប្រាសចាកពីការពិតជាក់ស្តែង ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។

ក្រោយពេលបង្ហោះវីដេអូខាងលើភ្លាម មានមហាជនជាច្រើន បានផ្ទុះការរិះគន់យ៉ាងខ្លាំង និងធ្វើឱ្យលោកហង្ស សំណាង បានចេញវីដេអូសុំទោសជាសាធារណៈ និងទទូចសុំការសន្តោសប្រណីពីប្រមុខរាជរដ្ឋាភិបាល ចំពោះកំហុសឆ្គងរបស់ខ្លួន ដោយអះអាងថា ខ្លួនជាមនុស្សខ្វះចំណេះដឹងជ្រៅជ្រះ។ បន្ទាប់មក នៅព្រឹកថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនលោកហង្ស សំណាង និងបក្ខពួក ២នាក់ ពាក់ព័ន្ធផលិតវីដេអូក្លែងឯកសណ្ឋានកងទ័ព ដែលនាំធ្វើឱ្យកងទ័ពបាក់ទឹកចិត្ត រួចបញ្ជូនមកសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី និងឈានដល់ការចោទប្រកាន់ និងឃុំខ្លួនដាក់ពន្ធនាគារតែម្តង៕

RELATED ARTICLES