Friday, June 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញពីគុក លួចទូក ជាប់ខ្នោះ

ចេញពីគុក លួចទូក ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ជាអតីតទណ្ឌិត ធ្លាប់ជាប់ពន្ធនាគារ ទើបចេញពីគុក បានធ្វើសកម្មភាពលួចទូកស្មាច់ ១គ្រឿង តែត្រូវម្ចាស់គេតាមទាន់  ចាប់ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់។

ករណីលួចទូកស្មាច់នេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះងួន ប៊ុនថាល់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ រយៈពេល១ឆ្នាំ ពីបទគ្រឿងញៀន (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ជាម្ចាស់ទូកស្មាច់ មានឈ្មោះជ័យ ណាត ភេទស្រី អាយុ៦៤ឆ្នាំ មានលំនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះងួន ប៊ុនថាល់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ទើបនឹងចេញមកវិញ បានធ្វើសកម្មភាពលួចទូកស្មាច់របស់ស្ត្រីឈ្មោះជ័យ ណាត ដែលចតទុកនៅមាត់ទន្លេបាសាក់ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ តែភ្លាមនោះ ត្រូវបានម្ចាស់ទូកប្រទះ ឃើញទាន់ ឃាត់ខ្លួនជាប់ រួចរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សិត្បូ ចុះអន្តរាគមន៍ភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងរឹប អូសបានវត្ថុតាង កាំបិតប៉័ងតោ ចំនួន១ដើម ដែលជនសង្ស័យដាក់ជាប់ខ្លួន។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES