Saturday, June 7, 2025
Homeតារាខ្មែរជេស៊ីកា ថាស្និទ្ធទេព រិន្ទដារ៉ូ មិនពិបាករកគូ

ជេស៊ីកា ថាស្និទ្ធទេព រិន្ទដារ៉ូ មិនពិបាករកគូ

ភ្នំពេញ ៖ តារាសម្ដែងរូបស្រស់ កញ្ញា តាន់ សុផា ហៅជេស៊ីកា បានឲ្យដឹងថា បញ្ហាដែលគេតែងតែភ្ជាប់នាងជាមួយលោកទេព រិន្ទដារ៉ូ ថាជាសង្សារ នាងមិនបារម្ភចំពោះខ្លាចពាក្យទាំងនោះនាំឲ្យពិបាករកគូស្រករនោះទេ ព្រោះបើមានអ្នកស្រលាញ់នាងពិត ច្បាស់ជាគេមិនគិតលើរឿងទាំងនេះឡើយ ។

ការលើកឡើងរបស់ស្រីស្អាត តាន់ សុផា បែបនេះ ក្រោយពីរូបនាងញាំញីទៅដោយរឿងដែលគេសង្ស័យថា ខ្លួនមានស្នេហាជាមួយតារាជើងចាស់ ដែលនាងតែងហៅថា «ប៉ារ៉ូ» គឺលោកទេព រិន្ទដារ៉ូ ថាអ្នកទាំងពីរកំពុងតែបង្កាត់ភ្លើងស្នេហាជាមួយគ្នា បើទោះជានាងបដិសេធឡើងរួយមាត់ទៅហើយក្ដី ។

 ជេស៊ីកា ប្រាប់ «នគរធំ» នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ថា «ខ្ញុំអត់គិតថាមានរឿងគេនិយាយអ៊ីចឹង (ពាក់ព័ន្ធទេព រិន្ទដារ៉ូ) ហើយនាំឲ្យខ្ញុំពិបាករកគូអីទេ ។ ខ្ញុំគិតថា បើមានគេស្រលាញ់យើងពិត គេអត់គិតលើរឿងអ៊ីចឹងៗទេ»។

សូមបញ្ជាក់ថា មូលហេតុដែលជេស៊ីកា ពេលទៅណាក៏ត្រូវគេខ្សឹបខ្សៀវគ្នាថា នាងជាស្រីស្នេហ៍របស់លោកទេព រិន្ទដារ៉ូ បែបនេះ ក្រោយពីតារាខុសវ័យទាំងពីរ បានថតសម្ដែងរឿងខ្លីៗជាមួយគ្នា ជាញឹកញាប់ ហើយលេងឈុតឱបថើបគ្នាយ៉ាងសមសួនតែម្ដង ។ ប្រភពថាមានពេលខ្លះ នៅក្រៅឆាក គេឃើញជេស៊ីកា សម្រាកនៅលើឡានរបស់លោកដារ៉ូ ដែលទាំងនេះហើយនាំឲ្យមានការលើកឡើងថា សុផា អាចក្លាយជាកំណាន់ចិត្តរបស់លោករ៉ូ មែនទែន បើទោះជានាងមានអាយុប្អូនតារាជើងចាស់រូបនេះ​ ដល់ទៅដល់ទៅ ៣២ឆ្នាំក្ដី ។

 ជេស៊ីកា បន្ថែមថា រាល់ថ្ងៃ នាងនៅតែធ្វើការថតសិល្បៈជាមួយលោកទេព រិន្ទដារ៉ូ ជាធម្មតា ពោលគឺលេងរឿងខ្លីៗជាមួយគ្នាច្រើនថែមទៀត ។

ជេស៊ីកា ធ្លាប់ថតរឿងភាគជាច្រើន តាមស្ថានីយទូរទស្សន៍ ប៉ុន្ដែតាំងពីនាងស្អិតល្មូតជាមួយលោកដារ៉ូ មក គេមិនសូវឃើញនាងចេញថតភាពយន្ដខ្នាតធំ ឬរឿងភាគ ដូចមុនទេ ។ បញ្ហានេះហើយ ធ្វើឲ្យនាងសុផា កាន់តែមានឱកាសច្រើន ក្នុងការចាប់ដៃគូសម្ដែងជាមួយលោករិន្ទដារ៉ូ និងរឹតតែស្និទ្ធស្នាលគ្នា ពីមួយថ្ងៃទៅមួយថ្ងៃ រហូតអាចក្លាយទៅជាចិត្ត១ថ្លើម១ ជាមិនខាន ។

 ជេស៊ីកា អាយុ៣០ឆ្នាំ បានឲ្យដឹងថា ការបាត់មុខនាង មិនឃើញតាមរឿងខ្នាតធំ ឬរឿងភាគនោះ ដោយសាតែការចរចាតម្លៃមិនត្រូវគ្នា ព្រោះទាល់តែបានតម្លៃដែលនាងកំណត់ ទើបនាងព្រមថត។ ប៉ុន្ដែនាងថា ទោះជាធ្លាប់លេងជាតួឯក ច្រើនរឿងមកហើយក្ដី តែនាងមិនមែនប្រកាន់ចរិតតួឯកទេ គឺថតតួរងក៏បាន ឲ្យតែមានសកម្ម ភាពច្រើន និងជាអ្វីដែលនាងពេញចិត្ត។ នាងបន្ថែមថា រាល់ថ្ងៃ នាងក៏គ្មានជាប់កុងត្រាឲ្យក្រុមហ៊ុន ឬផលិតកម្មណាដែរ ពោលគឺអាចថតឲ្យខាងណាក៏បានដែរ បើទោះជានាងចេញមុខច្រើនជាមួយក្រុមសម្ដែងនាយព្រែក ក៏ដោយ។

 សូមបញ្ជាក់ថា មិនមែនតែជេស៊ីកា មួយទេ មានតួសម្ដែងស្រីក្មេងស្អាតៗផ្សេងទៀតដែលចង់ចាប់ដៃជាមួយលោកទេព រិន្ទដារ៉ូ ជាក់ស្ដែងដូចជា សាន់ យ៉ានិច្ច ជាដើម ដែលថានាងបន់ឲ្យតែប៉ារ៉ូ កេងចំណេញ ឱបថើបនាង ប៉ុន្ដែនាងថា ប៉ារ៉ូ អត់ចេះលេងបន្លំទេ គឺមានតែណែនាំពីវិធីធ្វើម៉េចឲ្យឆាប់ចាំប៉ារ៉ូល ឬកុំឲ្យខ្លាចកាមេរ៉ាជាដើម ទើបធ្វើឲ្យតារាស្រីៗទុកចិត្តលោកទាំងស្រុង។ ចំពោះជេស៊ីកា ប្រុសៗដែលលង់ស្នេហ៍នាង អាចខកចិត្ត ព្រោះមាត់នាងប្រកែកថាគ្មានអីៗជាមួយប៉ារ៉ូ ទេ ប៉ុន្ដែសកម្មភាពវិញស្អិតល្មូតដូចស្ករតាំងម៉ែ ទាំងក្នុងនិងក្រៅឆាក។          

ទស្សនិកជនរង់ចាំមើលថា អនាគតស្វាមីរបស់ជេស៊ីកា ពិតជាមិនមែនលោកទេព រិន្ទដារ៉ូ មែន ឬទីបំផុត «ស្នេហ៍មិនឈ្នះស្និទ្ធ?» ៕

RELATED ARTICLES