Saturday, June 7, 2025
Homeតារាខ្មែរសួស វីសា បានកូន២ កើតជំងឺបាក់ទឹកចិត្ត

សួស វីសា បានកូន២ កើតជំងឺបាក់ទឹកចិត្ត

ភ្នំពេញ ៖ តារាចម្រៀង សួស វីសា និយាយទាំងតូចចិត្តថា នាងត្រូវបានគេប៊ូលី (Bully)  បង្អាប់ថាធាត់ជ្រុល មិនស្អាត មិនសមជាតារាចម្រៀង ជាដើម ដែលពាក្យពេចន៍ទាំងនេះ ធ្វើឲ្យនាងឈឺចាប់ខ្លាំង ដល់ថ្នាក់កើតជំងឺបាក់ទឹកចិត្តទៀតផង រហូតដល់កាលពីថ្ងៃទី៤ ខែមិថុនា នេះ នាងបានរត់ទៅគ្លីនិកមួយ ដើម្បីរកវិធីសម្រកទម្ងន់ ជាបន្ទាន់។

វីសា ឲ្យដឹងថា មុនសម្រាលកូន នាងឡើងដល់ទម្ងន់ដល់ទៅ៧៩ គ.ក្រ ខណៈដែលក្រោយសម្រាលរួច ក៏នៅតែមានទម្ងន់ជាង៧០គ.ក្រ ដដែល ។ នាងថា គ្មានស្រី្ដណាមិនចង់បានរាងស្អាតទេ ប៉ុន្ដែនាងមានក្ដីសុខដែលសុខចិត្តលះបង់រូបរាង ដើម្បីក្ដីសុខរបស់កូនៗនាង។

 ការដែលសួស វីសា ប្រញាប់រត់ទៅសម្រកទម្ងន់ជាបន្ទាន់នេះ ក្រោយពេលដែលមុននេះ គេឃើញតារាចម្រៀង យក់ ថិតរដ្ឋា បានទៅសម្រកគីឡូ ដល់ទៅ១៨គ.ក្រ (៦៥-៤៧គ.ក្រ) ធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានឡើងវិញ។ ចំពោះវីសា ដែលពិបាកចិត្តរឿងគេថានាងបណ្ដោយខ្លួនឲ្យឡើងទម្ងន់ ដល់ទៅជិត៨០គ.ក្រ មិនសមជាតារាចម្រៀងនោះ មិនទាន់វិលរកឆាកតន្រ្ដីវិញទេ ក្រោយផ្អាកជាង ១ឆ្នាំ ដើម្បីសម្រាលកូនប្រុស ដោយវះកាត់ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ។ អំឡុងពេលដែលវីសា កំពុងតែព្យាបាលជំងឺបាក់ទឹកចិត តាមរយៈការ សម្រកទម្ងន់នេះ នាងបែជានិយាយបែបតូចចិត្តថា ចាញ់បោកប្ដី ព្រោះកូនប្រុសស្រីទាំងពីរនាក់ សុទ្ធតែកាត់ទៅរកប្ដី អត់មានកាត់មករកនាងម្នាក់ឡើយ ។

 អ្នកយកព័តមានយើង បានទូរស័ព្ទទៅលោកប៊ុនថុល ប៊ុនថង ហៅថមមី កាលពីរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ តែគ្មានអ្នកលើកទទួលឡើយ ទើបមិនទាន់បានចម្លើយពីលោករឿងវីសា មិនសប្បាយចិត្ត ព្រោះកូនកាត់ទៅរកលោកទាំងពីរនាក់នោះទេ។ ប៉ុន្ដែគេចាំបានថា នៅថ្ងៃខួបកំណើតគម្រប់អាយុ៣២ឆ្នាំ កាលពីថ្ងៃទី២០ ខែមេសា ឆ្នា២០២៥ វីសា បានសរសើរស្វាមីពេញៗមាត់ថា ជាបុរសខ្លាំងមិនធម្មតា ព្រោះការសន្យាទាំងប៉ុន្មាន តាំងពីមុននិងក្រោយរៀបការ ពេលនេះលោកថមមី បំពេញបំណងជូននាងគ្រប់បែបយ៉ាង សំដៅដល់ប្ដីពិតជាស្រលាញ់នាងស្មោះ តាមរយៈមង្គលការ ហើយយកកូនរួមគ្នាជាដើម ដែលរឿងសំខាន់ទាំងនេះ ពួកគេបាននិយាយគ្នាតាំងពីមុនក្លាយជាប្ដីប្រពន្ធស្របច្បាប់…។

 សូមបបញ្ជាក់ថាមិនមែនតែសួស វីសា នោះទេ ដែលក្រោយមានស្វាមីនិងកូន ប្រែរូបសម្រស់ទៅជាបែកសាច់ ឡើងគីឡូនោះ តែតារាជាច្រើននាក់ ក៏ជួបរឿងបែបនេះដែរ ហើយសម្រាប់តារា បើឡើងគីឡូជ្រុល គឺដូចសម្លាប់អាជីពខ្លួនឯង ហេតុនេះហើយបានជាពួកគេត្រូវតែរកគ្រូពេទ្យជំនាញជួយអន្ដរាគមន៍ ទើបអាចរក្សាអាជីពចាស់បាន ។ ប៉ុន្តែអំឡុងពេលវីសា ឡើងគីឡូ ឡើងកាម៉ាប់ៗនេះ គេឃើញស្វាមីនាង លោកថមមី រឹតតែស្រលាញ់ថ្នាក់ថ្នមនាងលើសដើម ពោលគឺដូចលោកអ៊ឹង សុខលី ធ្វើដាក់ឱក សុគន្ធកញ្ញា ដែរ ។

គួរកត់សម្គាល់ថា សួស វីសា បានចាប់ដៃលោកប៊ុនថុល ប៊ុនថង ហៅថមមី រយៈពេលជាង៥ឆ្នាំមកហើយ ដែលពេលនេះ មានកូនពីរនាក់ គឺកូនទី១ (ស្រី) ឈ្មោះថង សាម៉ូលីណា ហៅ Jenny អាយុជាង៤ឆ្នាំ  និងកូនទី២ (ប្រុស) ឈ្មោះថង សាតារាពិសិដ្ឋ ហៅ Johnny អាយុទើបបានជាង២ខែ ។ វីសា អាចពិបាកយកកូនទី៣ ព្រោះតែការសម្រាលកូនទាំងពីរលើករបស់នាងកន្លងមក សុទ្ធតែជ្រើសវិធីវះកាត់ ។ សម្រាប់អាជីពចម្រៀង វីសា អាចនឹងឡើងឆាកជាថ្មី នៅអំឡុងចុងឆ្នាំ២០២៥ ប្រសិនបើគីឡូរបស់នាង សម្រកបានជោគជ័យដូចអ្នកនាងយក់ ថិតរដ្ឋា ។ ប៉ុន្ដែការប្រជែងទីផ្សារចម្រៀងឡើងវិញ ប្រាកដជាពិបាកទៅរួច ព្រោះតែ ទី១- នាងគ្មានបទថ្មីៗចេញ និងទី២- មានកូន២នាក់ ច្រៀងបទបែបស្នេហាយុវវ័យ លែងសូវត្រូវដូចតារាវ័យក្មេង បើទោះជានាងជាតារាម្នាក់ មានសមត្ថភាពល្អ ច្រៀងបានជាច្រើនទម្រង់ក៏ដោយ ៕

RELATED ARTICLES