ខេត្តព្រះសីហនុ ៖ យុវជនម្នាក់ ជាអ្នកដឹកជញ្ជូនអាហារ បានកើតមានទំនាស់ពាក្យសម្តីជាមួយសន្តិសុខមួយក្រុម រហូតក្លាយជាអំពើហិង្សា ដោយត្រូវសន្តិសុខ ៦នាក់ ព្រួតវាយអ្នកដឹកជញ្ជូនអាហារតែម្នាក់ លុះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ថតវីដេអូ បង្ហោះផ្អើលពេញបណ្តាញសង្គម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវហៅភាគីទាំងសងខាង ចូលប៉ុស្តិ៍។

ហេតុការណ៍អំពើហិង្សា សន្តិសុខ៦ ព្រួតវាយអ្នកដឹកជញ្ជូន១ នេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចអគារ កម្ពុជា ឌីវី ចុងហ៊ឺតាកហ្សា មានទីតាំងស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា តំណាងភាគីសន្តិសុខ មានអាយុ ៤០ឆ្នាំ មុខរបរសន្តិ សុខអគារ កម្ពុជា ឌីវី មានលំនៅ ក្រុម១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកភាគីអ្នកដឹកជញ្ជូន មានអាយុ២០ឆ្នាំ មុខរបរអ្នកដឹកជញ្ជូន មានលំនៅ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ មានក្រុមសន្តិសុខអគារ កម្ពុជា ឌីវី ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានព្រួតគ្នាវាយទៅលើយុវជនម្នាក់។ ភ្លាមៗនោះ កម្លាំងជំនាញផែនការងារសន្តិសុខ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលេខ៤ បានយកភាគីទាំងសងខាងមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលលេខ៤។
ជាលទ្ធផល បានឱ្យដឹងថា ភាគីសន្តិសុខរបស់អគារកម្ពុជា ឌីវី បានទាស់ពាក្យសម្តីជាមួយភាគីម្ខាងទៀត ជាអ្នកដឹកជញ្ជូន ឱ្យក្រុមហ៊ុន កម្ពុជា ឌីវី នេះតែម្តង។

ក្រោយសមត្ថកិច្ចធ្វើការសាកសួររួច ភាគីទាំងពីរបានសម្រេចធ្វើការសម្របសម្រួលគ្នា ដោយធ្វើកិច្ចសន្យាបញ្ចប់រឿង មិនបង្កបញ្ហា ឬគុំកួនគ្នា ចាប់ពីពេលនេះតទៅ៕